ទិដ្ឋាការមាស

តើទិដ្ឋាការមាសរបស់ឥណ្ឌូនេស៊ី មានគុណសម្បត្តិ និងគុណវិបត្តិយ៉ាងណា?


ដើម្បីជំរុញកំណើនភ្ញៀវទេសចរ និងវិនិយោគិនបរទេស ឥណ្ឌូនេស៊ី បានប្រកាសដាក់ចេញនូវកម្មវិធីផ្តល់ទិដ្ឋាការមាសសម្រាប់ជនបរទេស។ តែយ៉ាងណាមានការព្រួយបារម្ភថា ទន្ទឹមនឹងគុណសម្បត្តិនៅក្នុងការជំរុញ និងអភិវឌ្ឈន៍ទេសចរណ៍ និងទាក់ទាញអ្នកវិនិយោគ គោលនយោបាយនេះ អាចជាការបើកច្រកមួយសម្រាប់ការលាងលុយកខ្វក់ និងជំរុញឱ្យតម្លៃលំនៅឋានហក់ឡើងខ្ពស់ ដែលអាចផ្តល់ផលលំបាកដល់ពលរដ្ឋឥណ្ឌូនេស៊ី។ តើទិដ្ឋាការមាសរបស់ឥណ្ឌូនេស៊ី មានគុណសម្បត្តិ និងគុណវិបត្តិយ៉ាងណា?
ទិដ្ឋាការមាស
ដោយ

ប្រទេសឥណ្ឌូណេស៊ី មានបំណងទាក់ទាញវិនិយោគិន ដែលមានទ្រព្យសម្បត្តិជាមួយនឹងកម្មវិធីទិដ្ឋាការមាសថ្មីរបស់ខ្លួន ប៉ុន្តែអ្នកវិភាគបានព្រមានថា គោលនយោបាយនេះអាចនាំបញ្ហានៃការលាងលុយកខ្វក់ឆ្លងព្រំដែន និងជំរុញឱ្យតម្លៃលំនៅដ្ឋានកើនឡើង។

សារព័ត៌មាន Nikkei Asia បានរាយការណ៍ថា គម្រោងទិដ្ឋាការមាសនេះ ត្រូវបានដាក់ឱ្យដំណើរការកាលពីថ្ងៃព្រហស្បតិ៍ សប្តាហ៍មុន ដែលធ្វើឱ្យវាកាន់តែងាយស្រួលសម្រាប់ជនបរទេសក្នុងការវិនិយោគ តាមរយៈការអាចនាំយកមកជាមួយនឹងទុន និងជំនាញរបស់ពួកគេចូលមកក្នុងប្រទេសឥណ្ឌូនេស៊ី ដែលជាប្រទេសមានទីផ្សារធំជាងគេបំផុតនៅអាស៊ាន។

តាមរយៈគោលការណ៍របស់រដ្ឋាភិបាលឥណ្ឌូនេស៊ីនេះ ជនបរទេសណាដែលនាំមូលនិធិ ចាប់ពី២,៥លានដុល្លារឡើងទៅនឹងទទួលបានទិដ្ឋាការមាសនេះ ដោយអាចចេញចូលឥណ្ឌូនេស៊ី បានដល់ទៅ៥ឆ្នាំ ហើយបើចាប់ពី៥លានដុល្លារឡើងទៅ គឺអាចចេញចូលឥណ្ឌូនេស៊ីដល់ទៅ១០ឆ្នាំ។ នៅក្នុងករណីជនបរទេសមិនបណ្តាក់ទុន ពួកគេអាចដាក់តម្កល់ត្រឹម៣៥ម៉ឺនដុល្លារ ក៏នឹងទទួលបានទិដ្ឋាការ៥ឆ្នាំ ហើយបើតម្កល់៧០ម៉ឺនដុល្លារអាចបានទិដ្ឋាការ១០ឆ្នាំ ដោយកញ្ចប់នេះ គឺអាចដាក់ជាប្រាក់បញ្ញើ ឬប្រើប្រាស់ដើម្បីទិញមូលបត្របំណុលរដ្ឋាភិបាលឥណ្ឌូនេស៊ី ឫភាគហ៊ុនរបស់ក្រុមហ៊ុនសាធារណៈណាមួយ​។

ក្រៅពីនោះជនបរទេសណាដែលមានលុយដាក់ប្រាក់បញ្ញើនៅធនាគារ ដែលគ្រប់គ្រងដោយរដ្ឋចាប់ពី ១៣ម៉ឺនដុល្លារ ឫក៏ទិញលំនៅស្ថានដែលមានតម្លៃចាប់ពី១លានដុល្លារឡើងទៅ ក៏នឹងអាចទទួលបានទិដ្ឋាការមាសនេះផងដែរ។ ក្រៅពីនោះសម្រាប់វិនិយោគិនដែលមានអាជីវកម្ម តាមរយៈការវិនិយោគ ដែលមានតម្លៃចាប់ពី២៥លានឡើងទៅ ក៏អាចមានសិទ្ធិស្នើសុំទិដ្ឋាការមាសនេះបានដែរ។

គួរបញ្ជាក់ថា នៅក្នុងការដាក់ឱ្យអនុវត្តការផ្តល់ទិដ្ឋាការមាសសាកល្បងកាលពីឆ្នាំមុន ឥណ្ឌូនេស៊ីបានចេញទិដ្ឋាការប្រភេទនេះជិត៣០០ ដោយទទួលបានការវិនិយោគមានតម្លៃរហូតដល់១២៣លានដុល្លារ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ក្រុមអ្នកជំនាញបានលើកឡើងពីការព្រួយបារម្ភអំពីសកម្មភាពលាងលុយឆ្លងដែន និងសកម្មភាពឧក្រិដ្ឋកម្មផ្សេងទៀត ព្រមទាំងអតិផរណាតម្លៃលំនៅឋានផងដែរ។

តាមសេចក្តីរាយការណ៍ដែលចុះផ្សាយនៅលើ VN Express បានឲ្យដឹងថា មកដល់ពេលនេះប្រទេសជាច្រើនដូចជា កាណាដា ចក្រភពអង់គ្លេស និងសិង្ហបុរី បានបញ្ឈប់កម្មវិធីទិដ្ឋាការវិនិយោគស្រដៀងគ្នានេះក្រោមហេតុផលនៃការលាងលុយ និងការវិនិយោគខុសច្បាប់។

ទាក់ទិននឹងកង្វល់ទាំងនេះ លោកប្រធានាធិបតី ចូកូ វីដូដូ បានសង្កត់ធ្ងន់ថា ទិដ្ឋាការនេះមានគោលបំណង គឺរួមចំណែកជាវិជ្ជមានដល់សេដ្ឋកិច្ច និងមិនមែនដើម្បីទទួលបានអ្វីដែលបង្កការគំរាមកំហែងដល់សន្តិសុខជាតិនោះទេ។ លោកបានលើកឡើងថា អាជ្ញាធរត្រូវតែជ្រើសរើស និងវាយតម្លៃដោយប្រុងប្រយ័ត្ននូវការរួមចំណែករបស់អ្នកដាក់ពាក្យម្នាក់ៗ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អាជ្ញាធរបង្រ្កាបទីតាំងល្បែងខុសច្បាប់បានជិត៦ពាន់កន្លែង ក្រោយមានការបញ្ជាពីប្រមុខរាជរដ្ឋាភិបាល

ព័ត៌មាន
ទីតាំងល្បែងស៊ីសងខុសច្បាប់ ជាពិសេសតាមប្រព័ន្ធអេឡិចត្រូនិក មានការរីកដុះដាលគួរឱ្យកត់សម្គាល់នៅប៉ុន្មានឆ្នាំចុងក្រោយនេះ តែយ៉ាងណាអាជ្ញាធរមានស…

សង្គ្រាមបច្ចេកវិទ្យារវាងចិន និងអាម៉េរិក កាន់តែឡើងកម្ដៅ ក្រោយអាម៉េរិកគ្រោងរារាំងចិន មិនឱ្យទទួលបានបន្ទះឈីប AI

ព័ត៌មាន
សង្គ្រាមប្រជែងគ្នាផ្នែកបច្ចេកវិទ្យារវាងមហាអំណាចធំបំផុត២របស់ពិភពលោកនឹងកាន់តែឡើងកម្ដៅគួរឱ្យព្រួយបារម្ភ ខណៈដែលសហរដ្ឋអាម៉េរិក ពិចារណាដាក់ចេញ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ