វិនិយោគលើគម្រោងព្រែកជីក

តើក្រុមហ៊ុនណាខ្លះ ដែលវិនិយោគលើគម្រោងព្រែកជីក ហ្វូណនតេជោ តម្លៃ ១,៧ពាន់លានដុល្លារ?


នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ច្បាស់ៗថា រាជរដ្ឋាភិបាលកម្ពុជាមិនបានចេញមុខទៅខ្ចីលុយបរទេស ដើម្បីយកមកអភិវឌ្ឍគម្រោងព្រែកជីក ហ្វូណនតេជោ នោះឡើយ ពោល ការវិនិយោគគម្រោងតម្លៃ ១,៧ពាន់លានដុល្លារនេះ គឺត្រូវធ្វើឡើងក្រោមការវិនិយោគដោយវិស័យឯកជនសុទ្ធសាធ ពិសេស គឺក្រុមហ៊ុនក្នុងស្រុក ជាអ្នកកាន់កាប់ចំណែកភាគហ៊ុនធំ។
វិនិយោគលើគម្រោងព្រែកជីក
ដោយ

ថ្លែងនៅថ្ងៃទី ៥ ខែសីហា ឆ្នាំ២០២៤ នាពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ សម្តេចធិបតី ហ៊ុន មាណែត បានអះអាងថា ការវិនិយោគលើគម្រោងនេះ ត្រូវបានធ្វើឡើង​ក្រោមរូបភាពវិនិយោគ សាងសង់-ប្រតិបត្តិការ-ផ្ទេរ (BOT) ដោយក្រុមហ៊ុនឯកជនជាអ្នកស្វែងរកប្រភពទុនមកសាងសង់។ ក្នុងនោះរួមមាន ក្រុមហ៊ុន គឺក្រុមហ៊ុនកំពង់ផែស្វយ័តភ្នំពេញ, ក្រុមហ៊ុនកំពង់ផែស្វយ័ត​ក្រុងព្រះសីហនុ, ក្រុមហ៊ុន OCIC និងក្រុមហ៊ុនស្ពានថ្នល់របស់ចិន (CRBC)។

បើតាមការគូសបញ្ជាក់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ព្រែកជីក ហ្វូណនតេជោ ដែលមានប្រវែង​សរុបប្រមាណ ១៨០ គីឡូម៉ែត្រ នឹងត្រូវសាងសង់ជា ២កំណាត់ ដោយក្នុងនោះ សម្រាប់កំណត់ទី១ ដែលមានចម្ងាយ ២១ គីឡូម៉ែត្រ ពីព្រែកតាកែវ នៃទន្លេមេគង្គ ទៅព្រែក​ពោធិ៍នៃទន្លេបាសាក់​នឹង​ត្រូវវិនិយោគ ១០០ភាគរយ ដោយសហគ្រាសសាធារណៈ និងក្រុមហ៊ុនក្នុងស្រុក។ ក្នុងនោះ ក្រុមហ៊ុនកំពង់​ផែស្វយ័តក្រុងព្រះសីហនុកាន់កាប់ភាគហ៊ុន ២៦% , ក្រុមហ៊ុនកំពង់ផែស្វយ័តភ្នំពេញ​កាន់កាប់​ភាគហ៊ុន ២៥% និងក្រុមហ៊ុន OCIC របស់លោកអ្នកឧកញ៉ា ពុង ឃាវសែ កាន់កាប់ភាគហ៊ុន ៤៩%។

ដោយឡែក សម្រាប់ការអភិវឌ្ឍ​កំណាត់ទី២ នៃព្រែកជីកហ្វូណនតេជោ ដែលមានប្រវែង ១៥៩ គីឡូម៉ែត្រ ពីទន្លេបាសាក់ខេត្តកណ្តាល រហូតដល់សមុទ្រខេត្តកែប នឹងត្រូវសាងសង់អភិវឌ្ឍរួមគ្នាទាំង ៤ក្រុមហ៊ុន រួមមាន ក្រុមហ៊ុនកំពង់ផែស្វយ័តក្រុងព្រះសីហនុ, កំពង់ផែស្វយ័តភ្នំពេញ, ក្រុមហ៊ុន OCIC និងក្រុមហ៊ុនស្ពានថ្នល់របស់ចិន (CRBC)។ ក្នុងនោះ ក្រុមហ៊ុន CRBC កាន់កាប់ភាគហ៊ុន ៤៩% ខណៈក្រុមហ៊ុនខ្មែរទាំង ៣ខាងលើនេះ កាន់កាប់ភាគហ៊ុន ៥១%។

កំពង់ផែស្វយ័តក្រុងព្រះសីហនុ បានលើកឡើងនៅក្នុងសេចក្ដីប្រកាសព័ត៌មាន​របស់ខ្លួន​នៅថ្ងៃទី ០២ ខែសីហាថា ការចូលរួមទុនវិនិយោគ លើក្រុមហ៊ុន ហ្វូណនតេជោ អ៊ីនឡេន វ័រធឺវេយ អេន ឡូជីស្ទិក (Funan Techo Inland Waterways and Logistics Co.,Ltd) ដែលជាក្រុមហ៊ុនឯកជនទទួល​ខុសត្រូវ​លើ​គម្រោង​ព្រែកជីកហ្វូនតេជោ គឺក្នុងគោលបំណងពង្រីកវិស័យភស្ដុភារកម្ម​កម្ពុជា និងពង្រីក​ខ្សែដឹកជញ្ជូនទំនិញទៅ​កាន់បណ្ដាកំពង់ផែសមុទ្រក្នុងប្រទេស និងអន្តរជាតិ។

សូមបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណនតេជោត្រូវសាងសង់ឡើងឆ្លងកាត់ខេត្ត​កណ្ដាល តាកែវ កំពត និងកែប ដោយចំណាយពេលសាងសង់៤៨ខែ និងគ្រោងបញ្ចប់នៅអំឡុងឆ្នាំ ២០២៨។ ព្រែកជីកនេះ គឺជាប្រព័ន្ធ​ដឹកជញ្ជូនតាមផ្លូវទឹកតភ្ជាប់ទន្លេទៅកាន់សមុទ្រ ដោយរាជរដ្ឋាភិបាលរំពឹងទុកថា នឹងផ្ដល់នូវ​ប្រយោជន៍សេដ្ឋកិច្ច​ដ៏មហាសាល​សម្រាប់​កម្ពុជា ទាំងការងារដឹកជញ្ជូន ភស្ដុភារកម្ម និងជាប្រព័ន្ធ​ធារាសាស្ត្រ​​សម្រាប់​ការធ្វើកសិកម្មផងដែរ៕

អត្ថបទ៖ ចាន់ ភារម្យ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ថ្នាក់ដឹកនាំ និងបុគ្គលិក អេស៊ីលីដា រាប់រយនាក់ ចូលរួមអបអរពិធីបើកការដ្ឋានសាងសង់ «ព្រែកជីកហ្វូណនតេជោ»

ព័ត៌មាន
ធនាគារអេស៊ីលីដា ដែលជាធនាគារពាណិជ្ជខ្មែរ ដ៏ធំជាងគេនៅកម្ពុជា នៅថ្ងៃទី ៥ ខែសីហា ឆ្នាំ២០២៤ បានរៀបចំពិធីអបអរសាទរ ការបើកការរដ្ឋានសាងសង់ព្…

ព្រែកជីកដ៏ល្បីល្បាញទាំង១០ ដែលពេញនិយមខ្លាំងបំផុតសម្រាប់កប៉ាល់ដឹកជញ្ជូនទំនិញទូទាំងពិភពលោក

ព័ត៌មាន
ព្រែកជីក គឺជាព្រែកដែលត្រូវបានជីកឡើងដោយមនុស្ស ដើម្បីបម្រើផលប្រយោជន៍ផ្នែកពាណិជ្ជកម្ម ពោលគឺសម្រាប់ឱ្យកប៉ាល់ដឹកជញ្ជូនទំនិញឆ្លងកាត់ដើម្បីភ្ជាប់ទៅ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ