នគរូបនីយកម្ម

ទីក្រុង​រណប​ទាំង​៧​ដែល​នឹង​ផ្លាស់​ប្តូរ​មុខ​មាត់​រាជ​ធានី​ភ្នំពេញ​ខ្លាំង​ក្នុង​ឆ្នាំ២០២០


នៅ​ត្រឹម​ឆ្នាំ​២០២០ រាជ​ធានី​ភ្នំពេញ​អាច​នឹង​ផ្លាស់ប្តូរ​មុខ​មាត់​យ៉ាង​ខ្លាំង​ដោយសារ​ទីក្រុង​រណប​ចំនួន ៧ ដែល​ស្ថិត​នៅជាប់។ ទីក្រុង​រណប​ទាំង​នេះ​នឹង​ចំណាយ​ទឹក​ប្រាក់​អស់​រាប់​រយ​ពាន់​លាន​ដុល្លារ​អាមេរិក ដែល​នឹង​​លេច​ត្រដែត​ឡើង នៅ​តាម​ជាយ​រាជ​ធានី​មួយ​នេះ។
ទីក្រុង​រណប​ហ្គ្រេន​ភ្នំពេញ ជា​ការវិនិយោគ​របស់​​លោក កែ គឹមយ៉ាន និង​វិនិយោគិន​ឥណ្ឌូនេស៊ី។ រូបភាព៖ ហេង ភារម្យ
ដោយ

បច្ចុប្បន្ន ទីក្រុង​រណប​ទាំង​អស់​នោះ​ស្ថិត​ក្នុង​ដំណាក់​កាល​កំពុង​សាងសង់​និង​កំពុង​តែ​រៀបចំ​ការ​សាងសង់។ 

គម្រោង​អភិវឌ្ឍន៍​ទាំង​នោះ នឹង​រួម​បញ្ចូល​គម្រោង​អភិវឌ្ឍន៍​លំនៅដ្ឋាន​និង​តំបន់​ពាណិជ្ជកម្ម អគារ​រដ្ឋបាល មជ្ឈមណ្ឌល​ផ្សារ​ទំនើប ក្លឹប​ហាត់​បា្រណ ព្រមទាំង​សួន​ឧស្សាហកម្ម សាលារៀន មន្ទីរ​ពេទ្យ និង​សេវា​សាធារណៈ​ផ្សេងទៀត ដែល​មន្ត្រី​សាធារណៈ​កម្ពុជា​មើល​ឃើញ​ថា​ជា​ចម្លើយ​មួយ​ឆ្លើយ​តប​ចំពោះ​ភាព​ណែន​តាន់តាប់ និង​ការ​កក​ស្ទះ​ចរាចរណ៍​និង​ជា​មធ្យោបាយ​មួយ ដើម្បី​បង្កើន​ការ​អភិវឌ្ឍ​ពាណិជ្ជ​កម្ម​ក្រៅ​ពី​តំបន់​ទីប្រជុំជន។

គម្រោង​ទីក្រុង​រណប​ធំៗ​ទាំង​​៧ អនុម័ត​ដោយ​រាជ​រដ្ឋាភិបាល​កម្ពុជា​កំពុង​ដំណើរការ​រួម​មាន៖

ទីក្រុង​រណប កាំកូ ស៊ីធី។ (រូបភាព៖ ហេង ភារម្យ)

១. ទីក្រុង​រណប​កាំកូស៊ីធី

ម្ចាស់​គម្រោង៖ ក្រុមហ៊ុន វើល ស៊ីធី របស់​កូរ៉េ​ខាង​ត្បូង​ដែល​តម្លៃ​គម្រោង​ចុះ​បញ្ជី​ទុន​វិនិយោគ​ប្រមាណ ២​ពាន់​លាន​ដុល្លារ​អាមេរិក មាន​ផ្ទៃ​ក្រឡា​សាងសង់ ១១៩​ហិកតា ស្ថិត​នៅ​ក្នុង​តំបន់​អភិវឌ្ឍន៍ បឹង​ពោងពាយ ខណ្ឌ​ឫស្សីកែវ ខាង​ជើង​រាជ​ធានី​ភ្នំពេញ។ 

ទីក្រុង​រណប​កាំកូស៊ីធី បាន​ធ្វើការ​អភិវឌ្ឍ​សាងសង់​រួច​រាល់​មួយ​ចំនួន ដូចជា អគារ​ខុនដូរ ផ្ទះ​វីឡា ផ្សារ សាលរៀន។ បច្ចុប្បន្ន កំពុង​ដំណើរការ​អភិវឌ្ឍ​សាងសង់​បន្ត​ទៀត។ មិន​ដឹង​ពី​កាល​បរិច្ឆេទ​បញ្ចប់​គម្រោង​សាង​សង់​ច្បាស់​លាស់​នោះ​ទេ។

ទីក្រុង​រណប​ ហ្គ្រេន ភ្នំពេញ។ (រូបភាព៖ ហេង ភារម្យ)

២. ទីក្រុង​រណប​ហ្គ្រេន​ភ្នំពេញ អ៊ិនធើណេសិនណល់ ស៊ីធី

ម្ចាស់​គម្រោង គឺ​ឯកឧត្តម ឧបនាយក​រដ្ឋមន្រ្តី កែ គឹមយ៉ាន និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ខេមបូឌា វ៉ាយ អ៊ិន ភី សហការ​ជាមួយ​នឹង​ក្រុមហ៊ុន​ឥណ្ឌូនេស៊ី ស៊ីពូត្រា គ្រុប។ តម្លៃ​គម្រោង​​ចុះ​​បញ្ជី​​ទុន​វិនិយោគ​ដំបូង ៦០០​លាន​ដុល្លារ​អាមេរិក ដែល​មាន​ផ្ទៃ​ក្រឡា​សាងសង់​ចំនួន ២៦០​ហិកតា ស្ថិត​នៅ​សង្កាត់​ឃ្មួញ ខណ្ឌ​ឫស្សីកែវ ខាង​ជើង​រាជ​ធានី​ភ្នំពេញ។ 

រហូត​មក​ដល់​ពេល​នេះ ទីក្រុង​រណប​ហ្គ្រេន​ភ្នំពេញ បាន​អភិវឌ្ឍសាងសង់​ជា​ច្រើន​ដូចជា លំនៅដ្ឋាន វីឡា ផ្ទះល្វែង សួនទឹក ទីលាន​វាយ​កូន​ហ្គោល ដែល​គម្រោង​នីមួយៗ ចំណាយ​ទឹក​ប្រាក់​រាប់​រយ​លាន​ដុល្លារ​អាមេរិក។ បច្ចុប្បន្ន ទីក្រុង​រណប​នេះ​កំពុង​ដំណើរការ​អភិវឌ្ឍ​សាងសង់​បន្ត​ទៀត។ មិន​ដឹង​ពី​កាល​បរិច្ឆេទ​បញ្ចប់​គម្រោង​សាងសង់​ច្បាស់​លាស់​នោះ​ទេ។

ទីក្រុងរណប កោះពេជ្រ ស៊ីធី។ (រូបភាព៖ ហេង ភារម្យ)

៣. ទីក្រុង​រណប​កោះពេជ្រ ស៊ីធី

មា្ចស់​គម្រោង គឺ​អ្នក​ឧកញ៉ា ពុង ឃាវសែ នៃ​ប្រធាន​ក្រុមប្រឹក្សា​ភិបាល​ក្រុមហ៊ុន​បណ្តាក់​ទុន​វិនិយោគ​កម្ពុជា​ក្រៅ​ប្រទេស តម្លៃ​គម្រោង​ចុះ​បញ្ជី​ទុន​វិនិយោគ ១​ពាន់​លាន​ដុល្លារ​អាមេរិក ផ្ទៃ​ក្រឡា​សាងសង់៖១០០​ហិកតា ស្ថិត​នៅ​តាម​បណ្តោយ​ទន្លេ​បាសាក់ សង្កាត់​ទន្លេ​បាសាក់ ខណ្ឌ​ចម្ការមន រាជ​ធានី​ភ្នំពេញ។ 

រហូត​មក​ដល់​ពេល​នេះ ទីក្រុង​រណប​កោះពេជ្រ​មាន​សកម្មភាព​លេច​ធ្លោ​ជាង​គេ ដែល​បាន​កៀងគរ​អ្នក​វិនិយោគ​បរទេស​ជា​​ច្រើន ឲ្យ​មក​បណ្តាក់​ទុន​សាងសង់​អគារ​ពាណិជ្ជ​កម្ម អគារ​លំនៅ​ដ្ឋាន​ដែល​មាន​តម្លៃ​រាប់​ពាន់​លាន​ដុល្លារ​អាមេរិក។ បច្ចុប្បន្ន កំពុង​ដំណើរការ​អភិវឌ្ឍ​សាងសង់​បន្ត​ទៀត។ មិន​ដឹង​ពី​កាល​បរិច្ឆេទ​បញ្ចប់​គម្រោង​សាងសង់​ច្បាស់​លាស់​នោះ​ទេ។

រូបភាព​ផ្ទះ​គំរូ​នៅ​ក្នុង​គម្រោង​អភិវឌ្ឍន៍​លំនៅ​ដ្ឋាន នៅ​ក្នុង​ទីក្រុង​រណបតំបន់​បឹងកក់។

៤. ទីក្រុង​​រណប​​អភិវឌ្ឍន៍​​បឹងកក់

ម្ចាស់​គម្រោង​សាងសង់ ឯកឧត្តម ឧកញ៉ា ឡៅ ម៉េងឃិន ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន ស៊ូកាគូអ៊ីន តម្លៃ​គម្រោង​ចុះ​បញ្ជី​ទុន​វិនិយោគ​ចំនួន ១ពាន់ ៥០០​លាន​ដុល្លារ​អាមេរិក ដែល​មាន​ផ្ទៃ​ក្រឡា​សាងសង់​​ប្រមាណ ១១៤​ហិកតា។

បច្ចុប្បន្ន កំពុង​តែ​ដំណើរការ​សាងសង់​សំណង់​លំនៅដ្ឋាន ខុនដូ ផ្ទះ​ល្វែង វីឡា និង​មជ្ឈមណ្ឌល​កម្សាន្ត​ផ្សេងៗ​ជា​ច្រើន​ទៀត ដែល​បាន​ចំណាយ​ទឹក​ប្រាក់​រាប់​ពាន់​លាន​ដុល្លារ​អាមេរិក។ ក្នុង​គម្រោង​ប្លង់មេ នឹង​មាន​ការ​សាងសង់​អគារ​ពាណិជ្ជកម្ម​ធំៗ ផ្សារ​ទំនើប លំនៅដ្ឋាន​ប្រណីតៗ អគារ​ស្នាក់នៅ​រួម និង​កន្លែង​កម្សាន្ត​ផ្សេងៗ​ទៀត។ 

បច្ចុប្បន្ន កំពុង​ដំណើរការ​អភិវឌ្ឍ​សាងសង់​បន្ត​ទៀត។ មិន​ដឹង​ពី​កាល​បរិច្ឆេទ​បញ្ចប់​គម្រោង​សាងសង់​ច្បាស់​លាស់​នោះ​ទេ។

ផ្ទៃ​ដី​ដ៏ធំ​ល្វឹង​ល្វើយ​នៅ​ជាប់​ផ្លូវជាតិ​លេខ​៦ ត្រើយ​ខាង​ជ្រោយចង្វារ ជា​កន្លែង​សាងសង់​ក្រុង​រណប ជ្រោយចង្វារ។

៥. ទីក្រុង​រណប​ជ្រោយ​ចង្វារ «ទីក្រុង​នៃ​អនាគត»

មា្ចស់​គម្រោង គឺ​អ្នកឧកញ៉ា ពុង ឃាវសែ នៃ​ប្រធាន​ក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន​បណ្តាក់​ទុន​វិនិយោគ​កម្ពុជា​ក្រៅ​ប្រទេស។ តម្លៃ​គម្រោង​ចុះ​បញ្ជី​ទុន​វិនិយោគ ១៦០០​លាន​ដុល្លារ​អាមេរិក​ ផ្ទៃ​ក្រឡា​សាងសង់មាន​ទំហំ ៣៨៧​ហិកតា​ស្ថិត​នៅ​សង្កាត់​ទន្លេ​ជ្រោយ​ចង្វារ ខណ្ឌ​ឫស្សីកែវ រាជ​ធានី​ភ្នំពេញ។

បច្ចុប្បន្ន គម្រោង​​ទីក្រុង​​រណប​​មួយ​នេះ​កំពុង​មាន​សកម្មភាព​យ៉ាង​ខ្លាំង​​ជាមួយ​នឹង​ការ​សាងសង់​ប្រព័ន្ធ​ហេដ្ឋា​រចនា​សម្ព័ន្ធ ផ្លូវ​តភ្ជាប់​​ខ្វាត់​ខ្វែង និង​សាងសង់​ផ្ទះ​ល្វែង​មួយ​ចំនួន​ផងដែរ។ 

តាម​ផែនការ​ ទីក្រុង​រណប​នេះ​កំពុង​ដំណើរការ​ទៅ​មុខ​យ៉ាង​រលូន​ក្នុង​គម្រោង​ប្លង់មេ និង​មាន​ការ​សាងសង់​អគារ​ពាណិជ្ជ​កម្ម​ធំៗ ផ្សារ​ទំនើប លំនៅដ្ឋាន​ប្រណីតៗ អគារ​ស្នាក់​នៅ​រួម និង កន្លែងកំសាន្តផ្សេងៗទៀត។ តាម​ការ​ប៉ាន់​ស្មាន នឹង​​បពា្ចប់​គម្រោង​សាងសង់​ក្នុង​ឆ្នាំ​២០២៦។

ទីក្រុង​រណប ហ្គាឌិន ស៊ីធី របស់​អ្នក​ឧកញ៉ា លី យ៉ុងផាត់។

៦. ទីក្រុង​រណប លី យ៉ុងផាត់

ម្ចាស់​គម្រោង គឺ​អ្នក​ឧកញ៉ា លី យ៉ុងផាត់ ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ ក្រុមហ៊ុន អិល វ៉ាយ ភី គ្រុប តម្លៃ​គម្រោង​ចុះ​បញ្ជី​ទុន​វិនិយោគ ១៥០០​លាន​ដុល្លារ​អាមេរិក​ផ្ទៃ​ក្រឡា​សាងសង់​ប្រមាណ ជាង​១០០០​ហិកតា ស្ថិត​នៅ​សង្កាត់​ព្រែកតាសេក ខណ្ឌ​ជ្រោយចង្វារ រាជ​ធានី​ភ្នំពេញ។

ក្រុមហ៊ុន YLP Group កំពុង​អភិវឌ្ឍ​តំបន់​នេះ​ឲ្យ​ក្លាយ​ទៅ​ជា​ទីក្រុង​រណប​ថ្មី​មួយ​ប្រកប​ដោយ​ការ​ទាក់ទាញ​អ្នក​វិនិយោគ អ្នក​ធុរកិច្ច ជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ មជ្ឈមណ្ឌល​កំសាន្ត​ទេសចរណ៍​ដោយ​មាន​ទីលាន​វាយ​កូនហ្គោល សួនសត្វ សួន​ទឹក​កំសាន្ត ពហុកីឡដ្ឋាន មរតក​តេជោ និង​សណ្ឋាគារ​ផ្កាយ​ប្រាំ​ជាដើម។ បច្ចុប្បន្នកំពុងដំណើរការអភិវឌ្ឍសាងសង់​បន្ត​​ទៀត។ មិន​ដឹង​ពី​កាល​បរិច្ឆេទ​បញ្ចប់​គម្រោង​សាងសង់​ច្បាស់​លាស់​នោះ​ទេ។

ទីក្រុង​រណប អ៊ឹង ស៊ីធី (ING City)

៧. ទីក្រុង​រណប អ៊ឹង ស៊ីធី (ING City)

ម្ចាស់​គម្រោង ឧកញ៉ា អ៊ឹង ប៊ុន​ហ៊ូវ ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន ING HOLDINGS តម្លៃ​គម្រោង​ចុះ​បញ្ជី​ទុន​វិនិយោគ ២​ពាន់​លាន​ដុល្លារ​អាមេរិក​ផ្ទៃ​ក្រឡា​សាងសង់ ២៥៧២​ហិកតា ស្ថិត​នៅ​ក្នុង​ខណ្ឌ​​មានជ័យ ខណ្ឌ​ដង្កោ និង​ក្រុង​តាខ្មៅ ដែល​អភិវឌ្ឍ​ស្ថិត​ក្នុង​បឹង​ធម្មជាតិ​ចំនួន​ពីរ គឺ​បឹង​ទំពុន និង​បឹង​ជើងឯក ក្នុង​រាជ​ធានី​ភ្នំពេញ។

ក្រុមហ៊ុន​បាន​សាងសង់​ប្រព័ន្ធ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ផ្លូវ​ថ្នល់​ក្រវាត់​ទីក្រុង​រណប​នេះ ដូចជា ផ្លូវ​៦០​ម៉ែត្រ សម្តេច​តេជោ ហ៊ុន សែន សាលារៀន​អន្តរជាតិ​ភ្នំពេញ អគារ​តាំង​បង្ហាញ​រថយន្ត Mercedes ផ្ទះ​ល្វែង និង មាន​ក្រុមហ៊ុន​បុរី ប៉េង​ហួត បាន​ទៅ​បោះ​ទីតាំង​អភិវឌ្ឍន៍​លំនៅដ្ឋាន​នៅ​ក្នុង​ទីក្រុង​រណប​នោះ​ដែរ។

ក្រុមហ៊ុន ING HOLDINGS កំពុង​អភិវឌ្ឍ​តំបន់​នេះ​ឲ្យ​ក្លាយ​ទៅ​ជា​ទីក្រុង​រណប​ថ្មី​មួយ​ប្រកប​ដោយ​ការ​ទាក់ទាញ​អ្នក​វិនិយោគ មជ្ឈមណ្ឌល​អគារ​ពាណិជ្ជកម្ម អគារ​លំនៅដ្ឋាន ព្រលាន​យន្តហោះ សាលារៀន សណ្ឋាគារ​ផ្កាយ​ប្រាំ​ ជាដើម។ បច្ចុប្បន្ន កំពុង​ដំណើរការ​អភិវឌ្ឍ​សាងសង់​បន្ត​ទៀត។ មិន​ដឹង​ពី​កាល​បរិច្ឆេទ​បញ្ចប់​គម្រោង​សាងសង់​ច្បាស់​លាស់​នោះ​ទេ។

អ្នក​ជំនាញ​និង​អ្នក​វិនិយោគ​បញ្ចេញ​គំនិត​ជុំវិញ​ការ​បង្កើត​ទីក្រុង​រណប​ថ្មី

លោក​ឧកញ៉ា សៀ ឫទី្ធ ប្រធាន​ក្រុមប្រឹក្សាភិបាល នៃ​ក្រុមហ៊ុន វើលប្រ៊ីដ គ្រុប ជា​វិនិយោគិន​ខ្មែរ​ដ៏​ល្បីល្បាញ​មួយ​រូប ដែល​បាន​បោះទុន​រាប់​ពាន់​លាន​ដុល្លារ​អាមេរិក​ទៅ​លើ​អគារ​ខ្ពស់ៗ​ជាង​គេ​នៅ​កម្ពុជា និង តំបន់​សេដ្ឋកិច្ច​ពិសេស បាន​មាន​ប្រសាសន៍​បា្រប់ ខេមបូណូមីស ថា ការ​ដែល​រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​ចិត្ត​បង្កើត​ឲ្យ​មាន​ការ​អភិវឌ្ឍ​ទីក្រុង​រណប​នៅ​ជុំវិញ​រាជ​ធានី​ភ្នំពេញ​នេះ​ឡើង គឺ​ជា​ជំនួយ​ដ៏​ល្អ​ប្រសើរ​បំផុត ដើម្បី​កាត់​បន្ថយ​ការ​កក​ស្ទះ​ចរាចរណ៍​នៅ​កណ្តាល​រាជ​ធានី​ភ្នំពេញ។ 

លោក​ឧកញ៉ា​បន្តថា សព្វ​ថ្ងៃ​នេះ រាជ​ធានី​ភ្នំពេញ​កំពុង​តែ​ក្លាយ​ទៅ​ជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ដ៏​មមាញឹក។ ហើយ​វា​ត្រឹមត្រូវ​ណាស់​ដែល​រដ្ឋាភិបាល​សម្រេច​ចិត្ត​បង្កើត​ទីក្រុង​ថ្មី​យ៉ាង​ដូច្នេះ។ ទីក្រុង​ទាំង​អស់​នេះ នឹង​​ផ្តល់​ឲ្យ​ប្រជាជន​កម្ពុជា​នូវ​ជីវិត​ដ៏​ប្រសើរ​នា​ពេល​អនាគត ជាមួយ​នឹង​ការ​បង្កើត​មុខរបរ​ការងារ​ជា​ច្រើន​ដល់​ប្រជាជន។

ឧកញ៉ា សៀ ឫទ្ធី ប្រធាន​ក្រុម​ប្រឹក្សាភិបាល​ក្រុមហ៊ុន WorldBridge Group (រូបភាព៖ ហេង ភារម្យ)

លោក​ឧកញ៉ា សៀ ឫទ្ធី បាន​បញ្ជាក់​អះអាង​ថា រាជ​រដ្ឋាភិបាល​កម្ពុជា​សុទ្ធ​តែ​បាន​កំណត់​ទីតាំង​គម្រោង​ប្លង់​មេ​ច្បាស់​លាស់​រួច​ហើយ ថា តំបន់​ណា​ត្រូវ​ធ្វើ​អ្វី​ខ្លះ​ដើម្បី​ជៀសវាង​ការ​កើត​មាន​បញ្ហា​ផ្សេងៗ ទៅ​ថ្ងៃ​ក្រោយ។

ពាក់ព័ន្ធ​ទៅ​នឹង​ការ​អភិវឌ្ឍ​ទីក្រុង​រណប​នេះ​ដែរ យោង​តាម​មន្ត្រី​ជាន់​ខ្ពស់​មួយ​រូប​នៃ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយ​កម្ម និង​សំណង់ បាន​ប្រាប់ ខេមបូណូមីស ថា រហូត​មក​ដល់​ពេលនេះ គម្រោង​ទីក្រុង​រណប​ទាំង​អស់​នេះ នៅ​ស្ថិត​ក្នុង​ដំណាក់​កាល​សាង​សង់ ហើយ​អ្វីៗ​ដំណើរការ​ទៅ​យ៉ាង​រលូន​ទៅ​តាម​ផែនការ​គម្រោង​ប្លង់​មេ​របស់​ក្រុង​ភ្នំពេញ។ យើង​មិន​ឃើញ​មាន​បញ្ហា​អ្វី​កើត​ឡើង​នោះ​ទេ។ ហើយ​ការ​អភិវឌ្ឍ​ទីក្រុង​រណប​មួយ មិនមែន​ចំណាយ​ពេល​បញ្ចប់​ការ​សាងសង់​ត្រឹម​តែ​ពីរ ឬ​បី​ឆ្នាំ​នោះ​ទេ ហើយ​ទាមទារ​ឲ្យ​មាន​កិច្ច​ប្រជុំ​ជា​ច្រើន ដើម្បី​ពិនិត្យ​វាយ​តម្លៃ​ជំហាន​ផែនការ​អភិវឌ្ឍន៍​នីមួយៗ។

ឧកញ៉ា ចេង ខេង អ្នក​ជំនាញ​ផ្នែក​អចលនទ្រព្យ និង​ជា​ស្ថាបនិក​ក្រុមហ៊ុន CPL។

ជុំវិញ​ទៅ​នឹង​ការ​បង្កើត​ទីក្រុង​រណប​នេះ លោក​ឧកញ៉ា ចេង ខេង ប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម​អ្នក​វាយ​តម្លៃ និង​ភា្នក់ងារ​អចលន​ទ្រព្យ​កម្ពុជា និង​ជា​អគ្គនាយ​ក្រុមហ៊ុន​អចលន​ទ្រព្យ ស៊ីភីអិល បាន​លើក​ឡើង​ថា វា​ជា​ប្រការ​ល្អ​ក្នុង​ការ​បង្កើត​ឲ្យ​មាន​ទីក្រុង​រណប​ទាំង​អស់​នោះ​ដូចការ​ជួយ​សម្រួល​ចរាចរណ៍ ប៉ុន្តែ ក្រុមហ៊ុន​អភិវឌ្ឍន៍​គម្រោង​ទីក្រុង​រណប​ទាំង​អស់​នោះ ត្រូវ​តែ​សិក្សា​ឲ្យ​បាន​ល្អិត​ល្អន់​ទៅ​លើ​គម្រោង​ផែនការ ប្លង់មេ​​របស់​ទីក្រុង បើ​មិន​ដូច្នេះ​ទេ គម្រោង​ទាំង​នេះ​នឹង​បង្ក​ឲ្យ​មាន​បញ្ហា​ស្មុគស្មាញ​ច្រើន។

ឧកញ៉ា នួន រិទ្ធី អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ KFA។

ជាមួយ​គ្នា​នេះ​ដែរ លោក​ឧកញ៉ា នួន រិទ្ធី អគ្គនាយក​ក្រុមហ៊ុន​អចលន​ទ្រព្យ KFA បាន​ធ្វើការ​អះអាង​ថា ប្រហាក់​ប្រហែល​គ្នា​ថា វា​ជា​រឿង​ល្អ​ណាស់​ដែល​តម្រូវ​ឲ្យ​មាន​ទីក្រុង​រណប​ដើម្បី​រំដោះ​ចរាចរណ៍​ដែល​កំពុង​កកស្ទះ​រាល់​ថ្ងៃ។

ឧកញ៉ា នួន រិទ្ធី បញ្ជាក់​ថា រាជ​ធានី​ភ្នំពេញ​ជា​ទីក្រុង​ដ៏​គួរ​ឲ្យទាក់ទាញមួយ ដែលត្រូវបានរៀបចំ​ផែនការ​ទីក្រុង​រណប​នេះ​ឡើង។ លោក​ថា លក្ខណៈ​សណ្ឋាន​ដី​និង​កម្ពស់​វាល​ទំនាប​របស់​រាជ​ធានី​នេះ មាន​លក្ខណៈ​ប្រហាក់​ប្រហែល​ទៅ​នឹង​ទីក្រុង​បាងកក។ មាន​ហេដ្ឋា​រចនា​សម្ព័ន្ធ​ល្អ ហើយ​លោក​ចង់​ឲ្យ​មាន​ការ​អភិវឌ្ឍ​ទីក្រុង​រណប​នៅ​តំបន់​ជាយ​ក្រុង ដោយ​​គោរព​​ទៅ​តាម​​លក្ខណៈ​​រចនា​​សម្ព័ន្ធ និង​ផែនការ​ប្លង់មេ​ទីក្រុង៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សួនច្បារ​វិមានឯករាជ្យ​បង្អួតស្រាបៀរ​ដល់​ភ្ញៀវ​ទេសចរ?

ព័ត៌មាន
នៅ​តាម​សួន​ច្បារ​សំខាន់ៗ ក្នុង​ទីក្រុង​ភ្នំពេញ គេឃើញ​មាន​ការដំឡើង​ជា​បង្គោល​ប៉ាណូ​ទាបៗ​ល្មម​ដើម្បី​លម្អ​នូវ​រូបភាព​ល្អៗ​តំណាង​ទីក្រុង …

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ