ការធានារ៉ាប់រងកសិកម្ម

តើការធានារ៉ាប់រងកសិកម្ម មានសារៈសំខាន់យ៉ាងណាខ្លះ សម្រាប់ប្រជាកសិករ និងការធានាសន្តិសុខស្បៀង?


អ្នកជំនាញអះអាងថា វិស័យកសិកម្មកម្ពុជា គឺជាវិស័យមួយដែលមានភាពធន់ទ្រាំខ្លាំងទៅនឹងវិបត្តិនានា ដែលកំពុងកើតមាននាពេលបច្ចុប្បន្ននេះ បើទោះបីបច្ចុប្បន្ននៅលើសកលលោក រួមទាំងកម្ពុជាកំពុងជួបបញ្ហាប្រឈមជាច្រើនក្តី ក៏វិស័យកសិកម្មកម្ពុជានៅតែមានដំណើរការល្អជាប្រក្រតី ក្នុងការជួយទ្រទ្រង់ដល់កំណើនសេដ្ឋកិច្ចជាតិ។
ធានារ៉ាប់រងកសិកម្ម នឹងជួយរួមចំណែកដល់ការធានាសន្តិសុខស្បៀង!

យ៉ាងណាអ្នកជំនាញកត់សម្គាល់ឃើញថា វិស័យកសិកម្មហាក់នៅមិនទាន់អាចធន់ទ្រាំបានជាមួយនឹងបញ្ហាបម្រែបម្រួលអាកាសធាតុ ដែលកំពុងបន្តកើតមានបាននៅឡើយទេ ដ្បិតវាបានធ្វើឲ្យប៉ះពាល់ទៅដល់ទិន្នផលកសិកម្ម ក៏ដូចជាផលចំណេញរបស់ប្រជាកសិករ ដែលទាមទារឲ្យមានការធានា និងជួយគាំទ្រពីភាគីពាក់ព័ន្ធ។ ការណ៍នេះបានធ្វើឱ្យអ្នកជំនាញយល់ឃើញថា សេវាធានារ៉ាប់រងនៅក្នុងវិស័យកសិកម្ម គឺពិតជាមានសារៈសំខាន់ណាស់នៅក្នុងការជួយផ្ទេរហានិភ័យរបស់ប្រជាកសិករ និងដើម្បីធានាបាននូវស្ថិរភាពសន្តិសុខស្បៀងផងដែរ។

លោក យក់ ចំរើនប្ញទ្ធិ ប្រធានអគ្គនាយកនៃក្រុមហ៊ុនធានារ៉ាប់រង Forte កត់សម្គាល់ឃើញថា មានកសិករជាច្រើនបានបោះបង់ការធ្វើកសិកម្ម ដោយសារតែការខាតបង់ច្រើន ដូច្នេះដើម្បីជួយទ្រទ្រង់ឱ្យវិស័យកសិកម្មកាន់តែមានភាពរីកចម្រើនទៅមុខប្រកបដោយនិរន្តរភាព ក្រុមហ៊ុន Forte បាននិងកំពុងសាកល្បងក្នុងការផ្តល់សេវាធានារ៉ាប់រងនៅក្នុងវិស័យកសិកម្មនេះនៅខេត្តចំនួន៣ រួមមានបាត់ដំបង កំពង់ធំ និងព្រៃវែង។ លោកជឿជាក់ថា តាមរយៈធានារ៉ាប់រងកសិកម្មនេះ វានឹងជួយការពារហានិភ័យជំនួសកសិករ ដ្បិតកន្លងមកក្រុមហ៊ុនធានារ៉ាប់រង Forte បានផ្តល់សំណងជាបន្តបន្ទាប់ជារៀងរាល់ឆ្នាំជូនដល់ប្រជាកសិករ ដែលជួបបញ្ហាការខូចខាតផលដំណាំដោយសារកត្តាផ្សេងៗ។ ហើយតាមរយៈសេវាធានារ៉ាប់រងនេះ វានឹងជួយកសិកររងគ្រោះទាំងនោះឲ្យទទួលបានដើមទុនក្នុងការបន្តការដាំដុះ បើទោះបីជាបញ្ហាអាកាសធាតុបានធ្វើឱ្យទិន្នផលរបស់ពួកគេធ្លាក់ចុះ និងមានការខាតបង់ពីមួយឆ្នាំទៅមួយឆ្នាំក្តី។ លើសពីនេះ ការធានារ៉ាប់រងកសិកម្មនេះ វាក៏បានជួយធានាដល់ភាពរឹងមាំនៅក្នុងសន្តិសុខស្បៀង ដ្បិតថាកាលណាមានការធានារ៉ាប់រងទៅលើហានិភ័យហិរញ្ញវត្ថុ នោះការផលិតរបស់កសិករក៏មានស្ថិរភាពផងដែរ ពីព្រោះថាពួកគេបានផ្ទេរហានិភ័យហិរញ្ញវត្ថុទាំងនោះទៅឱ្យក្រុមហ៊ុនធានារ៉ាប់រងជាអ្នកទទួលជំនួសវិញ។

បើតាម លោក យក់ ចំរើនប្ញទ្ធិ សេវាធានារ៉ាប់រងកសិកម្មរបស់ក្រុមហ៊ុនហ្វតតេមាន២ប្រភេទរួមមានការធានារ៉ាប់រងទៅលើការប្រែប្រួលអាកាសធាតុ ដោយការធានារ៉ាប់រងនេះ គឺប្រសិនបើប្រជាកសិករមិនអាចធ្វើស្រែចម្ការបានដោយសារគ្មានភ្លៀងធ្លាក់គ្រប់គ្រាន់សម្រាប់ធ្វើស្រែចម្ការ នោះក្រុមហ៊ុននឹងផ្តល់សំណងជូនដល់កសិករទៅតាមទំហំដែលបានព្រមព្រៀង។ ហើយមួយទៀតគឺការធានារ៉ាប់រងទៅលើទិន្នផល ដោយការធានារ៉ាប់រងប្រភេទនេះ គឺផ្តល់សំណងទៅតាមការធ្លាក់ចុះនៃទិន្នផលនៅពេលប្រមូលផល។ ត្រង់ចំណុចនលោកបានលើកជាឧទាហរណ៍ថា ប្រសិនបើដី១ហិកតា ត្រូវបានវាយតម្លៃអាចទទួលផល៥តោន ប៉ុន្តែប្រសិនបើទិន្នផលធ្លាក់ចុះមកក្រោម៥តោននោះ ក្រុមហ៊ុននឹងសងសំណងទៅលើទិន្នផលដែលបាត់បង់។
បើតាមអ្នកជំនាញរូបនេះ បច្ចុប្បន្នការយល់ដឹងរបស់ប្រជាកិសករអំពីសេវាធានារ៉ាប់រងកសិកម្មនេះ ហាក់នៅមានកម្រិតនៅឡើយ ដែលនេះគឺជារនាំងមួយ ដែលធ្វើឱ្យការធានារ៉ាប់រងកសិកម្មកម្ពុជានៅមិនទាន់អាចប្រកួតប្រជែងជាមួយប្រទេសជិតខាងបាន។ ម្យ៉ាងទៀតនៅតាមបណ្តាប្រទេសដទៃភាគច្រើន ការធានារ៉ាប់រងក្នុងវិស័យកសិកម្មនេះ គឺសុទ្ធតែមានការឧបត្ថម្ភធនពីរាជរដ្ឋាភិបាល។
សូមជម្រាបថា បើតាមថ្នាក់ដឹកនាំក្រុមហ៊ុន Forte មកទល់ពេលនេះ ក្រុមហ៊ុនបានធានាក្នុងវិស័យកសិកម្មបានប្រមាណជាង៨ម៉ឺនហិចតា ដោយមានកសិករប្រមាណជាង៥ម៉ឺន៣ពាន់គ្រួសារ ដែលទទួលបានការប្រើប្រាស់សេវាធានារ៉ាប់រងកសិកម្មលើដំណាំស្រូវ ខណៈបុព្វលាភធានារ៉ាប់រងដែលទទួលបានមានប្រមាណជិត១លានដុល្លារ។ ហើយក្រៅពីការធានាលើដំណាំស្រូវ ក្រុមហ៊ុន Forte ក៏កំពុងសាកល្បងការធានារ៉ាប់រងកសិកម្មទៅលើដំណាំស្វាយ ពោត ដំឡូង និងស្វាយចន្ទីផងដែរ៕




អត្ថបទបន្ទាប់


ឯកឧត្តម វង្សី វិស្សុត ចាត់ទុកក្រុមប្រឹក្សាអ្នកច្បាប់ជាតួអង្គដ៏សំខាន់ក្នុងការជួយអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ចកម្ពុជា

ព័ត៌មាន
ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ បានដឹកនាំបើកកិច្ចប្រជ…

ពន្ធដារពន្យារពេលបង់ពន្ធលើអចលនទ្រព្យ និងពន្ធលើដីធ្លីមិនប្រើប្រាស់ដល់ដំណាច់ខែតុលា

ព័ត៌មាន
អគ្គនាយកដ្ឋានពន្ធដារបានសម្រេចពន្យារពេលបង់ពន្ធលើអចលនទ្រព្យ និងពន្ធលើដីធ្លីមិនបានប្រើប្រាស់សម្រាប់ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ ន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ