ភូមិសាស្រ្តនយោបាយ

មេដឹកនាំប្រទេសអារ៉ាប់ និងមូស្លីមទាមទារឱ្យបញ្ចប់សង្គ្រាមជាបន្ទាន់ និងជំរុញឱ្យតុលាការអន្តរជាតិស៊ើបអង្កេតឧក្រិដ្ឋកម្មរបស់អ៊ីស្រាអែល


អារ៉ាប៊ីសាអូឌីត និងបណ្តាប្រទេសមូស្លីមផ្សេងទៀតកាលពីថ្ងៃសៅរ៍ បានអំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់នូវប្រតិបត្តិការយោធានៅតំបន់ហ្គាហ្សា និងថ្កោលទោសចំពោះទង្វើអ៊ីស្រាអែលថា មិនមែនជាការការពារខ្លួននោះទេ តែជាឧក្រិដ្ឋកម្មសង្គ្រាម និងប្រល័យពូជសាសន៍យ៉ាងច្បាស់លើប្រជាជនប៉ាឡេស្ទីន។ យ៉ាងណាក៏ដោយមេដឹកនាំទាំងនោះបានចេញសេចក្តីថ្លែងការណ៍រួមគ្នាថ្កោលទោស និងជំរុញឱ្យតុលាការឧក្រិដ្ឋកិច្ចអន្តរជាតិ បើកការស៊ើបអង្កេតជាបន្ទាប់ ចំពោះសកម្មភាពរបស់អ៊ីស្រាអែលនេះ។
ភូមិសាស្រ្តនយោបាយ
ដោយ

ក្នុងកិច្ចប្រជុំបន្ទាន់មួយកាលពីថ្ងៃសៅរិ៍ ក្នុងរដ្ឋធានីរីយ៉ាដ​ ប្រទេសអារ៉ាប៊ីសាអូឌីត មេដឹកនាំអារ៉ាប់ និងមូស្លីមរួមទាំងអ៊ីរ៉ង់ ប្រមាណ៤៧ប្រទេស បានមកប្រមូលផ្តុំគ្នាពិភាក្សាអំពីដំណោះសន្តិវិធីសម្រាប់ជម្លោះនៅហ្គាហ្សា។ ក្នុងនោះ ក៏មានប្រធានាធិបតីអ៊ីរ៉ង់ លោក Ebrahim Raisi មកចូលរួមដែរ ជាមួយនឹងមេដឹកនាំប្រទេសតួកគី កាតា ស៊ីរី និងមេដឹកនាំប្រទេសនៅក្នុងតំបន់មជ្ឈិមបូព៌ាផ្សេងទៀត។

នៅក្នុងសេចក្តីថ្លែងការណ៍រួមគ្នាចុងក្រោយអំពីដំណោះស្រាយបានសរសេរថា ប្រទេសអារ៉ាប់ និងមូស្លីមថ្កោលទោសចំពោះទង្វើឈ្លានពានរបស់អ៊ីស្រាអែល ទៅលើតំបន់ហ្គាហ្សា និងទាមទារឱ្យឧក្រិដ្ឋកម្មលើជនជាតិប៉ាឡេស្ទីននេះបញ្ឈប់ជាបន្ទាន់។

ក្នុងនាមជាម្ចាស់ផ្ទះនិងជាប្រធានបើកឱ្យមានកិច្ចប្រជុំនេះ ព្រះអង្គម្ចាស់ Mohammed bin Salman មេដឹកនាំអារ៉ាប៊ីសាអូឌីត បានថ្លែងក្នុងកិច្ចប្រជុំថា ព្រះរាជាណាចក្រយើងថ្កោលទោសចំពោះសកម្មភាពសង្គ្រាមដ៏ព្រៃផ្សៃលើបងប្អូនប៉ាឡេស្ទីន។ លោកបានបន្ថែមថា សង្គ្រាមនេះកើតចេញពីបរាជ័យរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងសហគមន៍អន្តរជាតិ ដែលមិនអាចបញ្ឈប់ការរំលោភបំពានច្បាប់អន្តរជាតិរបស់អ៊ីស្រាអែលបាន។

យ៉ាងណាក៏ដោយ ថ្លែងនៅក្នុងកិច្ចប្រជុំកំពូលកាលពីថ្ងៃសៅរិ៍ លោក អ៊ីប្រាហ៊ីម រៃស៊ី មេដឹកនាំអ៊ីរ៉ង់ បាននិយាយថា ប្រទេសដែលបានចូលរួមក្នុងកិច្ចប្រជុំនេះ គឺតំណាងក្នុងនាមពិភពអ៊ីស្លាម ដើម្បីជួយសង្គ្រោះ​ប៉ាឡេស្ទីន។ លោកថា នេះគឺថ្ងៃប្រវត្តិសាស្ត្រ និងវីរភាព ដោយលោកបានកោតសរសើរក្រុមហាម៉ាស ដែលហ៊ានចេញមុខប្រឆាំងនឹងអ៊ីស្រាអែល និងជំរុញឱ្យប្រទេសអ៊ីស្លាមទាំងអស់ដាក់ទណ្ឌកម្មលើប្រេងរបស់អ៊ីស្រាអែល។

យ៉ាងណាមិញ ដំណើររបស់ប្រមុខដឹកនាំអ៊ីរ៉ង់មកកាន់អារ៉ាប៊ីសាអូឌីតនេះ ត្រូវបានគេមើលឃើញថា ជាដំណើរទស្សនកិច្ចដ៏កម្របំផុតក្នុងពេលមួយទសវត្សន៍មកនេះ ហើយវាក៏បានបង្ហាញពីការចូលជិតគ្នាបន្ថែមរវាងទីក្រុងរីយ៉ាដ និងតេអេរ៉ង់ នៅចំពោះមុខការគាំទ្រអាម៉េរិកលើអ៊ីស្រាអែល។

ក្នុងនោះ ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Joko Widodo ក៏ត្រូវបានអញ្ជើញឱ្យចូលរួមកិច្ចប្រជុំនេះដែរ ព្រោះជាប្រទេសដែលមានប្រជាជនមូស្លីមច្រើនជាងគេលើពិភពលោក។ លោក វីដូដូ បាននិយាយថា មន្ទីរពេទ្យឥណ្ឌូណេស៊ី នៅតំបន់ហ្គាហ្សាខាងជើង នៅតែបន្តជាគោលដៅនៃការវាយប្រហាររបស់អ៊ីស្រាអែល ហើយកំពុងអស់ប្រេងឥន្ធនៈ។

លោកថា បទឈប់បាញ់ត្រូវតែរកឱ្យឃើញជាបន្ទាន់ សម្រាប់ជំនួយមនុស្សធម៌។ ជាមួយគ្នានោះ គណៈប្រតិភូដែលមានវត្តមានក្នុងជំនួបនោះ បានបង្ហើបប្រាប់ថា ប្រទេសអារ៉ាប់មួយចំនួនដែលដឹកនាំដោយប្រទេសអាល់ហ្សេរី បានអំពាវនាវឲ្យកាត់ផ្តាច់ទំនាក់ទំនងការទូតជាមួយអ៊ីស្រាអែលតែម្តង។ ខណៈប្រទេសអារ៉ាប់ផ្សេងទៀតដែលទើបបង្កើតទំនាក់ទំនងការទូតជាមួយអ៊ីស្រាអែល បានប្រឆាំងតបតវិញ ដោយសង្កត់ធ្ងន់ថា បណ្តាញទំនាក់ទំនងចាំបាច់ត្រូវតែបើកចំហជានិច្ចជាមួយរដ្ឋាភិបាលអ៊ីស្រាអែល។

ទោះបីជាយ៉ាងនេះក្តី ថ្លែងប្រាប់សន្និសីទកាសែតកាលពីថ្ងៃសៅរិ៍ លោក នេតាន់យ៉ាហ៊ូ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល ជំរុញឱ្យប្រទេសអារ៉ាប់ទាំងអស់ក្រោកឈរប្រឆាំងនឹងហាម៉ាសជាមួយគ្នា។ លោកថា វត្តមានក្រុមហាម៉ាស នៅហ្គាហ្សាដែលមានអ៊ីរ៉ង់នៅពីក្រោយ មិនអាចនាំយកអ្វីផ្សេងជូនប្រជាជនប៉ាឡេស្ទីន​ឡើយ ក្រៅតែពី«ភាពក្រីក្រ និងការបង្ហូរឈាម»។ គិតមកទល់ថ្ងៃសៅរិ៍ យោងតាមអាជ្ញាធរនៅហ្គាហ្សា មនុស្សជាង១ម៉ឺន១ពាន់នាក់ហើយបានស្លាប់នៅក្នុងសង្គ្រាមនេះ ក្នុងនោះ៤០%ជាកុមារ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


លោកស្រី យេឡិន ព្រមានថា ក្រុមហ៊ុនចិននឹងជួបផលវិបាកធ្ងន់ធ្ងរ បើហ៊ានផ្តល់ជំនួយឱ្យរុស្ស៊ី

ព័ត៌មាន
រដ្ឋមន្ត្រីហិរញ្ញវត្ថុអាម៉េរិកលោកស្រី យេណេត យេឡិន Janet Yellen កាលពីថ្ងៃសុក្រសប្ដាហ៍មុនបាននិយាយថា រដ្ឋាភិបាលអាម៉េរិក បានឃើញភស្តុតាងបង្ហា…

ជំនួបរវាងលោក បៃដិន និងលោក ស៊ី គ្រោងធ្វើឡើងនៅថ្ងៃពុធសប្តាហ៍នេះ ខណៈអ្នកវិភាគថា កុំរំពឹងខ្ពស់ពេកពីជំនួបនេះ

ព័ត៌មាន
សេតវិមានបានប្រកាសឱ្យដឹងថា ប្រធានាធិបតីអាម៉េរិក លោក ចូ បៃដិន នឹងជួបជាមួយប្រធានាធិបតីចិន លោក ស៊ី ជិនពីង ទល់មុខគ្នានៅថ្ងៃពុធសប្តាហ៍នេះ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ