អាស៊ាននឹងធ្វើសមយុទ្ធយោធារួមគ្នាជាលើកដំបូង

ឥណ្ឌូនេស៊ីថា អាស៊ាននឹងធ្វើសមយុទ្ធយោធារួមគ្នាជាលើកដំបូងបំផុតនៅសមុទ្រចិនខាងត្បូង ខណៈកម្ពុជាថាមិនទាន់បានសម្រេចលើរឿងនេះ


មន្ត្រីឥណ្ឌូនេស៊ីបានឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ ទី៨ មិថុនា ថា សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ឬអាស៊ាន បានឯកភាពគ្នាបើកធ្វើលំហាត់យោធារួមជាលើកដំបូងនៅក្នុងសមុទ្រចិនខាងត្បូង ចំពេលដែលភាពតានតឹងកំពុងកើនឡើង ដោយសារតែចេតនាចង់ក្រសោបយកដែនទឹកយុទ្ធសាស្រ្តមួយនេះពីសំណាក់ប្រទេសចិន។ ប៉ុន្តែ អគ្គបញ្ជាការនៃកងយោធពលខេមរភូមិន្ទ កាលពីថ្ងៃទី ៨ខែមិថុនា បានចេញសេចក្តីថ្លែងការណ៍មួយថា កម្ពុជាមិនទាន់បានសម្រេចលើរឿងធ្វើសមយុទ្ធយោធារួមរបស់អាស៊ាននៅឡើយទេ។
ប្រទេសអាស៊ាន នឹងបើកធ្វើសមយុទ្ធយោធាជើងទឹករួមគ្នាលើកដំបូងបង្អស់!
ដោយ

ប្រមុខយោធាឥណ្ឌូនេស៊ី លោក ​​យ៉ូដូ​ ម៉ាហ្កូណូ (Yudo Margono)​ បានប្រាប់ទីភ្នាក់ងារសារព័ត៌មានរដ្ឋឥណ្ឌូនេស៊ី​អានតារ៉ា​ថា៖ «អាស៊ាននឹងធ្វើសមយុទ្ធរួមគ្នាមួយជាលើកដំបូងនៅសមុទ្រនូតាណាខាងជើង»។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានបារាំង AFP​ បន្ទាប់​ពី​កិច្ច​ប្រជុំ​ប្រមុខ​ការពារ​ជាតិ​អាស៊ាន​នៅ​កោះ​បាលីកាលពីថ្ងៃទី៧ ខែមិថុនា ដែលប្រទេសឥណ្ឌូនេស៊ីធ្វើជាប្រធានប្តូរវេននៅឆ្នាំនេះ។

អគ្គបញ្ជាការនៃកងកម្លាំងប្រដាប់អាវុធជាតិឥណ្ឌូនេស៊ីរូបនេះ បានបន្ថែមថា សមយុទ្ធនោះនឹងចាប់ធ្វើឡើងនៅក្នុងខែកញ្ញា និងមានការចូលរួមពីសមាជិកនៃប្រទេសអាស៊ានទាំងដប់ រួមទាំងប្រទេសទីម័រខាងកើត ដែលជាអ្នកអង្កេតការណ៍ផងដែរ។ លោក ម៉ាហ្កូណូ ក៏បានគូសបញ្ជាក់ទៀតថា «វាក៏រួមបញ្ចូលផងដែរនូវសមាជិកមីយ៉ាន់ម៉ាដែលកាន់កាប់ដោយរបបយោធា»។

«សមយុទ្ធនេះនឹងផ្តោតទៅលើសន្តិសុខដែនសមុទ្រ និងការជួយសង្គ្រោះពេលមានអាសន្ន ហើយវានឹងមិនមានប្រតិបត្តិការប្រយុទ្ធនោះទេ» ហើយវាបង្ហាញឱ្យឃើញអំពី​«ភាពជាកណ្តាលរបស់អាស៊ាន»។ នេះបើតាមការលើកឡើងរបស់ប្រមុខកម្លាំងប្រដាប់ឥណ្ឌូនេស៊ី​ លោក ​​យ៉ូដូ​ ម៉ាហ្កូណូ​ ក្រោយកិច្ចប្រជុំ។

ដោយឡែក សេចក្តីថ្លែងការណ៍ថ្ងៃទី៨ ខែមិថុនា របស់អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទនៃប្រទេសកម្ពុជាដែលជាមិត្តដែកថែបរបស់ប្រទេសចិន បានឱ្យដឹងថា បន្ទាប់ពីកិច្ចប្រជុំអគ្គមេបញ្ជាការកងទ័ពអាស៊ានលើកទី២០ នៅកោះបាលីប្រទេសឥណ្ឌូនេស៊ី «កម្ពុជាពុំទាន់សម្រេចលើរឿងសមយុទ្ធយោធារួមគ្នាជាមួយអាស៊ាននៅឡើយទេ»

យោងតាមសេចក្តីថ្លែងការណ៍របស់អគ្គបញ្ជាការនៃកងយោធពលខេមរភូមិន្ទដដែល ភាគីកម្ពុជានឹងចាត់តាំងក្រុមការងារដើម្បីសិក្សាអំពីសមយុទ្ធយោធារួមនោះ ហើយក្រោយពេលសិក្សាចប់ អគ្គបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នឹងស្នើសុំគោលការណ៍សម្រេចពីក្រសួងការពារជាតិកម្ពុជា។

សេចក្តីថ្លែងការណ៍របស់កងទ័ពកម្ពុជាត្រូវបានធ្វើឡើង ក្រោយពីភាគីឥណ្ឌូនេស៊ីបានប្រកាសអំពីការធ្វើសមយុទ្ធរួមគ្នាក្នុងចំណោមប្រទេសសមាជិកអាស៊ាននៅលើផ្ទៃសមុទ្រចិនខាងត្បូង។ បច្ចុប្បន្ន ប្រទេសចិនទាមទារអធិបតេយ្យលើដែនទឹកតំបន់នេះស្ទើរតែទាំងអស់ ហើយសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្ត ទាមទារឱ្យមានសេរីភាព​នាវាចរណ៍និងអាកាសចរណ៍នៅលើតំបន់ដែលខ្លួនចាត់ទុកថាអនុញ្ញាតដោយច្បាប់អន្តរជាតិ។ សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍តែងប្រកាសលើកកម្ពស់មជ្ឈភាពអាស៊ាន នៅពេលដែលសមាជិកទាំង ១០ ប្រទេស មានទំនាក់ទំនងជាមួយមហាអំណាចទាំងពីរក្នុងកម្រិតផ្សេងៗគ្នា៕




អត្ថបទបន្ទាប់


អ្នកជំនាញដាស់តឿនឲ្យធនាគារនៅវៀតណាមគិតគូររឿងសាច់ប្រាក់បង្វិល ខណៈការសង់ត្រឡប់ប្រាក់បញ្ញើសន្សំដ៏សន្ធឹកសន្ធាប់ខិតចូលមកដល់

ព័ត៌មាន
អ្នកជំនាញវៀតណាមបានដាស់តឿនឲ្យធនាគារនានា លើកកម្ពស់ការប្រុងប្រយ័ត្ន ដើម្បីធានាស្ថិរភាពចរន្តលំហូរសាច់ប្រាក់ នៅពេលដែលដែលការសងត្រឡប់នូវប្រាក់ប…

តើអ្វីទៅជា «សេចក្តីប្រកាសអាត្លង់ទិក»ថ្មី រវាងអាមេរិក និងចក្រភពអង់គ្លេស?

ព័ត៌មាន
ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក បានគាំទ្រ«សេចក្តីប្រកាសអាត្លង់ទិក»ថ្មីមួយកាលពីថ្ងៃព្រហស្បតិ៍ទី៨ខែមិថុនា ដែលជាកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋក…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ