គណៈកម្មាធិការសភាសម្រាប់កិច្ចការបរទេសរបស់អង់គ្លេសបាននិយាយថា រដ្ឋាភិបាលចក្រភពអង់គ្លេស«គួរតែស្នើទៅអូស្ត្រាលី និងសហរដ្ឋអាមេរិក ដើម្បីឲ្យជប៉ុន និងកូរ៉េខាងត្បូងគួរតែត្រូវបានអញ្ជើញឱ្យចូលរួមក្នុងកិច្ចព្រមព្រៀងសហប្រតិបត្តិការការពារបច្ចេកវិទ្យារបស់ AUKUSដែរ ។ ការអញ្ជើញប្រទេសទាំងពីរនេះ ទំនងជានឹងរួមគ្នាក្នុងការអភិវឌ្ឍលំហរអ៊ីនធឺណិត បញ្ញាសិប្បិនិម្មិត (AI) បច្ចេកវិទ្យាបរមាណូ (quantum) បច្ចេកវិទ្យាក្រោមបាតសមុទ្រ ប៉ុន្តែមិនមែនជាគម្រោងរយៈពេលជាច្រើនទសវត្សរ៍ខាងមុន អំពីការអភិវឌ្ឍនាវាមុជទឹកនុយក្លេអ៊ែរ ដូចដែលទីក្រុងវ៉ាស៊ីនតោន និងទីក្រុងឡុងដ៍កំពុងធ្វើឱ្យអូស្ត្រាលីនោះទេ។
យោងតាមរបាយការណ៍ចេញដោយគណកម្មានេះកាលពីថ្ងៃពុធ បានគូសបញ្ជាក់ថា «AUKUS មិនមែនផ្ដោតតែលើអូស្ត្រាលី ត្រូវទទួលបាននាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរនោះទេ»។ ប៉ុន្តែ វាក៏មានការចែករំលែកបច្ចេកវិទ្យាទំនើប លំហរអ៊ីនធឺណិត និងធាតុផ្សំនៃការអភិវឌ្ឍរួមគ្នា ដែលអាចស្មើភាពគ្នា»។
មែនទែនទៅ ការចេញផ្សាយរបាយការណ៍នេះកើតឡើង ស្របពេលដែលរដ្ឋមន្ត្រីការបរទេសអង់គ្លេសលោក James Cleverly កំពុងបំពេញទស្សនកិច្ចនៅក្នុងប្រទេសចិន។ របាយការណ៍នោះក៏រួមបញ្ចូលផងដែរនូវសំណើដ៏ចម្រូងចម្រាសមួយ ដែលចង់ឱ្យចក្រភពអង់គ្លេសក្នុងការស្វែងរកការចូលរួមក្នុងសម្ព័ន្ធចតុភាគី Quad ដែលជាគំនិតផ្តួចផ្តើមការទូតដែលប្រមូលផ្តុំ ប្រទេសអូស្ត្រាលី ឥណ្ឌា ជប៉ុន និងសហរដ្ឋអាមេរិក។ បើតាមគណៈកម្មាធិការសភាអង់គ្លេសបាននិយាយថា យើងមើលឃើញអត្ថប្រយោជន៍ក្នុងការធ្វើការជាមួយ Quad ដើម្បីបង្កើតយុទ្ធសាស្រ្តសម្របសម្រួលគ្របដណ្តប់តំបន់ដែនសមុទ្រឥណ្ឌូប៉ាស៊ីហ្វិកទាំងមូល ហើយនឹងស្នើដាក់ពាក្យចូលរួម Quad នៅពេលខាងមុខ នៅពេលប្រទេសជាសមាជិកបើកផ្លូវ។
ទោះជាយ៉ាងណាក៏ដោយ ប្រទេសចិនបានថ្កោលទោសម្តងហើយម្តងទៀតចំពោះ Aukus និង Quad ថា ជាសម្ព័ន្ធភាពដឹកនាំដោយសហរដ្ឋអាមេរិក ដើម្បីធ្វើឱ្យមានការបែងចែក ការប្រឈមមុខដាក់គ្នា និងធ្វើឱ្យចិត្តគំនិតសង្រ្គាមត្រជាក់រស់ឡើងវិញ»។ បណ្តាប្រទេសអាស៊ីអាគ្នេយ៍ក៏បានបង្ហាញការព្រួយបារម្ភចំពោះសម្ព័ន្ធភាពទាំងពីរនេះដែរ។ ស្របពេលជាមួយគ្នា បើតាមអ្នកស្រី Asmiati Malik ទីប្រឹក្សារដ្ឋាភិបាលឥណ្ឌូនេស៊ីបានកត់សម្គាល់ឃើញថា ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ឡាវ ថៃ និងកម្ពុជា មានមន្ទិលសង្ស័យលើសម្ព័ន្ធចតុភាគីQuad ដោយសារតែ Quad គឺត្រូវបានគេយល់ថា ជាសម្ព័ន្ធមួយប្រឆាំងនឹងចិន ក្នុងការស្វែងរកការរក្សាសន្តិសុខក្នុងតំបន់»។