ធនាគារកណ្ដាលជប៉ុនប្រាប់ឱ្យប្រយ័ត្នចំពោះភាពចលាចលទីផ្សារ

ធនាគារកណ្ដាលជប៉ុនប្រាប់ឱ្យប្រយ័ត្នចំពោះភាពចលាចលទីផ្សារ ដែលអាចបណ្ដាលមកពីឱនភាពសេដ្ឋកិច្ចរបស់អាមេរិក


ទេសាភិបាលធនាគារកណ្តាលជប៉ុន លោក កាហ៊្សុអូ យូអ៊ីដា បាននិយាយនៅថ្ងៃសុក្រទី១៩ឧសភាថា ការខកខានសងបំណុលសាធារណៈរាប់សែនលានដុល្លាររបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកអាចបង្កឱ្យមានភាពចលាចលនៅក្នុងទីផ្សារ និងប៉ះពាល់យ៉ាងខ្លាំងដល់សេដ្ឋកិច្ចពិភពលោក។ ការថ្លែងដូច្នេះបានកើតឡើងស្របពេលដែលមានការព្រមានអំពីឱនភាពសេដ្ឋកិច្ចដែលអាចកើតឡើងកិច្ចចរចាអំពីការដំឡើងកម្រិតបំណុលអាមេរិកមិនទាន់សម្រេចលទ្ធផល។នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានរ៉យទ័រ។
ធនាគារកណ្ដាលជប៉ុនប្រាប់ឱ្យប្រយ័ត្នចំពោះភាពចលាចលទីផ្សារ ដែលអាចបណ្ដាលមកពីឱនភាពសេដ្ឋកិច្ចរបស់អាមេរិក

ឆ្លើយ​តប​នឹង​សំណួរ​របស់​សមាជិក​សភា​ពាក់​ព័ន្ធ​នឹង​ផល​ប៉ះ​ពាល់​នៃ​ការ​ខក​ខាន​សង​បំណុលសាធារណៈ​របស់​សហ​រដ្ឋ​អាមេរិក លោក កាហ៊្សុអូ យូអ៊ីដា ទេសាភិបាលធនាគារកណ្ដាលជប៉ុន ​បានប្រាប់សភា​​ជប៉ុន​នៅ​ថ្ងៃសុក្រថា ​ប្រសិនបើ​ទី​​ក្រុង​​វ៉ាស៊ីនតោន​បរាជ័យក្នុងការចរចាសុំដំឡើង​​ពិដាន​បំណុល​អាមេរិក​​មែន​នោះ​ វា​​មានឱកាស​មួយ​ដែលនឹង​បង្ក​ឱ្យ​មាន​ភាពចលាចលក្នុងទីផ្សារផ្សេងៗ និង​ប៉ះពាល់យ៉ាង​ខ្លាំង​លើ​​ប្រតិ​បត្តិការហិរញ្ញវត្ថុ​​ជាច្រើន​។

លោក កាហ៊្សុអូ យូអ៊ីដា ​បាន​បន្ថែម​​ថា ​ធនាគារ​កណ្តាល​ជប៉ុន​នឹង​ខិតខំ​​រក្សា​ស្ថិរភាព​​ទីផ្សារ​​ដោយ​​ផ្អែក​​លើ​​ការ​សន្យា​​របស់​ខ្លួន ​ក្នុង​ការ​ឆ្លើយតប​ដោយ​ភាព​បត់បែន​ជា​មួយ​នឹងការ​​តាម​មើល​ការ​ប្រែប្រួលផ្នែក​​សេដ្ឋកិច្ច តម្លៃ និង​ហិរញ្ញវត្ថុ​​។

ការ​អះ​អាងរបស់​ទេសាភិបាល​ធនាគារ​កណ្ដាល​ជប៉ុន​រូប​នេះ​បាន​ធ្វើ​ឡើង​មួយ​ថ្ងៃ​បន្ទាប់​ពី​អនុ​ប្រធានាធិបតី​សហរដ្ឋអាមេរិក ​លោកស្រី ​កាម៉ាឡា ​ហារីស ​និង​ទី​ប្រឹក្សាកំពូល​ផ្នែក​​សេដ្ឋ​កិច្ចរបស់​សេត​វិមាន​ ​លោកស្រី ​ឡាអែល​ ប្រេណាត បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ​អលទ្ធភាព​សង​​បំណុលសាធារណៈ​របស់ប្រទេសនេះ​ចំនួន ៣១,៤ ទ្រី​​លាន​ដុល្លារ ​នឹង​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​អាមេរិក​ធ្លាក់​ក្នុង​វិបត្តិ​សេដ្ឋកិច្ច។ ​

នៅ​ក្នុងសន្និសីទ​អនឡាញជាមួយសកម្ម​ជនគណបក្សប្រជាធិបតេយ្យ លោកស្រី ​ហារីស ​និង​លោកស្រី ​ប្រេណាដ ​បានជំរុញឱ្យ​ពួកគេទាក់ទងសមាជិកសភា ដើម្បីបង្ហាញការប្រឆាំងនឹងការបណ្ដោយឱ្យរដ្ឋាភិបាលមិនមានលទ្ធភាពសងបំណុលសាធារណៈ ដែលនឹងមកដល់ក្នុងពេល ២ សប្តាហ៍​​​ទៀត​​នេះ។

លោកស្រី ហារីស ​បាន​ប្រើ​សន្និសីទ​នេះ​ក្នុងគោលបំណងរក្សាការផ្តោតអារម្មណ៍ទៅ​លើ​អលទ្ធ​ភាព​សង​បំណុលដែលខិតចូលកាន់តែកៀក ​​ខណៈដែលប្រធានាធិបតីអាមេរិក ​លោក ចូ បៃដិន ​​ត្រូវ​ ចំណាយ​ពេលប៉ុន្មានថ្ងៃខាងមុខ​​នៅ​ក្នុងប្រទេសជប៉ុន ​​ដើម្បី​ចូលរួមកិច្ចប្រជុំកំពូលនៃ​​ក្រុម​ប្រទេសឧស្សាហកម្មជឿនលឿនទាំង៧​។ លោកស្រី ​ហារីស ​​បានសង្កត់​ធ្ងន់​​ថា ​ការខក​ខាន​សង​​បំណុល​​អាច​បង្ក​ឱ្យ​មាន​ឱនភាព​សេដ្ឋកិច្ច​។

មន្ត្រីសេតវិមានបាននិយាយថា ក្រុម​អ្នកចរចាខាងរដ្ឋាភិបាល​ និង​សមាជិកសភាមកពីគណ​បក្សសាធារណរដ្ឋ បានជួបប្រជុំគ្នាម្តងទៀតនៅអគារ​សភា​ កាពីតូល​ ​ដើម្បីពិភាក្សា​អំពីការស្វែងរកជំហររួមទាក់ទងនឹងការដំឡើង​កម្រិតបំណុលអតិបរមាដែលមានចំនួន ៣១,៤ ទ្រី​លានដុល្លារ​។ អ្នកចរចាត្រូវជួបគ្នាម្តងទៀតនៅថ្ងៃសុក្រ ទី ១៩ ខែឧសភានេះ​៕




អត្ថបទបន្ទាប់


ប្រទេសចិននាំមុខជប៉ុន ក្លាយជាប្រទេសកំពូលអ្នកនាំចេញរថយន្តក្នុងពិភពលោក

ព័ត៌មាន
ប្រទេសចិនបានជែងប្រទេសជប៉ុនដោយជោគជ័យ ដើម្បីក្លាយជាកំពូលអ្នកនាំចេញរថយន្តច្រើនជាងគេបំផុតនៅលើពិភពលោកក្នុងត្រីមាសទីមួយឆ្នាំនេះ ហើយលទ្ធភាពដែល…

អាជ្ញាធរចិនបង្កើតរដ្ឋបាលនិយតកម្មហិរញ្ញវត្ថុជាតិ ហើយគ្រោងចាត់មន្ត្រីទៅត្រួតពិនិត្យគ្រឹះស្ថានហិរញ្ញវត្ថុចំនួន ៣ ៣០០

ព័ត៌មាន
អាជ្ញាធរទីក្រុងប៉េកាំងកំពុងតែបង្កើនការគ្រប់គ្រងឧស្សាហកម្មហិរញ្ញវត្ថុនិងធានារ៉ាបរង ក្រោយពេលដែលប្រទេសមហាអំណាចសេដ្ឋកិច្ចទីពីរនេះ ទើបបានប្រកាស…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ