
លោក លី វីរៈ ប្រធានក្រុមប្រឹក្សាភិបាលសាលាអន្តរជាតិ Learning Jungle ជាសាលាអន្តរជាតិឯកជនដែលផ្ដល់ការអប់រំតាមបែបប្រទេសកាណាដា ផ្ដល់ជាយោបល់ខ្លះៗ ចំពោះសហគ្រិនវ័យក្មេងដែលមានបំណងចង់ប្រឡូកក្នុងការចាប់ផ្ដើមអាជីវកម្មផ្ទាល់ខ្លួន ជាពិសេស ក្នុងវិស័យអប់រំ។
លោក វីរៈ និយាយថា «ការធ្វើអាជីវកម្ម (business) អ្វីមួយ គឺតែងតែមានឧបសគ្គច្រើន។ អ៊ីចឹងហើយ មុននឹងធ្វើអ្វីមួយ ទាល់តែយើងស្រលាញ់ពេញចិត្តរបស់ហ្នឹង ដូច្នេះ ពេលជួបឧបសគ្គ គឺយើងអត់ងាយបោះបង់វាទេ។ យើងនឹងខំព្យាយាមជំនះ ខំធ្វើម៉េចឲ្យល្អដើម្បីធ្វើឲ្យយើងជោគជ័យ»។
លោក លី វីរៈ បញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកគ្រប់គ្រងធុរកិច្ចនៅប្រទេសថៃ និងប្រទេសបារាំង និងទទួលបានសញ្ញាបត្រថ្នាក់អនុបណ្ឌិតមួយទៀត ផ្នែកគ្រប់គ្រងហិរញ្ញវត្ថុ នៅប្រទេសកាណាដា។ គឺការស្នាក់នៅរៀនសូត្រនៅប្រទេសកាណាដានេះហើយ ដែលញ៉ាំងចិត្តសហគ្រិនវ័យក្មេងរូបនេះ ឲ្យបង្កើតសាលាអន្តរជាតិ ដែលទទួលសិទ្ធិ franchise ពីប្រទេសកាណាដា នៅកម្ពុជា។
លោក វីរៈ បន្តថា «ការរកស៊ីក្នុងវិស័យអប់រំ គឺខុសពីវិស័យផ្សេងៗ។ វាទាមទារឲ្យយើងមានចំណង់ចំណូលចិត្ត ស្រលាញ់តាំងពីក្មេង។ ហើយយើងត្រូវមានធនធានមនុស្សគ្រប់គ្រាន់ដើម្បីធ្វើ ពីព្រោះបច្ចុប្បន្ន មានការប្រកួតប្រជែងខ្លាំង ដូច្នេះ មុននឹងចាប់ផ្ដើម គឺត្រូវពិនិត្យឲ្យបានច្បាស់លាស់ ទាំងទីតាំង និងសិក្សាទីផ្សារឲ្យបានគ្រប់ជ្រុងជ្រោយ»។
គួររំឭកថា គិតមកទល់សព្វថ្ងៃ សាលាអន្តរជាតិ Learning Jungle បើកប្រតិបត្តិការផ្ដល់ការអប់រំថ្នាក់មត្តេយ្យ និងបឋមសិក្សាតាមកម្មវិធីអប់រំប្រទេសកាណាដា បានជិត ៤ឆ្នាំហើយ នៅរាជធានីភ្នំពេញនេះ។ ហើយបើតាមលោក លី វីរៈ ទៅថ្ងៃអនាគត សាលាអន្តរជាតិមួយនេះ នឹងពង្រីកដល់ថ្នាក់វិទ្យាល័យ និងសហការដៃគូជាមួយសកលវិទ្យាល័យនៅក្រៅប្រទេសជាច្រើនថែមទៀត។
សូមរង់ចាំទស្សានាកិច្ចសម្ភាសជាវីដេអូ រវាង ខេមបូណូមីស និងលោក លី វីរៈ ប្រធានក្រុមប្រឹក្សាភិបាលសាលាអន្តរជាតិ Learning Jungle ក្នុងពេលដ៏ឆាប់ខាងមុខ!!!
© 2019 រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ ខេមបូណូមីស។ សម្រាប់ការប្រើប្រាស់ ឬផ្សាយបន្ត សូមទាក់ទងមក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ 089 777 076។