វិស័យដឹកជញ្ជូន

អ្នកជំនាញចាត់ទុកការសម្រេចរបស់រដ្ឋាភិបាលជាជំហានដ៏ល្អសម្រាប់វិស័យដឹកជញ្ជូន ទោះលទ្ធផលខុសពីការរំពឹងទុក


អ្នកជំនាញក្នុងវិស័យដឹកជញ្ជូន បានចាត់ទុកលទ្ធផល ដែលទទួលបានពីការសម្របសម្រួលរបស់ប្រមុខរាជរដ្ឋាភិបាល ក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ កាលពីថ្ងៃទី១៣ វិច្ឆិកា គឺជាការចាប់ផ្តើមមួយដ៏ល្អសម្រាប់វិស័យដឹកជញ្ជូន បើទោះបីលទ្ធផលនេះមិនដូចអ្វី ដែលខ្លួនរំពឹងទុកក៏ដោយ។ ទន្ទឹមនឹងនេះអ្នកជំនាញក្នុងវិស័យនេះរំពឹងថា រដ្ឋាភិបាលកម្ពុជានឹងលើកយកសំណូមពរ ដែលជាបញ្ហាប្រឈមរបស់វិស័យឯកជនមកពិនិត្យដោះស្រាយនៅពេលណាមួយនាពេលខាងមុខ ដើម្បីធ្វើឱ្យស្ថានភាពដឹកជញ្ជូននៅកម្ពុជាកាន់តែមានភាពល្អប្រសើរបន្ថែមទៀត។
2
ដោយ

ឧកញ៉ា ស៊ិន ចន្ធី ប្រធានសមាគមភស្ដុភារកម្មកម្ពុជា យល់ឃើញថា ការឆ្លើយតបនូវសំណូមពររបស់វិស័យ​ឯកជនក្នុងវិស័យដឹកជញ្ជូនពីសំណាក់រាជរដ្ឋាភិបាល ក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ ហាក់ទទួលបានលទ្ធផលផ្លែផ្កាតិចតួចប៉ុណ្ណោះ បើធៀបនឹងអ្វីដែលអ្នករកស៊ីក្នុងវិស័យនេះចង់បាន​។ តែយ៉ាងណាអ្នកជំនួញរូបនេះទទួលស្គាល់ពីផលលំបាកមួយចំនួនរបស់រាជរដ្ឋាភិបាលក្នុងការសម្រេចចិត្ត ដ្បិតបញ្ហាខ្លះត្រូវការរក្សាច្បាប់ទម្លាប់ និងគោលនយោបាយដែលមានស្រាប់។ យ៉ាងណាមិញ​អ្នកជំនាញរូបនេះ បានចាត់ទុកលទ្ធផលសម្របសម្រួលរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី១៣ វិច្ឆិកា គឺជាការចាប់ផ្តើម និងគតិមួយដ៏ល្អប្រសើរដែលមិនធ្លាប់មានពីមុនសម្រាប់វិស័យដឹកជញ្ជូន​។ ក្នុងនោះលោកឧកញ៉ា ស៊ិន ចន្ធី បានបង្ហាញការគាំទ្រ និងពេញចិត្តពេញថ្លើមមែនទែនចំពោះការសម្រេចរបស់រាជរដ្ឋាភិបាល ដែលជំរុញឱ្យគ្រប់អង្គភាពរដ្ឋមានស្តង់ដារ SOP (Standard of Processing) ការទុកចិត្តលើវិស័យឯកជន និងការឆ្លើយតបដោយរលូនជាមួយផ្នែកឯកជនជាដើម។

ពាក់ព័ន្ធបញ្ហានេះដែរ លោក ជា ចាន់ដារ៉ា ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្ពុជា បានចាត់ទុកលទ្ធផលនៃវេទិការដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩ថា ជារឿងល្អសម្រាប់វិស័យ​ឯកជន។ ជារឿងល្អក៏ដោយសារតែរដ្ឋាភិបាល បានខិតខំប្រឹងប្រែងបន្ធូរបន្ថយពន្ធដល់វិស័យឯកជន និងការដោះស្រាយក្ដីកង្វល់មួយចំនួន។ យ៉ាងណាក៏ដោយចំពោះសំណូមពរ ដែលពុំទាន់មានការឆ្លើយតប ត្រូវបានអ្នកជំនួញរូបនេះរំពឹងថា រដ្ឋាភិបាលនឹងបញ្ហា និងសំណូមពរទាំងនោះមកដោះស្រាយនៅពេលណាមួយនាពេលខាងមុខ។

សូមបញ្ជាក់ថា នៅក្នុងវេទិការដ្ឋាភិបាល-ផ្នែកឯកជន កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានយល់ព្រមលើសំណូមពររបស់វិស័យដឹកជញ្ជូនក្នុងការដំឡើងកម្រិតទម្ងន់សរុបពី៤០តោន ទៅដល់៤៥តោន ដើម្បីកាត់បន្ថថ្លៃដឹកជញ្ជូន។ ជាមួយគ្នានេះប្រមុខរាជរដ្ឋាភិបាលជំរុញឱ្យក្រសួងសាធារណការ និងដឹកជញ្ជូន ត្រូវធ្វើវិសោធនកម្មច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ និងសិក្សាពីបច្ចេកទេសឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីកំណត់ប្រភេទរថយន្ត និងប្រភេទផ្លូវ ដែលអាចប្រើប្រាស់បានសម្រាប់ការដំឡើងកម្រិតទម្ងន់នេះ។ ក្រៅពីបញ្ហានេះរាជរដ្ឋាភិបាល ក៏បានឯកភាពលើកលែងការយកកម្រៃសេវាមួយចំនួនទៀតផងដែរ។

ដោយឡែកពាក់ព័ន្ធនឹងសំណើររបស់ផ្នែកឯកជនលើវិស័យដឹកជញ្ជូន ចំនួន២ផ្សេងទៀត ដែលស្នើសុំបញ្ចុះពន្ធ និងអាករលើរថយន្តដឹកជញ្ជូន ត្រូវបានរាជរដ្ឋាភិបាលអះអាងថា មិនទាន់អាចមានលទ្ធភាពបញ្ចុះបន្ថែមនាពេលនេះនោះឡើយ ដោយសារចំណូលពីពន្ធ និងអាករលើរថយន្ត គឺជាប្រភពចំណូលមួយដ៏សំខាន់របស់រាជរដ្ឋាភិបាល។ ជាមួយគ្នានេះការស្នើសុំឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុផ្តល់ឥណទានដែលមានអត្រាការប្រាក់ទាប ក៏រាជរដ្ឋាភិបាលមិនទាន់អាចមានលទ្ធភាពផ្តល់ជូនបានដែរ ដោយសារអត្រាការប្រាក់ គឺអាស្រ័យដោយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុដែលជាវិស័យឯកជនជាអ្នកកំណត់៕

អត្ថបទ៖ បូ ដូឡា​

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមអ្នកជំនាញបង្ហាញការគាំទ្ររាជរដ្ឋាភិបាលចំពោះយន្តការនានា ក្នុងការដោះស្រាយបញ្ហាលើវិស័យទេសចរណ៍

ព័ត៌មាន
ក្រុមអ្នកជំនាញនិងជំនួញគាំទ្រយន្តការនានា និងដំណោះស្រាយលើបញ្ហាប្រឈមនានាមួយចំនួនដែលបានដាក់ចេញនិងសម្រេចដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងវេ…

តើមានកត្តាអ្វីជំរុញឱ្យឥណ្ឌូនេស៊ីដែលជាអ្នកផលិតអង្ករធំទី៤លើពិភពលោក នៅតែនាំចូលអង្ករ?

ព័ត៌មាន
ឥណ្ឌូនេស៊ីជាប្រទេសផលិតអង្ករធំលំដាប់ទី៤ នៅលើពិភពលោក ដោយអាចផលិតអង្ករបានដល់ទៅជាង៣០លានតោន នៅក្នុងមួយឆ្នាំ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ប្រទ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ