ស្ត្រីក្នុងសង្គម និងសេដ្ឋកិច្ច

សម្តេចធិបតីចាត់ទុកសហគ្រិនស្ត្រីជាចលករដ៏សំខាន់ក្នុងការជួយពង្រឹងភាពធន់ និងចីរភាពនៃសេដ្ឋកិច្ច


សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានចាត់ទុកការចូលរួមកាន់តែសកម្មរបស់ស្ត្រីនៅក្នុងសកម្មភាពសេដ្ឋកិច្ចតំបន់ និងអន្តរជាតិ មិនត្រឹមតែអាចជំរុញការអភិវឌ្ឍសហគ្រាសរបស់ពួកគេប៉ុណ្ណោះទ ប៉ុន្តែថែមទាំងរួមចំណែកដល់ការពង្រឹងភាពធន់ និងចីរភាពនៃសេដ្ឋកិច្ចជាតិ និងក្នុងតំបន់ផងដែរ។ ទន្ទឹមនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានអះអាងថា កម្ពុជាតែងតែទទួលស្គាល់នូវតួនាទីដែលមិនអាចខ្វះបានរបស់ស្ត្រីក្នុងការចូលរួមអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ច។
ស្ត្រីក្នុងសង្គម និងសេដ្ឋកិច្ច
ដោយ

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមនម្ត្រីនៃកម្ពុជាបានចាត់ទុកវេទិកាសហគ្រិនឆ្នើម និងពានរង្វាន់បណ្តាញសហគ្រិនស្ត្រីឆ្នើមអាស៊ាន ដែលរៀបចំឡើងនាថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤នេះ គឺជាកាលានុវត្តភាពដ៏សំខាន់សម្រាប់ការផ្ដល់សិទ្ធិអំណាចដល់សហគ្រិនស្ត្រី និងឆ្លុះបញ្ចាំងឱ្យឃើញពីការរួមចំណែក និងសក្ដានុពលដ៏ធំធេងរបស់ស្ត្រី ក្នុងការអភិវឌ្ឍសហគមន៍ធុរកិច្ច និងកំណើនសេដ្ឋកិច្ចនៅកម្ពុជា និងនៅក្នុងតំបន់អាស៊ានទាំងមូល។ សម្រាប់សម្តេចធិបតី ព្រឹត្តិការណ៍នេះ គឺជាភស្តុតាងមិនអាចប្រកែកបាន នៃស្មារតីអង់អាចរបស់ស្ត្រីអាស៊ាន ដែលហ៊ានជម្នះឧបសគ្គ មានមហិច្ឆតា និងហ៊ានដឹកនាំ ហើយបានដើរតួនាទីយ៉ាងសំខាន់ ជាមូលដ្ឋានគ្រឹះនៃសហគមន៍ និងសេដ្ឋកិច្ចតំបន់អាស៊ាន ឱ្យក្លាយជាសេដ្ឋកិច្ចធំជាងគេទី៥ នៅលើពិភពលោក។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ដែរថា ការរៀបចំព្រឹត្តិការណ៍នេះ គឺបានបង្ហាញពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការផ្តល់សិទ្ធិអំណាចដល់ស្ត្រី ទាំងផ្នែកសង្គម និងសេដ្ឋកិច្ច ហើយកម្ពុជាតែងតែទទួលស្គាល់នូវតួនាទីដែលមិនអាចខ្វះបានរបស់ស្ត្រីក្នុងសង្គម និងសេដ្ឋកិច្ចផងដែរ។ តែយ៉ាងណាក៏ដោយចុះ សម្តេចធិបតី ទទួលស្គាល់ថា ដំណើរការធុរកិច្ចរបស់ស្រ្តី គឺមិនងាយស្រួលនោះទេ បើទោះបីជាពួកគេមានភាពធន់នឹងការតាំងចិត្តដ៏រឹងមាំក៏ដោយ ដ្បិតថា សហគ្រិនស្ត្រីជួបប្រទះនូវបញ្ហាប្រឈមជាច្រើនដូចជាភាពមានកម្រិតនៃលទ្ធភាពនៃការទទួលបានហិរញ្ញវត្ថុទីផ្សារ និងបណ្តាញធុរកិច្ចសម្រាប់កំណើរការអភិវឌ្ឍជាដើម។

ជុំវិញរឿងនេះដែរ ឧកញ៉ា កែវ មុំ ប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជាបានគូសបញ្ជាក់ថា ការរៀបចំឱ្យមានវេទិការពានរង្វាន់បណ្តាញសហគ្រិនស្ត្រីឆ្នើមនេះឡើង គឺពិតជាបានបង្ហាញនូវការផ្តល់តម្លៃនិងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលទៅដល់សហគ្រិនស្ត្រីទាំងអស់ នៅក្នុងការចូលរួមចំណែកលើកស្ទួយសកម្មភាពសេដ្ឋកិច្ចនៅកម្ពុជា និងក្នុងតំបន់ផងដែរ។ សម្រាប់អ្នកជំនាញរូបនេះ ស្ត្រីគឺជាតួអង្គមួយដ៏មានសារៈសំខាន់ក្នុងការចូលរួមទ្រទ្រង់ដល់កំណើនសេដ្ឋកិច្ច និងជាកម្លាំងរួបរួមសាមគ្គីភាពមួយដ៏មានប្រសិទ្ធភាព ដ្បិតថា ស្ត្រីគឺជាមាតានៃពិភពលោក ដែលអាចចូលរួមទាំងក្នុងការងារក្នុងផ្ទះ ក៏ដូចជាការងារសង្គម និងសេដ្ឋកិច្ចជាតិផងដែរ។

សូមជម្រាបថា នៅក្នុងតំបន់អាស៊ាន មានប្រជាជនប្រមាណ៩,៨% ឬជាង៦០លាននាក់ ដែលមានម្ចាស់អាជីវកម្មជាស្ត្រី ហើយសម្រាប់កម្ពុជា ស្ត្រីគឺជាម្ចាស់អាជីវកម្មដ៏ចម្បង ដែលមានប្រមាណ២ភាគ៣នៃចំនួនអាជីវកម្មសរុប៕

អត្ថបទ សោម ស្រីពេជ្រ និងរូបភាពឯកសារ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


គម្រោងចំនួន៨៥ជាមួយទុនវិនិយោគជិត៤ពាន់ដុល្លារនៅខេត្តព្រះសីហនុទទួលបានការលើកទឹកចិត្តពីរដ្ឋ

ព័ត៌មាន
គម្រោងវិនិយោគ និងធុរកិច្ចចំនួន២៤ ដែលមានទំហំវិនិយោគជាង១០០លានដុល្លារនៅខេត្តព្រះសីហនុ ទទួលបានការលើកទឹកចិត្ត ការអនុគ្រោះ ការសម្រួលនីតិវិ…

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងក្រុមហ៊ុន Smart Axiata សហការរៀបចំវេទិកាដើម្បីសុវត្ថិភាពលើប្រព័ន្ធអនឡាញ

ព័ត៌មាន
ភ្នំពេញ៖ នាថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ នេះ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានសហការជាមួយក្រុមហ៊ុន Smart Axiata ដែលជាក្រុមហ៊ុនទូរគមនាគម…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ