ប្រភពថាមពលបៃតង

កម្ពុជាប្តេជ្ញាពង្រីកប្រភពថាមពលបៃតង និងកាត់បន្ថយការបញ្ចេញកាបូន ដើម្បីទប់ទល់នឹងការប្រែប្រួលអាកាសធាតុ


កម្ពុជាប្តេជ្ញាពង្រីក និងបង្កើនប្រភពថាមពលបៃតង និងកាត់បន្ថយការបញ្ចេញកាបូនទៅក្នុងបរិយាកាស ដើម្បីឈានទៅសម្រេចគោលដៅគ្មានការបញ្ចេញកាបូន ឬកាបូនសូន្យនៅឆ្នាំ២០៥០ របស់រាជរដ្ឋាភិបាលកម្ពុជា។ ជាមួយគ្នានេះ កម្ពុជាក៏បានប្តេជ្ញាចូលរួមសហការយ៉ាងសកម្មជាមួយគំនិតផ្តួចផ្តើមក្នុងការទប់ស្កាត់ការប្រែប្រួលអាកាសក្រោមក្របខណ្ឌអង្គការសហប្រជាជាតិ និងប្រទេសផ្សេងៗនៅលើពិភពលោកផងដែរ។
ប្រភពថាមពលបៃតង
ដោយ

ថ្លែងក្នុងសិក្ខាសាលាស្តីពី«ភាពធន់នឹងអាកាសធាតុ និងអន្តរកាលថាមពល៖ បច្ច័យសម្រាប់កម្ពុជា»នៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីបានទទួលស្គាល់ថា ការប្រែប្រួលអាកាសធាតុបាន និងកំពុងបង្កការរំខាន និងគំរាមកំហែងយ៉ាងធ្ងន់ធ្ងរមកលើសេដ្ឋកិច្ចពិភពលោក ហើយបញ្ហានេះ ក៏បានក្លាយជាប្រធានបទដ៏ក្តៅគគុកសម្រាប់ប្រទេសនានាក្នុងការជជែក ដើម្បីរកដំណោះស្រាយលើបញ្ហានេះផងដែរ។ ឯកឧត្តមបានគូសបញ្ជាក់ថា ដើម្បីចូលរួមចំណែកជាមួយប្រទេសនានានៅលើពិភពលោក ប្រទេសកម្ពុជាប្តេជ្ញាចូលរួមក្នុងការបង្កើន និងពង្រីកប្រភពថាមពលបៃតង ជំរុញការអភិវឌ្ឍប្រកបដោយចីរភាព កាត់បន្ថយការបំពុលបរិយាកាស និងសម្រេចឱ្យបាននូវស្ថានភាពកាបូនសូន្យ (Zero Carbon) នៅឆ្នាំ២០៥០ ព្រមទាំងចូលរួមយ៉ាងសកម្មជាមួយនឹងគំនិតផ្តួចផ្តើមនានាក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិលើបញ្ហាការប្រែប្រួលអាកាសធាតុ។

យ៉ាងណាក៏ដោយ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការបានអះអាងថា ដើម្បីចូលរួមក្នុងកិច្ចសហប្រតិបត្តិការជាសកល កម្ពុជាមានតម្រូវការក្នុងការលើកកម្ពស់ការយល់ដឹង ព្រមទាំងផ្តល់អាទិភាពលើដំណោះស្រាយថាមពលបៃតង តាមរយៈជំនួយហិរញ្ញវត្ថុ និងការរៀបចំផែនការយុទ្ធសាស្រ្ត យន្តការ និងសកម្មភាព។ ឯកឧត្តមបានគូសបញ្ជាក់ថា យោងតាមអង្គការសុខភាពពិភពលោកតំបន់រាប់ពាន់លាននៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ គឺងាយនឹងមានការប្រែប្រួលអាកាសធាតុ ហើយការគាំទ្រពីអន្តរជាតិមានសារៈសំខាន់ណាស់ក្នុងការជួយកាត់បន្ថយរលកកម្តៅ ព្យុះត្រូពិច ការកើនឡើងនូវប្រេកង់ និងអាំងតង់ស៊ីតេ។ យ៉ាងណាមិញបើតាមការអះអាងរបស់ឯកឧត្តម វង្សី វិស្សុត រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ខ្លាំងលើតុល្យភាពរវាងថាមពលប្រកបដោយនិរន្តរភាព ថាមពលបៃតង និងសន្តិសុខថាមពល ដោយសង្កត់ធ្ងន់លើការលើកកម្ពស់ប្រភពថាមពលស្អាត ការយល់ដឹងអំពីការប្រែប្រួលអាកាសធាតុ និងដំណោះស្រាយចំពោះបញ្ហាប្រឈម។

ពាក់ព័ន្ធបញ្ហាការប្រែប្រួលអាកាសធាតុនេះដែរ លោកសាស្ត្រាចារ្យ ​Jeffrey Sachs ប្រធានមជ្ឈមណ្ឌលសម្រាប់ការអភិវឌ្ឍដោយចីរភាព នៃសាកលវិទ្យាល័យកូឡុំប៊ី និងជាប្រធានផ្នែកដោះស្រាយការអភិវឌ្ឍដោយចីរភាពរបស់អង្គការសហប្រជាជាតិ ដែលជាវាគ្មិននៅក្នុងសិក្ខាសាលាខាងលើ បានសង្កត់ធ្ងន់លើសារៈសំខាន់នៃកិច្ចប្រជុំកំពូលរបស់អង្គការសហប្រជាជាតិ ស្តីពីអនាគត នៅខែកញ្ញាខាងមុខ។ អ្នកជំនាញរូបនេះបានសង្កត់ធ្ងន់ថា ពិភពលោកត្រូវយកចិត្តទុកដាក់ចំពោះការកើនឡើងនៃគ្រោះថ្នាក់ ដែលបង្ហាញតាមរយៈ ​Doomsday Clock កំណត់នៅ ៩០ វិនាទីដល់ពាក់កណ្តាលអធ្រាត្រ ក្នុងបរិបទប្រវត្តិសាស្ត្រនៃការគំរាមកំហែងនុយក្លេអ៊ែ និងសង្គ្រាមត្រជាក់។

លោកសាស្ត្រាចារ្យ ចេសហ្រ្វីសេច​ បានចាត់ទុកហានិភ័យនៃគ្រោះមហន្តរាយបរិស្ថាននាពេលបច្ចុប្បន្ន រួមទាំងបច្ចេកវិទ្យាជីវសាស្ត្រកម្រិតខ្ពស់ និង AI និងការពិភាក្សាអំពីប្រភពដើមនៃ COVID-19 គឺជាគ្រោះមហន្តរាយបច្ចេកវិទ្យាជាជាងធម្មជាតិ។ ជាមួយគ្នានេះ លោកសាស្រ្តាចារ្យ បានលើកឡើងពីភាពខ្វះខាតរបស់រដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាការប្រែប្រួលអាកាសធាតុ ព្រមទាំងបានសង្កត់ធ្ងន់លើភាពបន្ទាន់នៃការព្រួយបារម្ភអំពីបរិស្ថាន។ បន្ថែមពីនេះ លោកក៏បានគូសបញ្ជាក់អំពីសសរស្តម្ភចំនួន៤ នៃការអភិវឌ្ឍប្រកដោយចីរភាព ដោយផ្តោតលើសុខុមាលភាពសេដ្ឋកិច្ច សមធម៌សង្គម និរន្តរភាពបរិស្ថាន និងសន្តិភាព និងកិច្ចសហប្រតិបត្តិការ។

យ៉ាងណាក៏ដោយលោកអះអាងថា ប្រទេសកម្ពុជាមិនអាចសម្រេចបានតែម្នាក់ឯងនោះទេ គឺទាមទារឱ្យប្រទេសកម្ពុជាចូលរួមកិច្ចសហប្រតិបត្តិការក្នុងតំបន់អាស៊ាន ក៏ដូចជាមានការចូលរួមរវាងអាស៊ាន និងប្រទេសចិន ជប៉ុន កូរ៉េ អូស្តាលី និងនូវែលសេឡង់ ព្រមទាំងពង្រឹងយុទ្ធសាស្ត្រទូទាំងអាស៊ាន មុនពេលចរចាទំនាក់ទំនងពាណិជ្ជកម្មជាមួយប្រទេសមហាអំណាច។ លោកបានបន្តថា ការព្រួយបារម្ភត្រូវបានលើកឡើងអំពីសហរដ្ឋអាមេរិក ដែលគ្រប់គ្រងមិនបានល្អ និងមិនគួរមានវត្តមានមូលដ្ឋានយោធានៅក្រៅប្រទេសយ៉ាងទូលំទូលាយ ដែលរារាំងដល់កិច្ចខិតខំប្រឹងប្រែងសន្តិភាព។ សម្រាប់លោកការអំពាវនាវដ៏សំខាន់មួយគួរតែត្រូវបានធ្វើឡើងដើម្បីបញ្ឈប់សង្គ្រាម ហើយបង្វែរការផ្តោតអារម្មណ៍ទៅលើបញ្ហារបស់មនុស្ស និងជំរុញកិច្ចសហប្រតិបត្តិការពិភពលោកឱ្យមានការរីកចម្រើនលឿនជាងការអភិវឌ្ឍសេដ្ឋកិច្ច។ ជាមួយគ្នានេះអ្នកជំនាញរូបនេះបានផ្តល់ជាយោបល់ និងគំនិតជាគន្លឹះមួយចំនួនដល់កម្ពុជា ក្នុងនោះទី១. ពង្រឹងអាស៊ានឱ្យមានភាពរឹងមាំ និងទី២.គួរមានភាពអាព្យាក្រឹត ដោយមិនមានភាពជ្រៀតជ្រែក ឬលំអៀងទៅលើប្រទេសណាមួយ។

ជាមួយគ្នានេះ ឯកឧត្តម ឆែម គាតរិទ្ធី ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស ប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ (ក.ស.វ.) បានថ្លែងអំណអរគុណសម្រាប់វត្តមានដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ដែលបានផ្តល់កិតិ្តយសចូលរួម និងផ្តល់មតិស្វាគមន៍ដល់កម្មវិធីនេះ។ ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណចំពោះវត្តមានរបស់លោកសាស្ត្រាចារ្យ ចេសហ្រ្វីសេច​ ដែលចំណាយពេលវេលាដ៏មានតម្លៃក្នុងការចូលរួមជាវាគ្មិនក្នុងសិក្ខាសាលានាព្រឹកនេះ ព្រមទាំងផ្តល់នូវអនុសាសន៍ដ៏មានតម្លៃ។ ជាពិសេស ឯកឧត្តមទេសរដ្ឋមន្រ្តីសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះបិតាសន្តិភាព សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែនបានដឹកនាំ កសាងសុខសន្តិភាព ជូនប្រទេសកម្ពុជា ប្រកបដោយការអភិវឌ្ឍន៍ ភាពសុខដុមរមនាសម្រាប់ជាតិមាតុភូមិ។ ឯកឧត្តមទេសរដ្ឋមន្រ្តី មានប្រសាសន៍បន្ថែមទៀតថា ព្រោះតែកម្ពុជាមានថ្នាក់ដឹកនាំដ៏អស្ចារ្យ ទើបធ្វើឱ្យប្រទេសមានចីរភាព ភាពសុខសាន្ត រហូតមកដល់បច្ចុប្បន្ន៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ហេតុអ្វីអាម៉េរិកនឹងនៅតែអាចឈរជើងជាមហាអំណាចសេដ្ឋកិច្ចកំពូលរបស់ពិភពលោក?

ព័ត៌មាន
មជ្ឈមណ្ឌលស្រាវជ្រាវសេដ្ឋកិច្ច និងធុរកិច្ច (CBER) របស់អង់គ្លេសបានវិភាគថា សហរដ្ឋអាម៉េរិក មហាយក្សចិន និងមហាយក្សឥណ្ឌា អាចនឹងប្ដូរវេនគ្នាក្លាយជា…

តើបញ្ហាអគារជាប់គាំងក្នុងខេត្តព្រះសីហនុអាចនឹងអាចដោះសា្រយបញ្ចប់បាននៅឆ្នាំនេះទេ?

ព័ត៌មាន
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកបញ្ហាជាប់គាំងដំណើរការសាងសង់នៃអគារមួយចំនួនក្នុងខេត្តព្រះសីហនុ ជាបញ្ហារាំងស្ទះសម្រាប់ដំណើរការនៃការអ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ