អ្នកចិញ្ចឹមគោ

អ្នកចិញ្ចឹមគោបារម្ភពីជោគវាសនារបស់ខ្លួន ក្រោយគោរស់ធ្លាក់ថ្លៃមកនៅត្រឹម៦ពាន់រៀលក្នុង១គីឡូក្រាម


ទីផ្សារគោរស់នៅកម្ពុជា មិនទាន់មានភាពល្អប្រសើរនៅឡើយទេ ពោលគឺនៅតែបន្តជួបប្រឈមបញ្ហាធ្លាក់ថ្លៃ និងពិបាកលក់ចេញ។ តែយ៉ាងណាបើយើងក្រឡេកទៅមើលសាច់គោដាក់លក់នៅលើទីផ្សារនៅតែស្ថិតក្នុងតម្លៃខ្ពស់ដដែល។ កត្តានេះកំពុងធ្វើឱ្យអ្នកចិញ្ចឹមសត្វគោមួយចំនួនចាប់ផ្ដើមបោះបង់ចោលការចិញ្ចឹមជាបណ្តើរៗ ដោយសារមិនទទួលបានប្រាក់ចំណេញ និងខាតពេលវេលា។ បច្ចុប្បន្នគោរស់ត្រូវបានគេទិញចូលក្នុងតម្លៃជាមធ្យម៦,០០០រៀល ក្នុង១គីឡូក្រាម ដែលតម្លៃនេះត្រូវបានអ្នកចិញ្ចឹមអះអាងថា ពុំអាចផ្តល់ប្រាក់ចំណេញដល់ពួកគេនោះទេ។
អ្នកចិញ្ចឹមគោ
ដោយ

លោក ហ៊ត លាង ម្ចាស់កសិដ្ឋានចិញ្ចឹមគោ និងជាឈ្មួញកណ្ដាលមួយរូបនៅខេត្តត្បូងឃ្មុំ បានប្រាប់ខេមបូណូមីសថា តម្លៃគោរស់នៅក្នុងរយៈពេល២ខែកន្លងមកនេះ ត្រូវបានលោកទិញចូល១គីឡូ ក្នុងតម្លៃ៦០០០រៀល ខណៈការដឹកចេញទៅលក់នៅភ្នំពេញ អាចទទួលបានតម្លៃចន្លោះពី៨៥០០រៀល ទៅ៩០០០រៀល ក្នុង១គីឡូក្រាម។ បើតាមម្ចាស់កសិដ្ឋានរូបនេះ តម្លៃទិញចូល៦០០០រៀល ក្នុង១គីឡូនេះ គឺជាតម្លៃថោក ដែលអ្នកចិញ្ចឹមគោពិបាកក្នុងការទទួលបានផលចំណេញ ខណៈអ្នកចិញ្ចឹមជាលក្ខណៈគ្រួសារចាប់ផ្ដើមបោះបង់ចោលការចិញ្ចឹមជាបណ្ដើរៗហើយ។ យ៉ាងណាមិញ ឈ្មួញកណ្តាលរូបនេះ មានការងឿងឆ្ងល់ថា ហេតុអ្វីគោរស់មានតម្លៃថោក តែសាច់ដាក់លក់នៅលើទីផ្សារនៅតែមានតម្លៃថ្លៃដដែលយ៉ាងដូចច្នេះ?

​ដោយឡែក លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា យល់ឃើញថា ការចុះថោកនៃតម្លៃគោរស់នាពេលបច្ចុប្បន្ន គឺដោយសារឈ្មួញយកប្រាក់ចំណេញច្រើនពេក គួបផ្សំសាច់គោ និងសាច់ក្របីបង្កកដែលនាំចូលនៅសេសសល់រាប់ពាន់តោន។ បើតាមអ្នកជំនាញរូបនេះ សាច់គោ និងសាច់ក្របីបង្កក ត្រូវបានគេលក់ក្នុងតម្លៃថោកជាងសាច់គោស្រស់របស់ខ្មែរ ដែលនេះជាមូលហេតុធ្វើឱ្យតម្លៃគោរស់មានតម្លៃថោក។ ទន្ទឹមនេះ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា រូបនេះ ស្នើដល់អ្នកពាក់ព័ន្ធឱ្យមានវិធានការបន្ទាន់ ដ្បិតលោកបារម្ភពីវាសនារបស់អ្នកចិញ្ចឹមគោថា អាចនឹងក្ស័យធននាពេលណាមួយ​។

​សូមបញ្ជាក់ថា ពាក់ព័ន្ធនឹងវិស័យចិញ្ចឹមសត្វនេះ រដ្ឋាភិបាលកម្ពុជា បានសម្រេចបន្តវិធានការហាមឃាត់ការនាំចូលជាបណ្តោះអាសន្ននូវគ្រឿងក្នុង និងបំណែកសាច់បង្កករយៈពេល៦ខែបន្ថែមទៀត ក្រោយការអនុវត្តវិធានការហាមឃាត់នេះ បានបញ្ចប់ត្រឹមថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤។ ការសម្រេចបន្តវិធានការជាថ្មីនេះ ត្រូវបានរដ្ឋាភិបាលអះអាងថា ដោយសារតែផលិតកម្មចិញ្ចឹមសត្វនៅកម្ពុជា នៅបន្តរងការគម្រាមកំហែង និងអាចឈានទៅដល់ការខូចខាតទាំងស្រុងបើមិនចាត់វិធានការទេនោះ៕

អត្ថបទ៖ បូ ដូឡា​

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អាជ្ញាកូរ៉េខាងជើង ដាក់ទោសគ្រូពេទ្រណាដែលជួយពលរដ្ឋរំលូតកូន ក្រោយអត្រាកំណើតធ្លាក់ចុះខ្លាំង

ព័ត៌មាន
អាជ្ញាធរកូរ៉េខាងជើង កំពុងផ្ដន្ទាទោសចំពោះក្រុមវេជ្ជបណ្ឌិត ដែលជួយស្ត្រីក្នុងការរំលូតកូន និងអ្នកផ្តល់ការពន្យារកំណើតដល់ស្ត្រី។ វិធានការនេះ គឺម…

តើកម្ពុជា អាចក្លាយជាប្រទេសនាំចេញគ្រាប់ស្វាយចន្ទីច្រើនជាងគេនៅលើពិភពលោកនៅឆ្នាំនេះ ដែរឬទេ?

ព័ត៌មាន
ដំណាំស្វាយចន្ទី គឺជាកសិផលដ៏សំខាន់ និងជាដំណាំយុទ្ធសាស្ត្រមួយរបស់កម្ពុជា ដែលរាជរដ្ឋាភិបាលកម្ពុជា បានដាក់ជាយុទ្ធសាស្ត្រក្នុងការសម្រេចនូវមហិច្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ