ចិន-តៃវ៉ាន់

បើចិនពិតជាវាយកោះតៃវ៉ាន់មែននោះ តើនឹងត្រូវខាតបង់ក្នុងទំហំប៉ុនណា?


របាយការណ៍ស្តីពីផលប៉ះពាល់របស់ទណ្ឌកម្មសេដ្ឋកិច្ចពីលោកខាងលិច ដែលអាចកើតមានលើប្រទេសចិន ក្នុងករណីដែលចិនពិតជាវាយយកតៃវ៉ាន់ដោយកម្លាំង បានបង្កក្តីព្រួយបារម្ភក្នុងចំណោមក្រុមប្រឹក្សារដ្ឋ និងគណៈរដ្ឋមន្ត្រី ដែលជាក្បាលម៉ាស៊ីនរបស់ប៉េកាំង ធ្វើឱ្យគេពិចារណាថា វាអាចជារឿងខាតបង់ច្រើនជាងចំណេញ។
ទណ្ឌកម្មលោកខាងលិចដែលអាចមានលើចិនបើវាយតៃវ៉ាន់!

របាយការណ៍ដែលរៀបចំដោយក្រសួង​សន្តិសុខសាធារណៈ និងក្រសួងសន្តិសុខរដ្ឋចិន​បានវិភាគថា តើនឹងមានអ្វីកើតឡើងប្រសិនបើ​សហរដ្ឋអាមេរិក អឺរ៉ុប និងជប៉ុន ប្រមូលគ្នាដាក់ទណ្ឌកម្ម​លើ​ប្រទេសចិន ដូចដែលពួកគេបានធ្វើចំពោះ​ប្រទេសរុស្ស៊ី ជុំវិញការឈ្លានពានលើអ៊ុយក្រែន។ របាយការណ៍នេះ​បានបញ្ជាក់ច្បាស់ៗថា ប្រសិនបើសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តដាក់ទណ្ឌកម្មមក នោះចិននឹងត្រលប់ទៅរកសេដ្ឋកិច្ចផែនការ ហើយបិទទ្វារពីទីផ្សារពិភពលោកដូចកាលពីច្រើនទសវត្សមុនដូច្នេះដែរ។ នេះបើតាម​សេចក្ដីរាយការណ៍ដោយសារព័ត៌មានជប៉ុន Nikkei។

អ្វីដែលរដ្ឋចិនបារម្ភបំផុតនោះ គឺវិបត្តិស្បៀងអាហារ ដែលជាចំណុច​ខ្សោយមួយ​របស់ខ្លួន។ ប្រសិនបើការនាំចេញ និងការនាំចូល​របស់ចិន​ត្រូវបានរំខាន​ដោយសារការដាក់ទណ្ឌកម្ម​របស់បស្ចិមប្រទេស ប្រាក់ចំណូល​របស់ចិន​ដែលបានពីក្រៅប្រទេស​នឹងរលាយបាត់ ហើយទំនិញ​សំខាន់ៗ​នឹងបិទលែងឱ្យនាំចូល។​

ជាក់ស្តែង ការបញ្ឈប់ការនាំចូល​សណ្តែកសៀងមួយមុខ​ក្នុងចំណោមរបស់សំខាន់ៗផ្សេងទៀត នឹងប៉ះពាល់ដល់ចិនយ៉ាងខ្លាំង ដោយសារប្រទេសនេះពឹងផ្អែក​លើសហរដ្ឋអាមេរិកសម្រាប់​នាំចូល ៣០% នៃការនាំចូលសណ្តែកសៀង​សរុបរបស់ខ្លួន។ ចិនជាប្រទេសធ្វើ​កសិកម្មដ៏ធំពិតមែន ប៉ុន្តែធាតុពិតការដាំដុះនិងផ្គត់ផ្គង់សណ្តែកសៀងក្នុងស្រុក​មានតិចជាង២០%ប៉ុណ្ណោះ។

លើសពីនេះ សណ្តែកសៀងមិនគ្រាន់តែប្រើប្រាស់​ក្នុងការផលិត​ជាប្រេង​សម្រាប់​ចំអិន​អាហារប៉ុណ្ណោះទេ តែវាក៏ជាចំណីក្នុងការចិញ្ចឹមជ្រូក​ផងដែរ។ សាច់ជ្រូកតំណាងឱ្យ ៦០% នៃសាច់ដែលប្រើប្រាស់ក្នុងម្ហូបអាហារសរុប​នៅក្នុងប្រទេសចិន។ ប្រសិនបើការផ្គត់ផ្គង់សណ្តែកសៀងទៅប្រទេសចិនត្រូវបានបញ្ឈប់ប្រជាជនទាំង ១,៤ពាន់លាននាក់នឹងប្រឈមមុខបញ្ហាស្បៀងអាហារភ្លាមៗ។

ខ្វះខាតស្បៀងអាហារ​សំខាន់​នឹងជំរុញឱ្យ​តម្លៃរបស់វាលើទីផ្សារកើនឡើង ហេតុនេះវានឹងជំរុញឱ្យការចំណាយរបស់ពលរដ្ឋកើនខ្ពស់ដូចគ្នាដែរ។ មែនទែនទៅ សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់​នៅចិនបានកើនឡើងរួចទៅហើយនៅក្នុងឆ្នាំនេះ បើធៀបនឹងកំណើនកាលពីឆ្នាំមុន ពោលគឺវាបានកើន​ឡើងចន្លោះពី ២០% ទៅ ៣០%។

របាយការណ៍ដដែលបានសរុបជារួម ដោយប៉ាន់ស្មានថា ពាណិជ្ជកម្ម​ដែលមានតម្លៃទឹកប្រាក់សរុបចំនួន២,៦១ទ្រីលានដុល្លារ នឹងត្រូវបាត់បង់ចេញពីសេដ្ឋកិច្ចពិភពលោក ប្រសិនបើ​តៃវ៉ាន់​ពិតជាត្រូវវាយប្រហារដោយប្រទេសចិន ហើយ​ប្រទេសលោកខាងលិច​បានដាក់ទណ្ឌកម្មលើចិនមែននោះ។ ចំនួននេះស្មើនឹងប្រមាណ ៣% នៃផលិតផលក្នុងស្រុកសរុបរបស់ពិភពលោកទៅហើយ ខណៈដែល​ចិនអាចនឹងរងគ្រោះខ្លាំងជាងរុស្ស៊ីទៅទៀត ដោយហេតុថា GDP របស់ចិនគឺធំជាងរុស្ស៊ីដល់ទៅ ១០ដង។

ដោយឡែក បើផ្អែកលើការវិភាគដែលបានប្រើប្រាស់ទិន្នន័យ​កាលពីឆ្នាំ២០១៨ ប្រសិនបើការនាំចេញរបស់ចិនទៅជប៉ុន ទៅអាមេរិកនិងអឺរ៉ុប ត្រូវផ្អាក វានឹងធ្វើឱ្យ​ចិនខាត ១,៦ទី្រលានដុល្លារពីសេដ្ឋកិច្ចរបស់ខ្លួន។ បរិមាណនេះ មានសេចក្តីថា ចិននិងបាត់បង់ប្រមាណ ៧,៦% នៃផលិតផលក្នុងស្រុករបស់ខ្លួន។ នេះគេនៅ​មិនទាន់រាប់បញ្ចូល បើសិនជាប្រទេសសមាជិកអង្គការសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍន៍ (OECD) ទាំង៣៨ប្រទេសត្រូវប្រឈមមុខជាមួយចិនទៀត នោះផលប៉ះពាល់នឹងកាន់តែធំធេង។

ទោះយ៉ាងណា ដូចបានដឹងស្រាប់ហើយថា ទណ្ឌកម្មដែលភាគីម្ខាង​បានដាក់លើភាគីម្ខាង រមែងជះផលប៉ះពាល់ត្រឡប់មកខ្លួនឯងវិញ​។ ជាក់ស្តែងបើតាមការវិភាគ ប្រទេសជប៉ុននឹងទទួលរងការខាតបង់ធំជាងគេ គិតជាភាគរយនៃGDP ពោលគឺ​ខាតបង់ច្រើនជាង សហរដ្ឋអាមេរិក និង​អឺរ៉ុបទៅទៀត។ ប្រសិនបើការនាំចេញ​របស់ជប៉ុន​ទៅកាន់ប្រទេសចិន​ត្រូវបានបញ្ឈប់ នោះទំហំសេដ្ឋកិច្ចជប៉ុន​នឹងធ្លាក់ចុះចំនួន ១៩០ពាន់លានដុល្លារ ឬស្មើនឹង ៣,៧% នៃផលិតផលក្នុងស្រុកសរុប ខណៈអឺរ៉ុបនឹងបាត់បង់ ២,១% នៃGDP រីឯអាមេរិក​នឹងទទួល​រង​ផលប៉ះពាល់ ១,៣%។

សូមបញ្ជាក់ថា មិនត្រឹមតែប្រទេសនីមួយៗដែលនឹងរងប៉ះពាល់នោះទេ សូម្បីតែក្រុមហ៊ុន និងបុគ្គលដែលមានឥទ្ធិពលទាំងអស់ក៏ត្រូវរងគ្រោះដូចគ្នាដែរ ដោយហេតុថា បុគ្គលនឹងក្រុមហ៊ុនទាំងនោះសុទ្ធតែមានការរកស៊ី ជាប់ពាក់ព័ន្ធនឹងប្រទេស​ចិនតាមគ្រប់មធ្យោបាយផ្សេងៗ៕




អត្ថបទបន្ទាប់


ប្រធានាធិបតីថ្មីហ្វីលីពីន ស្នើថវិកា ៩៤ ពាន់លានដុល្លារ សម្រាប់អភិវឌ្ឍប្រទេសឆ្នាំ ២០២៣

ព័ត៌មាន
ប្រធានាធិបតីទើបឡើងកាន់អំណាចរបស់ប្រទេសហ្វីលីពីន លោក ម៉ាកូស ជូនៀ (Marcos Jr) កាលពីថ្ងៃចន្ទ ទី២២ ខែសីហានេះ បានស្នើសភាអនុម័តនូវកញ្ចប់ថវ…

តម្លៃដែកនៅកម្ពុជាធ្លាក់ចុះ កំពុងផ្តល់ក្តីសង្ឃឹមដល់ក្រុមហ៊ុនម៉ៅការសំណង់

ព័ត៌មាន
ការធ្លាក់ចុះតម្លៃដែក និងដែកថែបសកលដោយសារការធ្លាក់ចុះតម្រូវការពីប្រទេសធំៗ បានទាញទម្លាក់តម្លៃដែកនៅកម្ពុជាឲ្យមានការធ្លាក់ចុះគួរឲ្យកត់សម្គាល់…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ