វិស័យសេដ្ឋកិច្ច

ចិនខំស្តារសេដ្ឋកិច្ចក្រោយកូវីដ តែអ្នកមានវណ្ណៈកណ្តាលរាប់លាននាក់ នៅតែបន្តរឹតត្បិតការចំណាយ


ការបន្ធូរបន្ថយសម្ពាធនៃភាពអត់ការងារធ្វើ និងការលើកកម្ពស់ការរំពឹងទុកសម្រាប់កំណើនទ្រព្យសម្បត្តិសាធារណៈ ដើម្បីជំរុញសេដ្ឋកិច្ច គឺជាកិច្ចការសំខាន់ៗ ដែលរៀបចំឡើងដោយមេដឹកនាំកំពូលរបស់ចិនសម្រាប់ឆ្នាំថ្មី។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ពលរដ្ឋចិនដែលស្ថិតនៅក្នុងវណ្ណៈកណ្តាល នៅតែបន្តរឹតត្បិតការចំណាយ ដោយសារពួកគេបារម្ភពីបញ្ហាប្រឈមនៅពេលអនាគត។
វិស័យសេដ្ឋកិច្ច
ដោយ

វិបត្តិនៃវិស័យអចលនទ្រព្យ គួបផ្សំនឹងបញ្ហានៃការប្រកួតប្រជែងឥទ្ធិពល គឺសុទ្ធតែជាបញ្ហាប្រឈមនៅក្នុងផ្នត់គំនិតពលរដ្ឋនានានៅក្នុងប្រទេស ដែលមានប្រជាជនច្រើនបំផុតមួយនេះ។

បើតាមសេចក្តីរាយការណ៍របស់សារព័ត៌មានមួយ ដែលមានមូលដ្ឋាននៅកោះហុងកុង បានឲ្យដឹងថា បណ្តាអាជីវករខ្នាតតូចនៅមជ្ឈមណ្ឌលបច្ចេកវិទ្យាភាគខាងត្បូង នៃទីក្រុង ស៊ីនចិន (Shenzhen ) បាននិយាយថា ស្ថានភាពនៃទីផ្សារភាគហ៊ុន និងអចលនទ្រព្យ ដែលនៅមិនទាន់ជ្រះស្រឡះ គឺនៅតែលងបន្លាចពួកគេនៅក្នុងការបណ្តាក់ទុន និងការចំណាយផ្សេងៗ ។

អាជីវករម្នាក់បានអះអាងថា សេដ្ឋកិច្ចចិនដំណើរការមិនល្អនោះទេ ដូច្នេះប្រជាជនរាល់គ្នាមានការព្រួយបារម្ភអំពីអនាគត ហើយមកដល់ពេលនេះ សូម្បីតែការចំណាយនៅលើការទិញសម្លៀកបំពាក់ក៏ត្រូវមានការរិះគិតផងដែរ។

ពាក់ព័ន្ធនឹងបញ្ហានៃការលើកឡើងនេះការិយាល័យស្ថិតិជាតិចិន បានឱ្យដឹងថា ស្ថិតិនៃការលក់អចលនទ្រព្យតាមតំបន់ក្នុងរយៈពេល១១ខែដំបូងនៃឆ្នាំ២០២៣ បានធ្លាក់ចុះ៨% បើធៀបនឹងស្ថិតិកាលពីឆ្នាំមុន ហើយបើធៀបនឹងឆ្នាំ២០១៩ មុនពេលផ្ទុះការរីករាលដាលនៃកូវីដ-១៩ គឺធ្លាក់ចុះជាង៣២%។

ប្រភពដដែលបានឲ្យដឹងថា សម្រាប់ស្ថិតិនៃការលក់រាយវិញ នៅក្នុងខែវិច្ឆិកា កន្លងទៅនេះ គឺមានកំណើនប្រមាណ១០% ចំពេលដែលមានការងើបឡើងវិញជាបន្តបន្ទាប់ចាប់ពីត្រីមាសទី ២ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ក៏មូលដ្ឋាននៃជំនឿនៅក្នុងចំណោមពលរដ្ឋចិន គឺនៅតែមានមន្ទិល។

ម្ចាស់ក្រុមហ៊ុននាំចេញវាយនភណ្ឌ និងគ្រឿងសង្ហារិមនៅក្នុងទីក្រុង ស៊ីនជិនម្នាក់ បានលើកឡើងថា រលកសញ្ញានៃស្ថានភាពវិជ្ជមាននៃទីផ្សារ គឺបានលេចចេញនៅប៉ុន្មានខែចុងក្រោយនេះ ប៉ុន្តែលោកនៅតែស្ទាក់ស្ទើរចំពោះស្ថានភាពនេះនាពេលខាងមុខ ខណៈដែលការបញ្ជាទិញ និងការចែកចាយនៅតែមានកម្រិតនៅឡើយ។

សម្រាប់ លោកស្រី យ៉ាវ យ៉ាវ (Yao Yao) ជាអ្នកគ្រប់គ្រងគម្រោងការងារមួយនៅទីក្រុងសៀងហៃបាននិយាយថា ទោះបីជាលោកស្រីមានការងារ និងប្រាក់ចំណូលមានស្ថិរភាពក៏ដោយ ក៏លោកស្រីត្រូវតែប្រុងប្រយ័ត្នដែរ។ ស្ត្រីវ័យ២៨ឆ្នាំរូបនេះ បាននិយាយថា នៅពេលនេះការប្រុងប្រយ័ត្ន គឺត្រូវតែត្រៀមដ្បិតនៅលើបណ្តាញសង្គម គឺពោរពេញដោយព័ត៌មាន ដែលប្រកាសពីភាពអត់ការងារធ្វើ និងការស្វែងរកការងារធ្វើ។

មកដល់ពេលនេះ ធនាគារប្រជាជនចិន បាននិយាយថា អត្រាប្រាក់សន្សំគ្រួសារទូទាំងប្រទេសបានកើនឡើងប្រមាណជិត២,៥ទ្រីលានដុល្លារ រីឯប្រាក់បញ្ញើបានកើនឡើងប្រហែល៣,៦ទ្រីលានដុល្លារ ខណៈសេដ្ឋវិទូចាត់ទុកនេះ គឺជាសញ្ញាដ៏គួរឱ្យសង្ឃឹមមួយ៕

ដោយៈ សរ សុជាតិ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


មិត្តហ្វូន ប្រគល់រង្វាន់ធំសុទ្ធតែរថយន្ត Mazda CX 3 ហើយប្រកាសសម្ពោធគម្រោងថ្មី ឡើងផ្អើលអ្នកទៅលេង អ៊ីអន 2

ព័ត៌មាន
កៀកឆ្លងឆ្នាំសកល ឆ្នាំថ្មី 2024 ក្រុមហ៊ុន Metfone បានបើកព្រឹត្តិការណ៍ដ៏រំភើបសម្រាប់អតិថិជនប្រើប្រាស់អ៊ីនធឺណិតវាយហ្វាយរបស់ខ្លួន ដែលព្រឹត្តិក…

អ្នកជំនាញព្យាករថា ចំនួនអ្នកធ្វើដំណើរតាមផ្លូវអាកាសទូទាំងពិភពលោកនឹងកើនលើសកម្រិតមុនផ្ទុះកូវីដ-១៩ នៅឆ្នាំ២០២៤

ព័ត៌មាន
ក្រុមអ្នកឃ្លាំមើលស្ថានការណ៍ក្នុងឧស្សាកម្មអាកាសចរណ៍អះអាងថា ចំនួនអ្នកធ្វើដំណើរតាមផ្លូវអាកាសទូទាំងពិភពលោកត្រូវបានរំពឹងថា នឹងកើនលើសកម្រិតមុន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ