អ៊ីតាលី

តើហេតុអ្វីអ៊ីតាលីអះអាងថា ការចូលរួមក្នុងគម្រោងខ្សែក្រវ៉ាត់ និងផ្លូវរបស់ចិន «ជាការសម្រេចចិត្តមួយដ៏ខុសឆ្គងបំផុត»?


រដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ីតាលី លោកហ្គីដូ ក្រូសេតតូ (Guido Crosetto) ទើបតែបានចេញមុខមករិះគន់ចំៗតែម្តងចំពោះការសម្រេចចិត្តរបស់ប្រទេសលោក ក្នុងការចូលរួមក្នុងគម្រោងខ្សែក្រវ៉ាត់ និងផ្លូវរបស់ចិន ដោយថា«ជាការចូលរួមដែលមិនបានគិតជាមុន និងខុសឆ្គងបំផុត»។ រដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ីតាលី បញ្ជាក់ថា ពេលនេះប្រទេសអ៊ីតាលីកំពុងពិចារណារកច្រកចេញពីគម្រោងខ្សែក្រវ៉ាត់ និង ផ្លូវរបស់ចិនដ៏មហាសាលនេះនៅត្រឹមឆ្នាំ២០២៣។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន Business Insider។
អ៊ីតាលីរិះគន់ចំៗគម្រោងខ្សែក្រវ៉ាត់និងផ្លូវដែលមានតម្លៃរាប់ពាន់លានដុល្លាររបស់ចិន

លោក ក្រូសេតតូ រដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ីតាលី ដែលមកពីគណបក្សស្តាំនិយមដែលបានឡើងកាន់​អំណាចក្នុងប្រទេសអ៊ីតាលីក្នុងឆ្នាំ២០២២ បានថ្លែងបែបនេះនៅក្នុងបទសម្ភាសន៍មួយជា​កាសែតក្នុងស្រុកអ៊ីតាលី។ បើតាមការរាយការណ៍ដោយទីភ្នាក់ងាររ៉យទ័រកាលពីថ្ងៃអាទិត្យ លោកក្រូសេតតូ បាននិយាយថា កិច្ចព្រមព្រៀងបានបង្កើនការនាំចេញរបស់ចិនមកកាន់ប្រទេសអ៊ីតាលី ប៉ុន្តែបានធ្វើឱ្យមានភាពខុសប្លែកចំពោះអ៊ីតាលី សម្រាប់ការនាំចេញទៅកាន់ប្រទេសចិន។ ក្នុងន័យនេះបានបង្កើតឱ្យមានអតុល្យភាពពាណិជ្ជកម្មរវាងប្រទេសដែលមានសេដ្ឋកិច្ចដ៏ធំមួយនៅទ្វីបអ៊ឺរ៉ុបនេះ ជាមួយនឹងប្រទេសចិន។

គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវគឺជាគម្រោងហេដ្ឋារចនាសម្ព័ន្ធដ៏មានមហិច្ឆតារបស់ប្រទេសចិនត្រូវបានប្រកាសជាលើកដំបូងនៅក្នុងឆ្នាំ២០១៣ ដែលមានបំណងភ្ជាប់ប្រទេសប្រមាណជា ១០០នៅទូទាំងទ្វីបអឺរ៉ុប និង អាស៊ី តាមរយៈការធ្វើពាណិជ្ជកម្មទាំងតាមផ្លូវគោក និងផ្លូវទឹក។ ក្នុងនោះមានប្រទេសធំៗ​ក៏បានចូលរួម​ជាមួយគម្រោងនេះដែរ មានដូចជាប្រទេសឥណ្ឌូនេស៊ី ប៉ូឡូញ និង អេហ្ស៊ីប។ យោងតាមមជ្ឈមណ្ឌលសម្រាប់ការសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិបានរាយការណ៍ពី​ការប៉ាន់ប្រមាណយ៉ាងទូលំទូលាយដែលចិនកំពុងវិនិយោគក្នុងគម្រោងនេះ ដែលមាន​តម្លៃជាទឹកប្រាក់ប្រមាណចន្លោះពី ១ ទ្រីលានដុល្លារ ទៅដល់ ៨ ទ្រីលានដុល្លារ។

អ៊ីតាលីជាប្រទេសសមាជិកក្រុមប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនទាំង ៧ G7 ដំបូងគេតែមួយគត់ ដែលបានចុះហត្ថលេខាលើគំនិតផ្តួចផ្តើមគម្រោងខ្សែក្រវ៉ាត់ និង ផ្លូវរបស់ចិននេះ។ ចាប់តាំងពី​ពេលនោះមក ការនាំចូលរបស់អ៊ីតាលីពីប្រទេសចិនបានកើនឡើងស្ទើរតែទ្វេដង ប៉ុន្តែការនាំចេញ​របស់ប្រទេសអឺរ៉ុបមួយនេះ ទៅកាន់ប្រទេសចិនវិញគឺមិនបានកើនឡើងជាដុំកំភួន​អ្វីទល់ទាំងអស់។ ពាណិជ្ជកម្មរវាងប្រទេសទាំងពីរមិនស្មើភាពគ្នាសោះ មានន័យថា ជញ្ជីងពាណិជ្ជកម្មឡើង​ខ្ពស់កប់ទៅរកចិនតែម្ខាង។

យោងតាមទិន្នន័យពីអ្នកសង្កេតការណ៍សេដ្ឋកិច្ចរបស់ប្រទេសអ៊ីតាលីឱ្យដឹងថា ការនាំចេញរបស់អ៊ីតាលី​ទៅកាន់ប្រទេសចិន​បានកើនឡើងដល់ ១៨ ពាន់លានដុល្លារក្នុងឆ្នាំ២០២២ ពី១៤ពាន់លានដុល្លារ​ក្នុងឆ្នាំ២០១៩។ ដោយឡែក ការនាំចេញរបស់ចិនទៅកាន់ប្រទេសអ៊ីតាលីវិញបានកើនឡើងពីជាង ៣៤ ពាន់លានដុល្លារក្នុងឆ្នាំ២០១៩ រហូតដល់ ៦៣ពាន់លានដុល្លារក្នុងឆ្នាំ២០២២។

នាយករដ្ឋមន្ត្រីអ៊ីតាលីបច្ចុប្បន្នលោកស្រី ជីអូជា មេឡូនី Giorgia Meloni បានរិះគន់យ៉ាងខ្លាំងចំពោះ​កិច្ចព្រមព្រៀងពាណិជ្ជកម្មនេះ។ លោកស្រីបាននិយាយកាលពីខែឧសភាកន្លងទៅថា៖ «វាអាចទៅរួចដែលអ៊ីតាលីមានទំនាក់ទំនងល្អជាមួយទីក្រុងប៉េកាំង ដោយគ្មានកិច្ចព្រមព្រៀង​គម្រោងខ្សែក្រវ៉ាត់ និងផ្លូវរបស់ចិន»។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានPolitico។ គួរជម្រាបថា កិច្ចព្រមព្រៀងខ្សែក្រវ៉ាត់ និងផ្លូវ រវាង អ៊ីតាលីនិងចិននេះ នឹងផុតកំណត់នៅឆ្នាំ២០២៤ ហើយនឹងបន្តដោយស្វ័យប្រវត្តិ បើសិនជាមិនមានភាគីណាមួយជំទាស់ទេនោះ។

បើតាមក្រុមអ្នកវិភាគអឺរ៉ាស៊ី គ្រុប Eurasia Group បាននិយាយនៅក្នុងរបាយការណ៍មួយកាល​ពីថ្ងៃសុក្រសប្តាហ៍មុននេះ បានឱ្យដឹងថា «ប្រទេសអ៊ីតាលីទំនងជានឹងចាកចេញពី គម្រោងខ្សែក្រវ៉ាត់ និងផ្លូវរបស់ចិននៅចុងឆ្នាំ២០២៣ នេះ។ ក្រុមអ្នកវិភាគទាំងនោះអះអាងថា អាទិភាពរបស់​នាយករដ្ឋមន្ត្រីអ៊ីតាលីបច្ចុប្បន្នលោកស្រី ជីអូជា មេឡូនី គឺដើម្បីពង្រឹងជំហររបស់នាងជាមួយ​ទីក្រុងវ៉ាស៊ីនតោន និង សម្ព័ន្ធមិត្តផ្សេងទៀត ទោះបីជាមានហានិភ័យនៃការសងសឹកតបវិញក៏ដោយ»៕




អត្ថបទបន្ទាប់


ចិនទប់ស្កាត់ការនាំចេញឧបករណ៍យន្តហោះដ្រូនចំពេលមានភាពតានតឹងបច្ចេកវិទ្យាជាមួយអាមេរិក

ព័ត៌មាន
ប្រទេសចិនកាលពីថ្ងៃចន្ទបានប្រកាសពីការគ្រប់គ្រងការនាំចេញលើយន្តហោះគ្មានមនុស្សបើក (ដ្រូន) និង ឧបករណ៍ពាក់ព័ន្ធនឹងយន្តហោះដ្រូនដោយនិយាយថាខ្លួនចង់…

កម្ពុជានឹងដាក់ឱ្យដំណើរការសេវាដឹកជញ្ជូនផ្លូវអាកាសតាមរយៈយន្តហោះអាចចុះចតលើទឹកនៅចុងឆ្នាំនេះ

ព័ត៌មាន
ក្រុមហ៊ុន Samra Seaplane ដែលជាក្រុមហ៊ុនបណ្តាក់ទុនវិនិយោគលើគម្រោងសេវាដឹកជញ្ជូនផ្លូវអាកាសតាមរយៈយន្តហោះលើទឹក ពីដីគោកទៅដីកោះ បានអះអាងថា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ