ប្រទេសចិន-សហរដ្ឋអាមរិក

របាយការណ៍ស្រាវជ្រាវបង្ហាញថា ឥទ្ធិពលរបស់ចិននៅអាស៊ីអាគ្នេយ៍កើនឡើង ខណៈឥទ្ធិពលរបស់អាមេរិកធ្លាក់ចុះ


របាយការណ៍ស្រាវជ្រាវរបស់វិទ្យាស្ថាន ឡូវី (Lowy) បាននិយាយថា ភាពខ្លាំងរបស់ប្រទេសចិននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ គឺស្ថិតនៅក្នុងទំនាក់ទំនងការទូត និងសេដ្ឋកិច្ចរបស់ខ្លួន ខណៈដែលភាពខ្លាំងរបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់នេះ ស្ថិតលើទំនាក់ទំនងផ្នែកការពារជាតិ និងឥទ្ធិពលវប្បធម៌។ ការបាត់បង់ឥទ្ធិពលច្រើនបំផុតរបស់សហរដ្ឋអាមេរិកចាប់តាំងពីឆ្នាំ ២០១៨ មក គឺនៅក្នុងប្រទេសម៉ាឡេស៊ី ប៉ុន្តែសហរដ្ឋអាមេរិកមានឥទ្ធិពលកាន់តែខ្លាំងនៅក្នុងប្រទេសហ្វីលីពីន និងសិង្ហបុរី។ ឥទ្ធិពលរបស់ចិននៅតែខ្លាំងជាងគេបំផុតនៅក្នុងប្រទេសកម្ពុជា ឡាវ និងមីយ៉ាន់
ឥទ្ធិពលរបស់ចិននៅអាស៊ីអាគ្នេយ៍កើនឡើង ខណៈឥទ្ធិពលរបស់អាមេរិកធ្លាក់ចុះ

ប្រទេសចិនបានបង្កើនឥទ្ធិពលរបស់ខ្លួននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ លើសសហរដ្ឋអាមេរិកទៅទៀត ក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ។ នេះបើយោងតាមការវាយតម្លៃថ្មីមួយ ធ្វើឡើងដោយក្រុមអ្នកស្រាវជ្រាវអូស្ត្រាលី។

សហរដ្ឋអាមេរិកបានបន្តបាត់បង់ឥទ្ធិពលរបស់ខ្លួន ធៀបទៅនឹងប្រទេសចិន លើរង្វាស់ចំនួនបួន គឺទំនាក់ទំនងផ្នែកសេដ្ឋកិច្ច, ទំនាក់ទំណងផ្នែកសន្តិសុខ, ឥទ្ធិពលការទូត, និងឥទ្ធិពលវប្បធម៌ បើគិតចាប់តាំងពីឆ្នាំ ២០១៨ ដែលជាឆ្នាំគោលនៅក្នុង"របាយការណ៍ស្ដីពីអំណាចអាស៊ី៖ ប្រទេសចិន និងសហរដ្ឋអាមេរិកនៅតំបន់អាស៊ីអាគ្នេយ៍" រៀបរៀងឡើងដោយវិទ្យាស្ថាន ឡូវី (Lowy)។

នៅឆ្នាំ ២០១៨ ប្រទេសចិនបាននាំមុខសហរដ្ឋអាមេរិក ក្នុងពិន្ទុ ៥២ ទល់នឹង ៤៨ សម្រាប់ឥទ្ធិពលនៅក្នុងតំបន់អាស៊ីអាគ្នេយ៍នេះ។ នៅឆ្នាំ ២០២២ ពិន្ទុនាំមុខនេះបានកើនឡើងដល់ ៥៤ ទល់នឹង ៤៦។

របាយការណ៍នោះបាននិយាយថា រង្វាស់រង្វាល់សម្រាប់វាយតម្លៃអំណាចបែបនេះគឺគួរឱ្យកត់សម្គាល់ ដោយហេតុថាទម្រង់នៃឥទ្ធិពលបានបង្កើតជាផ្នែកនៃបរិការណ៍ដ៏ទូលំទូលាយ ដែលនៅក្នុងនោះ បណ្តាប្រទេសអាស៊ីអាគ្នេយ៍បានធ្វើការជ្រើសទៅតាមយុទ្ធសាស្ត្ររបស់ពួកគេ។

ជារួម ភាពខ្លាំងរបស់ប្រទេសចិន ក្នុងនាមជាមហាអំណាចមួយនៅតំបន់អាស៊ីអាគ្នេយ៍ ស្ថិតនៅក្នុងទំនាក់ទំនងការទូត និងសេដ្ឋកិច្ចរបស់ខ្លួន ចំណែកសហរដ្ឋអាមេរិកមានភាពខ្លាំងជាងប្រទេសចិននៅក្នុងផ្នែកសន្តិសុខ និងឥទ្ធិពលវប្បធម៌។

ភាពខ្លាំងផ្នែកសេដ្ឋកិច្ចរបស់ប្រទេសចិនបានឈានមុខយ៉ាងច្បាស់។ របាយការណ៍បាននិយាយថា ទំនាក់ទំនងសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកគឺខ្សោយជាងប្រទេសចិននៅគ្រប់ប្រទេសទាំងអស់ក្នុងតំបន់អាស៊ីអាគ្នេយ៍។

ការបាត់បង់ដ៏ធំបំផុតនៃឥទ្ធិពលរបស់សហរដ្ឋអាមេរិកចាប់តាំងពីឆ្នាំ ២០១៨ មក គឺនៅក្នុងប្រទេសម៉ាឡេស៊ី ដោយមាន ៧ ពិន្ទុ បន្ទាប់មកនៅក្នុងប្រទេសប្រ៊ុយណេ និងប្រទេសឥណ្ឌូនេស៊ី ដោយមាន ៥ ពិន្ទុ ចំពោះប្រទេសនីមួយៗ។

ឥទ្ធិពលរបស់ទីក្រុងប៉េកាំងនៅតែខ្លាំងបំផុតនៅក្នុងប្រទេសកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា ដែលវានៅតែនាំមុខដាច់ឆ្ងាយពីសហរដ្ឋអាមេរិក។

ប៉ុន្តែ ទីក្រុងវ៉ាស៊ីនតោនមានឥទិ្ធពលខ្លាំងជាងប្រទេសចិន បើនិយាយចំពោះប្រទេសហ្វីលីពីន និងប្រទេសសិង្ហបុរី បើទោះបីជាការនាំមុខនោះ គឺតិចតួចក៏ដោយ ពោលគឺក្នុងពិន្ទុ ៥២ ទល់នឹង ៤៨ សម្រាប់ហ្វីលីពីន និង ៥១ ទល់នឹង ៤៩ សម្រាប់សិង្ហបុរី។

ឥទ្ធិពលរបស់ទីក្រុងប៉េកាំងក្នុងប្រទេសឡាវគឺខ្លាំងណាស់ បើមើលទៅពិន្ទុគឺ ៧១ ទល់នឹងទីក្រុងវ៉ាស៊ីនតោន ដែលមាន ២៩ ពិន្ទុ។

វិទ្យាស្ថាន ឡូវី (Lowy) បាននិយាយថា ទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសឡាវ និងប្រទេសកម្ពុជា ជាមួយទីក្រុងប៉េកាំង ព្រមទាំងគម្រោងនានាក្នុងក្របខណ្ឌគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវក្នុងប្រទេសតូចៗទាំងពីរនេះ បានបង្កើនឥទ្ធិពលរបស់ប្រទេសចិននៅទីនោះ ថ្វីបើការគាំទ្រលើគម្រោងហេដ្ឋារចនាសម្ព័ន្ធពីប្រទេសចិន ដែលតិចជាងមុន បានបន្ថយឥទ្ធិពលមួយចំនួនរបស់ចិនក៏ដោយ៕




អត្ថបទបន្ទាប់


តើពាណិជ្ជកម្មរវាងកម្ពុជាជាមួយអាស៊ាននៅត្រីមាសទី១ឆ្នាំនេះ មានការប្រែប្រួលយ៉ាងណាខ្លះ?

ព័ត៌មាន
ការធ្វើពាណិជ្ជកម្មកម្ពុជា ជាមួយប្រទេសសមាជិកអាស៊ាន មានទំហំទឹកប្រាក់សរុបជាង ៣ពាន់លានដុល្លារអាមេរិក នៅត្រីមាសទី១ ឆ្នាំ២០២៣ ថយចុះ ១៦% បើធ…

ហេតុអ្វីការមកដល់នៃភ្ញៀវទេសចរចិនក្នុងប្រទេសថៃនៅឆ្នាំនេះ អាចនឹងមិនដូចការរំពឹងទុក?

ព័ត៌មាន
ចំនួនភ្ញៀវទេសចរជនជាតិចិន ដែលគេរំពឹងថានឹងមកលេងកម្សាន្ដ នៅប្រទេសថៃចំនួនប្រមាណជា ៥ លាននាក់នៅក្នុងឆ្នាំ ២០២៣ ប្រហែលជាមិនអាចក្លាយជាការពិតន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ