
ទោះយ៉ាងណា ការចូលជាសមាជិកថ្មីក្នុងប្លុកពាណិជ្ជកម្មជាមួយប្រទេសប៉ាស៊ីហ្វិកទាំង១១ប្រទេសផ្សេងទៀតនេះ ត្រូវបានអ្នកវិភាគមួយចំនួនមើលឃើញថា អង់គ្លេសអាចនឹងទទួលផលសេដ្ឋកិច្ចតិចតួចប៉ុណ្ណោះពីកិច្ចព្រមព្រៀងនេះ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន Nikkei Asia។
បើតាមក្រុមអ្នកជំនាញ ដែលជាអ្នកដែលទទួលផលជាក់ស្តែង និងលើសគេពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទាំង១១ប្រទេសនេះ នេះគឺប្រទេសម៉ាឡេស៊ីទៅវិញទេ។ ហេតុអ្វី? ព្រោះប្រទេសអាស៊ីអាគ្នេយ៍ ដែលជាអ្នកនាំចេញប្រេងដូងដ៏ធំមួយនេះ អាចនឹងនាំចេញប្រេងដូងដោយរួចពន្ធ ទៅចក្រភពអង់គ្លេសចាប់ពី ១២% ដែលមានបច្ចុប្បន្ននេះ នៅពេលដែលកិច្ចព្រមព្រៀងនេះចូលជាធរមាន។
ទោះយ៉ាងណា តាមរយៈកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ និងវឌ្ឍនភាពសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) នេះ មិនមែនចក្រភពអង់គ្លេស មិនបានផលចំណេញសោះនោះទេ គ្រាន់តែថា វាតិចតួច និងហាក់ខុសពីក្តីរំពឹងបន្តិច។ ផ្អែកលើការវាយតម្លៃផ្ទាល់របស់ទីក្រុងឡុងដ៍ក្នុងខែមេសា ឆ្នាំ២០២១ កិច្ចព្រមព្រៀងនេះត្រូវបានគេរំពឹងថា នឹងផ្តល់ផលឱ្យសេដ្ឋកិច្ចចក្រភពអង់គ្លេសនូវការកើនឡើងតិចតួចក្នុងទំហំទឹកប្រាក់ប្រមាណជាង ២,៣ ពាន់លានដុល្លារ ដែលកើនឡើង ០,០៨%ប៉ុណ្ណោះ ក្នុងរយៈពេល១៥ឆ្នាំ។
បើតាមលោក Chris Devonshire-Ellis ប្រធានក្រុមហ៊ុន Dezan Shira & Associates ដែលជាក្រុមហ៊ុនប្រឹក្សាភិបាលធ្វើការជាមួយអ្នកវិនិយោគនៅទូទាំងអាស៊ី បាននិយាយថា «អត្ថប្រយោជន៍ នៃការចូលជាសមាជិក CP TPP ហាក់ជាការលំអរឱ្យតែល្អមើលប៉ុណ្ណោះ ពោលគឺ បង្ហាញថា ចក្រភពអង់គ្លេសបានធ្វើកិច្ចព្រមព្រៀងពាណិជ្ជកម្មតំបន់មួយ បន្ទាប់ចាកចេញពីសហភាពអឺរ៉ុប ឬBrexit។ តែលោកគ្រីស៍ថា «គ្មានអ្នកណាម្នាក់នៅអាស៊ីយកចិត្តទុកដាក់លើកិច្ចព្រមព្រៀងនេះខ្លាំងណាស់នោះទេ»។ លោកបន្ថែមថា វាពិតណាស់ថា ប្លុកពាណិជ្ជកម្មទាំង១១ប្រទេសនៅអាស៊ីប៉ាស៊ីហ្វិកនេះ តំណាងឱ្យ១២%នៃសេដ្ឋកិច្ចពិភពលោក។ តែចូរកុំភ្លេចថា ចក្រភពអង់គ្លេសធ្លាប់មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសចំនួនប្រាំបួនក្នុងចំណោមសមាជិកទាំង១១របស់CPTPP រួចមកហើយ នៅពេលដែលចក្រភពអង់គ្លេសនៅជាសមាជិកសហភាពអឺរ៉ុប។ ដូចនេះ ក្រោមក្របខណ្ឌកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ និងវឌ្ឍនភាព សម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) នេះ ទីក្រុងឡុងដ៍នឹងមិនផលចំណេញណាស់ណាទេ។
ទោះជាបែបនេះក្តី សេចក្តីថ្លែងការណ៍មួយចេញដោយក្រសួងអាជីវកម្ម និងពាណិជ្ជកម្មរបស់ចក្រភពអង់គ្លេសតាមរយៈរដ្ឋមន្ត្រីលោកស្រី Kemi Badenoch ឱ្យដឹងថា ប្រទេសនេះ កំពុងប្រើប្រាស់ឋានៈរបស់ជាប្រទេសពាណិជ្ជកម្មឯករាជ្យ ដើម្បីចូលរួមជាមួយប្លុកពាណិជ្ជកម្ម ដែលកំពុងរីកចម្រើន និងឆ្ពោះទៅមុខ ហើយវានឹងជួយឱ្យសេដ្ឋកិច្ចចក្រភពអង់គ្លេសរីកចម្រើន និងបង្កើតការងាររាប់រយពាន់កន្លែងបន្ថែមទៀត»។ យោងតាមរបាយការណ៍របស់រដ្ឋាភិបាលអង់គ្លេសបង្ហាញថា ការធ្វើពាណិជ្ជកម្មជាមួយសមាជិក CPTPP តំណាងឱ្យប្រហែល ៦,៨%នៃពាណិជ្ជកម្មសរុបរបស់ចក្រភពអង់គ្លេស ជាមួយនឹងការនាំចេញរបស់អង់គ្លេសទៅកាន់បណ្តាប្រទេស CPTPP មានតម្លៃជាង ៧៩ពាន់លានដុល្លារពីឆ្នាំមុន គិតត្រឹមខែកញ្ញា។ ហើយការចូលជាសមាជិកនេះ ត្រូវបានគេរំពឹងថា នឹងជំរុញពាណិជ្ជកម្មជាមួយសមាជិក CPTPP កើនដល់ប្រមាណជាង ៤,៣ពាន់លានដុល្លារ។
គួរជមា្របថា កិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ និងវឌ្ឍនភាពសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) ត្រូវបានចុះហត្ថលេខាដោយប្រទេសអូស្ត្រាលី ប្រ៊ុយណេ កាណាដា ឈីលី ជប៉ុន ម៉ាឡេស៊ី ម៉ិកស៊ិក នូវែលសេឡង់ ប៉េរូ សិង្ហបុរី និងវៀតណាម ក្នុងឆ្នាំ២០១៨ មួយឆ្នាំបន្ទាប់ពីសហរដ្ឋអាមេរិកដកខ្លួនចេញពីភាពជាដៃគូអន្តរប៉ាស៊ីហ្វិក។ ឥឡូវនេះ ប្រទេសជាសមាជិកទាំង១១ នឹងត្រូវផ្តល់សច្ចាប័នលើសមាជិកភាពរបស់ចក្រភពអង់គ្លេស មុនពេលវាចូលជាធរមាននៅក្នុងឆមាសទីពីរឆ្នាំក្រោយ៕