អ្នកចិញ្ចឹមត្រី

បញ្ហាខ្វះទឹកបានជំរុញឱ្យអ្នកចិញ្ចឹមត្រីមួយចំនួនបោះបង់ការចិញ្ចឹម និងទាញទម្លាក់ទិន្នផលត្រី


មន្ត្រីជាន់ខ្ពស់នៃសមាគមវារីវប្បករនៅកម្ពុជា បានអះអាងថា បញ្ហាអាកាសធាតុក្តៅរយៈពេលវែង និងមិនមានទឹកគ្រប់គ្រាន់បានជំរុញឱ្យកសិករជាច្រើន ដែលជាសមាជិករបស់សមាគម បានពន្យារពេលក្នុងការដាក់កូនត្រីចិញ្ចឹម និងខ្លះទៀតបានផ្អាកការចិញ្ចឹម និងបន្ថយបរិមាណត្រីក្នុងស្រះជាដើម។ កសិករចិញ្ចឹមត្រីនៅខេត្តបាត់ដំបង បានអះអាងថា បញ្ហាទឹកក្នុងស្រះរាក់ពេកបានធ្វើឱ្យទិន្នផលត្រីធ្លាក់ចុះ និងត្រីរីកធំធាត់មិនសូវល្អ។
អ្នកចិញ្ចឹមត្រី
ដោយ

លោក ឡែមផូរ សុថាវរិទ្ធិ ប្រធានគណៈកម្មការប្រតិបត្តិនៃសមាគមវារីវប្បករនៅកម្ពុជា បានវាយតម្លៃថា ការចិញ្ចឹមត្រីក្នុងស្រះរបស់សមាជិកសមាគមនៅឆ្នាំ២០២៤នេះ ហាក់មានការថយចុះគួរឱ្យកត់សម្គាល់ បើធៀបទៅនឹងឆ្នាំមុន ក្រោយកសិករមួយចំនួនបានផ្អាកការចិញ្ចឹម និងមួយចំនួនកាត់បន្ថយបរិមាណក្នុងការចិញ្ចឹម។

ការធ្លាក់ចុះចំនួនអ្នកចិញ្ចឹមត្រីនេះ ត្រូវបានអ្នកជំនាញរូបនេះអះអាងថា គឺដោយសារបញ្ហាអាកាសធាតុក្តៅខ្លាំងមានរយៈពេលយូរនៅឆ្នាំនេះ បានធ្វើឱ្យកសិករមួយចំនួនរារែកចិត្តក្នុងការដាក់កូនត្រីចិញ្ចឹម ដោយសារទឹកនៅក្នុងស្រះមានបរិមាណមិនគ្រប់គ្រាន់។ ជាក់ស្តែង កសិករមួយចំនួនទើបតែចាប់ផ្តើមដាក់ត្រីចិញ្ចឹមឡើងវិញនៅអំឡុងខែកញ្ញា នេះប៉ុណ្ណោះ ខណៈកាលពីឆ្នាំមុនកសិករបានដាក់ត្រីចិញ្ចឹមតាំងពីអំឡុងខែមិថុនា ឯណោះ។ ទន្ទឹមនេះ បញ្ហាកង្វះពូជត្រីល្អនៅក្នុងស្រុកសម្រាប់ចិញ្ចឹម ក៏ជាបញ្ហាប្រឈមមួយរបស់កសិករ ដែលចិញ្ចឹមត្រីនាពេលបច្ចុប្បន្ននេះផងដែរ។

​ពាក់ព័ន្ធតម្លៃត្រីវិញ លោក ឡែមផូរ សុថាវរិទ្ធិ បានអះអាងថា ត្រីនៅឆ្នាំនេះអាចលក់ចេញបានតម្លៃខ្ពស់ជាងឆ្នាំមុន ដោយក្នុងនោះត្រីប្រា ដែលមានកសិករចិញ្ចឹមប្រមាណ៧០%​ អាចលក់បានក្នុងតម្លៃប្រមាណ៥,៥០០រៀល ក្នុងគីឡូក្រាម។

ជាមួយគ្នានេះ លោក ឌុច សុផាត អ្នកចិញ្ចឹមត្រីនៅស្រុកឯកភ្នំ ខេត្តបាត់ដំបង បានអះអាងថា ទទួលស្គាល់ត្រីនៅឆ្នាំនេះពិតជាលក់បានក្នុងតម្លៃខ្ពស់ជាងឆ្នាំមុនប្រាកដមែន ប៉ុន្តែតម្លៃចំណើត្រីក៏បានកើនឡើងខ្ពស់ដូចគ្នាដែរ។ អ្នកចិញ្ចឹមត្រីរូបនេះ បានត្អូញត្អែរថា ដោយសារបញ្ហាខ្វះទឹកក្នុងស្រះ បានជំរុញឱ្យទិន្នផលត្រីដែលទទួលបាននៅអំឡុងខែមិថុនា កន្លងទៅមានការធ្លាក់ចុះ និងមិនសូវមានទំហំធំ ដែលនាំឱ្យការទទួលផលត្រីរបស់លោកមានការខាត់បង់មួយចំនួន។ បញ្ហានេះបានជំរុញឱ្យលោក ឌុច សុផាត កាត់បន្ថយការបរិមាណត្រី ដែលទើបដាក់ចិញ្ចឹមនៅខែកញ្ញា នេះប្រមាណ៣០% បើធៀបនឹងឆ្នាំមុន។

​គួរបញ្ជាក់ថា បច្ចុប្បន្នសមាគមវារីវប្បករនៅកម្ពុជា មានសមាជិកដែលជាអ្នកចិញ្ចឹមត្រីប្រមាណជាង ៦០០កសិដ្ឋាន ដែលភាគច្រើនមាននៅខេត្តកណ្ដាល, កំពង់ចាម, កំពង់ធំ, តាកែវ,សៀមរាប, ពោធិ៍សាត់, និងបាត់ដំបងជាដើម។ យ៉ាងណាមិញ បើតាមរបាយការណ៍របស់រដ្ឋបាលជលផល កម្ពុជាសម្រេចបានផលវារីវប្បកម្មសរុបជាង៣១ម៉ឺនតោន នៅពេញមួយឆ្នាំ២០២៣ កន្លងទៅ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ត្រឹមរយៈពេល១ខែ កម្ពុជាទទួលបានគម្រោងវិនិយោគចំនួន៥៣ ជាមួយទុនជាង១ពាន់លានដុល្លារ

ព័ត៌មាន
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងថ្មី និងគម្រោងពង្រីកផលិតកម្មចំនួន៥៣គម្រោងជាមួយទុនវិនិយោគសរុបជាង១,២ពាន់លានដុល្លារនៅក្នុ…

តើមានសញ្ញាសំខាន់អ្វីខ្លះ ដែលអាចធ្វើឱ្យសេដ្ឋកិច្ចរបស់កម្ពុជា នៅតែមានភាពរឹងមាំ និងធន់?

ព័ត៌មាន
សេដ្ឋកិច្ចកម្ពុជា ត្រូវបានការិយាស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន+៣(AMRO) ព្យាករកាលពីពេលថ្មីៗថា នឹងសម្រេចបានកំណើនក្នុងរង្វង់៥,៦% នៅឆ្នាំ២០២…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ