បាតុភូតអែលនីណូ

បាតុភូតអែលនីណូអាចនឹងបន្តអូសបន្លាយដល់ឆ្នាំក្រោយ ខណៈតម្លៃស្ករសកំពុងកើនឡើងពាសពេញពិភពលោក


អ្នកវិទ្យាសាស្ត្របាននិយាយថា ឥទ្ធិពលនៃបាតុភូតអែលនីណូនឹងធ្វើឱ្យពិភពលោកបន្តឡើងកម្តៅនៅឆ្នាំនេះនិងបន្តរហូតដល់ឆ្នាំ២០២៤ ដែលនឹងបង្កឲ្យមានទឹកជំនន់ និងរលកកម្ដៅក្នុងប្រទេស និងតំបន់មួយចំនួននៅលើពិភលោក។ ស្របពេលជាមួយគ្នានេះ តម្លៃស្ករសសកលត្រូវបានរាយការណ៍ថា កំពុងកើនឡើងតម្លៃពាសពេញពិភពលោក ខណៈប្រទេសផលិតស្ករសរធំៗបានកាត់បន្ថយផលិតកម្មរបស់ខ្លួនមួយផ្នែក ដោយសារបាតុភូតធម្មជាតិអែលនីណូនេះ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗ។
បាតុភូតអែលនីណូ
ដោយ

ចំពេលដែលពិភពលោកកំពុងពើបប្រទះនឹងបញ្ហាស្មុគស្មាញជាច្រើន ពិសេសផលជះនៃសង្គ្រាមនៅមជ្ឈិមបូព៌ា និងអ៊ុយក្រែនផងនោះ បាតុភូតអែលនីណូដែលជាឥទ្ធិពលកំដៅកើតឡើងដោយធម្មជាតិនៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក អាចបណ្តាលឱ្យសីតុណ្ហភាពសកលកើនឡើងក្នុងរយៈពេលខ្លី និងធ្វើឱ្យមានការបំផ្លិចបំផ្លាញដល់ទិន្នផលដំណាំនៅក្នុងតំបន់មួយចំនួននៃពិភពលោក។

ក្រុមហ៊ុននៅក្នុងវិស័យផ្សេង​ៗ រួមទាំងអាហារ និងការដឹកជញ្ជូនបានព្រមានអំពីការរំខានដល់ទំនិញ និងខ្សែច្រវាក់ផ្គត់ផ្គង់ ក៏ដូចជាហានិភ័យនៃការធានារ៉ាប់រងកាន់តែខ្ពស់ផងដែរ។

បើតាមអង្គការឧតុនិយមពិភពលោក បាននិយាយថា បាតុភូតអែលនូណូត្រូវបានគេរំពឹងថា នឹងបន្តអូសបន្លាយយ៉ាងហោចណាស់ដល់ខែមេសា ឆ្នាំក្រោយ។ បើទោះបីឆ្នាំនេះត្រូវបានកត់ត្រាថា ជាឆ្នាំដែលក្តៅបំផុតក្នុងប្រវត្តិសាស្ត្រក៏ដោយ តែអគ្គលេខាធិការអង្គការឧតុនិយមពិភព លោក លោក Petteri Taalas បានសង្កត់ធ្ងន់ថា ២០២៤ អាចនឹងក្តៅជាង២០២៣ ទៅទៀត។

អែលនីណូជាធម្មតាត្រូវបានគេដឹងថា បណ្តាលមកពីសីតុណ្ហភាពបរិយាកាសខ្ពស់ ក៏ប៉ុន្តែលោក តាឡាស កត់សម្គាល់ថា ឥទ្ធិពលកំដៅនៃឧស្ម័នផ្ទះកញ្ចក់ ដែលផលិតដោយសកម្មភាពរបស់មនុស្ស គឺជាដើមចមកំណត់ឱ្យមានការឡើងកម្តៅខ្ពស់ដូច្នេះ។

នៅប្រទេសប្រេស៊ីល ដែលកំពុងឋិតក្នុងនិទាឃៈរដូវនៅឡើយ តែវិទ្យាស្ថានជាតិឧតុនិយមប្រទេសនេះបានចេញការជូនដំណឹងពណ៌ក្រហមសម្រាប់កំដៅក្នុងសប្តាហ៍មុននៅទូទាំងតំបន់ជាច្រើន។ ទីក្រុង Rio de Janeiro បានជួបប្រទះថ្ងៃក្តៅបំផុតប្រចាំឆ្នាំដោយឈានដល់ជិត៤២អង្សាសេ កាលពីថ្ងៃសៅរ៍។ យោងតាមអង្គការឧតុនិយមពិភពលោក (WMO) បានព្យាករ​ថា នឹងមានភ្លៀងធ្លាក់បន្ថែមទៀតក្នុងរយៈពេលបីខែខាងមុខនៅក្នុងផ្នែកខ្លះនៃតំបន់អាហ្វ្រិក អាម៉េរិកខាងត្បូង និងអាស៊ីកណ្តាល និងបូព៌ា។

ទោះបីជាយ៉ាងណា អែលនីណូនៅឆ្នាំនេះត្រូវបានគេដឹងថា មានថាមពលមិនសូវខ្លាំងដូចកាលឆ្នាំ១៩៩៧ និងឆ្នាំ២០១៥-២០១៦នោះទេ ប៉ុន្តែនៅតែត្រូវបានចាត់ទុកថា«មានឥទ្ធិពលខ្លាំង»។

យ៉ាងណាមិញ អែលនីណូក៏ជាផ្នែកមួយក្នុងចំណោមកត្តាដទៃទៀត ដែលបណ្តាលឱ្យតម្លៃស្ករសកើនឡើងពាសពេញសកលលោកផងដែរ។ ប៉ុន្តែវាមិនមែនជារឿងប្លែកនោះទេ ព្រោះស្ករសនៅទូទាំងពិភពលោកកំពុងជួញដូរក្នុងតម្លៃខ្ពស់បំផុតចាប់តាំងពីឆ្នាំ២០១១ មកម្ល៉េះ។

មូលហេតុចម្បងនោះ គឺដោយសារតែការផ្គត់ផ្គង់ពិភពលោកទាប បន្ទាប់ពីអាកាសធាតុស្ងួតខុសពីធម្មតា ដែលបណ្តាលឱ្យខូចខាតទិន្នផលកសិផលនៅក្នុងប្រទេសឥណ្ឌា និងថៃ ដែលជាប្រទេសនាំចេញស្ករសធំទីពីរ និងទីបីរបស់ពិភពលោក។ តែយ៉ាងណា សម្រាប់ប្រទេសអ្នកមាននៅបស្ចឹមលោក គេអាចទប់ទល់បានចំពោះការកើនឡើងតម្លៃនេះ ប៉ុន្តែប្រទសក្រីក្រវិញគឺកំពុងតស៊ូយ៉ាងត្រដាបត្រដួស។

យោងតាមអង្គការស្បៀងអាហារ និងកសិកម្មរបស់អង្គការសហប្រជាជាតិ បានព្យាករថា ផលិតកម្មស្ករពិភពលោកនឹងធ្លាក់ចុះ២% បើធៀបនឹងឆ្នាំមុន ពោលគឺបាត់បង់ប្រហែល៣,៥លានតោន។ ប្រេស៊ីល គឺជាប្រទេសនាំចេញស្ករសដ៏ធំបំផុតរបស់ពិភពលោក នឹងមិនអាចជួយអ្វីបានទេរហូតដល់រដូវប្រមូលផលឆ្នាំក្រោយ។ ខណៈដែលប្រទេស ដែលពឹងផ្អែកលើការនាំចូលស្ករសដូចជាប្រទេសភាគច្រើននៅតំបន់សាហារ៉ា អាហ្រ្វិក នៅតែងាយរងគ្រោះដោយសារការកើនឡើងតម្លៃនេះ។

ជាឧទាហរណ៍ នីហ្សេរីយ៉ា ដែលជាប្រទេសនាំចូលស្ករពីប្រទេសដទៃប្រមាណ៩៨% បានជួបប្រទះនឹងបញ្ហានេះ។ ស្ករ៥០គីឡូក្រាមដូចគ្នាកាលពីមួយសប្តាហ៍មុន មានតម្លៃត្រឹមតែ៦៦ដុល្លារប៉ុណ្ណោះ ប៉ុន្តែឥឡូវនេះកើនឡើង៨១ដុល្លារ។

ដោយឡែក ផលិតកម្មស្ករសរបស់ឥណ្ឌាទំនងជានឹងធ្លាក់ចុះ៨%ដែរនៅឆ្នាំនេះ។ នេះបើតាមសមាគមរោងម៉ាស៊ីនស្ករឥណ្ឌា។ ឥណ្ឌាគឺជាប្រទេសដែលមានអ្នកប្រើប្រាស់ស្ករច្រើនជាងគេបំផុត ហើយឥឡូវនេះកំពុងរឹតបន្តឹងការនាំចេញស្ករ បន្ទាប់ពីពើបប្រទះអាកាសធាតុហួតហែងខ្លាំងបំផុតកាលពីខែសីហា។ ខណៈនៅថៃ ឯណោះវិញ ឥទ្ធិពលបាតុភូតអែលនីណូនៅដើមរដូវដាំដុះ បានផ្លាស់ប្តូរមិនត្រឹមតែបរិមាណប៉ុណ្ណោះទេ ថែមទាំងគុណភាពនៃការប្រមូលផលទៀតផង។

នេះបើតាមលោក Naradhip Anantasuk ប្រធានសមាគមផលិតស្ករសរបស់ប្រទេសថៃ។ យោងតាមលោក ណារ៉ាហីប ថៃរំពឹងថា នឹងអាចកិនអំពៅបានត្រឹមតែ៧៦លានតោនប៉ុណ្ណោះក្នុងរដូវប្រមូលផលឆ្នាំ២០២៤ បើធៀបនឹង៩៣លានតោនក្នុងឆ្នាំនេះ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ប្រទេសចិនបានសម្រេចរក្សាអត្រាការប្រាក់កម្ចីឱ្យនៅដដែល ដូចការរំពឹងទុក

ព័ត៌មាន
ប្រទេសចិន បានបន្តរក្សាអត្រាការប្រាក់កម្ចីគោលឱ្យនៅដដែលនៅក្នុងការកំណត់ប្រចាំខែ ដូចការរំពឹងទុកនៅថ្ងៃទី១១ ខែវិច្ឆិកានេះ ខណៈដែលតម្លៃប្រាក់យន់ច…

វៀតណាមចោទក្រុមហ៊ុនអចលនទ្រព្យ និងបុគ្គលិកធនាគារថា កិបកេងប្រាក់ជាង១២ពាន់លានដុល្លារ

ព័ត៌មាន
អាជ្ញាធរវៀតណាម បានចោទប្រកាន់ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យមួយពីបទស៊ីសំណូក និងកេងបន្លំមានទឹកប្រាក់សរុបជាង៣០០ទ្រីលានដុង ឫប្រមាណជាង១២ពាន់លា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ