វិស័យហិរញ្ញវត្ថុ

ការទូទាត់សងប្រាក់តាមប្រព័ន្ធអេឡិចត្រូនិកនៅឆ្នាំ២០២៣ ទំហំជិត៧៦ពាន់លានដុល្លារ ស្មើនឹងជាង២ដង នៃ GDP កម្ពុជា


ធនាគារជាតិនៃកម្ពុជា បានធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធទូទាត់ និងដាក់ឱ្យប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុសម្រាប់ការទូទាត់ជាបន្តបន្ទាប់ ដើម្បីលើកកម្ពស់សុវត្ថិភាព និងប្រសិទ្ធភាព។ តាមរយៈការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទាំងនេះ បានជំរុញឲ្យការធ្វើប្រតិបត្តិការទូទាត់សាច់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិកនៅកម្ពុជា មានការរីកចម្រើនយ៉ាងខ្លាំងនៅប៉ុន្មានឆ្នាំចុងក្រោយនេះ។
ការទូទាត់សងប្រាក់តាមប្រព័ន្ធអេឡិចត្រូនិកកើនដល់ជិត ៧៦ពាន់លានដុល្លារ!
ដោយ

ជាក់ស្តែងគិតត្រឹមឆ្នាំ២០២៣ ប្រតិបត្តិការសេវាទូទាត់សងប្រាក់តាមប្រព័ន្ធអេឡិចត្រូនិកមានជាង៦០០លានប្រតិបត្តិការ កើនឡើងជិត២៩% និងមានទំហំទឹកប្រាក់ជិត៧៦ពាន់លានដុល្លារ កើនឡើង១៨% បើធៀបនឹងឆ្នាំ២០២២ ដែលស្មើនឹងប្រមាណ២,៤ដងនៃទំហំផលិតផលក្នុងស្រុកសរុប(GDP)របស់កម្ពុជា។

របាយការណ៍ប្រចាំឆ្នាំ២០២៣ របស់ធនាគារជាតិនៃកម្ពុជា បានបង្ហាញឱ្យឃើញថា សេវាផាត់ទូទាត់តាមប្រព័ន្ធឌីជីថលបានរួមចំណែកយ៉ាងសំខាន់ក្នុងការជួយលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា ដូច្នេះផលិតផល ឬសេវាឌីជីថលបែបច្នៃប្រឌិតថ្មីៗយ៉ាងសម្បូរបែបត្រូវបានដាក់ចេញ ដើម្បីផ្តល់ភាពងាយស្រួល និងសុវត្ថិភាពដល់អ្នកប្រើប្រាស់។ ការរីកចម្រើនទាំងនេះអាចសម្រេចទៅបានដោយសារការដាក់ចេញនូវបទប្បញ្ញត្តិ ដែលមានភាពអំណោយផលដល់ការប្រកួតប្រជែងរបស់គ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ និងយន្តការត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់របស់ធនាគារជាតិនៃកម្ពុជា កន្លងមក។

ជាក់ស្តែង គិតត្រឹមឆ្នាំ២០២៣ គ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់សរុបមានចំនួន៣៣ និងគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុចំនួន២ ទទួលបានលិខិតអនុញ្ញាតធ្វើប្រតិបត្តិការទូទាត់សងប្រាក់ ដែលមានអតិថិជនចុះឈ្មោះបង្កើតគណនីអីវ៉ាឡេតសរុបប្រមាណជិត២០លានគណនី។ ជាមួយគ្នានេះ ប្រតិបត្តិការសេវាទូទាត់សងប្រាក់បានកើនឡើងជិត២៩% បើធៀបនឹងឆ្នាំ២០២២ ដែលកើនដល់ជាង៦០០លានប្រតិបត្តិការ និងមានទំហំទឹកប្រាក់សរុបជិត៧៦ពាន់លានដុល្លារកើនឡើង១៨% ឬស្មើនឹងប្រមាណ ២,៤ដង នៃ GDP របស់កម្ពុជា។

ពាក់ព័ន្ធនឹងបញ្ហានេះ លោកស្រី ម៉ារ អមរា អនុប្រធាននាយកប្រតិបត្តិនៃធនាគារ អេស៊ីលីដា បានបង្ហាញពីភាពរីកចម្រើនរបស់អេស៊ីលីដាម៉ូបាល ក្នុងការរួមចំណែកជួយដល់កំណើនសេដ្ឋកិច្ច តាមរយៈការជួយសម្រួលប្រតិបត្តិការទូទាត់ និងលើកកម្ពស់នៃសកម្មភាពអាជីវកម្ម ក្នុងការសម្រួលដំណើរការទូទាត់កាន់តែងាយស្រួល សម្រាប់ទូទាត់ពីអតិថិជនទាំងក្នុងស្រុក និងក្រៅស្រុក ព្រមទាំងជំរុញទីផ្សារអេឡិចត្រូនិក និងទីផ្សារអនឡាញ ដែលអនុញ្ញាតឱ្យអាជីវកម្មពង្រីកមូលដ្ឋានអតិថិជនរបស់ពួកគេ និងឈានដល់ទីផ្សារថ្មីៗ។ ជាពិសេសអនុញ្ញាតឱ្យបុគ្គលម្នាក់ៗធ្វើប្រតិបត្តិការបានគ្រប់ពេលវេលា និងគ្រប់ទីកន្លែង ដោយកាត់បន្ថយតម្រូវការសម្រាប់វត្តមានរូបវ័ន្តនៅធនាគារ ឬមជ្ឈមណ្ឌលទូទាត់ ក៏ដូចជាលុបបំបាត់នូវភាពលំបាកនៃការយកសាច់ប្រាក់ និងហានិភ័យដែលទាក់ទងនឹងការលួច ឬការបាត់បង់ប្រាក់ជាដើម។

បើតាមលោកស្រី ម៉ារ អមរា ការធ្វើប្រតិបត្តិការទូទាត់នានានៅលើអេស៊ីលីដាម៉ូបាលនៅឆ្នាំ២០២៣កន្លងទៅ សម្រេចបានទំហំប្រតិបត្តិការចំនួនប្រមាណ៣៦៨លានប្រតិបត្តិការ និងទឹកប្រាក់ចំនួន៩១ពាន់លានដុល្លារ មានការប្រែប្រួលយ៉ាងខ្លាំងបើធៀបនឹងឆ្នាំ២០២២ ដែលមានត្រឹមតែចំនួន១៤៦លានប្រតិបត្តិការ និងទឹកប្រាក់ចំនួន៤៨ពាន់លានដុល្លារតែប៉ុណ្ណោះ។ ផ្អែកលើកំណើនទាំងនេះ អ្នកជំនាញរូបនេះ រំពឹងថា ការទូទាត់នានាតាមរយៈអេស៊ីលីដាម៉ូបាលនឹងកើនឡើងចន្លោះពី២២០% ទៅ២៤០% នៅឆ្នាំ២០២៤នេះ ក្រោយមើលឃើញពីសន្ទុះនៃការរីកលូតលាស់ និងការប្រើប្រាស់ប្រព័ន្ធឌីជីថលនៅកម្ពុជាមានការកើនឡើង ដ្បិតថា ប្រជាជនមានការយល់ដឹងពីប្រពន្ធបច្ចេកវិទ្យាកាន់តែច្រើន ជាពិសេសគោលនយោបាយរបស់រាជរដ្ឋាភិបាលជំរុញការទូទាត់ឆ្លងដែនតាមរយៈការស្កេនឃ្យូអរកូដ រវាងបណ្តាប្រទេសសមាជិកអាស៊ានជាដើម៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ហេតុអ្វីរាជរដ្ឋាភិបាលកម្ពុជានាអាណត្តិទី៧ ដែលដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត ផ្ដោតខ្លាំងទៅលើវិស័យសេដ្ឋកិច្ច?

ព័ត៌មាន
គិតមកដល់ពេលនេះ រាជរដ្ឋាភិបាលអាណត្តិទី៧ ដែលដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ទើបមានរយៈពេលត្រឹមតែប្រមាណជាង៥ខែប៉…

តើបុណ្យចូលឆ្នាំចិន បង្កផលប៉ះពាល់ដល់ច្រវាក់ផលិតកម្ម ក៏ដូចជាវិស័យដឹកជញ្ជូន និងភ័ស្ដុភារកម្មរបស់ពិភពលោកបែបណា?

ព័ត៌មាន
រដ្ឋាភិបាលចិន បានប្រកាសថ្ងៃឈប់សម្រាករយៈពេល៨ថ្ងៃ ដើម្បីទទួលអបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ២០២៤ នេះ ដោយចាប់ផ្ដើមពីថ្ងៃទី១០ ខែកុម្ភៈ ដល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ