វិបត្តិថាមពល

តំបន់អឺរ៉ុបចាយថវិកាប្រមាណ ៨៥០ពាន់លានដុល្លារ ដើម្បីទប់ទល់នឹងវិបត្តិថាមពលដែលកំពុងអូសបន្លាយ


តម្លៃថាមពលនៅតំបន់អឺរ៉ុបបានចាប់ផ្ដើមហក់ងើបឡើងខ្លាំង ចាប់តាំងពីមានការផ្ទុះសង្គ្រាមឈ្លានពានរុស្ស៊ីនៅអ៊ុយក្រែនមក ហើយវិបត្តិនេះ ក៏បានបន្ដអូសបន្លាយមកទល់បច្ចុប្បន្ន ខណៈដែលប្រទេសជាច្រើននៅក្នុងតំបន់បានដាក់ចេញនូវវិធានការ ក៏ដូចជាកញ្ចប់ថវិកាជាបន្ដបន្ទាប់ ដើម្បីដោះស្រាយផលប៉ះពាល់ ដែលបង្កឡើងដោយវិបត្តិថាមពលនេះផងដែរ។
តំបន់អឺរ៉ុបចាយថវិកាប្រមាណ ៨៥០ពាន់លានដុល្លារ ដើម្បីទប់ទល់នឹងវិបត្តិថាមពលដែលកំពុងអូសបន្លាយ

បើតាមការស្រាវជ្រាវមួយ ដោយស្ថាប័នវិភាគទីផ្សារ Bruegel បានឲ្យដឹងនៅថ្ងៃទី ១៣ ខែកុម្ភៈនេះថា ប្រទេសនៅក្នុងតំបន់អឺរ៉ុប បានចំណាយថវិកាសរុបអស់ប្រមាណ ៨០០ពាន់លានអឺរ៉ូ ឬស្មើនឹងប្រមាណ ៨៥០ពាន់លានដុល្លារអាមេរិក ដើម្បីជួយដល់ក្រុមគ្រួសារ និងអាជីវកម្ម ដែលរងគ្រោះដោយសារតែវិបត្តិថាមពលឡើងថ្លៃនាពេលកន្លងមក។ តាមការស្រាវជ្រាវដដែលនេះ ក៏បានទទូចឲ្យប្រទេសនានាកំណត់គោលដៅបន្ថែមទៀត ក្នុងការចំណាយរបស់ពួកគេ ដើម្បីដោះស្រាយបញ្ហាវិបត្តិថាមពលដែលកំពុងអូសបន្លាយនេះ។

ប្រទេសនៅក្នុងសហភាពអឺរ៉ុប បានបែងចែកថវិកាប្រមាណជាង ៧២៦ពាន់លានដុល្លារ សម្រាប់ការចំណាយនៅក្នុងការដោះស្រាយវិបត្តិថាមពល ខណៈដែលប្រទេសអង់គ្លេស បានបែងចែកថវិកាប្រមាណ ១០០ពាន់លានដុល្លារ និងប្រទេសណ័រវេ បានបែងចែកថវិកាប្រមាណជាង ៨ពាន់លានដុល្លារ គិតតាំងពីខែកញ្ញាឆ្នាំ២០២១មក។ ស្របពេលដែល តម្លៃថាមពលបន្ដនៅមានខ្ពស់ ប្រទេសនៅតំបន់អឺរ៉ុបទាំងនេះ ក៏កំពុងប្រឈមនឹងការខ្វះខាតឧស្ម័នសម្រាប់ប្រើប្រាស់ផងដែរ ដ្បិតរុស្ស៊ី បានកាត់ផ្ដាច់ការផ្គត់ផ្គង់ឧស្ម័នភាគច្រើនទៅកាន់ប្លុកនេះ កាលពីឆ្នាំ២០២២។

នៅក្នុងចំណោមសមាជិកសហភាពអឺរ៉ុប ប្រទេសអាល្លឺម៉ង់ គឺមានការចំណាយច្រើនជាងគេ ចំពោះការដោះស្រាយវិបត្តិថាមពលនេះ ដោយបានបែងចែកថវិកាប្រមាណ ជាង ២៨៨ពាន់លានដុល្លារ បន្ទាប់មក គឺប្រទេសអង់គ្លេស អ៊ីតាលី និងបារាំងជាដើម។ ការចំណាយថវិកាសម្រាប់ការទប់ទល់នឹងវិបត្តិថាមពលរបស់សហភាពអឺរ៉ុប គឺមានប្រហែលគ្នាទៅនឹងមូលនិធិទឹកប្រាក់ប្រមាណ ៨០០ពាន់លានដុល្លារសម្រាប់ការស្ដារសេដ្ឋកិច្ចសហភាពអឺរ៉ុបពីវិបត្តិកូវីដ១៩ ផងដែរ។

ការកើនឡើងនូវការចំណាយលើវិស័យថាមពលនេះ គឺធ្វើឡើងស្របពេលដែលប្រទេសនានានៅអឺរ៉ុប បានពិភាក្សាអំពីសំណើរបស់សហភាពអឺរ៉ុប ក្នុងការបន្ធូរបន្ថយច្បាប់ផ្ដល់ជំនួយមួយចំនួន សម្រាប់គម្រោងបច្ចេកវិទ្យាបៃតង ខណៈដែលអឺរ៉ុបកំពុងតែស្វែងរកការប្រកួតប្រជែងជាមួយនឹងការឧបត្ថម្ភធនដែលកំពុងធ្វើឡើងនៅសហរដ្ឋអាមេរិក និងប្រទេសចិន។

ទោះយ៉ាងណា ផែនការនេះ ក៏បានបង្កឲ្យមានក្ដីបារម្ភនៅក្នុងប្រទេសសហភាពអឺរ៉ុបមួយចំនួនដែរ ដ្បិតថា ការលើកទឹកចិត្តឲ្យមានជំនួយរដ្ឋបន្ថែមទៀត វានឹងធ្វើឲ្យទីផ្សារផ្ទៃក្នុងរបស់ប្លុកនេះ រងផលប៉ះពាល់ដូចគ្នា។ តួយ៉ាង ប្រទេសអាល្លឺម៉ង់ កាលពីពេលកន្លងទៅ បានរងនូវការរិះគន់ជុំវិញកញ្ចប់ថវិកាជំនួយថាមពលដ៏ធំសម្បើមរបស់ខ្លួន ដែលវាមានលើសពីអ្វីដែលប្រទេសផ្សេងទៀតនៅអឺរ៉ុបមានផ្ដល់ជូន៕




អត្ថបទបន្ទាប់


អ្នកវិនិយោគកំពុងផ្ដោតការវិនិយោគលើភាគហ៊ុនអចលនទ្រព្យនៅហុងកុងឡើងវិញ ក្រោយពេលចិនបើកប្រទេស

ព័ត៌មាន
តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនអចលនទ្រព្យ និងមូលនិធិអចលនទ្រព្យរបស់ហុងកុង បានក្លាយជាមធ្យោបាយដ៏ពេញនិយមមួយ ដើម្បីសម្រេចឲ្យបាននូវកំណើនសេដ្ឋកិច្ចឡើង…

ឥណ្ឌាចាយជាង ១៣ពាន់លានដុល្លារ ទិញអាវុធពីរុស្ស៊ី ក្នុងរយៈពេល៥ឆ្នាំមកនេះ

ព័ត៌មាន
ទីភ្នាក់ងារព័ត៌មានរដ្ឋរុស្ស៊ីបានរាយការណ៍ថារុស្ស៊ីបានផ្គត់ផ្គង់សព្វាវុធដល់ឥណ្ឌាក្នុងតម្លៃសរុបប្រមាណ១៣ពាន់លានដុល្លារក្នុងរយៈពេល៥ឆ្នាំចុងក្រោយ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ