ពិព័រណ៍ពាណិជ្ជកម្មកម្ពុជាឆ្នាំ២០២២

អ្នកជំនាញរំពឹងថាទេសចរប្រមាណ៤០ម៉ឺននាក់នឹងចូលរួមពិព័រណ៍ពាណិជ្ជកម្មកម្ពុជាឆ្នាំ២០២២


ឆ្នាំ២០២២នេះជាឆ្នាំទី៧ ហើយដែលកម្ពុជា បានរៀបចំពិព័រណ៍ពាណិជ្ជកម្មកម្ពុជា ដោយផ្ដោតសំខាន់ក្នុងការជំរុញវិស័យទេសចរណ៍កម្ពុជា។ យ៉ាងណាមិញ សម្រាប់ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា នៅឆ្នាំ២០២២នេះ នឹងមានការរៀបចំលើសពីព្រឹត្តិការណ៍ទេសចរណ៍ នាពេលកន្លងមក ក្រោមប្រធានបទ«ម្ហូបអាហារភេសជ្ជៈ ទេសចរណ៍ និងសម្ភារៈចម្រុះ»។
លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក រំពឹងថានឹងមានទេសចរប្រមាណ៤០ម៉ឺននាក់ ចូលរួមពិព័រណ៍ពាណិជ្ជកម្មកម្ពុជាឆ្នាំ២០២២

គោលបំណងសំខាន់ក្នុងការរៀបចំពិព័រណ៍ពាណិជ្ជកម្មកម្ពុជានេះ ដើម្បីចូលរួមជំរុញវិស័យទេសចរណ៍កម្ពុជា ឲ្យងើបឡើងវិញពីវិបត្តិកូវីដ១៩ ការបង្ហាញពីសក្ដានុពលទេសចរណ៍កម្ពុជា និងចូលរួមលើកស្រួយកអ្នកប្រកបរបរកស៊ីក្នុងវិស័យទេសចរណ៍ ផងដែរ។

លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក បានគូសបញ្ជាក់ថា សមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក នឹងរៀបចំពិព័រណ៍ពាណិជ្ជកម្មកម្ពុជា លើកទី៧ ក្រោមប្រធានបទ«ម្ហូបអាហារភេសជ្ជៈ ទេសចរណ៍ និងសម្ភារៈចម្រុះ» នៅខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២២។ ការរៀបចំព្រឹត្តិការណ៍នេះឡើង គឺដើម្បីចូលរួមជំរុញវិស័យទេសចរណ៍កម្ពុជា ការបង្ហាញសក្ដានុពលទេសចរណ៍កម្ពុជា ទៅកាន់បណ្ដាប្រទេសក្នុងតំបន់ ក៏ដូចជា ជួយលើកកម្ពស់អ្នករកស៊ីក្នុងវិស័យទេសចរណ៍។

ក៏ប៉ុន្តែ បើតាមលោក ធួន ស៊ីណាន ការរៀបចំពិព័រណ៍ពាណិជ្ជកម្មកម្ពុជា លើកទី៧នេះ មិនត្រឹមតែផ្ដោតសំខាន់លើវិស័យទេសចរណ៍ នោះទេ តែក៏ផ្ដោតសំខាន់លើវិស័យ ឧស្សាហកម្មម្ហូបអាហារ និងភេសជ្ជៈ វិស័យកសិកម្ម និងបច្ចេកវិទ្យា និងវិស័យពាណិជ្ជកម្ម ជាដើម។ លើសពីនេះ ព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ ក៏នឹងក្លាយជាឱកាសជំនួបពាណិជ្ជកម្មរវាងភាគីកម្ពុជា និងបណ្ដាក្រុមហ៊ុនចំនួន៧៥ មកពីបណ្ដាប្រទេសនានា ដូចជា បណ្ដាប្រទេសតំបន់អាស៊ាន ប្រទេសឥណ្ឌា និងប្រទេសតួគី ជាដើម ដើម្បីផ្លាស់ប្ដូរពាណិជ្ជកម្ម និងអាជីវកម្ម ក្នុងវិស័យទេសចរណ៍របស់កម្ពុជា។

លោក ធួន ស៊ីណាន បានបញ្ជាក់ទៀតថា នាឱកាសពិព័រណ៍ពាណិជ្ជកម្មកម្ពុជា ឆ្នាំ២០២២ នៅខេត្តព្រះសីហនុ នាពេលខាងមុខនេះ ក៏មានជំនួបពាណិជ្ជកម្មរវាងភាគីកម្ពុជា ថៃ និងវៀតណាម ផងដែរ ដើម្បីជំរុញការធ្វើពាណិជ្ជកម្ម តាមព្រំដែន ពិសេសខេត្តដែលស្ថិតតំបន់មាត់សមុទ្រ តែម្ដង។ អ្នកជំនាញក្នុងវិស័យទេសចរណ៍រូបនេះ បានសង្កត់ធ្ងន់ដែរថា តាមរយៈពិព័រណ៍ពាណិជ្ជកម្មនេះ ក៏ជាឱកាសសម្រាប់កម្ពុជា ដើម្បីទាក់ទាញអ្នកវិនិយោគ ផងដែរ តាមរយៈការរៀបចំឲ្យមានទស្សនៈកិច្ច នៅតាមបណ្ដាខេត្តជាប់មាត់សមុទ្រនានា ដល់បណ្ដាក្រុមហ៊ុនដែលបានចូលរួម ដើម្បីស្វែងយល់បន្ថែមពីសក្ដានុពលរបស់កម្ពុជា ពិសេសក្នុងវិស័យទេសចរណ៍ តែម្ដង។

ដ្បិតថា បច្ចុប្បន្ន ស្ថានភាពឆ្លងរាលដាលជំងឺកូវីដ១៩ នៅកម្ពុជា បានធូរស្បើយ គួបផ្សំការដាក់ចេញនូវវិធានការនានា ដើម្បីជំរុញ និងស្ដារវិស័យទេសចរណ៍ ពីរាជរដ្ឋាភិបាលកម្ពុជា ក៏ពិតមែន តែវិស័យទេសចរណ៍ ហាក់នៅតែមានការងើបឡើងវិញយឺត បើធៀបនឹងវិស័យដទៃផ្សេងៗទៀត។ ខណៈការងើបឡើងវិញនៃវិស័យទេសចរណ៍របស់កម្ពុជា ធៀបនឹងបណ្ដាប្រទេសដទៃក្នុងតំបន់ ក៏នៅមានកម្រិតនៅឡើយ។

ដូច្នេះ អ្នកជំនាញក្នុងវិស័យទេសចរណ៍យល់ថា តាមរយៈការរៀបចំព្រឹត្តិការនានា ទាក់ទងនឹងវិស័យទេសចរណ៍ នឹងជួយលើកកម្ពស់វិស័យទេសចរណ៍ឲ្យកាន់តែប្រសើរ។ លោក ធួន ស៊ីណាន រំពឹងថា ភ្ញៀវទេសចរជាតិ និងអន្តរជាតិប្រមាណ ៣០ម៉ឺន ទៅ៤០ម៉ឺននាក់ នឹងចូលរួម ក្នុងព្រឹត្តិការណ៍ដ៏សំខាន់ មួយនេះ ដែលជាការលើកទឹកចិត្តដល់អ្នករកស៊ីក្នុងអាជីវកម្មទេសចរណ៍៕




អត្ថបទបន្ទាប់


ក្រុមហ៊ុនបច្ចេកវិទ្យាឈីបកូរ៉េខាងត្បូងធំៗ២ នឹងរួចផុតចេញពីបញ្ជីរឹតត្បិតរបស់អាមេរិកចំពោះការនាំចេញទៅកាន់ប្រទេសចិន

ព័ត៌មាន
រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន គ្រោងនឹងគិតគូរជាថ្មីដើម្បីជួយសង្គ្រោះក្រុមហ៊ុនកូរ៉េខាងត្បូងធំៗចំនួនពីរ ខណៈដែលអាមេរិក នឹងដាក់ចេញជាផ្លូវការក្នុ…

មូលនិធិអភិវឌ្ឍន៍សហគ្រិនភាព ប្តេជ្ញាបន្តបេសកកម្មជួយគាំទ្រធុរកិច្ចថ្មី និងសហគ្រាសធុនតូច និងមធ្យម

ព័ត៌មាន
ក្រុមប្រឹក្សាបរធនបាលមូលនិធិអភិវឌ្ឍន៍សហគ្រិនភាព នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីពេលថ្មីៗនេះ បានរៀបចំកិច្ចប្រជុំលើកទី១២ ដើម្បីពិនិត្យវ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ