វិស័យទេសចរណ៍

តើនៅឆ្នាំ២០២៤នេះ កម្ពុជាអាចទទួលបានភ្ញៀវទេសចរអន្តរជាតិដូចទៅនឹងមុនពេលមានវិបត្តិកូវីដ-១៩ ដែរឬទេ?


នៅពេញមួយឆ្នាំ២០២៣នេះ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិ ប្រមាណជាង៥លាននាក់ កើនឡើងជិត១៥០% បើធៀបនឹងឆ្នាំ២០២២ និងថយចុះប្រមាណជិត២០% បើធៀបនឹងមុនមានវិវបត្តិកូវីដ-១៩។ តាមរយៈលទ្ធផលនេះ ក្រសួងទេសចរណ៍រំពឹងថា ចរន្តភ្ញៀវទេសចរអន្តរជាតិ ដែលចូលមកកម្ពុជានៅឆ្នាំ២០២៤នេះ នឹងអាចត្រឡប់ដូចមុនពេលមានកូវីដ-១៩ផងដែរ។
វិស័យទេសចរណ៍
ដោយ

ក្រុមអ្នកជំនាញទេសចរណ៍អះអាងថា ដើម្បីអាចសម្រេចទៅបានតាមការរំពឹងទុកនេះ ក្រសួងស្ថាប័នពាក់ព័ន្ធត្រូវមានផែនការច្បាស់លាស់ក្នុងការទាក់ទាញភ្ញៀវទេសចរ និងត្រូវពង្រឹងគុណភាពសេវាកម្ម និងតម្លៃផលិតផលទេសចរណ៍ឱ្យបានល្អប្រសើរ ជាពិសេសត្រូវផ្តល់នូវសុខសុវត្ថិភាព និងផាសុខភាពដល់ភ្ញៀវទេសចរផងដែរ។

ឯកឧត្តម តុប សុភ័ក្រ អ្នកនាំពាក្យក្រសួងទេសចរណ៍ បានចាត់ទុកស្ថានភាពវិស័យទេសចរណ៍កម្ពុជាបច្ចុប្បន្នកំពុងស្ថិតក្នុងដំណាក់កាលនៃការងើបឡើងវិញ ដ្បិតថា បញ្ហាវិបត្តិសេដ្ឋកិច្ច និងបញ្ហាសង្រ្គាម ដែលនៅបន្តកើតមាននាពេលនេះ បានជះឥទ្ធិពលដល់វិស័យទេសចរណ៍ពិភពលោកនិងកម្ពុជាផងដែរ​។ បើតាមឯកឧត្តម នៅពេញមួយឆ្នាំ២០២៣ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិ ប្រមាណជាង៥លាននាក់កើនឡើងជិត១៥០% បើធៀបនឹងឆ្នាំ២០២២ និងថយចុះប្រមាណជិត២០% បើធៀបនឹងមុនមានវិវបត្តិកូវីដ-១៩។ ទោះជាយ៉ាងណា អ្នកនាំពាក្យរូបនេះរំពឹងថា ចន្តរភ្ញៀវទេសចអន្តរដែលកម្ពុជាទទួលបាននៅក្នុងឆ្នាំ២០២៤នេះ នឹងអាចសម្រេចបានដូចទៅនឹងមុនពេលមានវិបត្តិកូវីដ១៩។

ជុំវិញបញ្ហានេះ លោក ហូ វណ្ឌី ទីប្រឹក្សាសមាគមទេសចរណ៍កម្ពុជា បានគូសបញ្ជាក់ថា ស្ថានភាពភ្ញៀវទេសចរអន្តរជាតិ ដែលចូលមកកម្ពុជានៅក្នុងឆ្នាំ២០២៣ គឺពិតជាមានចំនួនច្រើនជាងឆ្នាំ២០២២ ពិតមែន បើទោះបីភ្ញៀវមួយចំនួនមិនបានចំណាយពេលវេលាច្រើននៅក្នុងកម្ពុជាក្តី។ តែយ៉ាងណា សម្រាប់ប្រតិបត្តិករក្នុងវិស័យទេសចរណ៍មួយចំនួននៅតែមិនទាន់ពេញចិត្តចំពោះស្ថានភាពទេសចរណ៍កម្ពុជាបច្ចុប្បន្ននេះនោះទេ។លោក ហូ វណ្ឌី គូសបញ្ជាក់ថា សម្រាប់ក្តីរំពឹងទទួលបានទេសចរអន្តរជាតិដូចមុនមានវិបត្តិកូវីដ-១៩ នោះ គឺអាចសម្រេចទៅបានលុះត្រាតែ ក្រសួងស្ថានប័នពាក់ព័ន្ធ និងវិស័យឯកជនត្រូវសហការគ្នាក្នុងការរៀបចំផែនការឱ្យបានច្បាស់លាស់ក្នុងការទាក់ទាញភ្ញៀវទេសចរបន្ថែម។ ហើយការពង្រឹងនូវសន្តិសុខសុវត្ថិភាព និងផាសុខភាពជូនដល់ភ្ញៀវទេសចរក៏ជាកត្តាសំខាន់ផងដែរ។ មួយវិញទៀត ដើម្បីធ្វើឱ្យវិស័យទេសចរណ៍កម្ពុជាអាចងើបឡើងវិញបានឆាប់រហ័សនោះ ប្រជាពលរដ្ឋគួរចៀសវាងនូវការផ្សព្វផ្សាយនូវរូបភាពអវិជ្ជមានផ្សេងៗនៅលើបណ្តាញសង្គម។ ហើយតាមរយៈការបង្កើតនូវអាកាសយាន្តដ្ឋានអន្តរជាតិ និងតំបន់ទេសចរណ៍ថ្មីៗជាដើមនោះ អ្នកជំនាញរូបនេះជឿជាក់ថា ក៏ជាឱកាសសម្រាប់ទាក់ទាញភ្ញៀវទេសចរផងដែរ។

ជាមួយគ្នានេះលោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីបាស៊ីហ្វិកកម្ពុជា យល់ឃើញថា ជុំវិញស្ថានភាពវិស័យទេសចរណ៍កម្ពុជា នៅឆ្នាំ២០២៤នេះ នៅតែមិនទាន់អាចវាយតម្លៃបានថា នឹងអាចត្រឡប់ដូចមុនពេលកូវីដ-១៩ វិញឬយ៉ាងណានោះទេ ដ្បិតថា ស្ថានភាពពិភពលោកបច្ចុប្បន្ននៅតែប្រឈមមុខនឹងបញ្ហាជាច្រើនទាក់ទងនឹងបញ្ហាភូមិសាស្រ្តនយោបាយអន្តរជាតិ បញ្ហាសេដ្ឋកិច្ចសកល និងបញ្ហាគ្រោះធម្មជាតិមួយចំនួនទៀតជាដើម។ ​

សូមជម្រាបថា កាលមុនពេលមានវិបត្តិកូវីដ១៩ ពោលគឺនៅពេញមួយឆ្នាំ២០១៩ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួនប្រមាណ៦លាន៦សែននាក់៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អ្នកជំនាញអះអាងថា ជនបរទេសចាប់ផ្ដើមនាំមុខទិញខុនដូឡើងវិញ ជាសញ្ញាល្អសម្រាប់វិស័យខុនដូរនៅកម្ពុជា

ព័ត៌មាន
អ្នកជំនាញកត់សម្គាល់ឃើញថា មកទល់ពេលនេះស្ថានភាពទីផ្សារទិញលក់ខុនដូរនៅកម្ពុជា មានសញ្ញាល្អឡើងវិញខ្លះៗហើយ ដោយសារវិនិយោគិនបរទេស បានចាប់ផ្ដើមន…

អ្នកនាំចេញក្នុងតំបន់កាន់តែបារម្ភពីស្ថានភាពចលាចលនៅសមុទ្រក្រហម ដែលជាច្រកកប៉ាល់កុងតឺន័រដ៏សំខាន់

ព័ត៌មាន
ស្ថានការណ៍វិវត្តន៍ចុងក្រោយនៅសមុទ្រក្រហម បាននិងកំពុងបង្កក្តីបារម្ភកាន់តែខ្លាំងក្នុងចំណោមក្រុមហ៊ុនដឹកជញ្ជូន និងក្រុមហ៊ុននាំចេញក្នុងតំបន់ ដោយ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ