ឧស្សាហកម្មរោងចក្រ

សកម្មភាពរោងចក្រនៅអាស៊ីនៅតែបន្តស្ថិតក្រោមសម្ពាធនៃការធ្លាក់ចុះតម្រូវការ ខណៈនៅចិនមានកំណើនគួរឱ្យភ្ញាក់ផ្អើល


ក្រុមហ៊ុនផលិតនៅអាស៊ីត្រូវបានរាយការណ៍កាលពីថ្ងៃអង្គាថា នៅតែស្ថិតក្រោមសម្ពាធក្នុងខែធ្នូ ដោយសារសកម្មភាពកំណើនបន្តធ្លាក់ចុះក្រោមទម្ងន់នៃការថយចុះតម្រូវការសកល។ យ៉ាងណាការស្ទង់មតិមួយបានបង្ហាញកាលពីថ្ងៃសុក្រថា រោងចក្ររបស់ប្រទេសចិនវិញ បានពង្រីកសកម្មភាពគួរឱ្យភ្ញាក់ផ្អើលនៅក្នុងខែវិច្ឆិកា កន្លងទៅ ដោយសារតែការកើនឡើងនៃការបញ្ជាទិញ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន Bloomberg។
ឧស្សាហកម្មរោងចក្រ
ដោយ

សម្រាប់តំបន់អាស៊ី យោងតាមទិន្នន័យ សន្ទស្សន៍អ្នកគ្រប់គ្រងការទិញជាច្រើននៅក្នុងតំបន់នេះបានបង្ហាញពីភាពអវិជ្ជមានទូទាំងតំបន់។ បើតាមទិន្នន័យសន្ទស្សន៍ការបញ្ជាទិញពីក្រុមហ៊ុនទីផ្សារ S&P Global បង្ហាញថា វៀតណាមបានធ្លាក់ចុះផលិតកម្មដល់៤៦,៤% ពី៤៧,៤% ក្នុងខែវិច្ឆិកានេះ ដែលជាការធ្លាក់ចុះទាបបំផុតគិតពីឆ្នាំ២០២១។ យោងតាមលោក Andrew Harker នាយកផ្នែកសេដ្ឋកិច្ចនៅ S&P Global បានឱ្យដឹងថា ការបញ្ជាទិញថ្មីសម្រាប់វៀតណាមក៏បានកត់ត្រានូវអត្រាធ្លាក់ចុះដ៏អាក្រក់បំផុតចាប់តាំងពីខែកញ្ញាឆ្នាំ២០២១ដែរ។ វិស័យផលិតកម្មរបស់ប្រទេសនេះ ងាយរងគ្រោះនឹងការធ្លាក់ចុះនៃការបញ្ជាទិញនៅក្នុងទីផ្សារសំខាន់ៗដូចជាប្រទេសចិន អឺរ៉ុប និងសហរដ្ឋអាមេរិក។

យ៉ាងណាក៏ដោយ ទិន្នន័យទីផ្សារ S&P Global ក៏បានបង្ហាញពីការធ្លាក់ចុះនៃវិស័យផលិតកម្មរបស់ម៉ាឡេស៊ីដែរ ពី៤៧,៩% មកត្រឹម៤៧,៨%ក្នុងខែធ្នូនេះ ដែលជាការធ្លាក់ចុះទាបបំផុតចាប់តាំងពីខែសីហាឆ្នាំ២០២១។ ដោយឡែក ទិន្នន័យផលិតកម្មរបស់តៃវ៉ាន់បានបង្ហាញពីការកើនឡើងបន្តិច ដោយពី៤១,៦%កាលពីខែមុន ដល់៤៤,៦%ក្នុងខែធ្នូនេះ ដែលបង្ហាញពីការបន្ធូរបន្ថយមួយចំនួននៃការធ្លាក់ចុះដែលកំពុងបន្ត។ ទោះជាយ៉ាងនេះក្តី សន្ទស្សន៍នេះនៅតែធ្លាក់ចុះក្នុងរយៈពេលប្រាំពីរខែជាប់គ្នា។ បើតាមអ្នកស្រី Annabel Fiddes នាយករងផ្នែកសេដ្ឋកិច្ចនៅ S&P Global បាននិយាយថា នេះគឺដោយសារតម្រូវការធ្លាក់ចុះទាំងក្នុងនិងក្រៅប្រទេស ដោយក្រុមហ៊ុនទាំងនោះបានបង្ហាញពីការកាត់បន្ថយតម្រូវនៅទូទាំងអឺរ៉ុប ចិនដីគោក និងសហរដ្ឋអាមេរិក។

ស្របពេលជាមួយគ្នានេះ បើតាមទិន្នន័យសន្ទស្សន៍ចេញកាលពីថ្ងៃអង្គារនោះ ហ្វីលីពីនគឺជាប្រទេសលេចធ្លោមួយ ដែលបានបង្ហាញសកម្មភាពផលិតកម្មកើនឡើងដល់៥៣,១% ពី៥២,៧% ដែលជាការកើនឡើងខ្ពស់បំផុតចាប់តាំងពីខែមិថុនា ឆ្នាំមុន។ វិស័យផលិតកម្មក្នុងប្រទេសនេះ បានងើបឡើងវិញក្រោយកូវីដ១៩ ឆ្នាំមុន ដោយសារតែតម្រូវការកើនឡើង។ នេះបើតាមការបញ្ជាក់ដោយអ្នកស្រី Maryam Baluch សេដ្ឋវិទូនៅក្រុមហ៊ុន S&P ដោយថា បញ្ហាប្រឈមគឺនៅតែមានសម្រាប់វិស័យផលិតកម្មនេះ ដូចជាការរំខានដល់ខ្សែច្រវាក់ផ្គត់ផ្គង់ និងសម្ពាធអតិផរណា ហើយវាក៏អាចនឹងគំរាមកំហែងដល់ការរំពឹងទុកកំណើននៅឆ្នាំ២០២៣ របស់ហ្វីលីពីនដែរ។

ទន្ទឹមគ្នានេះ ប្រទេសចិនឯណោះវិញ បើតាមការស្ទង់មតិរបស់កាសែតក្នុងស្រុក Caixin រួមជាមួយទិន្នន័យរបស់ S&P Global បង្ហាញថា វិស័យផលិតកម្មរបស់ចិនហក់ឡើងគួរឱ្យកត់សម្គាល់ដល់៥០,៧% ក្នុងខែវិច្ឆិកា ធៀបនឹង៤៩,៥% កាលពីខែតុលា។ តួរលេខនេះ គឺជាការកើនឡើងលឿនបំផុតក្នុងរយៈពេលបីខែ និងលើសពីការព្យាកររបស់អ្នកវិភាគកាលពីពេលកន្លងទៅ។ បើតាមសេដ្ឋវិទូខ្លះនៅធនាគារ HSBC បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា សេដ្ឋកិច្ចរបស់ចិនកំពុងដំណើរការក្នុងល្បឿនផ្សេង​ៗគ្នានៅទូទាំងវិស័យឧស្សាហកម្ម ហើយគោលជំហរគោលនយោបាយចិននៅតែសកម្មក្នុងការជួយរក្សាសន្ទុះកំណើនទាំងមូលនៅក្នុងត្រីមាសខាងមុខនេះ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ទិន្នផលស្រូវនៅតំបន់អាស៊ី អាចប្រឈមហានិភ័យដោយសារបញ្ហាអាកាសធាតុនៅឆ្នាំក្រោយ

ព័ត៌មាន
ផលិតកម្មស្រូវនៅក្រៅរដូវកាលនៅក្នុងតំបន់អាស៊ីនឹងរងផលប៉ះពាល់ដោយសារលក្ខខណ្ឌមិនអំណោយផលមួយចំនួនដូចជាផ្ទៃដីដាំស្រូវស្ងួតហែង និងអាងស្តុកទឹករួម…

កម្ពុជា-វៀតណាម ដាក់ឱ្យប្រើប្រាស់ជាផ្លូវការការទូទាត់តាម QR Code ឆ្លងដែន ដើម្បីជំរុញបរិយាបន្នហិរញ្ញវត្ថុក្នុងតំបន់

ព័ត៌មាន
ធនាគារជាតិ នៃកម្ពុជា និង ធនាគាររដ្ឋវៀតណាម បានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវប្រព័ន្ធទូទាត់តាម QR Code ឆ្លងដែនរវាងព្រះរាជាណាចក្រកម្ពុ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ