ការទូទាត់ឆ្លងដែន

កម្ពុជា-វៀតណាម ដាក់ឱ្យប្រើប្រាស់ជាផ្លូវការការទូទាត់តាម QR Code ឆ្លងដែន ដើម្បីជំរុញបរិយាបន្នហិរញ្ញវត្ថុក្នុងតំបន់


ធនាគារជាតិ នៃកម្ពុជា និង ធនាគាររដ្ឋវៀតណាម បានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវប្រព័ន្ធទូទាត់តាម QR Code ឆ្លងដែនរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម ដើម្បីសម្រួលដល់ការទូទាត់ថ្លៃទំនិញ និងសេវាកម្មផ្សេងៗ និងលើកកម្ពស់ការទូទាត់រូបិយវត្ថុជាតិ (ប្រាក់រៀល) ឱ្យកាន់តែទូលំទូលាយ និងជំរុញបរិយាបន្នហិរញ្ញវត្ថុនៅក្នុងតំបន់ស្របតាមសមាហរណកម្មសហគមន៍សេដ្ឋកិច្ចអាស៊ាន។
កម្ពុជា-វៀតណាម ដាក់ឱ្យប្រើប្រាស់ជាផ្លូវការការទូទាត់តាម QR Code ឆ្លងដែន ដើម្បីជំរុញបរិយាបន្នហិរញ្ញវត្ថុក្នុងតំបន់

បណ្ឌិត អុិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា​ ភីអិលស៊ី បានមានប្រសាសន៍ថា “បន្ទាប់ពីការដាក់ឱ្យ​ប្រើប្រាស់ការទូទាត់​ឆ្លងដែនតាមឃ្យូអរកូតជាមួយ​នឹងព្រះរាជាណាចក្រថៃបានជោគជ័យ ធនាគារ អេស៊ីលីដា បានបន្តពង្រីកបន្ថែម​នូវប្រព័ន្ធទូទាត់ឆ្លងដែនតាម QR Code នេះ ជាមួយនឹង​ប្រទេសសមាជិក​អាស៊ាន​ចំនួន ​២ បន្ថែមទៀត រួមមាន​ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងសាធារណរដ្ឋសង្គម​និយម​វៀតណាម ​បន្ទាប់ពីមានការអនុញ្ញាត​ពីធនាគារជាតិ​ នៃ កម្ពុជា។ ជាមួយនឹងប្រតិបត្តិការទូទាត់ឆ្លងដែន រវាងសាធារណរដ្ឋសង្គមនិយមវៀតណាម និងព្រះរាជាណាចក្រកម្ពុជា ធនាគារ អេស៊ីលីដា និង ធនាគារ Bank for Investment and Development of Vietnam (BIDV) ត្រូវបានជ្រើសរើស ជាធនាគារទំនាក់ទំនង (Sponsoring Bank) សម្រាប់ការទូទាត់ឆ្លងដែនតាមឃ្យូអរកូត (QR Code) នៅប្រទេសកម្ពុជា និងវៀតណាម ក្នុងគោលដៅ​លើកកម្ពស់​ការទូទាត់ប្រាក់រៀលឱ្យកាន់តែទូលំទូលាយក្នុងថ្នាក់តំបន់​ និងដើម្បីជំរុញបរិយាបន្នហិរញ្ញវត្ថុ ស្របតាម​សមាហរណកម្មសហគមន៍សេដ្ឋកិច្ចអាស៊ាន។ លោកបណ្ឌិត បានបន្ថែមទៀតថា ឥឡូវនេះកម្ពុជា និងវៀតណាម ​រីករាយជាមួយនឹងការទូទាត់ប្រាក់តាម QR code បានយ៉ាងងាយស្រួល រហ័ស និងមានសុវត្ថិភាព។

អតិថិជនរបស់ធនាគារនៅប្រទេសកម្ពុជា ដែលមានគណនីប្រាក់រៀល ហើយធ្វើដំណើរទៅប្រទេសវៀតណាម អាចទូទាត់ថ្លៃទំនិញ ឬសេវាកម្មផ្សេងៗ ដោយប្រើកម្មវិធីធនាគារចល័តតាមរយៈទូស័ព្ទរបស់ធនាគារកម្ពុជាណាមួយ ឬតាមប្រព័ន្ធបាគង ដោយគ្រាន់តែចុចលើមុខងារ ស្កែនឃ្យូអរ​ (QR) ហើយធ្វើការស្កែន វៀត ឃ្យូអរកូត (Viet QR Code) របស់អាជីវករវៀតណាម។ ដូចគ្នានេះផងដែរ អតិថិជនរបស់ធនាគារនៅប្រទេសវៀតណាម​ដែលធ្វើដំណើរ​មកកាន់ប្រទេសកម្ពុជា​ក៏អាចទូទាត់ថ្លៃទំនិញ ឬសេវាកម្មផ្សេងៗ​ តាមរយៈ ខេអេចឃ្យូអរ ( KHQR ) ដោយបើក​កម្មវិធីធនាគារចល័ត តាមរយៈទូរស័ព្ទរបស់ធនាគារវៀតណាមណាមួយ ហើយស្កែនខេអេចឃ្យូអរ (KHQR) របស់អាជីវករនៅកម្ពុជា។”

សូមបញ្ជាក់ថា គិតត្រឹមដំណាច់ ខែកញ្ញា ឆ្នាំ២០២៣នេះ ធនាគារ អេស៊ីលីដា ភីអិលស៊ី មានទ្រព្យសកម្ម​សរុបចំនួនជាង ៩,៤០ ពាន់លានដុល្លារអាមេរិក សមតុល្យឥណទានសរុបចំនួន ៦,៥៧ពាន់លានដុល្លារអាមេរិក និងប្រាក់បញ្ញើសន្សំសរុបចំនួន ៦,៩២ ពាន់លានដុល្លារអាមេរិក និងមានអតិថិជនប្រមាណជាង ៤,៤៣ លាននាក់។ ធនាគារ អេស៊ីលីដា មានចំនួនអ្នកប្រើប្រាស់ អេស៊ីលីដាម៉ូបាល ៣,១៣លាននាក់ និងមានដៃគូអាជីវកម្ម ចំនួន ៣១១.១៦៦អាជីវកម្ម៕




អត្ថបទបន្ទាប់


សកម្មភាពរោងចក្រនៅអាស៊ីនៅតែបន្តស្ថិតក្រោមសម្ពាធនៃការធ្លាក់ចុះតម្រូវការ ខណៈនៅចិនមានកំណើនគួរឱ្យភ្ញាក់ផ្អើល

ព័ត៌មាន
ក្រុមហ៊ុនផលិតនៅអាស៊ីត្រូវបានរាយការណ៍កាលពីថ្ងៃអង្គាថា នៅតែស្ថិតក្រោមសម្ពាធក្នុងខែធ្នូ ដោយសារសកម្មភាពកំណើនបន្តធ្លាក់ចុះក្រោមទម្ងន់នៃការថយចុះ…

អ្នកជំនាញរំពឹងវេទិកាធុរកិច្ចកម្ពុជា-អូស្រ្តាលី ជួយជំរុញការវិនិយោគ និងពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែល្អប្រសើរ

ព័ត៌មាន
សភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មរដ្ឋវិថូរៀ គ្រោងនឹងរៀបចំវេទិកាធុរកិច្ចកម្ពុជា-អូស្រ្តាលី ក្នុងអំឡុងកិច្ចកំពូលអាស៊ាន-អូស្រ្តាលី នៅទីក្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ