រោងចក្រវេចខ្ចប់វ៉ាក់សាំងកូវីដ១៩នៅកម្ពុជា

កម្ពុជាឈានដល់ការចុះMOUជាមួយចិន ដើម្បីបង្កើតរោងចក្រវេចខ្ចប់វ៉ាក់សាំងកូវីដ១៩នៅកម្ពុជា


ក្រោយពីមានបទបញ្ជាយ៉ាងម៉ឺងម៉ាត់ ពីសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យពន្លឿនការងារបង្កើតរោងចក្រផលិតវ៉ាក់សាំងកូវីដ១៩នៅកម្ពុជារួចមក នៅទីបំផុតភាគីកម្ពុជានិងចិន បានសម្រេចចុះអនុស្សរណៈនៃការយោគយល់ជាមួយគ្នា(MOU) ដើម្បីបង្កើតរោងចក្រវេចខ្ចប់វ៉ាក់សាំងបង្ការវីរុសកូវីដ-១៩ និងជំងឺឆ្លងផ្សេងៗទៀត នៅក្នុងប្រទេសកម្ពុជាហើយ។
កម្ពុជានិងចិន បានសម្រេចចុះអនុស្សរណៈនៃការយោគយល់ជាមួយគ្នា(MOU) ដើម្បីបង្កើតរោងចក្រវេចខ្ចប់វ៉ាក់សាំងបង្ការវីរុសកូវីដ-១៩ នាថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២២ រូបភាព៖ ក្រសួងសុខាភិបាល

ការចុះអនុស្សរណៈនៃការយោគយល់គ្នានេះ បានធ្វើឡើងនាថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២២ក្រោមអធិបតីភាពរបស់ ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតវិសាមញ្ញានិងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា។

ដ្បិតថា សព្វថ្ងៃស្ថានភាពនៃការរាតត្បាតជំងឺកូវីដ១៩ នៅកម្ពុជា បានធូរស្បើយខ្លាំង ក៏ពិតមែន តែសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅតែបន្តជំរុញឲ្យប្រជាពលរដ្ឋកម្ពុជា ចាក់វ៉ាក់សាំងដូសជំរុញឲ្យបានគ្រប់ៗគ្នា ដើម្បីឲ្យមានភាពស៊ាំក្នុងសហគមន៍ និងទប់ស្កាត់ការឆ្លងរាលដាលជាថ្មីម្ដងទៀត ពិសេសសម្ដេចជំរុញឲ្យពន្លឿន​ការបង្កើតរោងចក្រវេចខ្ចប់វ៉ាក់សាំងកូវីដ១៩នៅកម្ពុជាផងដែរ។

ទន្ទឹមនឹងការជំរុញឲ្យប្រជាពលរដ្ឋទៅចាក់វ៉ាក់សាំងដូសជំរុញ សម្ដេចតេជោ ក៏បានបញ្ជាក់ផងដែរថា អំពីការចុះហត្ថលេខារវាងរាជរដ្ឋាភិបាលកម្ពុជា និងរាជរដ្ឋាភិបាលចិន ដើម្បីទិញវ៉ាកសាំងដើម្បីវេចខ្ចប់ក្នុងប្រទេសកម្ពុជា ជាង១០៤លានដូសបន្ថែម ដើម្បីត្រៀមសម្រាប់ចាក់ជូនប្រជាពលរដ្ឋរយៈពេល ៣ឆ្នាំ គឺចាប់ពី ឆ្នាំ២០២៤-២០២៦។

ដោយឡែក សម្រាប់ឆ្នាំ២០២២ និងឆ្នាំ២០២៣ សម្ដេច ហ៊ុន សែន ក៏បានគូសបញ្ជាក់ដែរថា កម្ពុជា នៅតែបន្តប្រើប្រាស់វ៉ាក់សាំងដែលមានស្រាប់នៅក្នុងឃ្លាំងសរុបប្រមាណជាង២០លានដូស តាមរយៈការបញ្ជាទិញនិងជំនួយពីប្រទេសដទៃ។ ក្នុងនោះ វ៉ាក់សាំងមួយចំនួនដែលមិនទាន់ដឹកមកកម្ពុជា មានដូចជា សាធារណៈរដ្ឋប្រជាមានិតចិន ជាង១៥លានដូស,ប្រទេសសហរដ្ឋអាមេរិក ជាង៥លាន៥សែនដូស,ប្រទេសអូស្ត្រាលី ៥០ម៉ឺនដូស។ សម្ដេចបានបញ្ជាក់បន្ថែមថា សម្រាប់ចំនួនវ៉ាក់សាំងដែលមានស្រាប់នេះ គឺអាចឲ្យកម្ពុជា មានលទ្ធភាពគ្រប់គ្រាន់ក្នុងការផ្ដល់វ៉ាក់សាំងជូនពលរដ្ឋកម្ពុជា សម្រាប់ឆ្នាំ២០២២ និងឆ្នាំ២០២៣។

សូមបញ្ជាក់ថា​ គិតត្រឹមថ្ងៃទី២ មិថុនា ឆ្នាំ២០២២ កម្ពុជា មានអ្នកឆ្លងកូវីដ១៩ សរុបជង១៣ម៉ឺននាក់ និងមានអ្នកស្លាប់ដោយសារកូវីដ១៩ ប្រមាណ៣ពាន់នាក់។ ខណៈចំនួនប្រជាពលរដ្ឋដែលបានចាក់វ៉ាក់សាំងបង្ការកូវីដ១៩គ្រប់ដូសវិញ មានចំនួនជាង១៥លាននាក់ ស្មើនឹង៩៤%នៃប្រជាជនសរុប១៦លាននាក់។ ដោយឡែក បច្ចុប្បន្ន នារយៈចុងក្រោយនេះ កម្ពុជា បានទទួលនូវភាពជោគជ័យក្នុងការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ និងបានបើកសង្គម និងសេដ្ឋកិច្ច កម្ពុជា ជាធម្មតាឡើងវិញផងដែរ។ ជាកស្ដែងរយៈពេលជិត១ខែ មកហើយ ដែលកម្ពុជា គ្មានករណីឆ្លងកូវីដ១៩ថ្មីនោះទេ។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាលកម្ពុជា៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


Vietnam Airline លក់ភាគហ៊ុន៣៥%នៅ Cambodia Angkor Airទៅឲ្យក្រុមហ៊ុនចិនមួយក្នុងតម្លៃ៣៥លានដុល្លារ

ព័ត៌មាន
ថ្នាក់ដឹកនាំក្រុមហ៊ុនអាកាសខេមបូឌាអង្គរអ៊ែរ បានអះអាងប្រាប់ខេមបូណូមីសថា ក្រុមហ៊ុនអាកាសចរណ៍ Vietnam Airline បានសម្រេចចិត្តលក់ភាគហ៊ុនទា…

វិបត្តិខ្វះប្រេងនៅឡាវ៖ ពលរដ្ឋថៃ និងឡាវជាច្រើន ឆ្លងដែនទៅមក ដើម្បីជួញដូរ រត់ពន្ធប្រេងឥន្ធៈតាមច្រកព្រំដែន

ព័ត៌មាន
ប្រជាជនឡាវប្រហែលជាង ២០០០នាក់ បានធ្វើដំណើរទៅកាន់ខេត្ត ណងខែ(Nong Khai)របស់ប្រទេសថៃជារៀងរាល់ថ្ងៃ បន្ទាប់ពីច្រកព្រំដែនថៃ-ឡាវមួយនេះ បានបើក…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ