វិបត្តិហិរញ្ញវត្ថុ

ស្រីលង្កា និងបង់ក្លាដែស ទទួលបានថវិកាសង្គ្រោះស្រោចស្រង់សេដ្ឋកិច្ចជាង១ពាន់លានដុល្លារ ពី IMF


មូលនិធិរូបិយវត្ថុអន្តរជាតិ(IMF)បាននិយាយថា ក្រុមប្រឹក្សាប្រតិបត្តិរបស់ខ្លួននៅថ្ងៃទី១២ ខែធ្នូ បានពិនិត្យមើលឡើងវិញរួចហើយនូវកញ្ចប់ថវិកាសង្គ្រោះចំនួន៤ពាន់៧រយលានដុល្លាររបស់ប្រទេសបង់ក្លាដែស ហើយបានសម្រេចផ្តល់មូលនិធិជិត៦៩០លានដុល្លារនៃកញ្ចប់ថវិកាសង្គ្រោះនេះជួយដល់ប្រទេសនេះ។ សកម្មភាពដូចគ្នានេះដែរ មូលនិធិរូបិយវត្ថុអន្តរជាតិ បានសម្រេចដកមូលនិធិប្រហែល៣៣៧លានដុល្លារ ពីកញ្ចប់ថវិកាសង្គ្រោះប្រហែល៣ពាន់លានដុល្លារ ជួយដល់ប្រទេសស្រីលង្កា។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
វិបត្តិហិរញ្ញវត្ថុ
ដោយ

មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានផ្តល់ឱ្យប្រទេសបង់ក្លាដែសនូវលទ្ធភាពទទួលបានមូលនិធិភ្លាមៗជាង៤៦៨លានដុល្លារ ហើយថែមទាំងអាចទទួលបានមូលនិធិជាង២២១លានដុល្លារនៅក្នុងការគាំទ្រដល់របៀបវារៈបម្រែបម្រួលអាកាសធាតុរបស់ប្រទេសនេះផងដែរ។

មូលនិធិ IMF បាននិយាយថា ប្រទេសបង់ក្លាដែស គួរតែរឹតបន្តឹងគោលនយោបាយរូបិយវត្ថុរបស់ខ្លួន ដើម្បីស្តារស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចរយៈពេលខ្លី ដែលគាំទ្រពីគោលនយោបាយសារពើពន្ធអព្យាក្រឹត និងភាពបត់បែននៃអត្រាប្តូរប្រាក់កាន់តែច្រើន។

លោកស្រី Antoinette Sayeh នាយិកាគ្រប់គ្រងរងរបស់មូលនិធិ IMF បាននិយាយថា សេដ្ឋកិច្ចរបស់ប្រទេសបង់ក្លាដែស កំពុងកំណត់ទិសដៅនៃបញ្ហាប្រឈមសេដ្ឋកិច្ចពហុវិស័យ ហើយបើទោះជាមានបរិយាកាសខាងក្រៅដ៏លំបាកយ៉ាងណាក៏ដោយ ក៏ការអនុវត្តកម្មវិធីសេដ្ឋកិច្ចកំពុងតែប្រព្រឹត្តទៅដោយទូលំទូលាយ ហើយថា គោលនយោបាយរយៈពេលខ្លី ឬជិត គួរតែបន្តផ្ដោតទៅលើការទប់កម្រិតអតិផរណា កុំឱ្យកើនខ្ពស់ថែមទៀត។

មូលនិធិ IMF បានព្យាករពីកំណើន GDP ពិតប្រាកដក្នុងអត្រា៦%ក្នុងឆ្នាំ២០២៤សម្រាប់បង់ក្លាដែស ហើយរំពឹងថា អតិផរណានឹងស្ថិតក្នុងកម្រិតមធ្យមដល់ជាង៧% នៅឆ្នាំនេះរហូតដល់ចុងឆ្នាំ២០២៤។

ទន្ទឹមនឹងនេះ មូលនិធិ IMF បាននិយាយថា ក្រុមប្រឹក្សាប្រតិបត្តិរបស់ខ្លួនបានពិនិត្យមើលឡើងវិញលើកដំបូងរួចហើយចំពោះថវិកាសង្គ្រោះប្រហែល៣ពាន់លានដុល្លាររបស់ស្រីលង្កា ហើយបានសម្រេចផ្តល់មូលនិធិប្រហែល៣៣៧លានដុល្លារ ដើម្បីជួយដោះស្រាយវិបត្តិហិរញ្ញវត្ថុដ៏អាក្រក់បំផុតរបស់ប្រទេសនេះក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះ។ បើតាមមូលនិធិ IMF មកទល់ពេលនេះមូលនិធិ IMF បានបញ្ចេញថវិកាសង្គ្រោះប្រហែល៦៧០លានដុល្លារហើយដល់ប្រទេសកោះអាស៊ីខាងត្បូងមួយនេះ។

លោក Kenji Okamura នាយករងផ្នែកគ្រប់គ្រងរបស់មូលនិធិ IMF បាននិយាយថា ការបញ្ចប់ដ៏រហ័ស និងការហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយនឹងម្ចាស់បំណុលផ្លូវការ គឺសំខាន់ខ្លាំងណាស់ ហើយការអនុវត្តទាន់ពេលវេលានូវកិច្ចព្រមព្រៀងគួបផ្សំនឹងការឈានដល់ដំណោះស្រាយជាមួយនឹងម្ចាស់បំណុលឯកជនខាងក្រៅក្នុងលក្ខខណ្ឌប្រៀបធៀបមួយចំនួនគួរតែអាចជួយស្ដារឡើងវិញនូវនិរន្តរភាពបំណុលរបស់ស្រីលង្កា ក្នុងរយៈពេលមធ្យមបានហើយ។

ទោះជាយ៉ាងណា សេដ្ឋកិច្ចរបស់ស្រីលង្កា បានចាប់ផ្តើមមានស្ថិរភាពហើយ បន្ទាប់ពីស្រីលង្កាទទួលបានជំនួយសង្គ្រោះពីអ្នកផ្តល់ប្រាក់កម្ចីសកលកាលពីខែមីនា ហើយប្រទេសនេះ ក៏បានឈានដល់កិច្ចព្រមព្រៀងកម្រិតបុគ្គលិកលើការពិនិត្យមើលឡើងវិញលើកដំបូងរបស់ខ្លួនកាលពីខែតុលា ប៉ុន្តែត្រូវរង់ចាំការយល់ព្រមពីក្រុមប្រឹក្សាភិបាលរហូតទាល់តែកិច្ចព្រមព្រៀងមួយត្រូវបានសម្រេចជាមួយនឹងម្ចាស់បំណុលទ្វេភាគី ដើម្បីរៀបចំរចនាសម្ព័ន្ធផ្នែកបំណុលបរទេសរបស់ខ្លួន។ សភារបស់ប្រទេសស្រីលង្កាបានអនុម័តការដំឡើងពន្ធលើតម្លៃបន្ថែមពី១៥%ដល់១៨% កាលពីថ្ងៃចន្ទ ដើម្បីបំពេញតាមគោលដៅចំណូលដែលបានកំណត់ក្រោមកម្មវិធីរបស់មូលនិធិ IMF៕

អត្ថបទ៖ សុខ ជា

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


គម្រោងដំឡើងប្រាក់ឈ្នួលអប្បបរមានៅថៃនៅតែប្រទាំងប្រទើស ទោះគណរដ្ឋមន្រ្តីទទូចឱ្យមានការដំឡើង

ព័ត៌មាន
ទោះបីជាគណៈរដ្ឋមន្រ្តីថៃ បានដុតដៃដុតជើងជំរុញឲ្យគ្រប់ភាគីគិតគូអំពីការដំឡើងប្រាក់ឈ្នួលអប្បបរមាប្រចាំថ្ងៃក៏ដោយ ក៏នៅពេលនេះការចរចារនៅក្នុងចំណ…

កម្ពុជារួមជាមួយ១៥៣ប្រទេសស្នើឱ្យមានបទឈប់បាញ់ជាបន្ទាន់នៅហ្គាហ្សា ខណៈអ៊ីស្រាអែលទទួលបានការព្រមានពីលោក ចូ បៃដិន

ព័ត៌មាន
អង្គការសហប្រជាជាតិ កាលពីថ្ងៃអង្គារ បានទាមទារឱ្យមានបទឈប់បាញ់មនុស្សធម៌ជាបន្ទាន់នៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប ក្រោយទទួលបានសំឡេងគាំទ្រពីប្រទេស១៥៣…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ