រំហូរទុនវិនិយោគផ្ទាល់ពីបរទេសចូលហ្វីលីពីន

រំហូរទុនវិនិយោគផ្ទាល់ពីបរទេសចូលហ្វីលីពីនធ្លាក់ចុះជិត២០% នៅត្រីមាសទី១ ឆ្នាំនេះ


សិ្ថតិបានបង្ហាញថា រំហូរទុនវិនិយោគដោយផ្ទាល់ពីបរទេសចូលប្រទេសហ្វីលីពីននៅក្នុងត្រីមាសទី១នៃឆ្នាំ២០២៣ បានធ្លាក់ចុះពីជាង២ពាន់៥រយលានដុល្លារ មកនៅត្រឹមជាង២ពាន់លានដុល្លារប៉ុណ្ណោះ។ ទោះបីជាយ៉ាងណាក៏អ្នកសេដ្ឋកិច្ចនៅក្នុងប្រទេសដែលមានប្រជាពលរដ្ឋជាង ១០០ លាននាក់នេះ នៅតែមានសុទិដ្ឋិនិយម។ នេះបើតាមសេចក្តីរាយការណ៍ របស់សារព័ត៌មាន Business Mirror ។
ទុនវិនិយោគពីបរទេសរបស់ហ្វីលីពីននៅត្រីមាសទី១ធ្លាក់មកនៅជាង២ពាន់លានដុល្លារ

ធនាគារកណ្តាលហ្វីលីពីនបានអះអាងកាលពីដើមសប្តាហ៍កន្លងទៅនេះថា ការវិនិយោគផ្ទាល់ពីបរទេសនៅក្នុងប្រទេសនេះអំឡុងត្រីមាសទី១ បានធ្លាក់ចុះជិត១ភាគ៥ ពោលគឺធ្លាក់ចុះពីជាង២ពាន់៥រយលានដុល្លារ មកនៅត្រឹមជាង២ពាន់លានដុល្លារប៉ុណ្ណោះ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ស្ថិតិបានបង្ហាញថា ក្នុងខែមីនាតែមួយ ការវិនិយោគផ្ទាល់ពីបរទេសមកកាន់ប្រទេសហ្វីលីពីនបានធ្លាក់ចុះជិត៣១ភាគរយ ដោយទំហំទុនវិនិយោគស្រុតពីជិត៨០០លានដុល្លារមកនៅត្រឹមតែជាង ៥០០លានដុល្លារ។

ធនាគារកណ្តាលហ្វីលីពីនបានពន្យល់ថា ការធ្លាក់ចុះរំហូរទុនវិនិយោគផ្ទាល់ពីបរទេសប្រហែល៥រយលានដុល្លារក្នុងត្រីមាសទី១ឆ្នាំនេះ គឺបណ្តាលមកពីការព្រួយបារម្ភរបស់អ្នកវិនិយោគកំណើនខ្សោយនៃសេដ្ឋកិច្ចពិភពលោក។ ស្ថាប័ននេះឱ្យដឹងថា ការបោះទុនរបស់ក្រុមហ៊ុននៅក្នុងខែមីនា នៅប្រទេសហ្វីលីពិន គឺភាគច្រើនមកពីប្រទេសសិង្ហបុរី ជប៉ុន និងសហរដ្ឋអាមេរិក ហើយផ្ដោតលើវិស័យឧស្សហកម្ម, ព័ត៌មាននិងគមនាគមន៍ ព្រមទាំងអចលនទ្រព្យ។

ដោយឡែក លោក ម៉ាយឃើល រីកាហ្វត (Michael L. Ricafort) ប្រធានក្រុមអ្នកសេដ្ឋកិច្ចរបស់ធនាគារ Rizal Commercial Banking Corp បានកត់សម្គាល់ថា កម្រិតប្រែប្រួលនៃទីផ្សារវិនិយោគបានកើនឡើងក្នុងត្រីមាសទី១ ដោយសារភាពមិនច្បាស់លាស់ដែលបណ្តាលមកពីការដួលរលំធនាគារនៅសហរដ្ឋអាមេរិក។ ប៉ុន្តែលោក រីកាហ្វត បានបង្ហាញអំពីសុទិដ្ឋិនិយមចំពោះការចូលរួមរបស់ហ្វីលីពីននៅក្នុងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ ហៅកាត់ថា អាសិប/RCEP។

លោក រីកាហ្វត បានអះអាងថា អាសិប ដែលចូលជាធរមានសម្រាប់ប្រទេសហ្វីលីពីនកាលពីថ្ងៃទី ២ ខែមិថុនាកន្លងទៅ នឹងជួយឱ្យហ្វីលីពីនទាក់ទាញរំហូរទុនវិនិយោគផ្ទាល់ពីបរទេសបន្ថែមទៀត។ លោកបានបន្ថែមថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនឹងជំរុញកេរ្តិ៍ឈ្មោះរបស់ប្រទេសហ្វីលីពីនក្នុងនាមជា"ច្រកចូលទៅកាន់ទីផ្សារនាំចេញដែលធំជាងសម្រាប់បណ្តាសមាជិក RCEP ផ្សេងទៀតនៅក្នុងតំបន់ និងទៅកាន់ផ្នែកផ្សេងទៀតនៃពិភពលោក" ។

លោកបានបន្តថា៖ «នៅប៉ុន្មានខែខាងមុខនេះ ការវិនិយោគផ្ទាល់ពីបរទេសអាចនឹងកើនឡើងបន្ថែមទៀត ចំពេលមាននិន្នាការថយចុះនៃអតិផរណានិងអត្រាការប្រាក់»៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


តើក្រុមហ៊ុនយក្សតូយ៉ូតាមានបញ្ចេញផែនការអ្វីខ្លះ ដើម្បីបង្កើតសមត្ថភាពបច្ចេកវិទ្យាអាគុយរថយន្ត និងនវានុវត្តន៍រថយន្តអគ្គិសនី?

ព័ត៌មាន
ក្រុមហ៊ុនផលិតរថយន្ត Toyota បាននិយាយកាលពីថ្ងៃអង្គារថា ខ្លួននឹងផ្ដើមធ្វើអាគុយស្ងួតដែលមានប្រសិទ្ធភាពខ្ពស់ និងប្រើប្រាស់បច្ចេកវិទ្យាផ្សេងៗទៀត ដើ…

ធនាគារជាតិចិនបន្ថយអត្រាការប្រាក់កម្ចីរយៈពេលមធ្យម ខណៈធនាគារកណ្ដាលអាមេរិកផ្អាកដំឡើងអត្រាការប្រាក់

ព័ត៌មាន
ធនាគារកណ្តាលរបស់ប្រទេសចិនកាលពីថ្ងៃព្រហស្បតិ៍ បានកាត់បន្ថយអត្រាការប្រាក់កម្ចីរយៈពេលមធ្យមសម្រាប់ស្ថាប័នហិរញ្ញវត្ថុ។ នេះជាការផ្លាស់ប្តូរអត្រាការ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ