អតីតនាយករដ្ឋមន្ត្រីនូវែលសេឡង់ ចាស្ស៊ីនដា អាឌើន

លោកស្រីអតីតនាយករដ្ឋមន្ត្រីនូវែលហ្សេឡង់បោះជំហានឆ្ពោះទៅកាន់តួនាទីអនាគតក្នុងវិស័យបរិស្ថាន


អតីតនាយករដ្ឋមន្ត្រីនូវែលសេឡង់ ចាស្ស៊ីនដា អាឌើន (Jacinda Ardern) បានថ្លែងលារដ្ឋសភាជាលើកចុងក្រោយកាលពីថ្ងៃពុធ តាមរយៈសុន្ទរកថាដ៏គួរឱ្យរំជួលចិត្តមួយ ដែលព្យាយាមបំផុសគំនិតមេដឹកនាំប្រទេសនេះនាពេលអនាគត ឱ្យយកចិត្តទុកដាក់នឹងបរិស្ថាន។ នេះជាវិស័យដែលលោកស្រីនឹងបោះជំហានឆ្ពោះទៅកាន់តួនាទីថ្មីដែលមិនពាក់ព័ន្ធនឹង«នយោបាយ» ក្រៅពីតួនាទីថ្មីក្នុងនាមជាបេសកជនពិសេសក្នុងគម្រោងលុបបំបាត់អំពើជ្រុលនិយម។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន ក្យូដូ (Kyodo)។
អតីតនាយករដ្ឋមន្ត្រីនូវែលហ្សេឡង់បោះជំហានឆ្ពោះទៅកាន់តួនាទីអនាគតក្នុងវិស័យបរិស្ថាន រូបភាព the star

អតីតនាយករដ្ឋមន្ត្រីនូវែលសេឡង់ ចាស្ស៊ីនដា អាឌើន (Jacinda Ardern) បានថ្លែងលារដ្ឋសភាជាលើកចុងក្រោយកាលពីថ្ងៃពុធ តាមរយៈសុន្ទរកថាដ៏គួរឱ្យរំជួលចិត្តមួយ ដែលព្យាយាមបំផុសគំនិតមេដឹកនាំប្រទេសនេះនាពេលអនាគត ឱ្យយកចិត្តទុកដាក់នឹងបរិស្ថាន។ នេះជាវិស័យដែលលោកស្រីនឹងបោះជំហានឆ្ពោះទៅកាន់តួនាទីថ្មីដែលមិនពាក់ព័ន្ធនឹង«នយោបាយ»។

មុនពេលចាកចេញពីសភានៅចុងខែនេះ អតីតមេដឹកនាំជាស្ត្រីវ័យ ៤២ ឆ្នាំរូបនេះ បានរំលឹកឡើងវិញ ទាំងទឹកភ្នែកនិងសំណើច អំពីពេលវេលា ៥ ឆ្នាំ របស់លោកស្រី នៅក្នុងតំណែងជានាយករដ្ឋមន្ត្រី ដែលត្រូវបានកត់សម្គាល់ដោយសេចក្ដីមេត្តាអំឡុងពេលកើតមានសោកនាដកម្មជាច្រើន ក្នុងនោះមានទាំងការវាយប្រហារភេរវកម្ម ការផ្ទុះភ្នំភ្លើង និងជំងឺរាតត្បាតកូវីដ-១៩។

លោកស្រី អាឌើន បានថ្លែងទៅកាន់សមាជិកសភា សមាជិកគ្រួសារ និងបណ្ដាអតីតនាយករដ្ឋមន្ត្រីជាច្រើននាក់ថា៖ "រឿងរ៉ាវ និងដំណាក់កាលទាំងនេះ នៅតែដក់ជាប់ក្នុងចិត្តរបស់ខ្ញុំ ហើយទំនងជានឹងនៅជាប់ជានិច្ច។ នោះគឺជាការទទួលខុសត្រូវនិងអាទិភាពនៃតួនាទីនាយករដ្ឋមន្ត្រី"។

លោកស្រីអតីតនាយករដ្ឋមន្ត្រីបានទទូចជាចុងក្រោយឱ្យសមាជិកសភារួមគ្នាធ្វើការលើបញ្ហាបម្រែបម្រួលអាកាសធាតុ ដែលជាគោលនយោបាយដ៏ចម្បងរបស់លោកស្រី ចាប់តាំងពីបើកយុទ្ធនាការឃោសនាបោះឆ្នោតលើកដំបូងម្ល៉េះ។

លោកស្រី អាឌើន បានគូសបញ្ជាក់ថា៖ "ការប្រែប្រួលអាកាសធាតុគឺជាវិបត្តិ។ វាដាក់សម្ពាធមកលើយើង។ ដូច្នេះ រឿងមួយក្នុងចំណោមរឿងតិចតួចបំផុតដែលខ្ញុំសុំពីសភានៅពេលដែលខ្ញុំចាកចេញ គឺថាសូមអ្នកយកនយោបាយចេញពីការប្រែប្រួលអាកាសធាតុ ... យើងមានអ្វីដែលត្រូវធ្វើឱ្យមានវឌ្ឍនភាព ដូចដែលយើងចាំបាច់ត្រូវធ្វើ"។

យោងតាមអ្នកស្នងតំណែងរបស់លោកស្រី អាឌើន គឺលោកនាយករដ្ឋមន្ត្រីនូវែលហ្ស៊េឡង់ថ្មី ឈ្មោះ គ្រីស ហ៊ីបឃីន (Chris Hipkins) កាលពីថ្ងៃអង្គារ, លោកស្រីនឹងទទួលតួនាទីថ្មីដែលមិនទទួលបានប្រាក់ខែ ក្នុងនាមជាបេសកជនពិសេសរបស់ប្រទេស ក្នុងគម្រោងលុបបំបាត់ភាពជ្រុលនិយមតាមអ៊ីនធឺណិត ដែលកើតចេញពីការផ្សាយបន្តផ្ទាល់អំពីការវាយប្រហារដោយភេរវកម្មលើវិហារអ៊ីស្លាមពីរ ក្នុងឆ្នាំ ២០១៩ និងដែលបានបណ្តាលឲ្យមនុស្សរាប់សិបនាក់ស្លាប់។

លោកស្រី អាឌើន ក៏នឹងបន្តការងាររបស់ខ្លួន ទាក់ទងនឹងការប្រែប្រួលអាកាសធាតុដែរ ដោយលោកស្រីចូលរួមជាមួយក្រុមប្រឹក្សាភិបាលគ្រប់គ្រងកម្មវិធីពានរង្វាន់ អ៊ើស្សត់ (Earthshot) របស់ព្រះអង្គម្ចាស់ វីល្លៀម (William)។ នេះជាគំនិតផ្តួចផ្តើមមួយដែលមានគោលបំណងស្វែងរកដំណោះស្រាយចំពោះបញ្ហាប្រឈមដ៏ធំបំផុតក្នុងវិស័យបរិស្ថានរបស់ពិភពលោក៕




អត្ថបទបន្ទាប់


IMF ព្រមានថា ការបំបែកទំនាក់ទំនងរវាងចិន និងអាមេរិក នឹងធ្វើឲ្យពិភពលោកកាន់តែក្រីក្រ ហើយគ្មានអ្នកឈ្នះពិតប្រាកដឡើយ

ព័ត៌មាន
មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានព្រមានថា សេដ្ឋកិច្ចចិន និងសេដ្ឋកិច្ចរបស់បណ្ដាប្រទេសដែលជិតស្និទ្ធនឹងចិននៅអាស៊ីអាគ្នេយ៍ នឹងរងគ្រោះខ្លាំង…

ការស្ទង់មតិបង្ហាញថា ក្រុមហ៊ុនផលិតរបស់ជប៉ុន ១ក្នុងចំណោម១០ នឹងកាត់បន្ថយផលិតកម្មរបស់ពួកគេនៅបរទេស

ព័ត៌មាន
ការស្ទង់មតិរបស់រាជរដ្ឋាភិបាលជប៉ុនបានបង្ហាញថា មានក្រុមហ៊ុនជប៉ុនមួយក្នុងចំណោមក្រុមហ៊ុនចំនួន ១០ គ្រោងនឹងកាត់បន្ថយផលិតកម្មរបស់ពួកគេនៅក្រៅប្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ