បច្ចេកវិទ្យាអ៊ីនធឺណិត

លោក អេឡុន ម៉ាស់ នាំអ៊ីនធឺណិតល្បឿនលឿនមកឥណ្ឌូនេស៊ី តែសមាគមអ្នកផ្តល់សេវាអ៊ីនធឺណិតឥណ្ឌូនេស៊ីប្រឆាំង មកពីមូលហេតុអ្វី?


លោក អេឡុន ម៉ាស កំពូលមហាសេដ្ឋីលំដាប់ពិភពលោក បាននាំយកបច្ចេកវិទ្យាអ៊ីនធឺណិតល្បឿនលឿនមកកាន់ប្រទេសឥណ្ឌូនេស៊ី ក្រោមការស្វាគមន៍យ៉ាងខ្លាំងពីរដ្ឋាភិបាល។ ប៉ុន្តែសមាគមអ្នកផ្តល់សេវាអ៊ីនធឺណិតឥណ្ឌូនេស៊ី ហាក់មិនសប្បាយចិត្តនោះទេ ដោយពួកគេបានជំទាស់ និងលើកឡើងថា ការពឹងផ្អែកខ្លាំងលើអ្នកផ្តល់សេវាអ៊ីនធឺណិតបរទេសអាចរំខានដល់និរន្តរភាព និងឯករាជ្យភាពនៃឧស្សាហកម្មក្នុងស្រុក។
បច្ចេកវិទ្យាអ៊ីនធឺណិត
ដោយ

លោក អេឡុន ម៉ាស កំពូលមហាសេដ្ឋីលំដាប់ពិភពលោកបាននាំយកបច្ចេកវិទ្យាអ៊ីនធឺណិត Starlink ដែលមានល្បឿនលឿនមកដល់ប្រទេសឥណ្ឌូនេស៊ី ក្រោមការស្វាគមន៍យ៉ាងកក់ក្តៅពីរដ្ឋាភិបាល ប៉ុន្តែត្រូវបានប្រឈមនឹងការប្រឆាំងពីបណ្តាក្រុមហ៊ុនទូរគមនាគមន៍នៅក្នុងប្រទេស ព្រោះពួកគេយល់ថា វាអាចគំរាមកំហែងដល់ចំណែកទីផ្សាររបស់ខ្លួន។

លោក ម៉ាស បាននិយាយនៅក្នុងព្រឹត្តិការណ៍បើកដំណើរការ Starlink ដែលធ្វើឡើងនៅកោះបាលីកាលពីថ្ងៃទី១៩ ខែឧសភា ថា លោកពិតជារំភើបណាស់ក្នុងការនាំយកការតភ្ជាប់អ៊ិនធឺណិតមកកាន់កន្លែងដែលមានការតភ្ជាប់អ៊ិនធឺណិតនៅមានកម្រិត ហើយបានសង្កត់ធ្ងន់ថា ប្រសិនបើអ្នកមានអ៊ីនធឺណិត គឺអាចរៀនពីអ្វីៗទាំងអស់នៅលើពិភពលោកបាន។ មកដល់ពេលនេះ ឥណ្ឌូណេស៊ី គឺជាប្រទេសអាស៊ីអាគ្នេយ៍ទី៣ ដែលបានអនុញ្ញាតឲ្យប្រើប្រាស់សេវាកម្ម Starlink បន្ទាប់ពីម៉ាឡេស៊ី និងហ្វីលីពីន។

ដើម្បីជាការស្វាគមន៍ លោក ចូកូ វីដូដូ ប្រធានាធិបតីឥណ្ឌូនេស៊ី ដែលជិតផុតអាណត្តិ បានជួប លោក អេឡុន ម៉ាស ហើយបានបញ្ជាក់ថា រដ្ឋាភិបាលសង្ឃឹមថា Starlink អាចនាំមកនូវការវិនិយោគបន្ថែមទៀត ដូចជាការសាងសង់កន្លែងបាញ់បង្ហោះរ៉ុក្កែត SpaceX និងរោងចក្រផលិតរថយន្តអគ្គីសនី Tesla ជាដើម។ នេះគឺជាក្តីរំពឹងរបស់រដ្ឋាភិបាលឥណ្ឌូនេស៊ី ប៉ុន្តែសមាគមអ្នកផ្តល់សេវាអ៊ីនធឺណិតឥណ្ឌូនេស៊ីវិញ បានអំពាវនាវឱ្យរដ្ឋាភិបាលគិតគូរលើបញ្ហាប្រតិបត្តិការរបស់ក្រុមហ៊ុនកំពូលមហាសេដ្ឋីនេះឱ្យបានល្អិតល្អន់។

លោក មូហាមេត អារីហ្វ អាហ្គា (Muhammad Arif Angga ) ប្រធានសមាគមអ្នកផ្តល់សេវាអ៊ីនធឺណិតឥណ្ឌូនេស៊ីបាននិយាយថា ការពឹងផ្អែកខ្លាំងលើអ្នកផ្តល់សេវាអ៊ីនធឺណិតបរទេសអាចរំខានដល់និរន្តរភាព និងឯករាជ្យភាពនៃឧស្សាហកម្មអ៊ីនធឺណិតក្នុងស្រុក។

តែយ៉ាងណាមកទល់ពេលនេះ ការប្រកួតប្រជែងរបស់ Starlink នៅឥណ្ឌូនេស៊ី ដែលមានប្រជាពលរដ្ឋសរុបប្រមាណជា២៧០លាននាក់នៅលើកោះសរុប១៧ពាន់កោះនេះ នៅមានកម្រិតទាបនៅឡើយ ដោយសារតម្លៃថ្លៃពេក។

ដើម្បីអាចភ្ជាប់សេវាអ៊ីនធឺណិតរបស់ក្រុមហ៊ុន Starlink គឺក្នុង១ខែពលរដ្ឋឥណ្ឌូនេស៊ី ត្រូវបង់ប្រមាណជា៤៥ដុល្លារ ហើយរាល់ការតភ្ជាប់គឺត្រូវមានអង់តែនដែលត្រូវចំណាយដល់ទៅ៣៦០ដុល្លារបន្ថែមទៀត ស្របពេលដែលសេវាកម្មអ៊ីនធឺណិតដែលផ្គត់ផ្គង់ដោយក្រុមហ៊ុនក្នុងស្រុក គឺមានត្រឹមតែជាង១២ដុល្លារទៅ២៤ដុល្លារក្នុង១ខែប៉ុណ្ណោះ។ មកដល់ពេលនេះការិយាល័យរបស់ក្រុមហ៊ុន SpaceX នៅប្រទេសឥណ្ឌូនេស៊ីមានបុគ្គលិកតែ៣នាក់ ហើយក្រុមហ៊ុនបានវិនិយោគតែជិត២លានដុល្លារប៉ុណ្ណោះ៕

ដោយៈ សរ សុជាតិ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ចិន កំពុងជួបវិបត្តិសេដ្ឋីក្នុងស្រុកសម្រុកធ្វើអន្តោប្រវេសន៍ច្រើនបំផុតមិនធ្លាប់មាន

ព័ត៌មាន
របាយការណ៍ថ្មីមួយបង្ហាញថា ប្រទេសចិន បានជួបវិបត្តិសេដ្ឋីក្នុងស្រុកសម្រុកធ្វើអន្តោប្រវេសន៍ច្រើនបំផុតទូទាំងពិភពលោកកាលពីឆ្នាំមុន ហើយសេដ្ឋីរយលាន…

ក្រុមហ៊ុន Nvidia បានវ៉ាដាច់ក្រុមហ៊ុន Microsoft ក្លាយជាក្រុមហ៊ុនមូលបត្រមានតម្លៃថ្លៃបំផុត

ព័ត៌មាន
ក្រុមហ៊ុន Nvidia បានវ៉ាដាច់ក្រុមហ៊ុន Microsoft ក្នុងទីផ្សារមូលបត្រដោយបានក្លាយជាក្រុមហ៊ុនសាធារណៈដ៏មានតម្លៃបំផុតក្នុងពិភពលោក ដោយតម្លៃទីផ្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ