ពូទីនព្រមានហ្វាំងឡង់ចូលរួមណាតូគឺជាកំហុសឆ្គង

លោកពូទីនព្រមានហ្វាំងឡង់ថា ការចូលរួមជាសមាជិកណាតូគឺជាកំហុសឆ្គង


ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានព្រមានសមភាគីហ្វាំងឡង់ថា ការចូលរួមក្នុងអង្គការណាតូ និងការបោះបង់ចោលឋានៈជាប្រទេសអព្យាក្រឹតរបស់ប្រទេសហ្វាំងឡង់ នឹងក្លាយជាកំហុសឆ្គងមួយ។ ការព្រមាននេះបានកើតឡើង អំឡុងពេលការជជែកគ្នាតាមទូរស័ព្ទរវាងប្រធានាធិបតីហ្វាំងឡង់លោក សោលី នីនីសស្តូ (Sauli Niinistö) និងលោកពូទីន។
ពូទីនព្រមានហ្វាំងឡង់ចូលរួមណាតូគឺជាកំហុសឆ្គង

ការហៅទូរទស័ព្ទរវាងភាគីទាំងពីរទៀតសោត គឺនៅមិនយូរប៉ុន្មានដែលសំណើសុំចូលរួមជាមួយ NATO ជាផ្លូវការរបស់ហ្វាំងឡង់ ត្រូវបានគេរំពឹងថានឹងប្រកាសក្នុងពេលឆាប់ៗនេះ។ យ៉ាងណាក៏ដោយ លោកពូទីនបានប្រាប់ទៅលោក នីនីសស្តូ ថាការព្រមាននេះ ពុំមែនជាការគំរាមកំហែងដល់សន្តិសុខជាតិរបស់ប្រទេសហ្វាំងឡង់នោះទេ។

ហ្វាំងឡង់ ជាប្រទេសនៅអឺរ៉ុបខាងជើង មានជាប់ព្រំដែនជាមួយប្រទេសអឺរ៉ុបដទៃទៀតដូចជា ស៊ុយអែត ន័រវេស និងប្រទេសរុស្ស៊ី។ ក្នុងនោះហ្វាំងឡង់មានព្រំដែនជាង ១៣០០គីឡូម៉ែត្រឯណោះជាមួយរុស្ស៊ី។ រហូត មក ដល់ ពេល នេះ ហ្វាំងឡង់ក្នុងនាមជាប្រទេសដែលតែងរក្សាភាពអព្យាក្រឹតបន្តនៅ ក្រៅ អង្គការ NATO ដដែលទេ ប៉ុន្តែថ្នាក់ដឹកនាំប្រទេសមួយនេះរំពឹងចូលរួមជាមួយសម្ព័ន្ធយោធាមួយនេះក្នុងពេលឆាប់ៗ។

នៅក្នុងកិច្ចសន្ទនា លោក នីនីស្តូ បានប្រាប់លោក ពូទីន ពីការដែលហ្វាំងឡង់ត្រៀមដាក់ បេក្ខភាពសុំចូលជាសមាជិករបស់អង្គការណាតូ។ ប៉ុន្ដែ លោក ពូទីន បានប្រាប់លោក នីនីស្តូ វិញ ថា គម្រោងសុំចូលណាតូរបស់ហ្វាំងឡង់ ជាកំហុសឆ្គងមួយ ហើយថាការប្តូរទិសដៅ នយោបាយរបស់ហ្វាំងឡង់ អាចបង្កឲ្យមានផលវិបាកនៅក្នុងទំនាក់ទំនងទ្វេភាគីរុស្ស៊ី-ហ្វាំងឡង់។ យ៉ាងណាក៏ដោយ លោក ពូទីន មិន បានបញ្ជាក់លំអិតបន្ថែមពីផលវិបាកនោះ ទេ។ ដោយឡែកក្រសួងការបរទេសរុស្ស៊ីគ្រាន់តែបានគូសបញ្ជាក់ថា ពួកគេនឹងមានការឆ្លើយតបជុំវិញរឿងនេះជាពុំខាន។

ទោះជាយ៉ាងណា ការសម្រេចចិត្តរបស់រុស្ស៊ីក្នុងការផ្អាកការផ្គត់ផ្គង់អគ្គិសនីដល់ប្រទេសហ្វាំងឡង់ត្រូវបានគេមើលឃើញថាជាសញ្ញាដំបូង នៃការសងសឹករបស់រដ្ឋអំណាចក្រុងម៉ូស្គូ។ ក្រុមហ៊ុន នាំ ចេញអគ្គិសនី រុស្ស៊ី RAO Nordic បាន ផ្អាក ការ នាំអគ្គិសនីទៅ ហ្វាំងឡង់ តាំង ពី រំលង អធ្រាត្រ យប់ ថ្ងៃ សុក្រ ទី១៣ ឆ្លង ចូល ថ្ងៃ សៅរ៍ ទី១៤ឧសភាមកម្ល៉េះ។ បើតាម សេចក្តីថ្លែងការណ៍របស់ក្រុមហ៊ុន RAO Nordic មូលហេតុនៃការ ផ្អាក នេះ មក ពី ហ្វាំងឡង់ មិន បាន បង់ លុយ តាំង ពី ថ្ងៃទី៦ឧសភា។ នាយកប្រតិបត្តិអគ្គិសនីជាតិហ្វាំងឡង់លោក រីម៉ា ប៉ៃវីនណេន(Reima Paivinen) បានប្រាប់សារព័ត៌មាន BBC ថាការព្យួររុស្ស៊ីមិនបណ្តាលឱ្យមានបញ្ហាអ្វីលើតម្រូវការអគ្គិសនីក្នុងប្រទេសឡើយ។ មិនប៉ះពាល់ក៏ដោយសារតែ ការនាំចូលអគ្គិសនីពីរុស្ស៊ីមានចំនួនប្រហែល ១០% នៃការផ្គត់ផ្គង់សរុបភាគីហ្វាំងឡង់ថា ពួកគេអាចរកប្រភពអគ្គិសនីមកជំនួសបាន។

សូមជម្រាបថា ទំនាក់ទំនងរវាង រុស្ស៊ី និង ហ្វាំងឡង់ បានឡើងតានតឹងខ្លាំងនៅក្រោយហ្វាំងឡង់បានបង្ហាញពីជំហរចង់ចូលណាតូ។ ហ្វាំងឡង់ បានលើកហេតុផល ចំនួន២ ដើម្បីបញ្ជាក់ ពីការដែលខ្លួនចង់ចូលជាសមាជិកណាតូ ក្នុងហេតុផលទី១ដោយសារខ្លួនឃើញ រុស្ស៊ីចូល ឈ្លានពានអ៊ុយក្រែន និង ទី២ដោយឃើញថា រុស្ស៊ី ទាមទារកុំឲ្យណាតូពង្រីកសមាជិកបន្ថែម ទៀត។ ហេតុផលរបស់ហ្វាំងឡង់ នេះក៏កំពុងធ្វើឲ្យប្រទេសស៊ុយអែតគិតគូរចង់ចូលជា សមាជិកណាតូដែរ។ សម្រាប់លោកពូទីន ហ្វាំងឡង់មិនមានភាពចាំបាច់ដើម្បីចូលជាមួយណាតូឡើយ ព្រោះហ្វាំងឡង់មិនមានការគំរាមកំហែងសន្តិសុខឡើយ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សេចក្តីព្រាងច្បាប់ស្តីពី«សុវត្ថិភាពម្ហូបអាហារ»ទទួលបានការគាំទ្រទាំងស្រុងពីគណៈកម្មការទី៩នៃព្រឹទ្ធសភា

ព័ត៌មាន
សេចក្តីព្រាងច្បាប់ស្តីពី«សុវត្ថិភាពម្ហូបអាហារ»របស់ក្រសួងពាណិជ្ជកម្មទទួលបានការគាំទ្រទាំងស្រុងពីគណៈកម្មការទី៩ នៃព្រឹទ្ធសភា។ សេចក្ដីព្រាងច្បាប់ន…

ប្រធានាធិបតីឥណ្ឌូនេស៊ីជួបមេក្រុមហ៊ុន Tesla ពិភាក្សាឧស្សាហកម្មលោហៈនីកែល សម្រាប់ផលិតអាគុយរថយន្តអគ្គិសនី

ព័ត៌មាន
រដ្ឋាភិបាលឥណ្ឌូនេស៊ីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រធានាធិបតីរបស់ខ្លួនគឺលោក ចូកូ វីដូដូ (Joko Widodo) បានជួបជាមួយលោក Elon …

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ