ប្រទេសចិន

ចិនបោះជំហានទៅមុខក្នុងសកលភាវូបនីយកម្មរូបិយប័ណ្ណយ័ន ដោយផ្សារហ៊ុនហុងកុងមួយចំនួនគិតតម្លៃជាប្រាក់យ័ន


ការធ្វើឱ្យរូបិយប័ណ្ណយ័នរបស់ប្រទេសចិនមានការប្រើប្រាស់ជាអន្តរជាតិបន្តិចម្តងៗនោះបានបោះជំហានទៅមុខមួយជំហានទៀតហើយនៅថ្ងៃចន្ទនេះ ជាពេលដែលក្រុមហ៊ុនចិនចំនួន២៤ ចាប់ផ្តើមជួញដូរជារូបិយប័ណ្ណក្នុងស្រុករបស់ពួកគេ ទន្ទឹមនឹងរូបិយប័ណ្ណដុល្លារហុងកុង នៅក្នុងទីផ្សារហ៊ុនរបស់ក្រុងហុងកុង។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានរ៉យទ័រ។
ផ្សារហ៊ុន មួយចំនួននៅទីក្រុងហុងកុងបោះតម្លៃជាប្រាក់យ័នរបស់ចិន
ដោយ

ហ៊ុននៅក្រុងហុងកុងរបស់ក្រុមហ៊ុន អាលីបាបា (Alibaba) និងក្រុមហ៊ុន ធិនសេន (Tencent) គឺស្ថិតនៅក្នុងចំណោមហ៊ុនរបស់ក្រុមហ៊ុនទាំង ២៤ ដែលបោះតម្លៃ និងជួញដូរជាប្រាក់យ័ន និងជាដុល្លារហុងកុងទន្ទឹមគ្នា នៅផ្សារហ៊ុនហុងកុងចាប់ពីថ្ងៃចន្ទនេះហើយ។
គម្រោងការណ៍នេះកំពុងសំដៅទាក់ទាញវិនិយោគិនក្រៅប្រទេសដែលកាន់ប្រាក់យ័នពីដំបូង ប៉ុន្តែក្រោយមកនឹងសំដៅទាក់ទាញអ្នកវិនិយោគចិនដីគោក តាមរយៈតំណភ្ជាប់ផ្សារហ៊ុនក្រុងហុងកុងនិងប្រទេសចិន។ ប្រាក់បញ្ញើជាប្រាក់យ័ននៅក្នុងទីក្រុងហុងកុងតែមួយត្រូវបានប៉ាន់ប្រមាណថាមានចំនួន ១១៧ ពាន់លានដុល្លារអាមេរិក។
បណ្ដាអ្នកគ្រប់គ្រងបេឡានិយាយថា ជំហាននេះឆ្លុះបញ្ចាំងពីបំណងប្រាថ្នារបស់ទីក្រុងប៉េកាំងក្នុងការពង្រីកការប្រើប្រាស់ប្រាក់យន់ទៅក្រៅប្រទេសចិន និងក្នុងការផ្ដល់ទីកន្លែងបន្ថែមទៀតសម្រាប់ការវិនិយោគដែលចារឹកតម្លៃជាប្រាក់យន់។ ការណ៍នេះកាត់បន្ថយហានិភ័យរំហូរចេញនៃមូលធននានាក្នុងការប្រដេញរូបិយប័ណ្ណដែលផ្ដល់ផលខ្ពស់ ដូចជាប្រាក់ដុល្លារអាមេរិកជាដើម។
លោក ទីង វិនជី (Ding Wenjie) អ្នករៀបចំយុទ្ធសាស្រ្តវិនិយោគមូលធនពិភពលោកនៅក្រុមហ៊ុនគ្រប់គ្រងទ្រព្យសកម្មចិន (China Asset Management Co/ChinaAMC) បាននិយាយថា ប្រទេសចិនកំពុងជំរុញឱ្យប្រើប្រាក់យ័នជាអន្តរជាតិដើម្បីជៀសវាងហានិភ័យផ្នែកភូមិសាស្ត្រនយោបាយ និងដើម្បីកាត់បន្ថយការពឹងផ្អែកលើប្រាក់ដុល្លារ ហើយក្នុងគោលបំណងនេះ គេត្រូវប្រើប្រាស់រូបិយប័ណ្ណចិនឱ្យកាន់តែទូលំទូលាយ។
លោក ទីង បាននិយាយថា ផែនការនេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ហើយរំពឹងថា គំរូនៃការបោះតម្លៃជាប្រាក់យ័នផង ជាប្រាក់ដុល្លារហុងកុងផងបែនេះ នឹងត្រូវបានពង្រីកនាពេលអនាគត ពោលគឺលើសពីហ៊ុនទៅទៀត អាចពង្រីកដល់ប័ណ្ណបំណុល និងទ្រព្យសកម្មផ្សេងៗទៀត ដោយជំរុញឱ្យទ្រព្យសកម្មទាំងអស់ពីបរទេស ចារឹកតម្លៃជាប្រាក់យ័ន។
គំនិតផ្តួចផ្តើមនេះកើតឡើងចំពេលមានស្ថិរភាពនៃកិច្ចព្រមព្រៀងដោះដូរពាណិជ្ជកម្មទ្វេភាគីគិតជាប្រាក់យ័ន ដែលចិនសម្រេចបានជាមួយដៃគូពាណិជ្ជកម្មនានា រាប់ចាប់ពីការទិញប្រេងពីមជ្ឈិមបូព៌ា រហូតដល់ពាណិជ្ជកម្មទំនិញជាមួយដៃគូទាំងឡាយ ចាប់ពីប្រេស៊ីល រហូតដល់រុស្ស៊ី។

បច្ចុប្បន្ន ប្រាក់ដុល្លារអាមេរិកនៅតែជារូបិយវត្ថុសកលឈានមុខគេ ដោយមានការទូទាត់ជាសកលចំនួន ៤២% ចំណែកឯប្រាក់យន់វិញមានត្រឹមតែ ២,២៩% ប៉ុណ្ណោះ បន្ទាប់ពីបានកើនឡើងពីអត្រា ១,៩៥% កាលពីពីរឆ្នាំមុន។
ការប៉ុនប៉ងរបស់ចិនក្នុងការលើកកម្ពស់ការប្រើប្រាក់យ័នជាអន្តរជាតិនេះ គឺមានលទ្ធផលគួរឱ្យកត់សម្គាល់ខ្លាំងណាស់នៅខែនេះ នៅពេលដែលរដ្ឋាភិបាលប៉ាគីស្ថានបានទូទាត់ជាប្រាក់យ័នក្នុងការនាំចូលប្រេងឆៅដែលមានការបញ្ចុះថ្លៃជាលើកដំបូងមកពីប្រទេសរុស្ស៊ី។
លោក ដុង ចិន (Dong Chen) ប្រធានផ្នែកស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ីនៅក្រុមហ៊ុនគ្រប់គ្រងទ្រព្យពិកធិត (Pictet Wealth Management) បាននិយាយថា "នៅពេលដែលរូបិយប័ណ្ណមានលក្ខណៈជាអន្តរជាតិ វាមិនត្រឹមតែត្រូវបានប្រើប្រាស់ក្នុងពាណិជ្ជកម្ម, ទំនិញរូបវន្ត, ឬសេវាកម្មប៉ុណ្ណោះទេ វាថែមទាំងត្រូវប្រើប្រាស់នៅក្នុងសកម្មភាពវិនិយោគផងដែរ។"
អ្នកជំនាញរូបនេះបាននិយាយទៀតថា ចំពោះអ្នកវិនិយោគបរទេសដែលមានកាន់ប្រាក់យន់ "ការទិញភាគហ៊ុននៅក្នុងទីក្រុងហុងកុង ដោយមិនចាំបាច់ចូលទៅក្នុងប្រទេសចិនដីគោក នឹងក្លាយជាវិធីមួយងាយស្រួលខ្លាំងណាស់ក្នុងការប្រើរូបិយប័ណ្ណនេះដើម្បីវិនិយោគ"។
លោក ដេវីដ ហ្វ្រីដលែន (David Friedland) នាយកគ្រប់គ្រងប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកនៃក្រុមហ៊ុនឈ្មួញកណ្ដាល អ៊ិនធើរ៉ាកធីវ (Interactive Brokers) ដែលផ្តល់សេវាកម្មជួញដូរប្រាក់យ័ន បាននិយាយថា មានហេតុផលជាច្រើនទៀតក្នុងការធ្វើពាណិជ្ជកម្មជាប្រាក់យ័ន។ លោកបញ្ជាក់ក្នុងសម្ដីដើមថា "មានភាពមិនច្បាស់លាស់ផ្នែកនយោបាយជាច្រើននាពេលបច្ចុប្បន្ននេះ ដូច្នេះអ្នកប្រហែលជាចង់កាន់ប្រាក់យ័នជាជាងប្រាក់ដុល្លារអាមេរិក ឬប្រាក់ដុល្លារហុងកុងដែលកៀបជាប់នឹងប្រាក់ដុល្លារអាមេរិក"៕




អត្ថបទបន្ទាប់


លោក ពូទីន បដិសេធចំណុចខ្លះនៃផែនការសន្តិភាពរបស់ក្រុមប្រទេសអាហ្វ្រិក ខណៈអ៊ុយក្រែនបន្តទាមទារឱ្យរុស្ស៊ីដកទ័ព

ព័ត៌មាន
ប្រធានាធិបតិរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃសៅរិ៍ ទី ១៧ មិថុនា បានទទួលជួបមេដឹកនាំនៃក្រុមប្រទេសអាហ្វ្រិក នៅជាយទីក្រុង សាំង ផេធើសប…

មន្ត្រីកោះតៃវ៉ាន់ស្វែងរកការបង្កើនទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធជាមួយសហភាពអឺរ៉ុប ជាថ្នូរនឹងការវិនិយោគលើបន្ទះឈីប

ព័ត៌មាន
រដ្ឋមន្ត្រីការបរទេសតៃវ៉ាន់ លោក ចូសេហ្វ អ៊ូ (Joseph Wu) បាននិយាយក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់អឺរ៉ុបកាលពីសប្តាហ៍មុនថា បណ្តាប្រទេសនៅតំប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ