ប្រធានាធិបតីថ្មីហ្វីលីពីន

ប្រធានាធិបតីថ្មីហ្វីលីពីនត្រកូល Marcos អាចជាសំណាងល្អសម្រាប់ចិន ប៉ុន្ដែជាប្រផ្នូលអាក្រក់សម្រាប់អាមេរិក?


ការឈ្នះឆ្នោតភ្លូកទឹកភ្លូកដីរបស់លោក ហ្វឺឌីណាន់ ម៉ាកូស ជូនៀ (Ferdinand Marcos Jr.) នៅក្នុងការបោះឆ្នោតប្រធានាធិបតីហ្វីលីពីនកាលពីថ្ងៃចន្ទនោះ ត្រូវបានគេមើលឃើញថា ទំនងជាកំណត់ឡើងវិញនូវទំនាក់ទំនងរវាងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ជាមួយប្រទេសចិន និងសហរដ្ឋអាមេរិក ប៉ុន្តែអ្នកវិភាគភូមិសាស្ត្រនយោបាយនិយាយថា លោក ម៉ាកូសជូនៀ អាចនឹងស្វែងរកទំនាក់ទំនងជិតស្និទ្ធជាមួយទីក្រុងប៉េកាំងច្រើនជាងអាមេរិក។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានរ៉យទ័រ។
អ្នកគាំទ្រ លោក ម៉ាកូស ជូនៀ ដែលឈ្នះឆ្នោតជាប្រធានាធិបតីហ្វីលីពីន
ដោយ

ប្រទេស​ហ្វី​លី​ពី​ន​បាន​រៀបចំ​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​កាលពីដើម​ស​ប្តា​ហ៍ ដោយ​មាន​បេក្ខជន​ល្បី​ៗ​មួយ​ចំនួន​បាន​ឈរឈ្មោះ​បោះ​ឆ្នោត ក្នុង​នោះ​ដែរ​ក៏​មាន​តួអង្គ​សំខាន់​បី​រូប ទី​១​គឺ លោក ម៉ា​កូ​ស​ជូ​នៀ ទី​២ អតីត​ជើងឯក​ប្រដាល់​ពិភពលោក គឺ​លោក ម៉ា​នី ប៉ា​គី​អៅ និង ទី​៣ អ្នកស្រី សា​រ៉ា ឌូ​ធឺ​តេ ជា​កូនស្រី​បង្កើត​របស់​ប្រធានាធិបតី​ហ្វី​លី​ពី​ន​ជិត​ផុត​អាណត្តិ គឺ​លោក រ៉ូ​ឌ្រី​ហ្គោ ឌុ​យ​ទេ​តេ ផង​ដែរ​។

លទ្ធផល​បោះ​ឆ្នោត​ក្រៅផ្លូវការ​បាន​បង្ហាញ​ថា លោក ម៉ា​កូ​ស​ជូ​នៀ ដែល​ជា​កូនប្រុស​បង្កើត​តែ​ម្នាក់​គត់​របស់​មេដឹកនាំ​ផ្តាច់​ការ ម៉ា​កូ​ស បាន​និង​កំពុង​នាំមុខ​គេ​ដាច់​តែ​ម្ដង​ដោយ​មាន​សំឡេង​គាំទ្រ​ជាង ៣១ លាន​សំឡេង​ក្នុង​ចំណោម​អ្នកបោះឆ្នោត​ជាង ៦១ លាន​នាក់​។ លោក ម៉ា​នី ប៉ា​គី​អៅ ក៏​បាន​ទទួលស្គាល់​ការ​បរាជ័យ​នេះ​ផង​ដែរ ខណៈ​ដែល​លោក​បាន​សំឡេង​គាំទ្រ​តែ​ជាង ៣ លាន​នាក់​ប៉ុណ្ណោះ​។

លោក ម៉ា​កូ​ស ជូ​នៀ ដែល​ជា​កូនប្រុស​របស់​អតីត​មេដឹកនាំ​ផ្តាច់​ការ​ម្នាក់​របស់​ប្រទេស​ហ្វី​លី​ពី​ន មាន​ទំនាក់ទំនង​យូរអង្វែង​មក​ហើយ ជាមួយ​ប្រទេស​ចិន ហើយ​កំពុង​ស្វែងរក​កិច្ចព្រមព្រៀង​ថ្មី​ជាមួយ​មេដឹកនាំ​ចិន​លោក ស៊ី ជី​ន​ពីង ជុំវិញ​ជម្លោះ​ដែនទឹក​នៃ​សមុទ្រ​ចិន​ខាងត្បូង​។

ម្យ៉ាងទៀត​ទំនាក់ទំនង​រវាង​លោក ម៉ា​កូ​ស​ជូ​នៀ ជាមួយ​សហរដ្ឋអាមេរិក​មាន​ភាព​ស្មុគស្មាញ​ច្រើន ព្រោះ​លោក​ធ្លាប់​មិន​គោរព​តាម​ដីកា​តុលាការ​នៅ​រដ្ឋ​ហា​វ៉ៃ​សហរដ្ឋអាមេរិក នៅ​ក្នុង​ឆ្នាំ​១៩៩៥ តុលាការ​អា​មេ​រិ​កបាន​បញ្ជា​ឱ្យ​ក្រុម​គ្រួសារ​របស់​លោក ម៉ា​កូ​ស សង​ប្រាក់​ចំនួន ២ ពាន់​លាន​ដុល្លារ​ទៅ​ដល់​ជន​រង​គ្រោះ ដោយសារ​របប​គ្រប់គ្រង​របស់​ឪពុក​លោក គឺ​លោក ម៉ា​កូ​ស ស៊ី​ន​នៀ​។

ហ្វី​លី​ពី​ន គឺជា​ប្រទេស​មួយ​ពោរពេញ​ទៅ​ដោយ​ការ​ប្រកួតប្រជែង​ខាង​ភូមិសាស្ត្រ​នយោបាយ​រវាង​សហរដ្ឋអាមេរិក និង​មហា​យក្ស​ចិន ដោយសារ​ទឹកដី​ដែនសមុទ្រ​របស់​ប្រទេស​នេះ គ្របដណ្ដប់​ផ្នែក​ខ្លះ​នៅ​សមុទ្រ​ចិន​ខាងត្បូង​ដែល​ជា​ផ្លូវ​ទឹកជា​យុទ្ធសាស្ត្រ និង​សម្បូរ​ទៅ​ដោយ​ធនធាន ដែល​មហាអំណាច​ចិន​តែងតែ​ទាមទារ​ចង់បាន​អធិបតេយ្យភាព​របស់​ខ្លួន​ផង​ដែរ​។

នៅ​ឆ្នាំ​២០១៦ តុលាការ​ម​ជ្ឈ​ត្ត​កម្ម​បង្កើត​ឡើង​ក្រោម​ច្បាប់​អន្តរជាតិ​ស្ដី​ពី​ដែនសមុទ្រ​បាន​កាត់ក្តី​ឱ្យ​ហ្វី​លី​ពី​ន​ឈ្នះ​ប្រទេស​ចិន ដែល​ជា​ការ​សម្រេច​មួយ​ស្រប​តាម​ការ​ចង់បាន​របស់​រដ្ឋ​ទាមទារ​ផ្សេង​ទៀត​រួម​ទាំង​សហរដ្ឋអាមេរិក និង​សម្ព័ន្ធមិត្ត​របស់​ខ្លួន​ផង​ដែរ ដោយសារ​ពួក​គេ​ព្រួយបារម្ភ​ថា ចិន​អាច​នឹង​សាងសង់​មូលដ្ឋាន​យោធា​របស់​ខ្លួន​នៅ​លើ​កោះ​នៅ​សមុទ្រ​ចិន​ខាងត្បូង​នេះ​។

ប៉ុន្តែ​នៅ​ក្នុង​បទ​សម្ភាសន៍​ក្នុងអំឡុងពេល​ឃោសនាបោះឆ្នោត​លោក Marcos ជូ​នៀ​បាន​និយាយ​ថា សេចក្តីសម្រេច​នេះ «​មិន​មាន​ប្រសិទ្ធភាព​» នោះ​ទេ ដោយសារ​ចិន​មិន​ទទួលស្គាល់ ហើយ លោក​បាន​បន្ត​ថា លោក​នឹង​ស្វែងរក​កិច្ចព្រមព្រៀងទ្វេភាគី​ជាមួយ​ប្រទេស​ចិន ដើម្បី​ដោះស្រាយ​ការ​ខ្វែងគំនិត​គ្នា​។

លោក ម៉ា​កូ​ស​ជូ​នៀ បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា ប្រសិនបើ​អនុញ្ញាត​ឱ្យ​អា​មេ​រិ​ក​ចូល​មក នោះ​វា​នឹង​ធ្វើ​ឱ្យ​ចិន​ជាស​ត្រូវ​របស់​ហ្វី​លី​ពី​ន​។ លោក​គិត​ថា ហ្វី​លី​ពី​ន​អាច​ឈាន​ដល់​កិច្ចព្រមព្រៀង​មួយ​(​ជាមួយ​ចិន​)​។

លោក អាន់​តូ​នី​ញ៉ូ ខា​ពី​អូ (Antonio Carpio) អតីត​ចៅក្រម​តុលាការ​កំពូល​នៅ​ប្រទេស​ហ្វី​លី​ពី​ន​បាន​និយាយ​ថា​ជំហរ​របស់​លោក Marcos ជូ​នៀ គឺជា "​ការ​ក្បត់​" ព្រោះ​លោក​បាន​គាំទ្រ​ប្រទេស​ចិន​ដោយ​ប្រឆាំង​នឹង​ប្រទេស​ហ្វី​លី​ពី​ន​ខ្លួនឯង​។ ដោយឡែក លោក រ៉ូ​ម៉ែ​ល បាន​ឡាវ​អ៊ី (Rommel Banlaoi) អ្នកជំនាញ​សន្តិសុខ​នៅ​ទីក្រុង​ម៉ានីល​បាន​និយាយ​ថា លោក Marcos ចង់បាន​ទំនាក់ទំនង​មិត្តភាព​ជិត​ស្និទ្ធ​ជាមួយ​ប្រទេស​ចិន ប៉ុន្តែ​មិនមែន​សុខចិត្ត​ប្រគល់​ដី​ឱ្យ​ចិន​នោះ​ទេ​។

យ៉ាងណា​ក៏​ដោយ​ចុះ យើង​នឹង​រង់ចាំ​មើល​បន្ដ​ទាំងអស់​គ្នា ថា​តើ​ប្រធានាធិបតី​ថ្មី​របស់​ហ្វី​លី​ពី​ន​នេះ នឹង​អនុវត្ត​គោលនយោបាយ​បែប​ណា នៅ​ពេល​ដែល​បាន​ឡើង​ក្តោប​ក្ដាប់ អំណាច​ពេញដៃ​របស់​លោក​ហើយ​នោះ​។ ប៉ុន្ដែ មាន​មតិ​ខ្លះ​បាន​លើក​ឡើង​ថា លោក Marcos អាច​នឹង​ប្រកាន់ខ្ជាប់​គោលនយោបាយ​តឹងរ៉ឹង​ដូច​ទៅ​នឹង​លោក​ឌុ​យ​ទ័​រ​តេ ប្រធានាធិបតី​ហ្វី​លី​ពី​ន​ដែល​ជិត​ផុត​អាណា​ត្តិ​នេះ​៕

អត្ថបទ​៖ សុខ ជា

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ចារកម្មអាមេរិកថា ចិនកំពុងពង្រឹងកងទ័ពត្រៀមវាយតៃវ៉ាន់ហើយ

ព័ត៌មាន
ស្របពេលដែលច្រកសមុទ្រតៃវ៉ាន់នៅតែជាតំបន់ដ៏តានតឹង និងប្រទាញប្រទង់រវាងចិន កោះតៃវ៉ាន់ និងអាមេរិក ប្រមុខផ្នែកស៊ើបការណ៍សម្ងាត់អាមេរិកជឿជាក់…

ធនាគារ កាណាឌីយ៉ា សហការជាមួយក្រុមហ៊ុន ទ្រូម៉ាន់នី ដើម្បីពង្រីកសេវាកម្មដកប្រាក់កាន់តែទូលំទូលាយ

ព័ត៌មាន
ធនាគារ កាណាឌីយ៉ា កំពុងសហការគ្នាជាមួយក្រុមហ៊ុន ទ្រូម៉ាន់នី (ខេមបូឌា) ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុដ៏ល្បីឈ្មោះមួយនៅកម្ពុជា ដើម្ប…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ