ការធ្លាក់ចុះសេដ្ឋកិច្ចប្រទេសចិន

ប្រធាន IMF ព្រមានពីហានិភ័យ ទាក់ទងនឹងការធ្លាក់ចុះសេដ្ឋកិច្ចប្រទេសចិនកំពុងអូសបន្លាយ


អគ្គនាយិកាគ្រប់គ្រងអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) គឺលោកស្រី Kristalina Georgieva បានព្រមាននៅថ្ងៃព្រហស្បតិ៍នេះថា ការធ្លាក់ចុះសេដ្ឋកិច្ចចិនដែលបានអូសបន្លាយពេលយូរ នឹងធ្វើឲ្យមានការប៉ះទង្គិចជាសកល ប៉ុន្តែលោកស្រីបានបន្ថែមថា ទីក្រុងប៉េកាំងមានឱកាសក្នុងការកែសម្រួលគោលនយោបាយដើម្បីផ្តល់ការគាំទ្រដល់ការលូតលាស់សេដ្ឋកិច្ចរបស់ខ្លួន ក៏ដូចជាពិភពលោកទាំងមូល។
ប្រធាន IMF ព្រមានពីហានិភ័យ ទាក់ទងនឹងការធ្លាក់ចុះសេដ្ឋកិច្ចប្រទេសចិនកំពុងអូសបន្លាយ

ការ​លើក​ឡើង​របស់​ប្រមុខ​ដឹកនាំ IMF រូប​នេះ ធ្វើ​ឡើង​បន្ទាប់​ពី ស្ថាប័ន​មួយ​នេះ​ទើបតែ​បាន​បន្ទាប​ការ​ព្យាករ​កំណើនសេដ្ឋកិច្ច​ទាប​ជាង​មុន មក​នៅ​ត្រឹម​៤,៤%​ប៉ុណ្ណោះ​នៅ​ឆ្នាំ​២០២២​។ 

មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ (IMF) កាលពី​ថ្ងៃ​អង្គារ​បាន​កាត់​បន្ថយ​ការ​ព្យាករណ៍​របស់​ខ្លួន​អំពី​កំណើនសេដ្ឋកិច្ច​សម្រាប់​ប្រទេស​ចិន​នៅ​ឆ្នាំ​នេះ​មក​នៅ​ត្រឹម​អត្រា ៤,៤%​ប៉ុណ្ណោះ ពោល​គឺ​ទាប​ជាង​បន្តិច​ពី​គោលដៅ​កំណើន​របស់​ទីក្រុង​ប៉េ​កាំ​ង​ដែល​បាន​កំណត់​ថា​នឹង​មាន​ប្រហែល ៥,៥%​។ ការ​បន្ទាប​ការ​ព្យាករ​កំណើនសេដ្ឋកិច្ច បន្ទាប់​ពី IMF មើលឃើញ​ថា​កត្តា​ហានិភ័យ​មួយ​ចំនួន​ដែល​កំពុង​កើត​មាន​ឡើង ដូច​ជា​វិធានការ​បិទ​ខ្ទប់ ដើម្បី​ទប់ស្កាត់​ការ​រាលដាល​ជំងឺ​កូ​វី​ដ​១៩ និង​ការ​រំខាន​ដល់​ខ្សែ​ចង្វាក់​ផ្គត់ផ្គង់​ផលិតកម្ម​នៅ​ក្នុង​ប្រទេស​ចិន​ជាដើម​។

ថ្លែង​នៅ​ក្នុង​វេទិកា​បូ​អាវ (Boao)​ប្រចាំឆ្នាំ​នៅ​តំបន់​អាស៊ី លោកស្រី ច​ច​ជីវ៉ា អគ្គ​នាយិកា​អង្គការ​មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ (IMF) បាន​និយាយ​ថា សកម្មភាព​របស់​ប្រទេស​ចិន​ក្នុង​ការ​ទប់ទល់​នឹង​ការ​ធ្លាក់​ចុះ​សេដ្ឋកិច្ច​របស់​ខ្លួន គឺ​មាន​សារៈសំខាន់​សម្រាប់​ការ​ស្ទុះ​ងើបឡើង​វិញ​នៃ​សេដ្ឋកិច្ច​នៅ​ទូ​ទាំង​ពិភពលោក​។

លោកស្រី ច​ច​ជីវ៉ា​បន្ថែម​ថា ជា​សំណាងល្អ​ប្រទេស​ចិន​នៅ​មានឱកាស​រៀបចំ​គោលនយោបាយ ដើម្បី​ផ្តល់​ការ​គាំទ្រ​គោលនយោបាយ​ម៉ាក្រូសេដ្ឋកិច្ច រួម​ទាំង​ការ​ផ្លាស់​ប្តូរ​ទិស​ដៅ ដោយ​ឆ្ពោះទៅ​រក​ការ​ជួយ​ក្រុម​គ្រួសារ​ដែល​ងាយ​រង​គ្រោះ ដើម្បី​ពង្រឹង​ការ​ប្រើប្រាស់ ដែល​អាច​ជួយ​គាំទ្រ​ដល់​គោលដៅ​គ្រប់គ្រង​ការ​ប្រែប្រួល​អាកាសធាតុ​របស់​ប្រទេស​ចិន តាម​រយៈ​ការ​ដឹកនាំ​សកម្មភាព​សេដ្ឋកិច្ច​ឆ្ពោះទៅ​កាន់​វិស័យ​កា​បោ​ន​ក្នុង​កម្រិត​ទាប​ផង​ដែរ​។

អគ្គ​នាយិកា IMF រូប​នេះ បាន​បញ្ជាក់​ដែរ​ថា កិច្ច​ខិតខំ​ប្រឹងប្រែង​បង្កើត​គោលនយោបាយ​នៅ​ក្នុង​វិស័យ​អចលនទ្រព្យ​ឱ្យ​បាន​កាន់តែ​ខ្លាំង​ក៏​អាច​ជួយ​ធានា​ឱ្យ​មាន​តុល្យភាព​នៃ​ការ​ស្ដារ​សេដ្ឋកិច្ច​ឡើង​វិញ​របស់​ប្រ​ទស​ចិន​ដែរ​។

ថ្លែង​នៅ​ក្នុង​វេទិកា​បូ​អាវ (Boao)​ប្រចាំឆ្នាំ​នៅ​តំបន់​អាស៊ី​នេះ​ដែរ ប្រធានាធិបតី​ចិន​លោក Xi Jinping បាន​និយាយ​ថា សេដ្ឋកិច្ច​របស់​ប្រទេស​ចិន​ជិត​វិល​ទៅ​រក​ស្ថាន​ដូច​ដើម​វិញ​ហើយ ហើយ​ថា​និន្នាការ​រយៈពេល​វែង​របស់​ប្រទេស​នេះ គឺ​គ្មាន​ការ​ប្រែប្រួល​នោះ​ទេ​។

យ៉ាងណា​ក៏​ដោយ​ចុះ ដោយ​ហេតុតែ​បញ្ហា​ចេះ​តែ​កើនឡើង​ខ្លាំង ដូច្នេះ​ហើយ​ក្រុមហ៊ុន​ឈ្មួញកណ្តាល​បរទេស​ក៏​បាន​កាត់​បន្ថយ​ការ​ព្យាករណ៍​ផលិតផល​ក្នុងស្រុក​សរុប​របស់​ប្រទេស​ចិន​ផង​ដែរ បន្ទាប់​ពី​ភាព​ទន់ខ្សោយ​ខាង​ទិន្នន័យ​សកម្មភាព​ក្នុង​ខែមីនា បាន​បង្កើន​ហានិភ័យ​នៃ​ទស្សនវិស័យ​ស្រប​ពេល​ដែល​វិធានការ​បិទ​ខ្ទប់​នៅ​ក្នុង​ទីក្រុង​សៀង​ហៃ ដែល​ជាទី​ក្រុង​ដ៏​ធំ​មួយ​នៅ​ប្រទេស​ចិន​កំពុង​អូស​បន្លាយពេល​យូរ​។

ធនាគារ បាក​ឃ្លី​ស៍ (Barclays) របស់​អង់គ្លេស​កាលពី​ថ្ងៃ​អង្គារ​បាន​កាត់​បន្ថយ​ការ​ព្យាករណ៍​កំណើនសេដ្ឋកិច្ច​ពី​អត្រា ៤,៥% មក​នៅ​ត្រឹមតែ​៤.៣%​វិញ​សម្រាប់​ឆ្នាំ​២០២២ ខណៈ​ដែល​ធនាគារកណ្ដាល​អា​មេ​រិ​ក (BofA) បាន​បន្ទាប​ការ​ព្យាករណ៍​របស់​ពួក​គេ​ចំពោះ​កំណើនសេដ្ឋកិច្ច​ចិន​សម្រាប់​ឆ្នាំ​នេះ​ដូច​គ្នា​ដែរ ពី​អត្រា ៤,៨% មក​នៅ​ត្រឹមតែ​អត្រា ៤,២% វិញ​។ ចំណែក​ធនាគារ Nomura របស់​ជប៉ុន​វិញ ក៏​បាន​កែប្រែ​ការ​ព្យាករណ៍​ពី​៤,៣% មក​នៅ​ត្រឹមតែ​អត្រា ៣.៩% ។

យ៉ាងណា​ក៏​ដោយ​ចុះ នៅ​ត្រីមាស​ទី​១ ឆ្នាំ​២០២២​នេះ កំណើនសេដ្ឋកិច្ច​ចិន ត្រូវ​បាន​រដ្ឋាភិបាល​ប្រទេស​នេះ ប៉ាន់​ប្រមាណ​ថា មាន​កំណើន​៤,៨% ដែល​ជា​កំណើន​មួយ​ខ្ពស់​ជាង​អ្វី​ដែល​បាន​រំពឹង​ទុក ទោះបីជា​ប្រទេស​ចិន​កំពុង​ជួប​បញ្ហា​ប្រឈម​ច្រើន​ក្ដី​។

អត្ថបទ៖ សុខ ជា

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


UN ស្នើជួបលោក ពូទីន និងលោក ហ្សេលេនស្គី ក្នុងជំនួបដាច់ដោយឡែកពីគ្នា ដើម្បីពិភាក្សាស្វែងរកសន្តិភាព

ព័ត៌មាន
ស្របពេលដែលសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន នៅតែបន្ដអូសបន្លាយ និងកំពុងរីកសាយភាយកំដៅកាន់តែខ្លាំងឡើងៗនោះ អគ្គលេខាធិការនៃអង្គការសហប្រជាជាតិ…

ថៃ និងវៀតណាម ដាក់គោលដៅសម្រេចទំហំពាណិជ្ជកម្មទ្វេភាគី ២៥ពាន់លានដុល្លារនៅ៣ឆ្នាំទៀត

ព័ត៌មាន
ប្រទេសថៃ និងវៀតណាម បានព្រមព្រៀងគ្នានឹងជំរុញបង្កើនទំហំពាណិជ្ជកម្មទ្វេភាគី ឲ្យឈានទៅសម្រេចបានដល់ ២៥ពាន់លានដុល្លារអាមេរិក នៅត្រឹមឆ្នាំ២០២៥ខាង…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ