អាមេរិក-ឥណ្ឌា

អាមេរិកកំពុងមានបំណងជំរុញឱ្យឥណ្ឌាទិញដ្រូនយោធារបស់ខ្លួន មុនដំណើរទស្សនកិច្ចរបស់លោក ម៉ូឌី មកដល់


ប្រភពពីមន្ត្រីអាមេរិក២នាក់បានឱ្យដឹងថា មុនដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់នាយករដ្ឋមន្ត្រីឥណ្ឌាលោក ណារេនដ្រា ម៉ូឌី (Narendra Modi) ទៅកាន់ទីក្រុងវ៉ាស៊ីនតោន រដ្ឋបាលលោក ចូ បៃដិន កំពុងជំរុញឱ្យទីក្រុងញូដេលីជម្នះគុណវិបត្តិរបស់ខ្លួន ដើម្បីពន្លឿនកិច្ចព្រមព្រៀងទិញយន្តហោះដ្រូនយោធាផលិតដោយសហរដ្ឋអាមេរិកជាច្រើនគ្រឿង។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានរ៉យទ័រ។
ឥណ្ឌាធ្លាប់គ្រោងទិញដ្រូនធំៗបំពាក់អាវុធពីអាមេរិកក្នុងតម្លៃពី២ទៅ៣ពាន់លានដុល្លារ

ឥណ្ឌាធ្លាប់បានបង្ហាញចំណាប់អារម្មណ៍ចង់ទិញយន្តហោះគ្មានមនុស្សបើកបំពាក់ដោយអាវុធខ្នាតធំពីសហរដ្ឋអាមេរិកជាយូរមកហើយ។ ប៉ុន្តែបញ្ហាការិយាធិបតេយ្យនៃប្រទេសយក្សនៅអាស៊ីខាងត្បូងមួយនេះ បានបង្អាក់ដំណើរការកិច្ចព្រមព្រៀងទិញយន្តហោះដ្រូនប្រភេទឆ្មាំសមុទ្រ (SeaGuardian) ក្នុងតម្លៃប្រមាណពី២ទៅ៣ពាន់លានដុល្លារ អស់រយៈពេលច្រើនឆ្នាំមកហើយ។

ដូចនេះ ក្រុមអ្នកចរចាអាមេរិកកំពុងទន្ទឹងរង់ចាំមើលដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោក ណារិនដ្រា ម៉ូឌី មកកាន់សេតវិមាននៅថ្ងៃទី២២មិថុនា ថាតើអាចទម្លុះភាពជាប់គាំងនេះបានដែរឬយ៉ាងណា។ ក្នុងដំណើរនេះដែរ លោក ម៉ូឌី និងលោក បៃដិន ក៏ត្រូវគេរំពឹងថានឹងពិភាក្សាគ្នាអំពីកិច្ចសហការផលិតគ្រាប់កាំភ្លើង និងយានយន្តយោធា ដូចជារថពាសដែកសម្រាប់ដឹកជញ្ជូនកងទ័ពជាដើម។ នេះបើយោងតាមប្រភពពីមន្ត្រីអាមេរិកអនាមិក ដែលដឹងអំពីរឿងនេះ។

មែនទែនទៅ ប្រភពដដែលបានបញ្ជាក់ថា មន្ទីរបញ្ជកោណ ដ៏ដូចជាក្រសួងការពារជាតិអាមេរិក បានសួរភាគីឥណ្ឌាជាច្រើនដងរួចមកហើយ អំពីការវិវត្តនៃការទិញយន្តហោះដ្រូនប្រភេទ MQ-9B SeaGuardian ចំនួន ៣០ គ្រឿង ដែលផលិតដោយក្រុមហ៊ុន General Atomics របស់អាមេរិក។

ប្រភពពីមន្ត្រីឥណ្ឌាដែលដឹងអំពីកិច្ចចរចាបានឱ្យដឹងថា សប្តាហ៍មុនក្រសួងការពារជាតិរបស់ប្រទេសឥណ្ឌា នៅតែមិនទាន់គិតគូរអំពីចំនួនយន្តហោះដ្រូន ដែលខ្លួនចង់ទិញនៅឡើយ។ «ដំបូងគេថានឹងទិញក្នុងចំនួន ៣០ ប៉ុន្តែក្រោយមកត្រូវបានប្តូរទៅ ២៤ វិញ និងបន្ទាប់មកទៀត ១៨ ពោលគឺកាន់តែថយចុះទៅទៀត។ តែយ៉ាងណា ប្រភពដដែលបានបន្ថែមថា តួរលេខនេះមិនមែនជាការសម្រេចចុងក្រោយនៅឡើយទេ។

សហរដ្ឋអាមេរិកក្រោមរដ្ឋបាលលោក ចូ បៃដិន បានធ្វើឱ្យទំនាក់ទំនងមានលក្ខណៈកាន់តែស៊ីជម្រៅជាមួយប្រទេសឥណ្ឌា ត្បិតវាជាមូលដ្ឋានគ្រឹះនៃគោលនយោបាយការបរទេសរបស់មហាអំណាចអាមេរិក ដើម្បីប្រឆាំងនឹងឥទ្ធិពលដែលកំពុងកើនឡើងរបស់ប្រទេសចិន។ ប្រទេសប្រជាធិបតេយ្យធំទាំងពីរលើលោកក៏បានបង្កើនកិច្ចសហប្រតិបត្តិការលើបច្ចេកវិទ្យាទំនើបផ្នែកយោធាផងដែរ បើទោះបីជាវ៉ាស៊ីនតោននិងញូដេលីមិនមានសម្ព័ន្ធភាពសន្តិសុខផ្លូវការ ដូចអាមេរិកមានជាមួយសម្ព័ន្ធមិត្តនៅអាស៊ីផ្សេងៗទៀតក៏ដោយ។

ប៉ុន្តែ ទីក្រុងញូវដេលី ដែលជារឿយៗលើកកម្ពស់ការមិនចូលបក្សសម្ព័ន្ធរបស់ខ្លួនក្នុងជម្លោះរវាងមហាអំណាចនៅបរទេស បានធ្វើឱ្យទីក្រុងវ៉ាស៊ីនតោនខកចិត្ត តាមរយៈការរក្សាទំនាក់ទំនងផ្នែកការពារ និងសេដ្ឋកិច្ចមួយចំនួនជាមួយរុស្ស៊ី បន្ទាប់ពីការលុកលុយរបស់រុស្ស៊ីនៅអ៊ុយក្រែន៕




អត្ថបទបន្ទាប់


នាយករដ្ឋមន្ត្រីចាំផ្ទះថៃបង្គាប់មន្ត្រីឱ្យសិក្សាអំពីផែនការបន្តការកាត់បន្ថយពន្ធលើប្រេងម៉ាហ៊្សូត

ព័ត៌មាន
រដ្ឋាភិបាលចាំផ្ទះរបស់ប្រទេសថៃ ដែលដឹកនាំដោយលោក ប្រាយុទ្ធ ចាន់អ៊ូចា កំពុងតែសិក្សាថាតើ នឹងត្រូវបន្តរក្សាតម្លៃប្រេងម៉ាហ៊្សូតឱ្យនៅទាបដដែល ឬយ៉ា…

តម្លៃសំបុត្រចូលសួនសត្វភ្នំពេញសាហ្វារី ត្រឹមតែ ៥ដុល្លារប៉ុណ្ណោះ ដោយទូទាត់តាម AMK Mobile

ព័ត៌មាន
ក្នុងឱកាសអបអរសាទរកម្មវិធីខួបគម្រប់ ៥ ឆ្នាំរបស់សួនសត្វភ្នំពេញសាហ្វារី នាថ្ងៃទី ១៨ មិថុនា ២០២៣ ខាងមុខនេះ អេ អឹម ខេ បានសហការផ្តាច់មុខជាម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ