ឥណ្ឌូនេស៊ីត្រូវការគូសវាសផែនទីពាណិជ្ជកម្មថ្មី

ឥណ្ឌូនេស៊ីត្រូវការគូសវាសផែនទីពាណិជ្ជកម្មថ្មី ក្រោយពេលដែលសេដ្ឋកិច្ចអឺរ៉ុបមានឱនភាព


ខណៈដែលសេដ្ឋកិច្ចសហគមន៍អឺរ៉ុបកំពុងតែមានឱនភាព ឥណ្ឌូនេស៊ីដែលមានទីផ្សារធំជាងគេនៅអាស៊ាន កំពុងតែស្ទាបស្ទង់ស្ថានភាព និងរៀបចំជើងព្រួល ដើម្បីឆ្លើយតបនឹងបញ្ហា។ គិតត្រឹមឆ្នាំ២០២២ ទំហំពាណិជ្ជកម្មរវាងសហគមន៍អឺរ៉ុប និងឥណ្ឌូនេស៊ី មានតម្លៃសរុបប្រមាណជាជាង ៣៣ ពាន់លានដុល្លារ ប៉ុន្តែនៅក្នុងឆ្នាំ២០២៣ វាអាចនឹងមានការធ្លាក់ចុះ ។
ពាណិជ្ជកម្មឥណ្ឌូនេស៊ីជាមួយសហគមន៍អឺរ៉ុបនឹងធ្លាក់ចុះនៅឆ្នាំនេះ

ទីភ្នាក់ងារស្ថិតិរបស់សហគមអឺរ៉ុប (Eurostat) បានបញ្ជាក់ថា អឺរ៉ុបបានកំពុងតែបោះជំហានចូលទៅក្នុងដំណាក់កាលឱនភាពសេដ្ឋកិច្ចជាលក្ខណៈបច្ចេកទេសនាឆ្នាំ២០២៣នេះ ក្រោយពេលដែលសេដ្ឋកិច្ចបានរួញ ០,១ ភាគរយក្នុងរយៈពេលពីរត្រីមាសជាប់ៗគ្នា បណ្តាលមកពីការកើនឡើងនៃតម្លៃស្បៀងអាហារ និងថាមពល បង្កឡើងដោយសង្គ្រាមរុស្ស៊ី និងអ៊ុយក្រែន។

ពាក់ព័ន្ធនឹងស្ថានភាពនេះ ទីភ្នាក់ងារសារព័ត៌មានឥណ្ឌូនេស៊ី Antara បានរាយការណ៍ថា អ្នកជំនាញការរបស់ប្រទេសនេះដែលកំពុងតែកាន់ដំណែងជាប្រធានអាស៊ាននិងជាទីផ្សារធំបំផុតរបស់តំបន់ គឺកំពុងតែសិក្សានិងរៀបចំគូសវាសផែនទីពាណិជ្ជកម្មថ្មី ។

ពាក់ព័ន្ធនឹងបញ្ហានេះ លោក ឌីស៊ុលហ្វៀន ស៊ីយ៉ាហ្រ្វេន (Dzulfian Syafrian) អ្នកស្រាវជ្រាវប្រចាំវិទ្យាស្ថានសេដ្ឋកិច្ចនិងសង្គមនៃសាកលវិទ្យាល័យឥណ្ឌូនេស៊ី (University of Indonesia's Institute for Economics and Social Research) បានមានប្រសាសន៍ថា សេដ្ឋកិច្ចឥណ្ឌូនេស៊ីមិនបានពឹងផ្អែកទាំងស្រុងលើទីផ្សារនៅអឺរ៉ុបឡើយ ដូច្នេះវិបត្តិនេះអាចប៉ះពាល់ឥណ្ឌូនេស៊ីដោយប្រយោល តែប្រទេសធំៗដូចជាអាមេរិក និងចិន គឺកំពុងតែរងផលប៉ះពាល់ធ្ងន់ធ្ងរ។

លោកនៅតែមានសុទិដ្ឋិនិយមថា ការអូសបន្លាយនៃសង្រ្គាមរវាងរុស៊្សីនិងអ៊ុយក្រែនបង្កវិបត្តិនោះកើតឡើងនៅអឺរ៉ុប ដូច្នេះអ្នករងផលប៉ះពាលផ្ទាល់ គឺនៅតែជាអឺរ៉ុប ប៉ុន្តែប្រទេសផ្សេងៗ គឺអាចនឹងរងសំពាធដោយសារតែតម្លៃថាមពលនិងទំនិញប្រែប្រួល ការតម្លើងអត្រាការប្រាក់ និងអតិផរណាជាដើម ។

លោក ឌីហ្សាតមីកូ ប្រ៊ី វីតហ្សាសូណូ ( Djatmiko Bris Witjaksono) អគ្គនាយកកិច្ចចរចាពាណិជ្ជកម្មអន្តរជាតិនៃក្រសួងពាណិជ្ជកម្មឥណ្ឌូនេស៊ី បានបញ្ជាក់ថា រហូតមកដល់សព្វថ្ងៃនេះ វិបត្តិសេដ្ឋកិច្ចមិនមានផលប៉ះពាល់ខ្លាំងដល់ពាណិជ្ជកម្មឥណ្ឌូនេស៊ីទេ។

លោកបានបញ្ជាក់ថា ផលប៉ះពាល់ជារឿងដែលមិនអាចប្រកែកបាន ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយវាមិនប៉ះពាល់ខ្លាំងទេ ។

ជុំវិញបញ្ហានេះ លោក ហ្សុលគីហ្លី ហាសាន ( Zulkifli Hasan) រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មឥណ្ឌូនេស៊ីបានអះអាងថា រដ្ឋាភិបាលបានកំពុងតែជំរុញការបើកផ្លូវពាណិជ្ជកម្មថ្មី ដូចជាអាស៊ីខាងត្បូង មជ្ឈិមបូព៌ា និងអាហ្រ្វិកជាដើម ។ លោកបានអះអាងថា កិច្ចការទាំងនេះជាកិច្ចខិតខំប្រឹងប្រែងដើម្បីធានាថា ឥណ្ឌូនេស៊ីមិនពឹងផ្អែកលើទីផ្សារអឺរ៉ុបតែមួយ ។

កាលពីឆ្នាំ២០២២ កន្លងទៅ ទំហំពាណិជ្ជកម្មរវាងសហគមន៍អឺរ៉ុប និងឥណ្ឌូនេស៊ី មានតម្លៃសរុបប្រមាណជាជាង ៣៣ ពាន់លានដុល្លារ នៅក្នុងនោះ ឥណ្ឌូនេស៊ីនាំចេញទៅទីផ្សារអឺរ៉ុប ២១,៥ពាន់លានដុល្លារ ហើយនាំចូលមកវិញ ១១,៦ពាន់លានដុល្លារ ដោយធ្វើឲ្យពាណិកម្មឥណ្ឌូនេស៊ីមានអតិរេកពាណិជ្ជកម្មរហូតដល់ទៅជិត ១០ ពាន់លានដុល្លារ៕

អត្ថបទ ៖ ​សរ សុជាតិ




អត្ថបទបន្ទាប់


ក្រុមអ្នកសេដ្ឋកិច្ចហ្វីលីពិនកំពុងកាត់បន្ថយឱនភាពសារពើពន្ធ ខណៈបំណុលកំពុងកើនឡើងខ្លាំង

ព័ត៌មាន
ក្រុមអ្នកជំនាញសេដ្ឋកិច្ចហ្វីលីពិនកំពុងតែរៀបចំផែនការនិងយុទ្ធសាស្រ្តនានាដើម្បីធ្វើយ៉ាងណាកាត់បន្ថយឱនភាពសារពើពន្ធរបស់ប្រទេសដែលមានវិបត្តិកាលពីអ…

មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្មពន្យល់ពីហេតុផល នៃការនាំចេញកសិផលកម្ពុជាធ្លាក់ចុះ ២២% នៅឆមាសទី១ឆ្នាំនេះ

ព័ត៌មាន
យោងតាមរបាយការណ៍ស្ដីពីស្ថានភាពនៃការនាំចេញកសិផលនៅឆមាសទី១ ឆ្នាំ២០២៣ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានបង្ហាញថា នៅឆមាសទី១ ឆ្នាំន…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ