ឥណ្ឌូនេស៊ីចង់វិនិយោគលើវិស័យកែច្នៃនៅកម្ពុជា

ឥណ្ឌូនេស៊ីចង់វិនិយោគលើវិស័យកែច្នៃស្រូវ-អង្ករ និងជំរុញការនាំចេញអង្ករពីកម្ពុជាទៅកាន់ប្រទេសរបស់ខ្លួន


ប្រទេសឥណ្ឌូនេស៊ីបានបង្ហាញការចាប់អារម្មណ៍ចង់វិនិយោគលើវិស័យកែច្នៃស្រូវ-អង្ករ នៅប្រទេសកម្ពុជា និងជំរុញការនាំចេញអង្ករកម្ពុជាទៅកាន់ទីផ្សាររបស់ខ្លួន។ ការបង្ហាញចំណាប់វិនិយោគលើការកែច្នៃ និងនាំចេញអង្ករនេះ បានធ្វើឡើងនាឱកាសសម្ដេចតេជោ ហ៊ុន សែន បានជួបពិភាក្សាការងារតាមប្រព័ន្ធវីឌីអូជាមួយប្រធានាធិបតីឥណ្ឌូនេស៊ី លោក ចូកូ វីដូដូ នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣។
ឥណ្ឌូនេស៊ីចង់វិនិយោគលើវិស័យកែច្នៃនៅកម្ពុជា
ដោយ

ជាការឆ្លើយតបសម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍យ៉ាងពេញទំហឹងចំពោះឥណ្ឌូនេស៊ី ដែលនឹងមកដល់នាពេលខាងមុខ ដើម្បីពិភាក្សាក្នុងកិច្ចការវិនិយោគ និងនាំចេញអង្ករកម្ពុជាទៅកាន់ទីផ្សារឥណ្ឌូនេស៊ី។ ជាមួយគ្នានេះ អ្នកជំនាញក្នុងវិស័យស្រូវអង្ករនៅកម្ពុជាបានបង្ហាញការសាទរយ៉ាងខ្លាំង និងបង្ហាញក្ដីរំពឹងថា វិស័យស្រូវអង្ករនៅកម្ពុជា នឹងកាន់តែប្រសើរឡើងថែមមួយកម្រិតទៀត ប្រសិនបើមានការវិនិយោគលើការកែច្នៃស្រូវអង្ករបន្ថែម។

នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម ចូកូ វីដូដូ ប្រធានាធិបតីនៃប្រទេសឥណ្ឌូនេស៊ី ដែលជំនួបនេះ ធ្វើឡើងតាមប្រព័ន្ធវីដេអូ។ បើតាមឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងថា កិច្ចសន្ទនាក៏បានផ្ដោតទៅលើ ការយកចិត្តទុកដាក់ទៅលើបញ្ហាសន្តិសុខស្បៀង ដែលក្នុងនោះ ឯកឧត្តមប្រធានាធិបតីឥណ្ឌូនេស៊ីបានបញ្ជាក់នៅបំណងក្នុងការនាំអង្ករចេញពីកម្ពុជា ហើយនៅពេលដែលខ្លីខាងមុខនេះ ប្រធានាធិបតីឥណ្ឌូនេស៊ីក៏បានសុំការអនុញ្ញាតពីសម្ដេចតេជោ ដើម្បីបញ្ជូនប្រតិភូមកពិភាក្សាលើករណីនេះ ផងដែរ។ ជាការឆ្លើយតប សម្ដេចតេជោហ៊ុនសែន ក៏បានមានប្រសាសន៍ថា កម្ពុជានឹងស្វាគមន៍ចំពោះប្រតិភូឥណ្ឌូនេស៊ី ដែលនឹងមកកម្ពុជានៅពេលខាងមុខ ក្នុងការពិភាក្សាលើការនាំអង្ករចេញពីកម្ពុជា។ ស្របពេលជាមួយគ្នានោះ សម្ដេចក៏បានលើកឡើងអំពីលទ្ធភាព ដែលអ្នកវិនិយោគឥណ្ឌូនេស៊ី អាចដាក់ទុន ១០០% នៅកម្ពុជាលើការបង្កើតជារោងម៉ាស៊ីនកិនស្រូវ ឃ្លាំងស្តុក និងបណ្ដាញទិញស្រូវពីប្រជាកសិករ ដើម្បីធានាស្ថិរភាពសម្រាប់ការនាំចេញនាពេលខាងមុខ។
ជុំវិញបំណងនៃការវិនិយោគក្នុងវិស័យស្រូវអង្ករនេះដែរ លោក លន់ យ៉េង អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជា យល់ឃើញថា ការចង់វិនិយោគបង្កើតជារោងម៉ាស៊ីនកិនស្រូវ ឃ្លាំងស្តុក ក៏ដូចជា ចង់នាំចេញអង្ករកម្ពុជាទៅកាន់ទីផ្សារឥណ្ឌូនេស៊ី សុទ្ធតែផ្ដល់ផលវិជ្ជមានសម្រាប់វិស័យស្រូវអង្ករនៅកម្ពុជា។ សម្រាប់លោក លន់ យ៉េង បើកម្ពុជាអាចនាំចេញអង្ករទៅទីផ្សារឥណ្ឌូនេស៊ីបន្ថែម មិនត្រឹមធ្វើឲ្យស្រូវអង្ករនៅកម្ពុជាកាន់តែប្រសើរឡើងនោះទេ តែក៏នឹងធ្វើឲ្យតម្លៃអង្ករកម្ពុជាកាន់តែខ្ពស់ និងផ្ដល់ផលចំណេញកាន់តែច្រើនសម្រាប់កសិករ។
សូមបញ្ជាក់ថា នារយៈពេលចុងក្រោយនេះ តម្លៃស្រូវនៅកម្ពុជា ហាក់ចាប់ផ្ដើមបង្ហាញនូវសញ្ញាណវិជ្ជមាន និងមានតម្លៃកាន់តែប្រសើរគួរឲ្យកត់សម្គាល់ ជាពិសេសស្របពេលដែលពិភពលោកបាននិងកំពុងមានតម្រូវការស្បៀងអាហារកាន់តែច្រើន។ ជាក់ស្ដែង បច្ចុប្បន្ន តម្លៃស្រូវនៅកម្ពុជា កំពុងហក់ឡើងជាបន្តបន្ទាប់ មិនធ្លាប់មានពីមុនមក ដោយតម្លៃស្រូវជាមធ្យមអាចលក់បានក្នុងតម្លៃចន្លោះពី ១ ១០០រៀល ទៅ ១ ៣០០រៀល ក្នុង១គីឡូក្រាម។ ទន្ទឹមនឹង តម្លៃស្រូវនៅកម្ពុជាកើនឡើង ការនាំចេញអង្ករកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ ក៏មានស្ថានភាពល្អប្រសើរ ផងដែរ ពោលនៅរយៈពេល ៧ខែ ឆ្នាំ២០២៣នេះ កម្ពុជាសម្រេចបានការនាំចេញអង្កជាង ៥០% នៃផែនការ ៧០ម៉ឺនតោន ដែលស្មើនឹងជាង ៣៦ម៉ឺនតោន គិតជាទឹកប្រាក់សរុបមានជាង ២៥០លានដុល្លារអាមេរិក។ នេះបើយោងតាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា៕




អត្ថបទបន្ទាប់


ហាងទំនិញ FamilyMart របស់ជប៉ុន ដែលជាគូប្រជែងដ៏ធំរបស់ហាង 7-Eleven ដកខ្លួនចេញពីប្រទេសថៃក្រោយប្រតិបត្តិការបាន៣ទសវត្សរ៍

ព័ត៌មាន
ហាងទំនិញរបស់ជប៉ុន FamilyMart ដែលគេស្គាល់ថា ជាគូប្រជែងដ៏ធំមួយរបស់ហាង7-Eleven នោះ បានប្រកាសនឹងដកខ្លួនចេញពីប្រទេសថៃ បន្ទាប់ពីកិច្ចព្រមព្…

ចិនប្តេជ្ញាបន្តជួយកម្ពុជាអភិវឌ្ឍន៍វិស័យហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម និងវិស័យសំខាន់ៗមួយចំនួនទៀត

ព័ត៌មាន
ចិនប្តេជ្ញាបន្តជួយគាំទ្រកម្ពុជាក្នុងការអភិវឌ្ឍន៍វិស័យហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម ឧស្សាហកម្ម និងវិស័យសំខាន់ៗមួយចំនួនទៀត សំដៅជួយពង្រឹង និងពង្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ