វិស័យដឹកជញ្ជូន

សេចក្ដីព្រាងច្បាប់ស្តីពី«ការដឹកជញ្ជូនតាមផ្លូវទឹក»ទទួលបានការអនុម័តពីគណៈរដ្ឋមន្ត្រី


នៅទីបំផុតសេចក្ដីព្រាងច្បាប់ស្តីពី«ការដឹកជញ្ជូនតាមផ្លូវទឹក»ទទួលបានការអនុម័តពីកិច្ចប្រជុំពេញគណៈរដ្ឋមន្ត្រី ដែលដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោយសេចក្ដីព្រាងច្បាប់នេះត្រូវចំណាយពេលរៀបចំតាក់តែងជាង១០ឆ្នាំ។ ក្រៅពីសេចក្ដីព្រាងច្បាប់បម្រើឱ្យវិស័យដឹកជញ្ជូន និងការធ្វើពាណិជ្ជកម្មនេះ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក៏បានអនុម័តលើរបៀបវារៈចំនួន៤ ផ្សេងទៀតផងដែរ។
វិស័យដឹកជញ្ជូន
ដោយ

យោងតាមលទ្ធផលកិច្ចប្រជុំគណៈរដ្ឋមន្រ្តី ដែលដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា សេចក្តីព្រាងច្បាប់ស្តីពី«ការដឹកជញ្ជូនតាមផ្លូវទឹក»ទទួលបានការអនុម័តទាំងស្រុងពីគណៈរដ្ឋមន្ត្រី។

សេចក្តីព្រាងច្បាប់នេះ បានកំណត់អំពីការគ្រប់គ្រង និងការអភិវឌ្ឍវិស័យដឹកជញ្ជូនតាមផ្លូវទឹក និងកំពង់ផែរបស់កម្ពុជា ក្នុងគោលបំណងដើម្បីរក្សាសណ្តាប់ធ្នាប់ ធានាសុវត្ថិភាព សន្តិសុខនៃការដឹកជញ្ជូនតាមផ្លូវទឹក ព្រមទាំងការកសាង និងថែរក្សាការពារហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធ និងរួមចំណែកការពារបរិស្ថាន ព្រមទាំងផ្តល់កាលានុវត្តភាពវិនិយោគ និងការប្រកួតប្រជែងប្រកបដោយយុត្តិធម៌ សមធម៌ និងតម្លាភាព សម្រាប់បម្រើពាណិជ្ជកម្មជាតិ និងអន្តរជាតិ និងទ្រទ្រង់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។

វិសាលភាពនៃសេចក្តីព្រាងច្បាប់នេះ គឺអនុវត្តចំពោះនាវា នាវិក កំពង់ផែ ម្ចាស់នាវាឬម្ចាស់នាវាភារវេទកិច្ច យានដ្ឋាននាវា ហេដ្ឋារចនាសម្ព័ន្ធផ្លូវទឹក និងសកម្មភាពដែលពាក់ព័ន្ធផ្សេងទៀតនៅក្នុងដែនដី និងដែនយុត្តាធិការនៃកម្ពុជា លើកលែងតែនាវា កំពង់ផែ និងឋបនីយភណ្ឌផែរបស់កងកម្លាំងមានសមត្ថកិច្ចនៃក្រសួងការពារជាតិ និងក្រសួងមហាផ្ទៃ ដែលកំណត់ក្នុងលិខិតបទដ្ឋានគតិយុត្តដោយឡែក។

សេចក្តីព្រាងច្បាប់នេះ ត្រូវបានកំណត់ជាការងារអាទិភាពក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ បញ្ចកោណទី២ មុំទី២ ត្រង់ចំណុចទី៤ ដែលបានរំលេចយ៉ាងច្បាស់ពីការពន្លឿនការរៀបចំច្បាប់ស្តីពីការដឹកជញ្ជូនតាមផ្លូវទឹក និងកំពង់ផែ។ ខណៈគិតមកទល់ពេលនេះមានរយៈពេលជាង១០ឆ្នាំហើយ ដែលសេចក្តីព្រាងច្បាប់នេះត្រូវបានរៀបចំតាក់តែងឡើង ដើម្បីជួយសម្រួល និងបង្កើនប្រសិទ្ធភាពនៃវិស័យដឹកជញ្ជូនតាមផ្លូវទឹករបស់កម្ពុជា។

ជុំវិញសេចក្តីព្រាងច្បាប់នេះដែរ លោកឧកញ៉ា ស៊ិន ចន្ធី ប្រធានសមាគមភស្ដុភារកម្មកម្ពុជា បានបង្ហាញការគាំទ្រ និងមានសុទិដ្ឋិនិយមថា ក្រោយច្បាប់នេះដាក់ឱ្យអនុវត្តន៍វានឹងរួមចំណែកកាន់តែសំខាន់ក្នុងការជួយអភិវឌ្ឍន៍វិស័យដឹកជញ្ជូននៅកម្ពុជាឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។

បើតាមប្រធានសមាគមរូបនេះ ច្បាប់ស្ដីពី«ការដឹកជញ្ជូនតាមផ្លូវទឹក» ពិតជាមានសារសំខាន់ណាស់សម្រាប់វិស័យដឹកជញ្ចូនរបស់កម្ពុជា ហើយក៏ជាអ្វីដែលវិស័យដឹកជញ្ជូននៅកម្ពុជាត្រូវការផងដែរ ខណៈកន្លងមកការអនុវត្តច្បាប់របស់កម្ពុជាត្រូវបានគោរពតាមច្បាប់អន្តរជាតិ។ សម្រាប់អ្នកជំនាញរូបនេះ តាមរយៈការបង្កើតច្បាប់ស្ដីពីការដឹកជញ្ជូនតាមផ្លូវទឹកដោយខ្លួនឯងនេះ វានឹងជួយសម្រួលដល់ការធ្វើពាណិជ្ជកម្មរបស់កម្ពុជា-អន្តរជាតិ ឱ្យកាន់តែមានភាពល្អប្រសើរថែមមួយកម្រិតទៀត ពិសេសនឹងអាចជួយកាត់បន្ថយថ្លៃដើមដឹកជញ្ជូនតែម្តង។

បើតាមឧកញ៉ា ស៊ិន ចន្ធី កន្លងមក នៅក្នុងវិស័យដឹកជញ្ជូន និងឡូជីស្ទីក ហាក់មានផលលំបាកក្នុងការប្រើប្រាស់ និងការស្នើសុំការធានារ៉ាប់រងទៅលើការដឹកជញ្ជូនទំនិញ ដែលធ្វើឲ្យវិស័យដឹកជញ្ជូន និងឡូជីស្ទីកកម្ពុជា មិនទាន់មានភាពប្រកួតប្រជែងនៅឡើយ។ យ៉ាងណាមិញប្រធានសមាគមភស្តុភារកម្មកម្ពុជា រូបនេះ រំពឹងថា តាមរយៈសេចក្ដីព្រាងច្បាប់ស្ដីពី«ការដឹកជញ្ជូនតាមផ្លូវទឹក»នេះ វានឹងជួយសម្រួលដល់ការប្រើប្រាស់ និងបង្កើតឲ្យមានការធានារ៉ាប់រងទៅលើការដឹកជញ្ជូនទំនិញ ក៏ដូចជាជួយធ្វើឲ្យអ្នកវិនិយោគក្នុងវិស័យនេះកាន់មានទំនុកចិត្តមកលើវិស័យដឹកជញ្ជូន និងឡូជីស្ទីករបស់កម្ពុជាថែមមួយកម្រិតទៀត។

សូមបញ្ជាក់ថា របៀបវារៈនៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីដែលដឹកនាំកិច្ចប្រជុំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤ បានពិភាក្សា និងឆ្លងលើរបៀបវារៈសំខាន់ៗ ចំនួន៥រួមមាន៖ ទី១៖ របាយការណ៍វឌ្ឍនភាពនិងទិសដៅទៅមុខនៃការរៀបចំក្របខ័ណ្ឌតាមដាននិងវាយតម្លៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១។

ទី២៖ សេចក្តីព្រាងច្បាប់ស្តីពីការដឹកជញ្ជូនតាមផ្លូវទឹក។

ទី៣៖ សេចក្តីព្រាងអនុក្រឹត្យស្ដីពីការកែសម្រួលអនុក្រឹត្យស្តីពីការរៀបចំនិងការ ប្រព្រឹត្តទៅរបស់ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា។ ទី៤៖ សេចក្តីព្រាងអនុក្រឹត្យស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន។

និង៥៖ បញ្ហាផ្សេងៗ សំណើសុំការយល់ព្រមពីគណៈរដ្ឋមន្ត្រី ដើម្បីសុំការអនុម័តពីស្ថាប័ននីតិប្បញ្ញត្តិលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារសម្រាប់ធ្វើវិសោធនកម្មកិច្ចព្រមព្រៀងម៉ារ៉ាកេស ស្តីពីការបង្កើតអង្គការពាណិជ្ជកម្មពិភពលោក ដើម្បីបញ្ចូលកិច្ចព្រមព្រៀងស្ដីពីការឧបត្ថម្ភធនជលផល៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កម្ពុជាឈ្នះមេដាយមាស ក្នុងការប្រកួតពានរង្វាន់ឌីជីថលអាស៊ានប្រចាំឆ្នាំ២០២៤

ព័ត៌មាន
ក្រោយឆ្លងកាត់ការប្រកួតប្រជែងយ៉ាងស្វិតស្វាញជាមួយប្រទេសសមាជិកអាស៊ាន ទីបំផុតកម្មវិធី «ថ្នាលផ្ទៀងផ្ទាត់ឯកសាររបស់រាជរដ្ឋាភិបាល verify.gov.kh»…

តើក្រុមអាជីវករ និងអ្នកចិញ្ចឹមសត្វយល់ឃើញបែបណាចំពោះការផ្អាកការនាំចូលសាច់បង្កកជាប្រភេទគ្រឿងក្នុង?

ព័ត៌មាន
រាជរដ្ឋាភិបាលកម្ពុជា បានសម្រេកផ្អាកការនាំចេញសាច់បង្កកប្រភេទគ្រឿងក្នុងបណ្តោះអាសន្នរយៈពេល៦ខែ ដែលនឹងអនុវត្តចាប់ពីខែមីនា តទៅ ដើម្បីជួយកាត់បន្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ