សមាគមម្រេចកំពត

សមាគមម្រេចកំពតរំពឹងអាចនាំចេញម្រេចបាន១០០តោននៅឆ្នាំនេះ ក្រោយមើលឃើញពីកំណើនបញ្ជាទិញ


ប្រធានសមាគមម្រេចកំពតបានអះអាងថា នៅឆមាសទី១ឆ្នាំ២០២៣នេះ ការនាំចេញម្រេចកំពតទៅកាន់ទីផ្សារអន្តរជាតិសម្រេចបានជិត២៤តោន ដែលបរិមាណនាំចេញនេះមិនមានការប្រែប្រួលច្រើននោះទេបើធៀបទៅនឹងការនាំចេញក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ទោះយ៉ាងណា ប្រធានសមាគមម្រេចកំពត អះអាងថា ការនាំចេញម្រេចកំពតនៅឆ្នាំនេះនឹងមានការកើនឡើងជាងឆ្នាំមុន ដោយរំពឹងថាអាចនាំចេញបានក្នុងរង្វង់ជាង១០០តោននៅពេញមួយឆ្នាំ២០២៣នេះ ដោយសារក្រុមហ៊ុនបញ្ជាទិញមួយចំនួនបង្កើនការបញ្ជាទិញ គួបផ្សំទិន្នផលម្រេចកំពតនៅឆ្នាំនេះទទួលបានផលខ្ពស់។
ការនាំចេញម្រេចកំពតសម្រេចបានជិត ២៤តោន នៅឆមាសទី១ឆ្នាំនេះ
ដោយ

លោក ងួន ឡាយ ប្រធានសមាគមម្រេចកំពតរំពឹងថា នៅឆ្នាំនេះការនាំចេញម្រេចកំពតទៅកាន់ទីផ្សារអន្តរជាតិនឹងសម្រេចបានជាង១០០តោន ដែលចំនួនមានការកើនឡើងតិចតួចបើធៀបទៅនឹងបរិមាណនាំចេញកាលពីឆ្នាំ២០២២ ដែលមានប្រមាណ៨២តោន។ ការរំពឹងបែបនេះ គឺបន្ទាប់ពីលោកសង្កេតមានក្រុមហ៊ុនមួយចំនួនបានបង្កើនការបញ្ជាទិញម្រេចពីកសិករឆ្នាំនេះមានកើនឡើងជាងឆ្នាំមុន គួបផ្សំការប្រមូលទិន្នផលម្រេចរបស់កសិករឆ្នាំនេះហាក់មានការកើនឡើង។ យ៉ាងណាមិញនៅឆមាសទី១ឆ្នាំ២០២៣ កន្លងទៅ ការនាំចេញម្រេចកំពត់សម្រេចតែជិត២៤តោនតែប៉ុណ្ណោះ ដែលបរិមាណនាំចេញនេះ គឺមិនមានការប្រែប្រួលច្រើននោះទេ បើធៀបនឹងបរិមាណនាំចេញកាលពីឆ្នាំ២០២២។
បើតាមលោក ងួន ឡាយ មកទល់ពេលនេះ ការបញ្ជាទិញម្រេចកំពតរវាងក្រុមហ៊ុន និងកសិករត្រូវបានធ្វើឡើងជាបន្តបន្ទាប់ទៅតាមដំណាក់កាល និងតាមគោលការណ៍របស់ក្រុមហ៊ុននីមួយៗ។ តែយ៉ាងណាសម្រាប់ទិន្នផលម្រេចកំពតនៅមិនទាន់ត្រូវបានបញ្ជាទិញអស់នៅឡើយទេនៅពេលនេះ ពីព្រោះទើបតែបញ្ចប់ការប្រមូលផលថ្មីៗ ហើយកសិករត្រូវការពេលវេលាក្នុងការសម្រាំងគុណភាពម្រេចកំពតបន្ថែមទៀត ដ្បិតក្រុមហ៊ុនបញ្ជាទិញក៏បានកំណត់ថ្ងៃទិញរួចរាល់ហើយផងដែរ។

ដោយឡែក សម្រាប់ការដាំដុះម្រេចកំពតនៅឆ្នាំនេះវិញ ប្រធានសមាគមរូបនេះបញ្ជាក់ថា មិនសូវមានកសិករដាំថ្មីច្រើននោះទេ ពោលគឺមានកសិករថ្មីប្រមាណ២២គ្រួសារប៉ុណ្ណោះ ដែលបានចូលជាសមាជិកថ្មី ដោយពួកគេបានដាំដុះស្របនឹងគោលការណ៍របស់សមាគម។ ហើយគិតមកដល់ពេលនេះ ផ្ទៃដីដាំដុះម្រេចកំពតសរុបមានប្រមាណ២ម៉ឺន៤ពាន់ហិកតា។
គួរជម្រាបថា ជាច្រើនឆ្នាំមកហើយ តម្លៃម្រេចកំពតដែលលក់លើទីផ្សារអន្តរជាតិ គឺមានតម្លៃថេរដោយម្រេចខ្មៅមានតម្លៃ១៥ដុល្លារ រីឯម្រេចក្រហមមានតម្លៃ២៥ដុល្លារ និងម្រេចសមានតម្លៃ២៨ដុល្លារក្នុងមួយគីឡូក្រាម។ ហើយទីផ្សារសំខាន់ៗសម្រាប់ការនាំចេញម្រេចកំពតកម្ពុជារួមមានសហភាពអឺរ៉ុប សហរដ្ឋអាមេរិក ជប៉ុន កូរ៉េខាងត្បូង ហុងកុង និងតៃវ៉ាន់ជាដើម។ បើតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ និងនេសាទ នៅឆមាសទី១ឆ្នាំនេះ ការនាំចេញម្រេចទូទៅរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ សម្រេចបានជាង៤ពាន់៣រយតោនមានការធ្លាក់ចុះជាង ៣០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕




អត្ថបទបន្ទាប់


ទីផ្សារត្រីប្រា ត្រីពោរ និងត្រីឆ្ដោល្អប្រសើរ តែសមាគមវារីវប្បករបារម្ភពីស្ថានភាពវិស័យវារីវប្បកម្មនៅកម្ពុជាបន្តធ្លាក់ចុះ

ព័ត៌មាន
ទីផ្សារត្រីក្នុងស្រុកមួយចំនួន ចាប់ផ្ដើមប្រសើរឡើងវិញ ក្រោយបានរងការរង្គោះរង្គើយ៉ាងខ្លាំងក្នុងអំឡុងវិបត្តិកូវីដ១៩ នាពេលកន្លងមក។ ជាក់ស្ដែងទីផ្ស…

បុគ្គលិកនៅព្រលានយន្តហោះសៀមរាបចាស់ជាង៩០% ត្រូវបានផ្ទេរទៅកាន់ព្រលានថ្មី ដែលគ្រោងដំណើរការនៅខែតុលា ខាងមុខ

ព័ត៌មាន
មន្ត្រីជាន់ខ្ពស់នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលបានគូសបញ្ជាក់ថា មកទល់ពេលនេះមានបុគ្គលិកបម្រើការអាកាសយានដ្ឋានអន្តរជាតិសៀមរាបចាស់ជាង៩០…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ