Toyota-CP

Toyota ចាប់ដៃ CP លើគម្រោងឥន្ធនៈអ៊ីដ្រូសែនសម្រាប់រថយន្ត ដែលជាជម្រើសថ្មីនៃការកាត់បន្ថយផ្សែងពុល


ក្រុមហ៊ុនរថយន្តយក្សជប៉ុន Toyota បានបង្កើតកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុនដ៏ធំមួយរបស់ប្រទេសថៃ ដើម្បីអភិវឌ្ឍគម្រោងចំហេះអ៊ីដ្រូសែន សម្រាប់រថយន្ត ដែលបម្លែងចេញពីកាកសំណល់កសិដ្ឋាន។ សម្រាប់គម្រោងនេះ ត្រូវបាន Toyota ហៅថា ជាជម្រើសថ្មីមួយទៀត ក្រៅពីរថយន្តអគ្គិសនី ក្នុងការកាត់បន្ថយការបញ្ចេញផ្សែងប៉ះពាល់បរិស្ថាន ហើយរំពឹងថា គម្រោងនេះនឹងមានធ្វើឡើងនៅតាមប្រទេសជាច្រើនទៀត។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Nikkei។
Toyota សហការជាមួយក្រុមហ៊ុនថៃ លើគម្រោងចំហេះអ៊ីដ្រូសែនរថយន្ត

ក្រុមហ៊ុន Toyota នឹងធ្វើការជាមួយក្រុមហ៊ុនយក្សរបស់ថៃ CP Group លើគម្រោងមួយក្នុងការបម្លែងកាកសំណល់កសិដ្ឋានទៅជាឥន្ធៈសម្រាប់រថយន្តដើរដោយថាមពលអ៊ីដ្រូហ្សែន ខណៈដែលក្រុមហ៊ុនជប៉ុនមួយនេះបានអះអាងថា រថយន្តអគ្គិសនីមិនមែនជាជម្រើសតែមួយក្នុងការលុបបំបាត់ការបញ្ចេញផ្សែងឡើយ។

គម្រោងនេះ ត្រូវបានប្រកាសកាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ ធ្វើឡើងក្នុងពេលដែលក្រុមហ៊ុន Toyota បាននឹងកំពុងតែពង្រីកនូវវត្តមានរបស់ខ្លួនចូលក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាកន្លែងដែលក្រុមហ៊ុនធំៗដូចជា Tesla និង BYD កំពុងទន្ទ្រានទីផ្សាររថយន្តអគ្គិសនីដែលកំពុងមានទំនោរកើនឡើង។

សូមជម្រាបថា CP គឺជាក្រុមហ៊ុនធំបំផុតមួយរបស់ប្រទេសថៃ ដោយប្រតិបត្តិការ និងចំណូលរបស់ក្រុមហ៊ុននេះ គឺរាប់ចាប់ពីឧស្សាហកម្ម ការដឹកជញ្ជូនចែកចាយ និងកសិកម្ម។

ក្រុមហ៊ុនទាំងពីរ បានបញ្ជាក់ថា ពួកគេនឹងរួមគ្នាផ្តោតលើការផលិតអ៊ីដ្រូសែន ដោយការប្រើប្រាស់ជីវឧស្ម័នពីកាកសំណល់កសិដ្ឋាន។ ឥន្ធនៈអ៊ីដ្រូសែននេះ នឹងត្រូវបំពាក់លើរថយន្តដឹកជញ្ជូនរបស់ក្រុមហ៊ុន CP ដើម្បីបង្ហាញពីការចូលរួមកាត់បន្ថយការបញ្ចេញផ្សែងពុល។

ក្នុងសន្និសីទកាសែតមួយ លោក Akio Toyoda នាយកប្រតិបត្តិក្រុមហ៊ុន Toyota បានលើកឡើងពីគោលការណ៍របស់ក្រុមហ៊ុនក្នុងការអភិវឌ្ឍជម្រើសប្រភេទរថយន្ត ពោលគឺបើប្រភេទទីផ្សាររថយន្តផ្សេងៗគ្នា វាក៏នឹងធ្វើឱ្យផ្លូវឆ្ពោះទៅការកាត់បន្ថយការបញ្ចេញផ្សែងនោះ ក៏ផ្សេងគ្នាផងដែរ ដោយលោកចង់សំដៅទៅលើជម្រើសឥន្ធនៈអ៊ីដ្រូសែននេះតែម្តង។ ប៉ុន្តែការលើកឡើងបែបនេះ បានទទួលការរិះគន់ពីអ្នកវិនិយោគមួយចំនួន ដែលពួកគេខិតខំអភិវឌ្ឍរថយន្តអគ្គិសនី ដើម្បីកាត់បន្ថយការប្រែប្រួលអាកាសធាតុ។

លោក Toyoda បាននិយាយថា គម្រោងនេះនឹងជួយបន្ទាបការបញ្ចេញផ្សែកាបូនឌីអុកស៊ីត ក្នុងវិស័យដឹកជញ្ជូនប្រទេសថៃ។ ទន្ទឹមនេះ លោកបានប្រឆាំងនឹងការដាក់កំហិតលើជម្រើសផ្សេងៗក្នុងការលុបបំបាត់ការបញ្ចេញផ្សែងពុល ដោយលោកបញ្ជាក់ថា រថយន្តអគ្គិសនី ជាជម្រើសសំខាន់មួយហើយ ប៉ុន្តែមិនមែនមានន័យថា វាគឺជាជម្រើសតែមួយគត់នោះទេ។

បើតាមនាយក Toyota រូបនេះ ឱ្យដឹងថា គម្រោងរបស់ថៃនេះ នឹងត្រូវយកធ្វើជាករណីធ្វើតេស្តមួយ ហើយលោករំពឹងថា វាក៏នឹងធ្វើឡើងនៅតាមបណ្តាប្រទេសផ្សេងៗទៀតដែរ។

គួរដឹងដែរថា ក្រុមហ៊ុន Toyota និង CP ក៏នឹងសិក្សាផងដែរក្នុងការធ្វើឱ្យវិស័យឡូជីស្ទីកកាន់តែមានប្រសិទ្ធភាពដោយការប្រើប្រាស់បច្ចេកវិទ្យាតភ្ជាប់គ្នា ដែលវាជាផ្នែកមួយនៃសម្ព័ន្ធភាពរវាងក្រុមហ៊ុនទាំងពីរ៕

អត្ថបទ៖ នៅ សំភី




អត្ថបទបន្ទាប់


ក្រុមប្រទេសG7 នឹងផ្ដល់ឱ្យវៀតណាមនូវថវិកាចំនួន ១៥,៥ ពាន់លានដុល្លារដើម្បីកាត់បន្ថយការប្រើធ្យូងថ្ម

ព័ត៌មាន
ក្រសួងការបរទេសអង់គ្លេសបាននិយាយនៅថ្ងៃទី១៤ខែធ្នូថា ក្រុមប្រទេសឧស្សាហកម្មជឿនលឿនទាំង៧ (G7) នឹងផ្តល់ប្រាក់ចំនួន ១៥ពាន់៥រយលានដុល្លារ ដើម្បីជួយ…

តើសម្ដេចតេជោ ហ៊ុន សែន ស្នើឲ្យបារាំងមកបណ្ដាក់ទុនវិនិយោគលើវិស័យសំខាន់ៗអ្វីខ្លះ?

ព័ត៌មាន
នៅក្នុងជំនួបជាមួយប្រធានាធិបតីបារាំង លោក អេម៉ានូអែល ម៉ាក្រុង និងសហព័ន្ធនយោជកបារាំងអន្តរជាតិ កាលពីថ្ងៃទី ១៣ ខែធ្នូ សម្តេចតេជោ ហ៊ុន សែន…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ