វិបត្តិគ្រោះធម្មជាតិ

វិបត្តិគ្រោះធម្មជាតិលេបត្របាក់ទ្រព្យសម្បត្តិអាមេរិកអស់១៦៥ពាន់លានដុល្លារ កាលពីឆ្នាំ២០២២


របាយការណ៍របស់រដ្ឋាភិបាលសហរដ្ឋអាមេរិកចេញផ្សាយនៅថ្ងៃអង្គារទី១០មករា បានឱ្យដឹងថា ខ្យល់ព្យុះធំៗ ខ្យល់គួច ព្យុះព្រិល ភ្លើងឆេះព្រៃ និងភាពគ្រោះរាំងស្ងួត ដ៏កាចសាហាវកាលពីឆ្នាំ២០២២ បានបង្កការខូចខាត លេបត្របាក់យកធនធានទ្រព្យសម្បត្តិរបស់សហរដ្ឋអាមេរិកក្នុងទំហំទឹកប្រាក់ជាង១៦៥ពាន់លានដុល្លារ។ សរុបនៅពេញមួយឆ្នាំ២០២២ អាមេរិកជួបប្រទះនឹងគ្រោះធម្មជាតិ ដែលបង្កការខូចខាតទ្រង់ទ្រាយធំដល់ទៅរាប់រយពាន់លានដុល្លារ ចំនួន១៨ករណីផ្សេងៗគ្នា។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
អាមេរិកខាតរាប់ពាន់លានពីគ្រោះធម្មជាតិ!

បើតាមរបាយការណ៍ពីគណៈកម្មការរដ្ឋបាលមហាសមុទ្រ និងបរិយាកាសជាតិអាមេរិក ហៅកាត់ថា NOAA ក្នុងចំណោមគ្រោះធម្មជាតិទាំង១៨ ខ្យល់ព្យុះដែលមានឈ្មោះថា អៀន ហូរីខេន (Ian Hurricane) បានបង្កវិនាសកម្មក្នុងតម្លៃគិតជាទឹកប្រាក់ ១១៣ពាន់លានដុល្លារ។

របាយការណ៍ដដែលឱ្យដឹងទៀតថា ការខាតបង់នៅឆ្នាំ២០២២ គឺដូចទៅនឹងឆ្នាំ២០១៧ និងឆ្នាំ២០២១ ពោលគឺសុទ្ធសឹងជាឆ្នាំដែលអាមេរិកខាតបង់ទឹកប្រាក់រាប់ពាន់លានដុល្លារដោយសារគ្រោះធម្មជាតិ និងការប្រែប្រួលអាកាសធាតុ។ ទោះយ៉ាងណាឆ្នាំ២០២២ នេះចំនួនគ្រោះមហន្តរាយមានតិចជាងកាលពីឆ្នាំ២០២០ និង២០២១ ដោយក្នុងនោះករណីបង្កការខាតបង់ខ្ទង់ពាន់លានដុល្លារដោយគ្រោះធម្មជាតិធំៗក្នុងឆ្នាំ២០២០ មានដល់ទៅ២២លើក ហើយឆ្នាំ២០២១មាន២០លើក។

គួរកត់សម្គាល់ថា ចំនួនព្រឹត្តិការណ៍ធ្ងន់ធ្ងរដែលចេះតែកើនឡើងនេះ បានបង្ហាញឱ្យឃើញថា គ្រោះធម្មជាតិកំរិតធ្ងន់នៅអាមេរិក កំពុងតែក្លាយជារឿងធម្មតាទៅហើយ។

របាយការណ៍ពីភ្នាក់ងារអាកាសធាតុអាមេរិកដដែល បានកត់សម្គាល់ថា តួលេខទាំងអស់នេះ គឺជាការគណនាបញ្ចូលករណីគ្រោះធម្មជាតិធំៗប៉ុណ្ណោះ នេះគេនៅមិនទាន់រាប់បញ្ចូលការចំណាយសរុបចំពោះព្រឹត្តិការណ៍បន្ទាប់បន្សំផ្សេងទៀតផង។ នៅមានករណីរតូចៗច្រើនទៀត ដែលបើតាមការប៉ាន់ស្មានទៅគឺ ក្នុងមួយករណីអាចខាតបង់អស់ជាង១ពាន់លានដុល្លារទៀត។ ជាក់ស្តែង ករណីបង្កការខាតបង់ធំៗ តំណាងឱ្យ៨៥% និងករណីបន្ទាប់បន្សំតំណាងឱ្យ១៥% នៃគ្រោះថ្នាក់ទាំងអស់កាលពីឆ្នាំ២០២២។

សូមរំឭកថា កាលពីខែកញ្ញាកន្លងទៅរដ្ឋ Florida សហរដ្ឋអាមេរិកបានត្រូវបានខ្យល់ព្យុះឈ្មោះ អៀន ហូរីខេន វាយបោកបក់យ៉ាងកាចសាហាវ និងបានបង្កការខូចខាតយ៉ាងខ្លាំងក្នុងទំហំទឹកប្រាក់រហូតដល់ជិត១២៣ពាន់លានដុល្លារ ព្រមទាំងបានឆក់យកជីវិតមនុស្សអស់ ១៥២ នាក់។

ដោយឡែក រលកកម្ដៅកាលពីរដូវក្តៅឆ្នាំមុន បានបង្កភាពគ្រោះរាំងស្ងួត ដែលគ្របដណ្តប់ផ្នែកភាគច្រើននៅភាគកណ្តាល និងភាគខាងលិចសហរដ្ឋអាមេរិក បង្កការខូចខាតក្នុងទំហំទឹកប្រាក់រហូតដល់ ២២ពាន់លានដុល្លារ ហើយបានសម្លាប់មនុស្ស ១៣៦នាក់។

បន្ថែមលើនេះ ភ្លើងឆេះព្រៃនៅភាគខាងលិចសហរដ្ឋអាមេរិក និងរដ្ឋអាឡាស្កា ទឹកជំនន់នៅរដ្ឋ មីសូរី(Missouri) និងរដ្ឋខេនថាក់គី (Kentucky) ខ្យល់គួចនៅទូទាំងភាគខាងត្បូង និងភាគអាគ្នេយ៍សហរដ្ឋអាមេរិក និងព្យុះព្រិលកាលខែធ្នូ សុទ្ធសឹងតែបានបង្កការខូចខាតជាច្រើន៕

អត្ថបត ៖ សុខ ជា




អត្ថបទបន្ទាប់


អាមេរិកបង្កើតគណៈកម្មាធិការមួយ ដើម្បីផ្ដោតទប់ទល់លើការប្រកួតប្រជែងជាមួយមហាយក្សចិន

ព័ត៌មាន
សភាតំណាងរាស្រ្តអាមេរិកបានបោះឆ្នោតក្នុងសម្លេងច្រើនលើសលប់ កាលពីថ្ងៃអង្គារទី១០ខែមករា ដើម្បីបង្កើតគណៈកម្មាធិការមួយ សម្រាប់ផ្តោតលើការងារ គ្រប់គ្…

ធនាគារពិភពលោក៖ សេដ្ឋកិច្ចពិភពលោក២០២៣កំពុងឈរនៅមាត់ជ្រោះនៃវិបត្តិហើយ

ព័ត៌មាន
សេដ្ឋកិច្ចពិភពលោកនៅឆ្នាំ២០២៣នេះ ត្រូវបានស្ថានអន្តរជាតិធំៗ ព្យាករពីស្ថានភាពកាន់តែយ៉ាប់យ៉ឺនជាងឆ្នាំ២០២២ទៅទៀត។ យ៉ាងណាមិញ បើតាមការព្យាករថ្ម…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ