អំពើចារកម្ម

តើកម្ពុជានឹងខាតបង់ប្រយោជន៍អ្វីខ្លះបើសិនជាមិនលុបបំបាត់អំពើចារកម្មតាមអនឡាញ និងល្បែងស៊ីសង?


តើកម្ពុជានឹងខាតបង់ប្រយោជន៍អ្វីខ្លះបើសិនជាមិនលុបបំបាត់អំពើចារកម្មតាមអនឡាញ និងល្បែងស៊ីសង? អាជ្ញាធរកម្ពុជា ទើបបណ្ដេញចេញជនបរទេសរាប់រយនាក់ចេញពីប្រទេសកម្ពុជាកាលពីពេលថ្មីៗ ក្រោយពួកគេធ្វើសកម្មភាពពាក់ព័ន្ធបទល្មើសលួចឆ្លងដែនខុសច្បាប់ និងលួចស្នាក់នៅ និងធ្វើការខុសច្បាប់ ដែលល្មើសនឹងច្បាប់ស្ដីពីអន្តោប្រវេសន៍។
អំពើចារកម្ម
ដោយ

តើសកម្មភាពរបស់ជនបរទេសដែលចូលមកកម្ពុជា ហើយធ្វើសកម្មភាពផ្ទុយពីច្បាប់របស់កម្ពុជា អាចបង្កផលប៉ះពាល់ដល់សេដ្ឋកិច្ចុយ៉ាងណាខ្លះ? ហើយអ្នកជំនាញមានការយល់ឃើញបែបណាខ្លះចំពោះទង្វើប្រាសចាកពីច្បាប់របស់កម្ពុជានេះ?

លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា យល់ឃើញថា ការធ្វើសកម្មភាពផ្ទុយពីច្បាប់ពីសំណាក់ជនបរទេសមួយចំនួននៅកម្ពុជា ចង់ ឬមិនចង់វានឹងបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ច និងមុខមាត់របស់កម្ពុជា។

ព្រោះថា សកម្មភាពខុសច្បាប់ដូចជាអំពើចារកម្មតាមប្រព័ន្ធអ៊ិនធឺណិត និងល្បែងស៊ីសងខុសច្បាប់តាមប្រព័ន្ធអនឡាញជាដើម នឹងធ្វើឱ្យវិនិយោគិនបរទេសមានការខ្លាចរអា ឬរារែកក្នុងការមកបណ្តាក់ទុននៅកម្ពុជា ដោយសារពួកគេបារម្ភពីការខាតបង់ថវិកាក្នុងប្រការណាមួយ។ ទន្ទឹមនឹងប៉ះពាល់ដល់មុខមាត់ និងកិត្តិយស កម្ពុជាក៏អាចប្រឈមនឹងបញ្ហាជាមួយអន្តរជាតិផងដែរ ប្រសិនបើជនបរទេសទាំងនោះប្រព្រឹត្តអំពើឧក្រិដ្ឋកម្ម។

យ៉ាងណាក៏ដោយ លោកបណ្ឌិត គិន ភា បានលើកជាទស្សនផ្ទាល់ខ្លួនថា រដ្ឋាភិបាលកម្ពុជា គួរតែធ្វើសកម្មភាពឱ្យបានខ្លាំងក្លា និងឲ្យមានប្រសិទ្ធភាពបន្ថែមទៀតក្នុងការបោសសម្អាតជនបរទេសណា ដែលមកធ្វើសកម្មភាពផ្ទុយពីច្បាប់ ខណៈកម្ពុជា គឺ រដ្ឋអធិបតេយ្យមួយដែលតម្កល់នីតិរដ្ឋ និង អភិបាលកិច្ចល្អ ជាស្នូលនៃការអភិវឌ្ឍ។ ជាមួយគ្នានេះ លោកស្នើឱ្យរាជរដ្ឋាភិបាល ពង្រឹងការអនុវត្តច្បាប់ និង មន្រ្តីអនុវត្តច្បាប់ និង អនុញ្ញាតឱ្យមានការចូលរួមពីភាគីពាក់ព័ន្ធ ទើបអាចសម្រេចបានប្រកបដោយប្រសិទ្ធភាពខ្ពស់។

​ពាក់ព័ន្ធនឹងបញ្ហានេះដែរ លោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព យល់ឃើញថា ការធ្វើអាជីវកម្មតាមអនឡាញរបស់ជនបរទេស គឺជាបញ្ហាប្រឈមមួយនៃសេដ្ឋកិច្ចរបស់កម្ពុជា ខណៈក្រុមប្រទេសលោកខាងលិច និងប៉ែកអឺរ៉ុប កំពុងសម្លឹងមើលកម្ពុជាលើ ករណីការលាង​លុយកខ្វក់ ដែលកន្លងមកកម្ពុជាធ្លាប់ជាប់ក្នុងបញ្ជីប្រផេះ ហើយក៏ត្រូវបានដកចេញវិញរួចហើយដែរ​។ ទន្ទឹមនេះ លោកយង់ គិមអេង ចាត់ទុកការការបណ្ដេញជនបរទេសដែលធ្វើសកម្មភាពខុសច្បាប់នៅកម្ពុជា គឺជារឿងល្អ និងជាការផ្ដល់ទំនុកចិត្តដល់ជនបរទេសដែលចូលមកធ្វើអាជីវកម្មស្របច្បាប់នៅកម្ពុជា។

បន្ថែមពីនេះ ប្រធានមជ្ឈមណ្ឌលរូបនេះ ស្នើឱ្យរាជរដ្ឋាភិបាល ត្រូវអនុវត្តច្បាប់អន្តោប្រវេសន៍ឱ្យមានប្រសិទ្ធភាព និងតាមដានការធ្វើអាជីវកម្មរបស់ជនបរទេសទាំងអស់ឱ្យបានដិតដល់ ដើម្បីកុំឱ្យពួកគេយកទឹកដីកម្ពុជា ធ្វើជាទីកន្លែងប្រព្រឹត្តអំពើឧក្រិដ្ឋកម្ម និងជាទីតាំងសម្រាប់លាងលុយកខ្វក់។

​គួរបញ្ជាក់ថា កាលពីពេលថ្មីៗអាជ្ញាធរកម្ពុជា ក្រោមការសហការជាមួយអាជ្ញាធរចិន បានធ្វើមាតុភូមិនិវត្តន៍ជនសង្ស័យពាក់ព័ន្ធល្បែងស៊ីសង និងឆបោក​ជាង ៦៨០នាក់ចេញពីកម្ពុជា ​​តាមរយៈជើងហោះហើរ ដែលរៀបចំដោយអាជ្ញាធរចិន។ ជាមួយគ្នានេះអាជ្ញាធរខេត្តព្រះសីហនុ ថ្មីៗនេះ ក៏បានបណ្តេញជនជាតិវៀតណាម ចំនួន ២៣១នាក់ ពាក់ព័ន្ធការឆបោកតាមប្រព័ន្ធអនឡាញចេញពីកម្ពុជាតាមច្រកអន្តរជាតិ ព្រែកចាក ផងដែរ។

យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ កាលពីឆ្នាំ២០២៣ អាជ្ញាធរកម្ពុជា បានបណ្ដេញជនបរទេសចំនួន ៥១២លើក ស្មើនឹងជនល្មើសជាង ២ពាន់១រយនាក់ចេញពីប្រទេសកម្ពុជា ក្រោយពួកគេប្រព្រឹត្តអំពើល្មើសច្បាប់៕

អត្ថបទ៖ បូ ដូឡា​

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិជិត១លាន៦សែននាក់នៅត្រីមាសទី១ តែអ្នកជំនាញថា នៅមិនទាន់ជាសញ្ញាល្អនៅឡើយ

ព័ត៌មាន
កម្ពុជាស្រូបទាញភ្ញៀវទេសចរបរទេសបានសរុបជិត១លាន៦សែននាក់នៅត្រីមាសទី១ឆ្នាំនេះ មានការកើនឡើងជាង២២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ អ្នក…

តើការដោះសា្រយបញ្ហាវិវាទដ៏រ៉ាំរ៉ៃរវាងអតិថិជន ជាមួយ ម្ចាស់បុរី ម៉ន ដានី ដំណើរការដល់ណាហើយ?

ព័ត៌មាន
មកទល់ពេលនេះបញ្ហាវិវាទរ៉ាំរ៉ៃ និងអូសបន្លាយពេលរវាងអតិថិជនជាមួយម្ចាស់បុរី ម៉ន ដានី ពុំទាន់មានច្រកចេញប្រកបដោយប្រសិទ្ធភាពនៅឡើយទេ បើទោះបី…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ