បំណុលប៉ាគីស្ថាន

ការសិក្សាបង្ហាញថា បំណុលប៉ាគីស្ថានជំពាក់ចិនមានជាង៦៧ពាន់លានដុល្លារ


តាមការសិក្សាមួយដែលបានចេញផ្សាយនៅសប្តាហ៍នេះបានបង្ហាញថា នៅក្នុងរយៈពេលពីរទសវត្សរ៍កន្លងមកនេះ បំណុលប៉ាគីស្ថានពីប្រទេសចិន បានកើនឡើងប្រមាណ២១ពាន់លានដុល្លារបន្ថែម ពីលើអ្វីដែលគេបានដឹង និងរាយការណ៍កន្លងទៅ។ ការសិក្សានោះឱ្យដឹងទៀតថា ប្រទេសអាស៊ីខាងត្បូងមួយនេះកំពុងក្លាយជាប្រទេសដែលពឹងផ្អែកមូលនិធិកម្ចីចិនដ៏ច្រើនបំផុតលើពិភពលោក ក្នុងការយកទៅអភិវឌ្ឍន៍វិស័យថាមពល។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗ។
បំណុលប៉ាគីស្ថាន
ដោយ

យោងតាមវិទ្យាស្ថានស្រាវជ្រាវ AidData ដែលមានមូលដ្ឋាននៅសហរដ្ឋអាម៉េរិកបានឱ្យដឹងថា គេបានគណនាបំណុលសាធារណៈ សរុបរបស់ប៉ាគីស្ថាន ដែលបានខ្ចីប្រទេសចិន មានចំនួនប្រមាណជាង៦៧ពាន់លានដុល្លារ ពីឆ្នាំ២០០០ ដល់២០២១។ បើតាមទិន្នន័យនេះ វាលើលពីចំនួនដែលបានកត់ត្រាដោយស្ថិតិបំណុលអន្តរជាតិ របស់ធនាគារពិភពលោក ដែលមានត្រឹមប្រមាណ៤៦ពាន់លានដុល្លារ គិតក្នុងរយៈពេលដូចគ្នា និងដោយផ្អែកតាមប្រភពដែលទម្លាយឱ្យដឹងពីក្នុងរដ្ឋាភិបាលប៉ាគីស្ថាន។

យោងតាម AidData មួយភាគធំនៃមូលនិធិកម្ចីសាធារណៈ​ ឬប្រមាណជាង២៨ពាន់ដុល្លារ ដែលប៉ាគីស្ថានខ្ចីចិន ត្រូវបានយកទៅប្រើប្រាស់ក្នុងវិស័យថាមពល។ ខណៈដែលមូលនិធិ ដែលសេសសល់គឺត្រូវបានយកទៅប្រើសម្រាប់ការចំណាយទូទៅនៅក្នុងវិស័យធនាគារ ហិរញ្ញវត្ថុ ឧស្សាហកម្ម និងការសាងសង់ជាដើម។ យ៉ាងណាមិញ វិធីសាស្រ្តក្នុងការគណនាបំណុលរបស់ AidData ក៏បណ្តាលឱ្យមានកាជជែកដេញដោលដែរ។ តាមរបាយការណ៍ AidData វិទ្យស្ថាននេះគណនាបំណុលសាធារណៈ និងការធានាបំណុលសាធារណៈ(PPG) រួមទាំងប្រាក់កម្ចី ដែលរដ្ឋាភិបាលកណ្តាល ឬភ្នាក់ងាររបស់ខ្លួនខ្ចី និងការទទួលខុសត្រូវក្នុងការសងត្រឡប់វិញ។

ប៉ុន្តែបើតាមអ្នកស្រី Stella Hong Zhang និស្សិតផ្នែកគោលនយោបាយសាធារណៈរបស់ប្រទេសចិនមកពីសាកលវិទ្យាល័យ Harvard បានអះអាងថា ទិន្នន័យ AidData បានប្រើរង្វាស់រង្វល់ការធានាបំណុលសាធារណៈ(PPG)ធំជាងធម្មតា ទើបធ្វើឱ្យមានតួលេខបំណុលមានការកើនឡើងសម្រាប់ប្រទេសមួយចំនួន។

ដោយឡែក ឆ្លើយតបនឹងរបាយការណ៍ AidData លោក Bradley Parks នាយកប្រតិបត្តិវិទ្យាស្ថាននេះ បានគូសបញ្ជាក់ប្រាប់ Nikkei Asia ថា ប្រាក់កម្ចីរបស់ចិនផ្តល់ឱ្យប្រទេសប៉ាគីស្ថានជារឿយៗជាបំណុលរយៈពេលខ្លី ដែលមានកាលកំណត់១២ខែ ឬតិចជាងនេះ ប៉ុន្តែនៅពេលសងវិញ គឺក្នុងរយៈពេលវែង។

ជាមួយគ្នានេះលោក Ammar A. Malik អ្នកស្រាវជ្រាវជាន់ខ្ពស់នៅ AidData និងសហអ្នកនិពន្ធរបាយការណ៍ខាងលើបានបន្ថែមថា បំណុលភាគច្រើនដែលប៉ាគីស្ថានខ្ចីពីចិន មានចំនួន៣៦ពាន់លានដុល្លារ ក្នុងចំណោមបំណុលសរុបជាង៦៧ពាន់លានដុល្លារ ត្រូវបានស្នើខ្ចីពីរដ្ឋាភិបាល Nawaz Sharif អតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថាន ពីឆ្នាំ២០១៣ ដល់២០១៧ ដើម្បីផ្តោតទៅលើវិស័យថាមពល។

ទោះជាយ៉ាងណាក៏ដោយ កម្ចីពាន់ដុល្លារសម្រាប់ប្រទេសមិនថាតែប៉ាគីស្ថាន ដែលជាផ្នែកមួយនៃគម្រោងហេដ្ឋារចនាសម្ព័ន្ធយក្សខ្សែក្រវាត់ និងផ្លូវរបស់ចិន កំពុងលូតលាស់ឡើងក្នុងប្រទេសដែលកំពុងមានសេដ្ឋកិច្ចផុយស្រួយ ឬដែលគេស្គាល់ថា ប្រទេសលោកខាងត្បូង។

អ្នកស្រាវជ្រាវបានរកឃើញថា ទីក្រុងប៉េកាំង កំពុងស្វែងរកតួនាទី ដែលមិនធ្លាប់មានពីមុនក្នុងនាមជាប្រទេសម្ចាស់បំណុលផ្លូវការដ៏ធំបំផុតរបស់ពិភពលោក ដោយ៨០%នៃប្រាក់កម្ចីរបស់ខ្លួន គឺជាមួយនឹងប្រទេសដែលមានបញ្ហាហិរញ្ញវត្ថុ ដូចប្រទេសប៉ាគីស្ថាន ជាឧទាហរណ៍ជាក់ស្តែង។

យោងតាមទិន្នន័យផ្លូវការឱ្យដឹងថា ច្រករបៀងសេដ្ឋកិច្ចចិន-ប៉ាគីស្ថាន(CPEC) ដែលមានតម្លៃប្រមាណ៥០ពាន់លានដុល្លារ គឺជាគម្រោងអភិវឌ្ឍន៍ធំជាងគេបង្អស់ទីបីនៃគម្រោងខ្សែ និងផ្លូវរបស់ចិន បន្ទាប់ពីគម្រោងជាមួយរុស្ស៊ី និងវ៉េនេស៊ុយអេឡា។

យ៉ាងណាក៏ដោយ រដ្ឋាភិបាលក្រុងអ៊ីស្លាមម៉ាបាដ ដែលបាននិងកំពុងប្រឈមមុខនឹងវិបត្តិនយោបាយ និងសម្ពាធអតិផរណាយ៉ាងធ្ងន់ធ្ងរនោះ ត្រូវបានបង្ខំចិត្តឱ្យទទួលការរៀបចំរចនាសម្ព័ន្ធបំណុល៣ពាន់លានដុល្លារ ពីមូលនិធិរូបិយវត្ថុអន្តរជាតិ នៅឆ្នាំនេះ ដើម្បីជៀសវាងការធ្លាក់ចូលទៅក្នុងវិបត្តិបំណុលដូចស្រីលង្កាដែរ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ចិនជំរុញឱ្យ G7 បញ្ឈប់ការញុះញង់ឱ្យមានការប្រឈមមុខដាក់គ្នា ខណៈថ្នាក់ដឹកនាំចិន និងជប៉ុនអាចជួបគ្នានៅសប្តាហ៍ក្រោយ

ព័ត៌មាន
អ្នកការទូតចិន កំពុងរិះគន់រដ្ឋមន្រ្តីការរបទេសក្រុមប្រទេស G7 និងជំរុញឱ្យពួកគេបញ្ឈប់ការញុះញង់ឱ្យមានការប្រឈមមុខដាក់គ្នាជុំវិញសង្គ្រាមរវាងក្រុម…

កំណើនយឺតនៃសេដ្ឋកិច្ចចិន ទាញទម្លាក់ប្រាក់ចំណេញរបស់ក្រុមហ៊ុនផលិតកម្មពិភពលោក

ព័ត៌មាន
ការធ្លាក់ចុះសេដ្ឋកិច្ចរបស់ប្រទេសចិន កំពុងអូសបន្លាយពេលដំណើរការឧស្សាហកម្មផលិតកម្មពិភពលោកដោយធ្វើឱ្យខាតបង់ប្រាក់ចំណេញសរុប៩%គួបផ្សំនឹងការធ្លាក…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ