ហ្វីលីពីនបើកការល្បាត

ហ្វីលីពីនបើកការល្បាតជើងទឹក និងអាកាសរួមគ្នាជាមួយអាមេរិក ក្រោយចិនបញ្ចប់សមយុទ្ធជាមួយប្រទេសអាស៊ានចំនួន៥


យោងតាមការប្រកាសដោយលោក ហ្វើឌីណេន ម៉ាកូស ប្រធានាធិបតីហ្វីលីពីន កាលពីថ្ងៃអង្គារថា យោធាហ្វីលីពីនបានចាប់ផ្តើមល្បាតរួមគ្នាតាមដែនសមុទ្រ និងផ្លូវអាកាសនៅសមុទ្រចិនខាងត្បូងជាមួយនឹងកងទ័ពអាមេរិក។ ការល្បាតរួមគ្នានេះបានកើតឡើង ក្រោយពេលដែលប្រទេសចិនទើបបានបិទបញ្ចប់សមយុទ្ធរយៈពេលដប់ថ្ងៃជាមួយប្រទេសអាស៊ាន៥ផ្សេងទៀត ដែលទីក្រុងម៉ានីលសម្រេចមិនចូលរួម ដោយសារតែភាពតានតឹងថ្មីៗជុំវិញជម្លោះនៅសមុទ្រចិនខាងត្បូង។ នេះបើតាមការចុះផ្សាយសារព័ត៌មានអន្តរជាតិធំៗ។
ហ្វីលីពីនបើកការល្បាត
ដោយ

យោងតាមការថ្លែងដោយលោក ម៉ាកូស តាមបណ្តាញសង្គម X ការល្បាតនេះគឺជាគំនិតផ្តួចផ្តើមមួយដ៏សំខាន់ចំពោះការប្តេជ្ញាចិត្តពង្រឹងអន្តរប្រតិបត្តិការនៃកងកម្លាំងយោធាប្រទេសទាំងពីរក្នុងដែនសមុទ្រ និងផ្លូវអាកាស។ តាមការឱ្យដឹង ការល្បាតនឹងធ្វើឡើងនៅកោះ Mavulis ស្ថិតនៅភាគខាងជើងបំផុតនៃប្រទេសហ្វីលីពីន និងមានចម្ងាយប្រហែល១០០គីឡូម៉ែត្រពីកោះតៃវ៉ាន់។ ហើយការប្រកាសនេះធ្វើឡើងមួយថ្ងៃបន្ទាប់ពីលោក ម៉ាកូស បានប្រាប់វេទិកាមួយនៅរដ្ឋហាវ៉ៃថា ស្ថានភាពនៅសមុទ្រចិនខាងត្បូងកាន់តែធ្ងន់ធ្ងរជាងពេលមុន ដោយហេតុថា យោធាចិនកាន់តែខិតទៅជិតឆ្នេរសមុទ្រហ្វីលីពីន។

ដោយឡែក បើតាមសេចក្តីថ្លែងការណ៍មួយរបស់យោធាហ្វីលីពីន ការល្បាតតាមដែនសមុទ្រ និងផ្លូវអាកាសរួមគ្នា នឹងចាប់ផ្តើមនៅតំបន់ក្រៅប្រជុំកោះ Batanes ហើយឆ្ពោះទៅភាគខាងលិចឆ្ពោះទៅសមុទ្រចិនខាងត្បូង។ សេចក្តីថ្លែងការណ៍នោះថា ហ្វីលីពីននឹងដាក់ពង្រាយនាវាកងទ័ពជើងទឹកចំនួន៣គ្រឿង យន្តហោះប្រយុទ្ធធុនស្រាល FA-50 ចំនួនពីរគ្រឿង និងយន្តហោះវាយប្រហារធុនស្រាល A-29B មួយគ្រឿង។ ខណៈដែលសហរដ្ឋអាមេរិកនឹងចល័តនាវាចម្បាំង និងយន្តហោះល្បាតដែនសមុទ្រ P9-A និងយន្តហោះឈ្លបយកការណ៍។

លោក Jay Batongbacal នាយកវិទ្យាស្ថានកិច្ចការសមុទ្រ និងច្បាប់សមុទ្រ ដែលមានមូលដ្ឋាននៅទីក្រុងម៉ានីលបាននិយាយថា ការល្បាតរួមគ្នាជាមួយសហរដ្ឋអាមេរិកនេះ គឺចង់បង្ហាញថា ទីក្រុងម៉ានីលកំពុងឈរជើងលើសមុទ្រចិនខាងត្បូង និងដើម្បីបញ្ជូនសញ្ញាទៅកាន់ទីក្រុងប៉េកាំង។ យ៉ាងណាមិញ ការល្បាតនេះ ក៏បានកើតឡើង ក្រោយពេលដែលចិនទើបតែបញ្ចប់សមយុទ្ធពហុជាតិសាសន៍ជាមួយប្រទេសអាស៊ាន៥ទៀតនៅថ្ងៃពុធនេះ ដែលហ្វីលីពីនសម្រេចមិនចូលរួម។

សមយុទ្ធ Aman Youyi-2023 ឬដែលមានន័យថា «សន្តិភាពនិងមិត្តភាព២០២៣» ទើបនឹងត្រូវបានប្រទេសចិនបិទបញ្ចប់ក្នុងរយៈពេល១០ថ្ងៃ ដោយបានធ្វើឡើងតាំងពីថ្ងៃទី១៣ ខែវិច្ឆិកា មានការចូលពីកងទ័ពចម្រុះប្រមាណ៣ពាន់នាក់។ សមយុទ្ធនេះ ត្រូវបានប្រទេសអាស៊ានចំនួន៥ចូលរួមដូចជាកម្ពុជា វៀតណម ថៃ ឡាវ និងម៉ាឡេស៊ី ដែលធ្វើឡើងនៅទីក្រុង Zhanjiang ខេត្តក្វាងទុងភាគខាងត្បូងប្រទេសចិន។ យោងតាមរបាយការណ៍មួយចេញផ្សាយដោយកាសែតកងទ័ពចិនកាលពីថ្ងៃចន្ទ សមយុទ្ធទាំង៦ប្រទេសមានគោលបំណងធ្វើឱ្យប្រសើរឡើងនូវការប្រឆាំងភេរវកម្មផ្លូវគោក និងដែនសមុទ្រ បង្កើនសមត្ថភាពប្រឆាំងចោរកម្មតាមសមុទ្រ ព្រមទាំងដើម្បីបង្កើនការជឿទុកចិត្តគ្នាទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការជាក់ស្តែងក្នុងចំណោមយោធាប្រទេសនីមួយៗ។

ទោះជាយ៉ាងណា ក្រុមអ្នកវិភាគបាននិយាយថា សមយុទ្ធយោធាប្រឆាំងអំពើភេរវកម្មរួមគ្នាដ៏ធំបំផុតរបស់ទីក្រុងប៉េកាំងជាមួយប្រទេសអាស៊ានចំនួនប្រាំនេះ បានគូសបញ្ជាក់អំពីមហិច្ឆតារបស់ចិន ដើម្បីតាមឱ្យទាន់ជាមួយអាមេរិក ដែលមានទំនាក់ទំនងជិតស្និតក្នុងតំបន់ ប៉ុន្តែបណ្តាប្រទេសអាស៊ីអាគ្នេយ៍ត្រូវបានគេឃើញថា នឹងរក្សាការចូលរួមយ៉ាងប្រុងប្រយ័ត្នជាមួយប៉េកាំង ដើម្បីធ្វើឱ្យមានតុល្យភាពរវាងមហាអំណាចទាំងពីរ។

បើតាមលោក John Bradford នាយកប្រតិបត្តិនៃក្រុមប្រឹក្សា Yokosuka ទៅលើការសិក្សាអាស៊ីប៉ាស៊ីហ្វិក បាននិយាយថា ប្រទេសអាស៊ីអាគ្នេយ៍យល់ថា ប្រទេសចិនមិនទៅណាទេ ចិននឹងនៅតែជាប្រទេសក្បែខាងដែលមានទម្ងន់ធ្ងន់ខាងភូមិសាស្ត្រសេដ្ឋកិច្ច។

ដោយឡែក តាមលោក Timothy Heath អ្នកស្រាវជ្រាវអន្តរជាតិជាន់ខ្ពស់នៅវិទ្យាស្ថាន Rand បាននិយាយថា ខណៈពេលដែលទីក្រុងប៉េកាំងព្យាយាមធ្វើឱ្យស៊ីជម្រៅលើការពឹងផ្អែក និងការអនុលោមតាមរដ្ឋអាស៊ាន វានៅតែបង្ហាញពីដែនកំណត់ចំពោះទំនាក់ទំនងចិន-អាស៊ាន ពីព្រោះបណ្តាប្រទេសអាស៊ីអាគ្នេយ៍ភាគច្រើនមិនចង់ពឹងភាគីណាមួយនៅក្នុង ការប្រកួតប្រជែងរវាងមហាអំណាអាមេរិកនិងចិននោះទេ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុនរបស់ជប៉ុន ដែលគ្រោងពង្រីកអាជីវកម្មនៅប្រទេសចិនបានធ្លាក់ចុះជាង៣០%

ព័ត៌មាន
ការស្ទង់មតិដែលបានចេញផ្សាយកាលពីថ្ងៃអង្គារបានបង្ហាញថា ចំនួនក្រុមហ៊ុនជប៉ុន ដែលគ្រោងពង្រីកអាជីវកម្មនៅប្រទេសចិនបានធ្លាក់ចុះជិត៣០% ជាលើកដំបូង…

ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំអន្តរក្រសួងពិនិត្យនិងពិភាក្សាសេចក្តីព្រាងព្រះរាជក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា

ព័ត៌មាន
ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាអ្នកច្បាប់ បានដឹកនាំកិច្ចប្រជ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ