មេដឹកនាំកម្ពុជា-វៀតណាម

តើអ្នកជំនាញមានការយល់ឃើញ និងរំពឹងបែបណាចំពោះដំណើរទស្សនកិច្ចរបស់សម្តេច ហ៊ុន ម៉ាណែត ទៅវៀតណាម?


បើគ្មានការប្រែប្រួលទេ ជំនួបធុរកិច្ចកម្ពុជា-វៀតណាម ដែលមានការចូលរួមពីធុរជនជាង២០០ក្រុមហ៊ុន នឹងធ្វើឡើងក្រោមវត្តមានរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជានៅក្នុងឱកាសដែលសម្ដេចធ្វើដំណើរទស្សនកិច្ចផ្លូវការនៅទីក្រុងហាណូយ ប្រទេសវៀតណាម ចាប់ពីថ្ងៃទី១១-១២ ខែធ្នូ ឆ្នាំ២០២៣។ តើអ្នកជំនាញមានការយល់ឃើញ និងរំពឹងបែបណាចំពោះដំណើរទស្សនកិច្ចលើកដំឡូងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាទៅកាន់ប្រទេសវៀតណាម?
មេដឹកនាំកម្ពុជា
ដោយ

អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានគូសបញ្ជាក់ថា នៅក្នុងអំឡុងបំពេញទស្សនកិច្ចនេះ សម្តេចធិបតី នឹងធ្វើជាអធិបតីភាពក្នុងជំនួបធុរកិច្ចពាណិជ្ជកម្មរវាងសភាពាណិជ្ជកម្មកម្ពុជា និងធុរជនវៀតណាម ជាង២០០ក្រុមហ៊ុន។ អ្នកជំនាញរូបនេះរំពឹងថា តាមរយៈដំណើរទស្សនកិច្ចរបស់សម្តេចធិបតីនេះ វានឹងជួយលើកកម្ពស់ការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរបន្ថែមទៀត ដ្បិតវៀតណាមជាទីផ្សារដ៏ធំមួយនៅតំបន់អាស៊ានក្នុងការប្រមូលទិញវត្ថុធាតុដើមពីកម្ពុជា។ ជាពិសេសជួយទាក់ទាញវិនិយោគិនវៀតណាម ឱ្យមកបោះទុនវិនិយោគនៅកម្ពុជា ឱ្យកាន់តែច្រើនបន្ថែមទៀត។

លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិតសភាកម្ពុជា កត់សម្គាល់ឃើញថា កម្ពុជា-វៀតណាម មានទំនាក់ទំនងល្អជាប្រពៃណីជាយូរយារមកហើយ ហើយទំនាក់ទំនងនេះបង្កើតបានជាបរិយាកាសវិនិយោគដែលមានតម្លៃរាប់ពាន់លានដុល្លារ។ ដូច្នេះអ្នកជំនាញរូបនេះយល់ឃើញថា ដំណើរទស្សនកិច្ចផ្លូវការរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នៅវៀតណាមលើកនេះវានឹងជួយធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរបន្ថែមទៀត ជាពិសេសជួយជំរុញការអភិវឌ្ឍន៍នៅតាមបណ្ដោយព្រំដែន និងនៅតាមតំបន់ផ្សេងៗទៀត។

បើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅក្នុងដំណើរទស្សនកិច្ចនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងជួបពិភាក្សាទ្វេភាគីជាមួយឯកឧត្តម ផាម មិញ ជិញ នាយករដ្ឋមន្ត្រីវៀតណាម ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពាណិជ្ជកម្ម វិនិយោគ ការតភ្ជាប់ ទេសចរណ៍ វប្បធម៌ សន្តិសុខ ការពារជាតិ និងកិច្ចការព្រំដែនជាដើម។ បញ្ហាអនុតំបន់ តំបន់ និងអន្តរជាតិ ដែលជាក្តីបារម្ភរួម ក៏នឹងត្រូវលើកយកមកពិភាក្សាផងដែរ។ បន្ថែមលើនេះ នាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ នឹងធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើឯកសារកិច្ចព្រមព្រៀងមួយចំនួន និងធ្វើជាសហធិបតីក្នុងវេទិកាកម្ពុជា-វៀតណាម ស្តីពីការជំរុញពាណិជ្ជកម្ម និងវិនិយោគ៕

អត្ថបទ៖ បូ ដូឡា​

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើមានកត្តាអ្វីទាញទម្លាក់ការនាំចេញម្រេចកម្ពុជាឱ្យធ្លាក់ចុះជាង៣០% នៅ១១ខែឆ្នាំនេះ?

ព័ត៌មាន
វិបត្តិសកល ដែលកំពុងបន្តកើតមាននាពេលនេះ បានទាញទម្លាក់បរិមាណនាំចេញកសិផលមួយចំនួនរបស់កម្ពុជា រួមទាំងម្រេចទៅកាន់ទីផ្សារអន្តរជាតិ។ ជាក់ស្តែ…

តើកំពូលស្ត្រីអ្នកមានទាំង៥រូបរបស់ថៃ ប្រចាំឆ្នាំ២០២៣ ជានរណា?

ព័ត៌មាន
សារព័ត៌មានថៃ the Nation នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣ បានបង្ហាញមុខកំពូលសេដ្ឋីនីទាំង៥របស់ប្រទេស។ កំពូលសេដ្ឋីទាំងនោះ គឺមានទ្រព្យសម្បត្តិចាប…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ