វិបត្តិអចលនទ្រព្យ

វិបត្តិអចលនទ្រព្យនៅចិន កំពុងលេបត្របាក់ទ្រព្យសម្បត្តិរបស់ពលរដ្ឋវណ្ណៈកណ្តាល


វិបត្តិអចលនទ្រព្យក្នុងប្រទេសចិន កំពុងលេបត្របាក់ទ្រព្យសម្បត្តិរបស់ប្រជាជនវណ្ណៈកណ្តាលក្នុងទំហំដ៏មហាសាល ខណៈការវិនិយោគលើភាគហ៊ុនធ្លាក់ចុះ៣០% កញ្ចប់ប្រាក់បៀវត្សរ៍ធ្លាក់ចុះ៣០% ហើយអចលនទ្រព្យដែលទិញទុកវិនិយោគបានធ្លាក់ចុះ២០%។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន The Edge Markets។
វិបត្តិអចលនទ្រព្យ
ដោយ

នៅពេលគិតដល់ស្ថានភាពក្នុងឆ្នាំ២០២៣ អ្វីដែលលោក ថមម៉ាស ចូវ (Thomas Zhou) គិតឃើញមុនគេនោះ គឺហិរញ្ញវត្ថុគ្រួសារ។ បុគ្គលិកផ្នែកហិរញ្ញវត្ថុវ័យ៤០ឆ្នាំមកពីទីក្រុងសៀងហៃ ប្រទេសចិនរូបនេះបាននិយាយថា រឿងតែមួយគត់ដែលលោកត្រូវបន្តដំណើរ និងគិតគូរនោះ គឺធ្វើយ៉ាងណារក្សាការងារឱ្យជាប់ ដើម្បីឱ្យលោកមានលទ្ធភាពផ្គត់ផ្គង់គ្រួសារ។

ស្ថានភាពដ៏លំបាករបស់លោក ថមម៉ាស ចូវ បានឆ្លុះបញ្ចាំងពីស្ថានភាពដ៏លំបាករបស់ប្រជាជនជាច្រើនផ្សេងទៀតនៅក្នុងប្រទេសចិន ទីដែលការដាំក្បាលចុះនៃវិស័យអចលនទ្រព្យ និងផ្សារហ៊ុន កំពុងលេបត្របាក់ទ្រព្យសម្បត្តិគ្រួសាររបស់ពលរដ្ឋវណ្ណៈកណ្តាល។

ស្របពេលប្រទេសមានសេដ្ឋកិច្ចធំបំផុតទី២របស់ពិភពលោកមួយនេះ ជួបការលំបាកក្នុងការទទួលបានសន្ទុះកំណើនឡើងវិញបន្ទាប់ពីការបិទខ្ទប់កូវីដ-១៩ អស់រយៈពេលជិត៣ឆ្នាំ ក៏មានការគំរាមកំហែងកាន់តែខ្លាំងឡើងផងដែរ ជាពិសេសអត្រាគ្មានការងារធ្វើ។

បច្ចុប្បន្នគ្រួសារពលរដ្ឋវណ្ណៈកណ្តាលកំពុងបង្ខំចិត្តគិតគូរឡើងវិញអំពីអាទិភាពក្នុងការប្រើប្រាស់ប្រាក់របស់ពួកគេ ដោយអ្នកខ្លះបានដកខ្លួនចេញពីការវិនិយោគ ឬលក់ចេញទ្រព្យសកម្មនានា ដើម្បីមានសាច់ប្រាក់ងាយស្រួល(Liquidity)នៅក្នុងដៃ។

កត្តាចម្បងធំបំផុតដែលនាំឱ្យទ្រព្យសម្បត្តិគ្រួសារពលរដ្ឋនៅចិនធ្លាក់ចុះ គឺការដាំក្បាលចុះនៃវិស័យអចលនទ្រព្យ ដែលបានជះឥទ្ធិពលយ៉ាងខ្លាំងមកលើសង្គមចិន ដោយ៧០% នៃទ្រព្យសម្បត្តិគ្រួសារពលរដ្ឋចិន ត្រូវបានកប់ក្នុងអចលនទ្រព្យ។ យោងតាមសារព័ត៌មាន Bloomberg Economics រាល់ការធ្លាក់ចុះ៥% នៃតម្លៃផ្ទះ វានឹងធ្វើឱ្យខាតបង់ទ្រព្យសម្បត្តិសរុបចំនួន២,៦ទ្រីលានដុល្លារអាម៉េរិក។

លោក អេរិក ជូ (Eric Zhu) អ្នកជំនាញសេដ្ឋកិច្ចនៅសារព័ត៌មាន Bloomberg Economics បានលើកឡើងថា វាប្រហែលគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ ហើយវានឹងមានការខាតបង់ទ្រព្យសម្បត្តិកាន់តែច្រើនបន្ថែមទៀតនៅប៉ុន្មានឆ្នាំខាងមុខ។ ប្រសិនបើទីផ្សារអចលនទ្រព្យមិនហក់ឡើងខ្លាំងទេនោះ វាទំនងជាមិនអាចប៉ះប៉ូវការខាតបង់លើលំនៅឋានបានឡើយ។ ខណៈទិន្នន័យផ្លូវការរបស់ប្រទេសចិនបានបង្ហាញពីការធ្លាក់ចុះតិចតួចនៃតម្លៃផ្ទះដែលមានស្រាប់ ភ័ស្តុតាងពីបណ្ដាភ្នាក់ងារអចលនទ្រព្យ និងអ្នកផ្តល់ទិន្នន័យឯកជនបានបង្ហាញពីការធ្លាក់ចុះខ្លាំង ដែលយ៉ាងតិចក្នុងរង្វង់១៥% នៅតាមតំបន់មានហាងឆេងខ្ពស់ក្នុងទីក្រុងធំៗរបស់ចិន។

យោងតាមសារព័ត៌មាន Bloomberg Economics បង្ហាញថា តម្លៃនៃវិស័យលំនៅឋានអាចនឹងធ្លាក់ចុះមកនៅត្រឹមប្រមាណ១៦% នៃផលិតផលក្នុងស្រុកសរុប(GDP)របស់ប្រទេសចិន នៅឆ្នាំ២០២៦ បើធៀបនឹងប្រមាណ២០%នៃ GDP នាពេលបច្ចុប្បន្ន។ ហើយកត្តានេះនឹងធ្វើឱ្យមនុស្សប្រមាណ៥លាននាក់ ឬប្រមាណ១%នៃកម្លាំងពលកម្មនៅតាមទីក្រុងប្រឈមហានិភ័យគ្មានការងារធ្វើ ឬធ្លាក់ចុះប្រាក់ចំណូល៕

ដោយ: តែម សុខុម

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុនចិនកាន់តែច្រើនសម្លឹងចាប់យកម៉ាឡេស៊ី ធ្វើជាមូលដ្ឋានដំឡើងបន្ទះឈីបកម្រិតខ្ពស់

ព័ត៌មាន
ក្រុមហ៊ុនឌីហ្សាញបន្ទះឈីបចិន កាន់តែច្រើនឡើងកំពុងឈោងចាប់បណ្ដាក្រុមហ៊ុនម៉ាឡេស៊ី ដើម្បីដំឡើងបន្ទះឈីបកម្រិតខ្ពស់របស់ខ្លួន ហើយការធ្វើបែបនេះ គឺ…

លោក ពូទីន ព្រមានហ្វាំងឡង់ក្រោយពីប្រទេសនេះចូលក្នុងអង្គការណាតូ

ព័ត៌មាន
ប្រធានាធិបតីរុស្ស៊ី លោ វ្ល៉ាឌីមៀ ពូទីន បានព្រមានកាលពីថ្ងៃអាទិត្យថា រុស្ស៊ីនឹងមានបញ្ហាជាមួយប្រទេសក្បែរខាងហ្វាំងឡង់ បន្ទាប់ពីប្រទេសនេះបានចូ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ