រុស្ស៊ី

រុស្ស៊ីសម្រេចបានអតិរេកគណនីចរន្ដដល់ទៅ ២២៧ពាន់លានដុល្លារនៅឆ្នាំ២០២២ ទោះរងទណ្ឌកម្មពីលោកខាងលិច


យោងតាមរបាយការណ៍ធនាគារកណ្តាលរុស្ស៊ីបានឲ្យដឹងកាលពីថ្ងៃអង្គារ៍ទី១៧មករាថា អតិរេកគណនីចរន្តរបស់រុស្ស៊ី ដែលជាតុល្យភាពនៃសាច់ប្រាក់ដែលហូរចូលមកក្នុងប្រទេស តាមរយៈការធ្វើពាណិជ្ជកម្ម និងការវិនិយោគផ្សេងៗ ធៀបនឹងសាច់ប្រាក់ដែលហូរចេញទៅក្រៅនោះ បានកើនឡើងដល់កម្រិតខ្ពស់បំផុតក្នុងឆ្នាំ២០២២ ដោយសារការធ្លាក់ចុះនៃការនាំចូលទំនិញពីបរទេស ខណៈការនាំចេញរបស់រុស្ស៊ី ពិសេស ប្រេង និងហ្គាសនៅតែបន្ដភាពរឹងមាំ។
ការនាំចេញរបស់រុស្សីនៅតែធំជាងការនាំចូល!
ដោយ

រុស្សីចាត់ទុកការនាំចេញប្រេង និងឧស្ម័នគឺជាបង្គោលដៅចំបងក្នុងការទប់លំនឹងសេដ្ឋកិច្ច ខណៈដែលលោកខាងលិចព្យាយាមដាក់គំនាបកាន់តែខ្លាំងលើមុខទំនិញទាំងនេះ ដោយថ្មីៗនេះមានការកំណត់តម្លៃទីផ្សារសម្រាប់ទំនិញទាំអនោះផងដែរ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន REUTERS។

ការនាំចូលរបស់រុស្ស៊ីបានធ្លាក់ចុះយ៉ាងខ្លាំងកាលពីឆ្នាំ២០២២ ដោយសារតែលោកខាងលិច ដាក់ទណ្ឌកម្មលើទីក្រុងម៉ូស្គូបន្ទាប់ពីមានការឃ្លានពានទៅលើអ៊ុយក្រែន ក្នុងន័យនេះរាល់ទំនិញនានាពីប្រទេសលោកខាងលិច ដែលត្រូវនាំចូលទៅកាន់ទីផ្សាររុស្ស៊ី ភាគច្រើនត្រូវបានផ្អាក។ ទោះបីការនាំចូលមានតិច តែវិមានក្រឹមឡាំងបាន ប៉ះប៉ូវប្រាក់ចំណូលដែលបាត់បង់ ដោយសារទណ្ឌកម្មលោកខាងលិច ដោយជំនួសមកវិញនូវការពង្រីកការនាំចេញប្រេង និងឧស្ម័នទៅកាន់ប្រទេសចិន ឥណ្ឌា និងបណ្តាប្រទេសអាស៊ីកណ្តាលមួយចំនួនទៀត។ ជាក់ស្តែងទិន្នន័យពីគយប្រទេសចិនបានបង្ហាញថា កាលពីឆ្នាំ២០២២ ពាណិជ្ជកម្មរវាងរុស្ស៊ី និងចិនបានឡើងដល់១៩០ពាន់លានដុល្លារ ដែលនេះជាកម្រិតខ្ពស់បំផុតក្នុងកំណត់ត្រា។

សូមជម្រាបថា អតិរេកគណនីចរន្តរបស់រុស្សីក្នុងឆ្នាំ២០២២មានចំនួនជាង ២០០ ពាន់លានដុល្លារ ដែលកើនឡើងដល់ទៅ ៨៦% បើធៀបទៅនឹងឆ្នាំ ២០២១ ដោយសារតែការនាំចេញមានច្រើនជាងការនាំចូលយ៉ាងខ្លាំង។

ប្រភពពីធនាគារកណ្ដាលរុស្ស៊ីបានឲ្យដឹងថា នៅពេលដែលការនាំចូលបានធ្លាក់ចុះ សមតុល្យពាណិជ្ជកម្មរបស់ទីក្រុងម៉ូស្គូបានកើនឡើងដល់ជាង២០០ពាន់លានដុល្លារក្នុងឆ្នាំ២០២២ ដែលកាលពីឆ្នាំ២០២១គឺមានត្រឹមតែជាង១០០ពាន់លានដុល្លារប៉ុណ្ណោះ។ ប្រភពដដែលបង្ហាញថាតម្លៃទំនិញកើនឡើងក្នុងឆ្នាំ២០២២ បានជួយជំរុញឱ្យគណនីចរន្តកើនឡើង ខណៈដែលការនាំចូលបានងើបឡើងវិញបន្តិចនៅក្នុងឆមាសទីពីរនៃឆ្នាំ២០២២។

គួរបញ្ចាក់ផងដែរថា ក្រុមប្រទេសសេដ្ឋកិច្ចធំៗទាំង៧ឬហៅកាត់ថាG7 នឹងបិទការនាំចូលប្រេង រួមទាំងផលិតផលទាំងអស់ដែលជាប់ពាក់ព័ន្ធនឹងប្រេងពីប្រទេសរុស្ស៊ីទាំងស្រុងតែម្តងចាប់ពីថ្ងៃទី៥ខែកុម្ភៈនេះតទៅ។ អ្នកវិភាគជឿថា ការធ្វើបែបនេះអាចនាំឲ្យមានការថយចុះនៃទិន្នផលប្រេងរបស់រុស្ស៊ីរហូតដល់ ១លានបារ៉ែលក្នុងមួយថ្ងៃ នៅក្នុងត្រីមាសទី១នៃឆ្នាំ២០២៣។

ដោយឡែកអ្នកជំនាញព្យាករណ៍ របស់រុស្សីមើលឃើញថាផលិតផលប្រេងរបស់រុស្ស៊ីនឹងធ្លាក់ចុះប្រមាណ ៤០ លានតោន ពោលគឺធ្លាក់ចុះពី២៧២លានតោន មកនៅត្រឹម ២៣០លានតោន ហើយ ប្រាក់ចំណូលពីការនាំចេញរបស់រុស្ស៊ីនឹងស្ថិតនៅក្រោមសម្ពាធកាន់តែខ្លាំងនៅឆ្នាំ២០២៣នេះ៕

អត្ថបទ ៖ សារៀម លក្ខិណា




អត្ថបទបន្ទាប់


កូនស្រីលោកថាក់ស៊ីនប្រកាសចូលរួមប្រជែងអំណាច ខណៈការបោះឆ្នោតនៅថៃជិតចូលមកដល់

ព័ត៌មាន
កូនស្រីបង្កើតរបស់អតីតមេដឹកនាំថៃលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដែលកំពុងនិរទេសខ្លួនទៅក្រៅប្រទេស បានប្រកាសត្រៀមខ្លួន ដើម្បីឈរឈ្មោះប្រជែងតំណែងនាយ…

កំណើនសេដ្ឋកិច្ចនៅតំបន់អាស៊ានបូក៣ក្នុងឆ្នាំ២០២៣ នឹងនៅតែមានកម្រិតទាប ទោះចិនបើកប្រទេសឡើងវិញក៏ដោយ

ព័ត៌មាន
ការបើកប្រទេសឡើងវិញរបស់ចិននឹងផ្តល់ក្តីសង្ឃឹមឡើងវិញ ដល់ការជំរុញសេដ្ឋកិច្ចនៃប្រទេសក្នុងតំបន់អាស៊ាន+៣ ដែលរួមមាន ចិនខ្លួនឯង ជប៉ុន និងកូរ៉េ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ