វិវាទក្រៅប្រព័ន្ធ

សម្តេច ហ៊ុន ម៉ាណែត រំពឹងអាជ្ញាធរជាតិ ដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ផ្តល់យុត្តិធម៌ដល់ពលរដ្ឋ


សេចក្តីព្រាងព្រះរាជក្រឹត្យស្តីពីការបង្កើត ការរៀបចំ និងកិច្ចដំណើរការរបស់អាជ្ញាធរជាតិ ដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការទទួលបានការអនុម័តទាំងស្រុងពីកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ដែលធ្វើឡើងក្រោមវត្តមានរបស់អធិបតី ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។ សម្តេចធិបតី បានចាត់ទុកការពង្រឹងប្រព័ន្ធយុត្តិធម៌ គឺជាអាទិភាពសំខាន់សម្រាប់រាជរដ្ឋាភិបាលកម្ពុជានៅក្នុងអាណត្តិទី៧នេះ។
2
ដោយ

នាកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី២៧ តុលា ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចាត់ទុកការពង្រឹងប្រព័ន្ធយុត្តិធម៌ គឺជាការងារអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងអាណត្តិទី៧នេះ។ ការថ្លែងបែបនេះរបស់ សម្តេចធិបតី ធ្វើឡើងស្របពេល ដែលកម្ពុជាកំពុងរៀបចំបង្កើតឱ្យមានអាជ្ញាធរជាតិ ដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដែលទើបទទួលបានការអនុម័តទាំងស្រុងលើសេចក្តីព្រាងពីកិច្ចប្រជុំពេញអង្គរបស់គណៈរដ្ឋមន្ត្រី។

សម្តេចធិបតី ហ៊ុន ម៉ាណែត រំពឹងថា ក្រោយអាជ្ញាធរជាតិ ដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនេះត្រូវបានបង្កើតឡើង វានឹងចូលរួមចំណែកជួយផ្តល់យុត្តិធម៌ និងបង្កើតសុខដុមនីយកម្មដល់ប្រជាពលរដ្ឋ ដែលជាភាគីជម្លោះ។ សម្ដេចសង្កត់ធ្ងន់ថា ការរៀបចំបង្កើតអាជ្ញាធរជាតិនេះឡើង មិនមែនទៅជំនួសតុលាការនោះទេ គ្រាន់តែបំពេញបន្ថែមនូវយន្តការដែលមានស្រាប់តែប៉ុណ្ណោះ។

យ៉ាងណាមិញ សម្តេចធិបតី ហ៊ុន ម៉ាណែត ជំរុញឱ្យភាគីពាក់ព័ន្ធធ្វើយ៉ាងណាកុំឱ្យមានការអនុវត្តការងារត្រួតស៊ីគ្នាដោយយន្តការថ្មីនេះ និងត្រូវពង្រឹងយន្តការដែលមានស្រាប់ឱ្យកាន់តែមានគុណភាព ក៏ដូចជាសហការឱ្យបានល្អ។ សម្រាប់សម្តេចធិបតី យន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ គឺជាការផ្តល់ជម្រើសបន្ថែមដល់ប្រជាពលរដ្ឋក្នុងការដោះស្រាយបញ្ហា ហើយយន្តការថ្មីនេះ ក៏មិនមែនធ្វើឡើងដើម្បីបង្ខិតបង្ខំប្រជាពលរដ្ឋឱ្យត្រូវតែប្រើប្រាស់សេវានេះនោះទេ។ ជាមួយគ្នានេះ សម្តេចធិបតី ជំរុញធ្វើយ៉ាងណាឱ្យការដោះស្រាយតាមយន្តការនេះមានការប្រថាប់ត្រា ដើម្បីឱ្យវាកាន់តែមានទម្ងន់តាមផ្លូវច្បាប់​។ សម្តេចរំពឹងថា យន្តការថ្មីនេះនឹងអាចជួយដល់ប្រជាពលរដ្ឋ និងស្នើឱ្យមានការផ្សព្វផ្សាយឱ្យបានទូលំទូលាយ ដើម្បីឱ្យប្រជាពលរដ្ឋមានការយល់ដឹងកាន់តែច្បាស់ពីអាជ្ញាធរជាតិមួយនេះ។

សូមបញ្ជាក់ថា អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក) ដឹកនាំដោយឧបនាយករដ្ឋមន្រ្តី១រូប មានអនុប្រធាន៤រូប ក្នុងនោះ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ជាអនុប្រធានប្រចាំការ និងមានសមាជិក៧រូប។ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ត្រូវបានបង្កើតឡើង ដើម្បីជាយន្តការបំពេញបន្ថែមឱ្យប្រព័ន្ធដោះស្រាយវិវាទនៅកម្ពុជា សំដៅលើកកម្ពស់គុណភាព ប្រសិទ្ធភាព និងភាពឆាប់រហ័សនៃការដោះស្រាយវិវាទ តាមរយៈការសម្រុះសម្រួល ផ្សះផ្សាក្រៅប្រព័ន្ធតុលាការ ក្នុងគោលបំណងជួយកាត់បន្ថយការកកស្ទះសំណុំរឿងនៅតាមសាលាជម្រះក្តី បង្ខិតសេវាដោះស្រាយវិវាទឱ្យកាន់តែទៅកៀកនឹងប្រជាពលរដ្ឋនៅមូលដ្ឋាន និងធានាបាននូវភាពសុខដុមរមនា និងយុត្តិធម៌ក្នុងសង្គមជាតិ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អ្នកឧកញ៉ា គួច ម៉េងលី លើកទឹកចិត្តឲ្យមានការវិនិយោគវិស័យអប់រំ ដើម្បីលើកកម្ពស់វិស័យអប់រំនៅកម្ពុជា

ព័ត៌មាន
នៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ វិស័យអប់រំនៅកម្ពុជា មានការរីកចម្រើនយ៉ាងឆាប់រហ័ស តាមរយៈការធ្វើកំណែទម្រង់ក្នុងវិស័យអប់រំរបស់រាជរដ្ឋាភិ…

G7 ដាក់ទណ្ឌកម្មលើពាណិជ្ជកម្មពេជ្ររុស្ស៊ី ដែលផ្តល់ចំណូលជាង១ពាន់លានដុល្លារក្នុង១ឆ្នាំ

ព័ត៌មាន
ការដាក់ទណ្ឌកម្មទៅលើឧស្សាហកម្ម និងពាណិជ្ជកម្មពេជ្ររបស់រុស្ស៊ីនឹងស្ថិតនៅក្នុងបញ្ជីនៃកញ្ចប់ទណ្ឌកម្មជុំទី១២ ដែលសហភាពអឺរ៉ុប បានដាក់ប្រឆាំងនឹងអាជ្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ