អារ៉ាប៊ីសាអូឌីត-ចិន

អារ៉ាប៊ីសាអូឌីតប្រកាសនៅវេទិកាសេដ្ឋកិច្ចពិភពលោកបន្តពង្រឹងទំនាក់ទំនងពាណិជ្ជកម្មជាមួយមហាយក្សចិន


ស្របពេលដែលបណ្ដាប្រទេសផ្សេងៗកំពុងព្យាយាមកាត់បន្ថយទំនាក់ទំនងសេដ្ឋកិច្ចរបស់ខ្លួនជាមួយមហាយក្សចិន លោក ហ្វៃសាល់ អាលីប្រាហ៊ីម (Faisal Alibrahim) រដ្ឋមន្ត្រីសេដ្ឋកិច្ច និងផែនការនៃប្រទេសអារ៉ាប៊ីសាអូឌីត បានប្រកាសជំហរប្រាប់សារព័ត៌មាន Nikkei ថា ប្រទេសរបស់លោកនឹងពង្រឹងទំនាក់ទំនងជាមួយមហាអំណាចនៅអាស៊ីមួយនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗជាច្រើន។
អារ៉ាប៊ីសាអូឌីត-ចិន
ដោយ

លោក អាលី ប្រាហ៊ីម បានលើកឡើងក្នុងបទសម្ភាសជាមួយសារព័ត៌មាន Nikkei កាលពីថ្ងៃអង្គារ ទី១៦ ខែមករា នៅទីក្រុងដាវ៉ូស ប្រទេសស្វីស ជាកន្លែងរៀបចំកិច្ចប្រជុំប្រចាំឆ្នាំនៃវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) ថា អារ៉ាប៊ីសាអូឌីតមានទំនាក់ទំនងពាណិជ្ជកម្មដ៏រឹងមាំជាមួយមហាយក្សចិន ហើយថា ការបន្តពង្រឹងទំនាក់ទំនងបែបនេះជាមួយចិន ក៏ដូចជាដៃគូផ្សេងទៀតរបស់អារ៉ាប៊ីសាអូឌីត គឺជារឿងដ៏ឆ្លាតវៃ។

ការលើកឡើងរបស់លោក អាលីប្រាហ៊ីម បង្ហាញថា អារ៉ាប៊ីសាអូឌីត នឹងបន្តបង្កើនទំនាក់ទំនងនៅជាកណ្ដាលក្នុងសហគមន៍អន្តរជាតិ ដោយជំហរបែបនេះដើរផ្ទុយពីយុទ្ធសាស្ត្រ “បន្ថយហានិភ័យ” ដែលអនុវត្តដោយសហរដ្ឋអាម៉េរិក ជប៉ុន និងសហភាពអឺរ៉ុប។ លោកបានបន្ថែមថា ប្រទេសរបស់លោកមានទំនាក់ទំនងយ៉ាងរឹងមាំជាមួយចិន ទាំងការវិនិយោគ និងពាណិជ្ជកម្មទ្វេភាគី។

រដ្ឋមន្ត្រីសេដ្ឋកិច្ចរូបនេះបានបន្តថា មានឱកាសជាច្រើនសម្រាប់ប្រទេសចិន ក្នុងការបោះទុនវិនិយោគនៅអារ៉ាប៊ីសាអូឌីត ហើយក្នុងពេលជាមួយគ្នានេះ អារ៉ាប៊ីសាអូឌីត ក៏កំពុងផ្ដោតលើអាទិភាពលើការបោះទុនវិនិយោគនៅជុំវិញពិភពលោក រួមទាំងប្រទេសចិន ផងដែរ។

ប្រទេសអារ៉ាប៊ីសាអូឌីត អ៊ីរ៉ង់ និងអេមីរ៉ាតអារ៉ាប់រួម ត្រូវបានជ្រើសរើសជាមាជិកថ្មីរបស់ប្លុកប្រទេសមានសេដ្ឋកិច្ចកំពុងអភិវឌ្ឍន៍ខ្លាំងហៅកាត់ថា BRICS ដែលមានសមាជិកស្ថាបនិកចំនួន៥ រួមមាន ប្រេស៊ីល រុស្ស៊ី ឥណ្ឌា មហាយក្សចិន និងអាហ្វ្រិកខាងត្បូង។ ក្រុមអ្នកសង្កេតការណ៍កត់សម្គាល់ថា ការងាកទៅរកប្រទេសចិន និងរុស្ស៊ី ដោយឥតលាក់លៀមបែបនេះវាអាចប្រឈមហានិភ័យធ្វើឱ្យចុះខ្សោយនូវទំនាក់ទំនងមិត្តភាពជាប្រពៃណីរបស់ទីក្រុងរីយ៉ាដ ជាមួយសហរដ្ឋអាម៉េរិក។

ទោះជាយ៉ាងណា ក្រុមមេដឹកនាំអារ៉ាប៊ីសាអូឌីត នៅតែបន្តផ្តល់តម្លៃដល់កិច្ចសហការជាមួយសហរដ្ឋអាម៉េរិក និងបណ្ដាសម្ព័ន្ធមិត្ត។ លោក អាលីប្រាហ៊ីម បានបញ្ជាក់ថា ជំនួសឱ្យការចងសម្ព័ន្ធភាពពេញលេញជាមួយតំបន់ភូមិសាស្រ្តនយោបាយជាក់លាក់ណាមួយ អារ៉ាប៊ីសាអូឌីត តែងតែចង់ដើរតួនាទីជាអ្នកឈានមុខគេផ្នែកគំនិត ជាតួនាទីដែលនាំមកនូវការផ្លាស់ប្ដូរដ៏ធំនៅលើឆាកអន្តរជាតិ៕

អត្ថបទ៖ សុខ ជា

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តដឹកនាំកិច្ចប្រជុំអន្តរក្រសួងដើម្បីពិនិត្យ និងពិភាក្សាសេចក្តីព្រាងច្បាប់ស្តីពីការដឹកជញ្ជូនតាមផ្លូវទឹក

ព័ត៌មាន
នៅទីស្តីការគណៈរដ្ឋមន្រ្តី ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី បានបន្តដឹកនាំកិច្ចប្រជុំអន្…

មិត្តហ្វូនឈ្នះពានរង្វាន់អ្នកផ្តល់សេវាអ៊ីនធឺណិតល្អបំផុតនៅ GBO Awards 2023

ព័ត៌មាន
មិត្តហ្វូន ដែលជាក្រុមហ៊ុនផ្តល់សេវាអ៊ីនធឺណិតឈានមុខគេ បានទទួលពានរង្វាន់ជាក្រុមហ៊ុនផ្តល់សេវាអ៊ីនធឺណិតល្អបំផុតនៅក្នុងកម្មវិធី Global Busin…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ